បិទខ្ទប់នៅប្រទេសថៃ

ថៃនឹងខាតបង់ប្រាក់ជាង៤ពាន់លានដុល្លារ អំឡុងពេលបិទការដ្ឋានសំណង់ និងផ្ទះកម្មកររយៈពេល១ខែ


ប្រទេសថៃ ថ្មីៗនេះ បានសម្រេចដាក់ការរឹតត្បិតជាថ្មីទៀតហើយនៅក្នុងទីក្រុងបាងកក ដោយក្នុងនោះ ក៏មានការបិទខ្ទប់ជាបណ្ដោះអាសន្នរយៈពេល៣០ថ្ងៃគ្រប់ការដ្ឋានសំណង់ និង ផ្ទះកម្មករទាំងអស់នៅក្នុងទីក្រុងបាងកក ដែលជាបណ្ដុំកន្លែងផ្ទុះរាលដាលឆ្លងខ្លាំងនៃជំងឺកូវីដ-១៩។ តើការបិទខ្ទប់រយៈពេល៣០ថ្ងៃនេះធ្វើឲ្យថៃខាតបង់អ្វីខ្លះ?
ថៃនឹងខាតបង់ប្រាក់ជាង៤ពាន់លានដុល្លារ អំឡុងពេលបិទការដ្ឋានសំណង់ និងផ្ទះកម្មកររយៈពេល១ខែ (រូបភាព៖ រ៉យទ័រ)
ដោយ

ប្រាកដណាស់ការបិទខ្ទប់រយៈពេល៣០ថ្ងៃនេះនៅក្នុងទីក្រុងបាងកកធ្វើឲ្យថៃខាតបង់គិតជាទឹកប្រាក់ប្រមាណជាង៤ពាន់៣រយលានដុល្លារអាមេរិក។ លើសពីនេះទៀត វាក៏បានធ្វើឲ្យខាតបង់ និង មានការប៉ះពាល់យ៉ាងខ្លាំងទៅលើខ្សែចង្វាក់ផ្គត់ផ្គង់នៅក្នុងការដ្ឋានសំណង់ និង វិស័យអចលនវត្ថុក្នុងទំហំខាតបង់ ដែលបានមិនអាចប៉ាន់ស្មានបាន។ នេះបើតាមការរាយការណ៍សារព័ត៌មានបាងកកប៉ុស្ដិ៍របស់ថៃ។

លោក សារុន រូចលឺត ចាន់យ៉ា (Sarun Rojlertjanya) អគ្គលេខាធិការងនៃសមាគមអ្នកម៉ៅការសំណង់ថៃ បាននិយាយថាការខាតបង់ពីការបិទខ្ទប់នៅក្នុងវិស័យសំណង់ថៃអាចនឹងមានកាន់តែធំធេងជាងតម្លៃដែលវិស័យនេះបានចូលរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបទៅទៀត។ អគ្គលេខាធិការងនៃសមាគមអ្នកម៉ៅការសំណង់ថៃបន្ថែមថា ខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងវិស័យសំណង់គឺមានទំហំធំធេងណាស់ ដែលវិស័យនេះមានជាប់ទាក់ទងយ៉ាងច្រើនជាមួយនឹងរោងចក្រផលិតសម្ភារៈសំណង់ផ្សេងៗ រួមទាំងអ្នកម៉ៅការសំណង់តូចៗ និង សេវាដឹកជញ្ជូនផងដែរ។

ក្នុងមួយឆ្នាំៗ វិស័យសំណង់ថៃបានរួមចំណែកប្រមាណ៨% នៃទំហំផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃ ហើយការខាតបង់នៅរយៈពេល១ខែ នៃការបិទខ្ទប់អាចនឹងមានប្រហែល ០,៦៦% នៃទំហំផលិតផលក្នុងស្រុកសរុប ពោលគឺមានប្រហែលជាង៣ពាន់លានដុល្លារ នៃទំហំផលិតផលក្នុងស្រុកសរុបរបស់ថៃដែលមានប្រមាណ ៤៩០ពាន់លានដុល្លារកាលពីឆ្នាំ២០២០។

មិនតែប៉ុណ្ណោះ បញ្ហាបិទខ្ទប់នេះ ក៏បានធ្វើឲ្យប៉ះពាល់ទៅដល់ការងារនៅក្នុងវិស័យសំណង់ជាច្រើនផងដែរ ប្រសិនបើការព្យួការងារកម្មករសំណង់នេះ មិនបានធ្វើឡើងដោយត្រឹមត្រូវ ពិសេសការងារនៅក្នុងគម្រោងសំណង់អគារខ្ពស់ៗ និង ការងារសំណង់ក្រោមដីជាដើម។

អ្នកជំនាញនៅក្នុងវិស័យម៉ៅការសំណង់បានលើកឡើងទៀតថា បទបញ្ជាបិទខ្ទប់របស់អាជ្ញាធរថៃនេះ បានធ្វើឡើងលឿនរហ័យពេក គឺបានដាក់ចេញថ្ងៃទី ២៥ ខែមិថុនា ហើយចាប់ផ្ដើមចូលធរមាននៅថ្ងៃទី ២៨ខែមិថុនាតែម្ដង ដែលវាពិបាកក្នុងការរៀបចំខ្លួនជាមុនសម្រាប់អ្នករកស៊ីក្នុងវិស័យសំណង់ ក៏ដូចជាកម្មករសំណង់ផងដែរ។

បញ្ហាមួយទៀតនោះ គឺការផាកពិន័យចំពោះការពន្យារពេលនៃគម្រោងសាងសង់។ សម្រាប់គម្រោងក្នុងវិស័យឯកជន ពួកគេអាចសម្របសម្រួលគ្នាបាន ប៉ុន្ដែ សម្រាប់គម្រោងសាធារណៈវិញ ភ្នាក់ងាររដ្ឋាភិបាលខ្លះ មានការស្ទាក់ស្ទើរក្នុងការផ្ដល់ការពន្យារពេលដោយគ្មានការផាកពិន័យ ដោយសារតែពួកគេបារម្ភខ្លាចធ្វើខុសបទបញ្ញត្តិរបស់រដ្ឋ។

ជាមួយគ្នានេះ ទីផ្សារទិញលក់អចលនវត្ថុក៏អាចនឹងប្រឈមការខាតបង់ដូចគ្នាដែរ ពោលគឺនៅរយៈពេល១ខែនៃការបិទខ្ទប់នេះ ចរន្ដនៃការទិញលក់ផ្ទះសម្បែងនៅក្រុងបាងកកអាចនឹងខាតបង់ក្នុងរង្វង់ប្រមាណ១ពាន់លានដុល្លារអាមេរិក។

ដូច្នេះ សរុបជារួមទាំង ការខាតបង់នៅក្នុងវិស័យសំណង់ បូករួមទាំងការខាតបង់នៅក្នុងទីផ្សារទិញលក់អចលនវត្ថុទៀតនោះ ថៃត្រូវខាតប្រមាណជាង៤ពាន់លានដុល្លារអាមេរិកនៅក្នុងរយៈពេលបិទខ្ទប់ក្រុងបាងកក ៣០ថ្ងៃនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា ចុះហត្ថលេខា​ជាមួយ​ស្ថាប័ន​ហិរញ្ញវត្ថុ​ចូលរួម ចំនួន ៧ បន្ថែម​ទៀត ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដែល​មាន​ការធានា​ចំនួន ២០០​លាន​ដុល្លារ​ដល់​ក្រុមហ៊ុន​អាជីវកម្ម

ព័ត៌មាន
សាជីវកម្មធានា​ឥណទាន​កម្ពុជា (CGCC) កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ​២០២១ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ធានា​ឥណទាន ជាមួយ​ស្ថាប័ន​ហិរញ្ញ…

កម្ពុជាបន្ដខ្ចីលុយពីបរទេស និងទទួលយកជំនួយបន្ថែមទៀត ដើម្បីដោះស្រាយវិបត្តិកូវីដ-១៩ និង ស្តារសេដ្ឋកិច្ចជាតិ

ព័ត៌មាន
ប្រទេសកម្ពុជា ក៏ដូចជាប្រទេសជាច្រើនផ្សេងទៀតនៅទូទាំងពិភពលោក កំពុងប្រឈមនឹងការឆ្លងរាតត្បាតកូវីដ-១៩កាន់តែខ្លាំងក្លានៅមួយរយៈពេលចុងក្រោយ។ ស្ថិត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ