ទីផ្សារខុនដូថៃ

ក្រុងបាងកកសល់ខុនដូ អត់មនុស្សនៅជាង ១០ម៉ឺនយូនីត ខណៈអ្នកជំនាញថា អាចនឹងកើនថែមទៀត!


ទីផ្សារខុនដូ ក្នុងទីក្រុងបាងកក ប្រទេសថៃ ដែលជាទិសដៅដ៏ចាប់អារម្មណ៍ចង់វិនិយោគបំផុត ពីសំណាក់វិនិយោគិនចិននោះ កំពុងប្រឈមនឹងបញ្ហាមិនអំណោយផលប៉ុន្មានទេនៅឆ្នាំនេះ ដោយសារតែមានការផ្ទុះឡើងនៃវីរុស Covid 19 ដែលវាបានធ្វើឲ្យអ្នកទិញជាជនបរទេសជាច្រើន លែងមកទិញខុនដូនៅបាងកក ដូចកាលពីមុនទៀតហើយ។ នេះបើតាមការរាយការណ៍មួយ ដោយសារព័ត៌មានថៃ បាងកកប៉ុស្ដិ៍។
ក្រុងបាងកកសល់ខុនដូរ អត់មនុស្សនៅជាង ១០ម៉ឺនយូនីត ខណៈអ្នកជំនាញថា អាចនឹងកើនថែមទៀត
ដោយ

ជនបរទេស​ត្រូវបានគេ​រំពឹងថា នឹងមាន​ចំណែកតិចតួចប៉ុណ្ណោះ ប្រមាណ ១០% សម្រាប់​ការទិញខុនដូ​នៅក្នុងប្រទេសថៃ នៅឆ្នាំ២០២០នេះ ពោលគឺ​មានការធ្លាក់ចុះ ជាង​កាលពី២ឆ្នាំមុន រហូតដល់ទៅ ៥ដង នេះបើតាម​ការប៉ាន់​ប្រមាណ​​របស់​ក្រុមហ៊ុន​ភ្នាក់ងារ​ប្រឹក្សា​យោបល់​កិច្ចការ​អចលនទ្រព្យ នៅប្រទេសថៃ។

ជន​ជាតិចិន ដែល​ធ្លាប់​តែជាជនបរទេសទិញអចលនទ្រព្យ​​ដ៏សំខាន់មួយ​ និងបានគាំទ្រដល់កំណើន​ទីផ្សារ​ក្នុង​ប្រទេសថៃនោះ ប៉ុន្ដែ ឥឡូវនេះ ត្រូវបាន​រាំងស្ទះ​ ដោយសារតែ​ការរឹតត្បិត​ការធ្វើដំណើរ និង​ការប៉ះទង្គិចសេដ្ឋកិច្ច ដែលបង្កឡើងដោយវីរុស​កូរ៉ូណា ឬ Covid 19។

លោក សំពូន ផន​ឆូកឆៃ ប្រធាន​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​អចលនទ្រព្យក្នុងប្រទេសថៃ បាន​បញ្ជាក់ថា «​តម្រូវការ​ទិញ​ដោយជនបរទេស អាចនឹង​លែងមាន​ទៀតហើយ ក្នុង​ឆមាសទី១ នៃឆ្នាំនេះ បន្ទាប់ពីមាន​ការផ្ទុះឡើង​វីរុស Covid 19។» លោក ផន​ឆូកឆៃ បាន​បន្ថែមទៀតថា មាន​ខុនដូ​ នៅសល់ប្រមាណ ១០ម៉ឺន​យូនីត នៅក្នុងនិងជុំវិញទីក្រុងបាងកក ហើយ​វា គឺត្រូវការ​អ្នកទិញ​នៅក្នុងស្រុក ប៉ុន្ដែ វាមិនមែនជារឿង​ងាយស្រួលទេ ដែល​អាច​ទាក់ទាញ​អ្នកទិញក្នុងស្រុក​​ ឲ្យចាប់អារម្មណ៍​ទិញខុនដូ​ ក្នុងកាលៈទេសៈនេះ។

ធនាគារ​កណ្ដាល​ថៃ បាន​បន្ធូរបន្ថយ នីតិវិធី​ក្នុង​ការ​ផ្ដល់​ប្រាក់​កម្ចី ដើម្បីលើកទឹកចិត្ត​ដល់​អ្នកទិញ​អចលនទ្រព្យ​ក្នុងស្រុក ប៉ុន្ដែ អ្នកអភិវឌ្ឍន៍​នៅតែ​មានការប្រយ័ត្នប្រយែងដដែល។ តួយ៉ាង លោក ណាផន សុនថន ឈីត​ឆារឿន នាយកប្រតិបត្តិ​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​ដ៏ធំមួយ​ក្នុងប្រទេសថៃ គឺ Land & Houses Plc បាន​និយាយ​កាលពីខែមុននេះថា ក្រុមហ៊ុនរបស់​​លោក គឺមានការភ័យខ្លាច ចំពោះ​ចំណែក​ទីផ្សារ​ខុន​ដូ​ក្នុងប្រទេសថៃ​បច្ចុប្បន្ន។ ហើយក្រុមហ៊ុននេះ ក៏មិនមាន​គម្រោង​នឹង​អភិវឌ្ឍគម្រោង​ខុន​ដូរ​ថ្មីៗ​ទៀតនោះដែរ នៅឆ្នាំនេះ។

គួរបញ្ជាក់ថា សូម្បីតែតាំងពី​មុន​ពេល​ មានការរីករាលដាល​នៃវីរុស​កូរ៉ូណា ឬ Covid 19 ពីប្រទេសចិន​មកម្ល៉េះ គេសង្កេតឃើញថា ចំណាប់អារម្មណ៍​អ្នកទិញអចលនទ្រព្យ​ជាជន​បរទេស បានបង្ហាញ​ពីការ​ធ្លាក់ចុះ ដោយសារតែ​​ការធ្វើពាណិជ្ជកម្ម​របស់ថៃ និងវិស័យទេសចរណ៍ផងដែរ បង្ហាញពីសញ្ញា​ថមថយ ចំពេលដែល​ប្រាក់បាតថៃ បាន​ឡើងថ្លៃខ្ពស់​កាលពីឆ្នាំ ២០១៩ ព្រមជាមួយ នឹង​បញ្ហាសង្គ្រាម​ពាណិជ្ជកម្ម​រវាងអាមេរិក និងចិនជាដើម សុទ្ធសឹងជា​កត្តា​អូសទាញទម្លាក់ចំណាប់អារម្មណ៍​អ្នកទីញអចលនទ្រព្យ​ជាជនបរទេស។  

វិស័យអចលនទ្រព្យ​ថៃ មានការធ្លាក់ចុះនេះ ត្រូវបានគេមើលឃើញថា គឺចំពេលដែលមាន​កត្តា​ប្រឈម​ជាច្រើន នៅក្នុងសេដ្ឋកិច្ច​ថៃ ឆ្នាំ២០២០នេះ។ កំណើន​ផលិតផល​ក្នុងស្រុក​ អាចនឹង​ធ្លាក់ចុះ​មកនៅតិចតួច ១,៥% នៅឆ្នាំនេះ ដែលជា​ការធ្លាក់ចុះ​ក្នុងរយៈពេល ​៦ឆ្នាំ កន្លងមក។ នេះបើតាម​ការព្យាករ​ដោយភ្នាក់ងារ​រាជរដ្ឋាភិបាល​ថៃ​កាលពីពេល​ថ្មីៗនេះ។

ក្រុមហ៊ុនអ្នក​អភិវឌ្ឍន៍​អចលនទ្រព្យថៃ ត្រូវបានរំពឹងថា នឹង​មាន​ការអភិវឌ្ឍ​ខុនដូ​ប្រហែល ៦ពាន់​យូនីតប៉ុណ្ណោះ​  នៅក្នុងទីផ្សារ​នៃទីក្រុង​បាងកក នៅក្នុងត្រីមាសទី១ ឆ្នាំ២០២០នេះ ដែលចំនួននេះ គឺធ្លាក់ចុះ ៤០% ធៀបនឹង​ឆ្នាំមុន។

អ្នកជំនាញ​បាន​ចាត់ទុកថា នៅឆ្នាំ២០២០នេះ គឺមានស្ថានភាពលំបាកបំផុត​ សម្រាប់​វិស័យ​ខុនដូ របស់ថៃ ហើយពួកគេ​សង្ឃឹមថា ទីផ្សារ​អាចនឹង​ត្រឡប់មកវិញ ដើម្បី​ធានា​​លំនឹង​នៃការ​ផ្គង់ផ្គង និងតម្រូវការ នៅក្នុង​រយៈពេល ៣ឆ្នាំបន្ទាប់ទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពន្ធប្រថាប់ត្រាចំពោះតម្លៃផ្ទះក្រោម៧ម៉ឺនដុល្លារត្រូវបានលើកលែងរយៈពេល១ឆ្នាំ

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកាសលើកលែងពន្ធប្រថាប់ត្រាចំពោះតម្លៃផ្ទះក្រោម៧ម៉ឺន ដុល្លារអាមេរិក នៅក្នុងរយៈពេល១ឆ្នាំ ដោយគិតត្រឹមពីខែកុម្ភៈឆ្នាំ…

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន អាចជាមេដែកឆក់ ស្រូបឱកាសចំណេញជំនួសឲ្យការបាត់បង់ EBA?

ព័ត៌មាន
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសកម្ពុជា-ចិន ដែលគ្រោងនឹងចុះហត្ថលេខាចុងឆ្នាំនេះ ត្រូវបានអ្នកជំនាញលើកឡើងថា វាអាចជាឱកាសចំណេញ ជំនួសឲ្យក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ