សេដ្ឋកិច្ចថៃ ២០២០

សេដ្ឋកិច្ចថៃកំពុងប្រឈមនឹងព្យុះភ្លៀងកាន់តែខ្លាំង តែរាជរដ្ឋាភិបាល ប្រាប់ពលរដ្ឋខ្លួនថា «កុំស្លន់ស្លោ»


ប្រទេសថៃមួយរយៈពេលចុងក្រោយនេះ បានឆ្លងកាត់នូវបញ្ហាព្យុះភ្លៀងជាច្រើនមកលើសេដ្ឋកិច្ច ដូចជា បញ្ហាការបោះឆ្នោតជាតិ ការប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្ម ហើយថ្មីៗនេះ ក៏ត្រូវជួបនឹងបញ្ហាគំរាមកំហែងថ្មីមួយទៀត គឺឥទ្ធិពលនៃការរាតត្បាតនៃវីរុសកូរ៉ូណា។ ហើយឥទ្ធិពលថ្មីៗនេះ កំពុងធ្វើឲ្យប្រទេសថៃ រួមទាំងប្រទេសជាច្រើនទៀតនៅក្នុងពិភពលោក ក៏កំពុងមានការព្រួយបារម្ភដូចគ្នាដែរ។ ទោះយ៉ាងណា មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលថៃ អះអាងប្រាប់ពលរដ្ឋរបស់ខ្លួនថា កុំឲ្យមានការភ័យស្លន់ស្លោខ្លាំងពេក ខណៈដែលរដ្ឋាភិបាលធានាគ្រប់គ្រងស្ថានការណ៍ដ៏លំបាកនេះបាន។
លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ (រូបភាព៖ https://www.bloomberg.com)
ដោយ

កាសែត​បាងកក​ប៉ុស្ដិ៍ ដែល​បាន​ស្រង់​សម្ដី​របស់​លោក ឧបនាយករដ្ឋមន្ត្រី​ថៃ Somkid Jatusripitak បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​ស្នើ​ឲ្យ​សាធារណជន​ទាំងអស់​កុំ​មានការ​ភ័យ​ស្លន់ស្លោ​នឹង​រឿង​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​រ៉ូ​ណា ឬ​បញ្ហា​សេដ្ឋកិច្ច​ប្រទេស​ខ្លាំង​ពេក​អី ដ្បិត រាជរដ្ឋាភិបាល​ធានា​ថា ប្រទេស​ថៃ​នឹង​អាច​គ្រប់គ្រង​ស្ថានភាព​ដ៏​លំបាក​នេះ​បាន​។

លោក Somkid និយាយ​ទៀត​ថា សេដ្ឋកិច្ច​ថៃ “​បាន​ជួប​ព្យុះ​ភ្លៀង​មួយ​ហើយ មួយទៀត​” ក្នុង​រយៈពេល ជិត​១​ឆ្នាំ​កន្លង​មកនេះ តាំងពី​មានការ​បោះ​ឆ្នោត ថ្ងៃ​ទី ២៤ ខែមីនា ឆ្នាំ​២០១៩​មក​ម្ល៉េះ​។ ទោះជា​យ៉ាងនេះ​ក្ដី លោក បាន​បញ្ជាក់​ពី​ជំនឿ​ចិត្ត​ថា ប្រទេស​ថៃ​ពិតជា​អាច​ឆ្លងកាត់​ព្យុះ​ភ្លៀង​ទាំង​អស់នោះ​បាន​ជាក់​ជា​មិន​ខាន​ឡើយ​។

លោក Somkid មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ «​រាជរដ្ឋាភិបាល មិន​ចង់​ឲ្យ​សាធារណជន​មានការ​ភ័យ​ស្លន់ស្លោ​ទេ​។ យើង​ចង់​ឲ្យ​អ្នកមាន​ជំនឿ​ថា ប្រទេស​ថៃ នឹង​អាច​ឆ្លងកាត់​ព្យុះ​ភ្លៀង​ទាំងនោះ​បាន​»​។ 

តើ​រយៈពេល​ជិត​១​ឆ្នាំ​កន្លង​មកនេះ ប្រទេស​ថៃ​បាន និង​កំពុង​ឆ្លងកាត់​ព្យុះ​ភ្លៀង​ធំ​ៗ​អ្វីខ្លះ?

តាម​ការ​អះអាង​របស់​ឧបនាយករដ្ឋមន្ត្រី​ថៃ លោក Somkid បាន​ឲ្យ​ដឹង​ថា ព្យុះ​ភ្លៀង​ទី​១ ដែល​ថៃ​បាន​ជួប​ប្រទះ គឺ​ការ​ពន្យារពេល​៧​ខែ ក្នុង​ការ​បង្កើត​រាជរដ្ឋាភិបាល​ក្រោយ​ការ​បោះ​ឆ្នោត​។ អំឡុង​ពេល​នោះ រដ្ឋបាល​ចាំផ្ទះ​មានការ​លំបាក​ណាស់​ក្នុង​ការ​ចំណាយ​ថវិកា ចាប់តាំងពី​ការ​វិនិយោគ​របស់​រដ្ឋ ត្រូវ​បាន​ជាប់​គាំង ខណៈ​ដែល​ទីភ្នាក់ងារ​នានា​រង់ចាំ​ក្បាលម៉ាស៊ីន​ដឹកនាំ​រាជរដ្ឋាភិបាល​ថ្មី​។

ព្យុះ​ភ្លៀង​ទី​២ ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ថៃ​គួរសម​ដែរ​នោះ គឺ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​អា​មេ​រិ​ក និង​ចិន ដែល​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​របស់​ថៃ ពិសេស​គឺ​ផលិតផល​គ្រឿងយន្ដ អេ​ឡិច​ត្រូ​និក និង​ផលិតផល​គីមី ហើយ​បញ្ហា​នេះ ក៏​បាន​បណ្ដាល​ឲ្យ​សេដ្ឋកិច្ច​ក្នុងស្រុក​មាន​ភាព​ចុះ​ខ្សោយ​ផង​ដែរ​។ 

លោក Somkid បាន​គូសបញ្ជាក់​ថា ក្នុង​កាលៈទេសៈ​នេះ សេដ្ឋកិច្ច​ថៃ ត្រូវការ​ធ្វើ​កំណែ​ទ​ម្រេ​ង់​រចនាសម្ព័ន្ធ​ឡើង​វិញ ដើម្បី​ទទួល​បាន​តុល្យភាព​រវាង​ការ​ពឹងផ្អែក​លើ​សេដ្ឋកិច្ច​ពិភពលោក និង​ស្ថិរភាព​កំណើនសេដ្ឋកិច្ច​ក្នុងស្រុក​។  ឧបនាយករដ្ឋមន្ត្រី​ថៃ​រូប​នេះ បាន​បន្ថែម​ទៀត​ថា វិស័យ​ផលិតកម្ម​ត្រូវ​តែ​កែ​លម្អ​ឡើង​វិញ ដើម្បី​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ដើម្បី​អភិវឌ្ឍ​ផលិតផល​ប្រកបដោយ​ភាព​ច្នៃប្រឌិត ដើម្បី​លើកកម្ពស់​ភាព​ប្រកួតប្រជែង​នៃ​វិស័យ​នាំ​ចេញ​។

ព្យុះ​ភ្លៀង​ទី​៣ មក​លើ​សេដ្ឋកិច្ច​ថៃ គឺ​ការ​កើនឡើង​ថ្លៃ​នៃ​ប្រាក់​បាត ដែល​ជះ​ឥទ្ធិពល​បន្ថែម​ដល់​ការ​នាំ​ចេញ​។ ទោះ​យ៉ាងណា បច្ចុប្បន្ន​នេះ តម្លៃ​ប្រាក់​បាត​បាន​ចាប់ផ្ដើម​ថយ​ចុះ​វិញ​ហើយ ដែល​វា​អា​ចប​ន្ថូ​រ​បន្ថយ​ក្ដី​បារម្ភ​របស់​អ្នក​នាំ​ចេញ​បាន​ខ្លះ​ដែរ​។ 

ប៉ុន្ដែ ព្យុះ​មួយទៀត ដែល​គេ​ចាត់​ទុក​ថា ជា​ព្យុះ​ទី​៤ មក​លើ​សេដ្ឋកិច្ច​ថៃ​នោះ ក៏​ដូច​ជា​កំពុង​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​សកល​ផង​ដែរ​នោះ គឺ​ការ​ផ្ទុះ​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​។ ទោះ​យ៉ាងណា លោក Somkid បាន​បញ្ជាក់​ថា សាធារណជន​មិន​គួរ​ភ័យ​ជ្រួលច្របល់​ខ្លាំង​ពេក​នោះ​ទេ ចំពោះ​បញ្ហា​នេះ ព្រោះថា ប្រទេស​ថៃ ធ្លាប់​មានបទពិសោធន៍​ឆ្លងកាត់​ការ​ឆ្លង​រាលដាល​មេរោគ​របៀប​នេះ មក​ច្រើន​ហើយ ហើយ​ក៏​អាច​គ្រប់គ្រង​វា​បាន​នៅ​ទីបំផុត​។

ជាមួយ​គ្នា​នេះ ការ​ពន្យារពេល​ក្នុង​ការ​បែងចែក​កញ្ចប់​ថវិកា ៣,២ ទ្រី​លាន​បាត ឬ​ស្មើនឹង​ប្រមាណ ១០០ ពាន់​លាន​ដុល្លារ សម្រាប់​ឆ្នាំ​សារពើពន្ធ​២០២០​នេះ ក៏​ជា​ព្យុះ​ភ្លៀង​មួយ​ដែរ កំពុង​វាយប្រហារ​ប្រទេស​ថៃ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Somkid​។ លោក​បាន​បន្ថែម​ទៀត​ថា ការ​បែងចែក​ថវិកា​នេះ ត្រូវ​បាន​រំពឹង​ថា នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ខែឧសភា​ខាង​មុខ ដែល​នឹង​នៅ​សល់​ពេល ៤​ខែ សម្រាប់​ការ​ចំណាយ ហើយ​ប្រសិនបើ​មិន​មាន​លុយ​គ្រប់គ្រាន់​សម្រាប់​ការ​វិនិយោគ​ទេ ក្រសួង​ហិរញ្ញវត្ថុ​ថៃ នឹង​ស្វែងរក​ប្រាក់​កម្ចី ឬ​ប្រើ​សម្រាប់​ការ​វិនិយោគ​ជំនួស ដូច​ជា​មូលនិធិ​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ប្រមូល​និ​ធិ​ជាដើម​។ 

សូម​បញ្ជាក់​ថា ក្រោយ​ពី​មានការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​រ៉ូ​ណា សេដ្ឋកិច្ច​ប្រទេស​ថៃ ត្រូវ​បាន​ស្ថាប័ន​មួយ​ចំនួន​ព្យាករ​ទម្លាក់​កំណើនសេដ្ឋកិច្ច​ទាប​ជាង​មុន​។ តួយ៉ាង មជ្ឈមណ្ឌល​សេដ្ឋកិច្ច​វៃឆ្លាត របស់​ធនាគារពាណិជ្ជ​ស្យ៉ា​ម (EIC) បាន​ព្យាករ​កំណើនសេដ្ឋកិច្ច​ថៃ នៅ​ឆ្នាំ​២០២០​នេះ ថា អាច​នឹង​មាន​អត្រា ២,១% ប៉ុណ្ណោះ ខណៈ​ដែល​ការ​ព្យាករ​ពី​មុន​ថា មាន ២,៧%​។ ការ​ទម្លាក់​ការ​ព្យាករ​ទាប​ជាង​មុន​នេះ ដោយ​ស្ថាប័ន​នេះ ផ្អែក​លើ​ស្ថានភាព​នៃ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា និង​ការ​ពន្យារពេល​កញ្ចប់​ថវិកា​សារពើពន្ធ​របស់​រដ្ឋាភិបាល​៕

 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម ត្រូវសងបំណុលចិនជាង ៦,៥ លានដុល្លារ នៅឆ្នាំនេះ សម្រាប់គម្រោងផ្លូវរថភ្លើងលើអាកាស

ព័ត៌មាន
ប្រទេសវៀតណាម នៅឆ្នាំនេះ ត្រូវសងបំណុលចិនប្រមាណ ៦,៥៦ លានដុល្លារអាមេរិក ដែលខ្លួនបានខ្ចីសម្រាប់យកមកសាងសង់គម្រោងផ្លូវរថភ្លើងលើអាកាសលើកដំបូងរ…

ក្រសួងពាណិជ្ជកម្ម៖ មៀនប៉ៃលិនជួបបញ្ហារឿងទីផ្សារយូរហើយ មិនមែនទើបនឹងកើតក្រោយវីរុសកូរ៉ូណាផ្ទុះនោះទេ

ព័ត៌មាន
ក្រោយពីប្រធានសហគមន៍ និងកសិករដាំមៀននៅក្នុងខេត្តប៉ៃលិន បានលើកឡើងពីបញ្ហាមៀនប៉ៃលិនថា ដាំបានផលហើយ តែគ្មានអ្នកទិញនោះ ក្រសួងពាណិជ្ជកម្មបានឆ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ