សុខាភិបាល​នៅប្រទេសថៃ

ថៃជាប់​លេខ​៦ក្នុង​ចំណោម​​ប្រទេស​១០ ដែលមាន​សេវាគាំពារ​សុខភាព​ល្អ​បំផុត​នៅ​លើ​ពិភព​លោក


ប្រទេស​ថៃ​ ដែលស្ថិតនៅជាប់​ភូមិ​ផង​របង​ជាមួយកម្ពុជា កំពុងទទួលបាន​ការទទួលស្គាល់​លំដាប់ពិភព​លោក សម្រាប់គុណភាព​សេវាគាំពារ​សុខភាពរបស់​ខ្លួន ដោយថ្មីៗនេះ ទស្សនាវដ្ដី CEOWORLD របស់​អាមេរិក បាន​ផ្ដល់​ចំណាត់ថ្នាក់លេខ​៦ ដល់​​ប្រទេស​ថៃ នៅក្នុង​បញ្ជី​ប្រចាំ​ឆ្នាំ​២០១៩ នៃ​ប្រទេស​ដែល​មាន​ប្រព័ន្ធ​គាំពារ​សុខភាព​ល្អ​បំផុត។
ថៃជាប់​លេខ​៦ក្នុង​បញ្ជី​ប្រទេស​១០ ដែលមាន​សេវាគាំពារ​សុខភាព​ល្អ​បំផុត​នៅ​លើ​ពិភព​លោក។
ដោយ

នេះ​​បើ​យោងតាម​កាសែត បាងកកប៉ុស្តិ៍ របស់ថៃ ដែលចុះ​ផ្សាយ​កាលពីពេលថ្មីៗនេះ ដោយ​ដកស្រង់​ប្រភព​ពី​ក្រសួង​សុខាភិបាល​ថៃ។ 

រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក Anutin Charnvirakul បាន​កោត​សរសើរ​ចំណាត់ថ្នាក់នេះ ថា ជា​ការបង្ហាញ​ឲ្យ​ឃើញពី​ជោគជ័យ​របស់​ប្រទេសថៃ នៅក្នុងការ​អភិវឌ្ឍ​វិស័យ​គាំពារ​សុខភាពរបស់​ខ្លួន។ 

យោង​តាម​ទស្សនាវដ្ដី CEOWORLD ដែល​បានចេញ​ផ្សាយ​បញ្ជី​ប្រទេស​ដែល​មាន​ប្រព័ន្ធ​គាំពារសុខភាព​ល្អ​បំផុត​នៅ​លើ​ពិភព​លោក ប្រចាំ​ឆ្នាំ​២០១៩ កាលពី​ដើម​ខែ​សីហា, ប្រទេសថៃ​ស្ថិតក្នុង​ចំណោម​ប្រទេស​អាស៊ាន​តែពីរបីប្រទេស​ប៉ុណ្ណោះ​ ដែល​ឈរលេខរៀងក្នុង​ចំណោម​កំពូល​ប្រទេស​ទាំង១០ ដោយ​ក្នុង​នោះ កូរ៉េខាង​ត្បូង​ឈរ​នៅ​លេខ​រៀង​ទី២ និង​ជប៉ុន​ឈរ​នៅ​លេខ​រៀង​ទី៣។ 

កោះតៃវ៉ាន់ ទទួលបានចំណាត់ថ្នាក់លេខ​១ ជា​​ប្រទេស​ដែលមាន​សេវា​គាំពារសុខភាព​ល្អ​បំផុត​នៅ​លើ​ពិភព​លោក ក្នុង​ចំណោម​ប្រទេសសរុប ៨៩ប្រទេស ដែល​បានធ្វើការស្ទង់​មតិ ដោយតៃវ៉ាន់​​ទទួល​បាន​ពិន្ទុ ៧៨,៧២ លើ ១០០ នៅ​លើ​សន្ទស្សន៍​គាំពារ​សុខភាព។ ប្រទេស​ដែល​ជាប់​ចំណាត់ថ្នាក់​បាតតារាង គឺប្រទេស​វេណេស្វ៊េឡា។ 

ប្រទេស​អូទ្រីស ជាប់ចំណាត់ថ្នាក់លេខ៤, ដាណឺម៉ាក​លេខ ៥, អេស្ប៉ាញ់លេខ៧, បារាំង លេខ ៨, និង​ប៊ែលហ្ស៊ិក លេខ ៩ ហើយ​ចំណែក​ឯ​ប្រទេស​អូស្ត្រាលីជាប់​ចំណាត់ថ្នាក់លេខ១០។

សន្ទស្សន៍គាំពារសុខភាព​ គឺ​ជា​ការវិភាគ​បែប​ស្ថិតិ​ទៅ​លើ​គុណភាពទូទៅ​នៃ​ប្រព័ន្ធ​គាំពារសុខភាពរបស់​ប្រទេស​មួយ ក្នុងនោះរាប់បញ្ចូលទាំង​ហេដ្ឋា​រចនា​សម្ព័ន្ធ អ្នក​ប្រកប​វិជ្ជាជីវៈ​គាំពារសុខភាព (ដូចជា វេជ្ជបណ្ឌិត បុគ្គលិក​គិលានុប្បដ្ឋាយិកា និង​បុគ្គលិក​សុខាភិបាលដទៃទៀត) សមត្ថភាព តម្លៃ ភាពសម្បូរ​នៃ​​ឱសថ​ដែលមានគុណភាព និង​ការត្រៀម​លក្ខណៈ​របស់​រដ្ឋាភិបាល។ នេះ​បើ​យោងតាម​គេហ​ទំព័រ​ទស្សនាវដ្ដី CEOWORLD៕




អត្ថបទបន្ទាប់


វៀតណាមមានមហិច្ឆតាក្លាយជា ប្រទេសកំពូលទី១៥ សម្រាប់ការផលិតកសិកម្មសរីរាង្គ

ព័ត៌មាន
រដ្ឋាភិបាលវៀតណាម តាមរយៈក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានបង្ហាញពីមហិច្ឆតារបស់ខ្លួន ចង់ក្លាយជាប្រទេសកំពូលទី១៥ ក្នុងការផលិតកសិកម្មសរីរាង្គ…

អ្នកសារព័ត៌មានអន្តរជាតិ៨ប្រទេសត្រូវបាន អាមេរិកជ្រើសរើសទៅសិក្សាស្វែងយល់ពីសក្តានុពលប្រភពថាមពលចម្រុះនៅសហរដ្ឋអាមេរិក

ព័ត៌មាន
អ្នកសារព័ត៌មានអន្តរជាតិចំនួន ៨នាក់មកពីបណ្តាប្រទេស តំបន់ និង ទ្វីបផ្សេងៗគ្នានៅលើពិភពលោក ដែលសុទ្ធសឹងជាអ្នកសារព័ត៌មានអាជីពចាស់វស្សាដែលមាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ