ទេសចរណ៍ថៃ

ថៃនឹងប្រជែងក្ដោបយកភ្ញៀវទេសចរចិនឡើងវិញ នៅត្រីមាសទី២ ឆ្នាំនេះ


ការិយាល័យទេសចរណ៍របស់ អាជ្ញាធរទេសចរណ៍ថៃបានឲ្យដឹងថា ប្រទេសថៃ ត្រូវត្រៀមខ្លួនជានិច្ច ព្រោះមានការប្រកួតប្រជែងខ្លាំង នៅក្នុងទាក់ទាញភ្ញៀវទេសចរចិន ក្រោយវិបត្តិកូវីដ-១៩ បានធូរស្បើយបន្តិច ខណៈដែលភ្ញៀវទេសចរចិន ជាប្រភពចំណូលសំខាន់ជាងគេ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិ នឹងត្រលប់មកវិញនៅក្នុងឆមាសទី ២ ឆ្នាំ២០២០នេះ។
ភ្ញៀវទេសចរ ឈរថតរូបនៅទីតាំងទេសចរមួយកន្លែងក្នុងប្រទេសថៃ (http://www.tourismmail.com)
ដោយ

អាជ្ញាធរទេសចរណ៍ថៃ​បានបង្ហាញថា ស្ថានការណ៍​វិបត្តិកូវីដ១៩ នៅក្នុង​ប្រទេសចិន​ហាក់បីជាធូរ​ស្បើយ​បន្តិចហើយ និងកំពុងវិល​ត្រលប់​មករក​ភាពប្រក្រតីវិញ តែយ៉ាងណា វាមិនទាន់​ល្អ​ទាំងស្រុង​នោះទេ ហើយប្រតិបត្តិករ​ទេសចរណ៍​ចិន​ក៏នៅជាប់គាំង​នៅឡើយ។

លើសពីនេះទៅទៀត បញ្ហា​ប្រឈម​សំខាន់គឺ អត្រាគ្មានការងារ​ធ្វើនៅក្នុង​ប្រទេសចិន គឺនៅខ្ពស់​ប្រមាណ ២៧លាននាក់ ហើយក្នុង​អំឡុងពេលនេះ អំណាច​ទិញ​របស់ពួកគេ គឺចុះអន់​ខ្សោយ ហើយចំណាយ​លើការ​ធ្វើដំណើរ គឺនៅខ្ពស់ ដោយសារតែ​សេវាកម្ម​ទេសចរណ៍​ដែលបើក​ដំណើរការ នៅមាន​កម្រិត និងជើង​ហោះហើរ មានចំនួន​តិចតួចបំផុត។

ទោះយ៉ាងណា ប្រទេសថៃ​ត្រូវត្រៀម​ខ្លួនប្រកួត​ប្រជែង​ជាមួយ ដៃគូសំខាន់ៗ ដែលកំពុង​ព្យាយាម​ចាប់យក​ភ្ញៀវទេសចរ​ចិន ដូចជា តំបន់​ទេសចរណ៍ ម៉ាល់ឌីវ ដែលគ្រោង​នឹង​អនុញ្ញាតឲ្យ មានការ​ធ្វើដំណើរ​ឡើងវិញ សម្រាប់​គ្រប់ជាតិសាសន៍​ទាំងអស់ នៅក្នុង​ខែកក្កដា នេះហើយ ខណៈប្រទេស​សិង្ហបុរី ក៏ចាប់ផ្តើម​បើកទ្វារ​ទទួល​អ្នកជំនួញចិន កាលពី​ដើម​ខែមិថុនា នេះដែរ។

អាជ្ញាធរទេសចរណ៍​ថៃ ក៏បានស្នើដល់ ប្រតិបត្តិករ​ទេសចរណ៍​ទាំងអស់ ឲ្យធ្វើយុទ្ធនាការ​ទីផ្សារ​ទៅកាន់ ទីក្រុង​សំខាន់ៗ​របស់ចិន ដែលមាន​កំណើន GDP ខ្ពស់ ព្រោះថា បើទោះបីជា​ទីក្រុងនោះ មានករណី​ឆ្លងមេរោគ​កូវីដ-១៩ ក៏ដោយ ពួកគេនៅតែមាន​ប្រាក់គ្រប់គ្រាន់​សម្រាប់​ចំណាយ​លើការ​ធ្វើដំណើរ​នៅពេល​ចិន​អនុញ្ញាត​ឲ្យមាន​ការធ្វើ​ដំណើរ​ឡើងវិញ។

អាស្រ័យហេតុនេះ អាជ្ញាធរទេសចរណ៍​ថៃ បានព្យាករជា​សេណារីយ៉ូ ចំនួន ២ បើក្នុង​ករណីល្អ​គឺថា ភ្ញៀវទេសចរ​ចិន នឹងចូលមក​កម្សាន្ត​នៅក្នុង​ប្រទេសថៃ នាអំឡុងពេល សប្តាហ៍មាស ដែលមាន​ថ្ងៃឈប់​សម្រាក​ច្រើន នៅក្នុងខែតុលា​ខាងមុខ ប៉ុន្តែ​ក្នុងករណី​អាក្រក់វិញ ថៃ ត្រូវរង់ចាំភ្ញៀវ​ទេសចរ​ចិន រហូតដល់​បុណ្យ​ចូលឆ្នាំចិន នៅខែកុម្ភៈ ឆ្នាំ ២០២១ខាងមុខ។

គួរជម្រាបថា គិតត្រឹម ៥ខែដំបូង​ដើមឆ្នាំ ២០២០នេះ ចំនួនភ្ញៀវ​ទេសចរ​អន្តរជាតិ​ ដែលចូល​មកកម្សាន្ត​នៅប្រទេសថៃ បានធ្លាក់ចុះ​ដល់ទៅ ៦០% ធៀបនឹងពេល​ដូចគ្នា កាលពីឆ្នាំ២០១៩ ពោលគឺមាន​ភ្ញៀវបរទេស​ជាង ៦,៧លាននាក់ ហើយប្រាក់ចំណូល​ក៏ធ្លាក់ចុះ ៥៩% ផងដែរ មកនៅត្រឹម ​១០ពាន់លានដុល្លារអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃថ្លៃប្រេងឥន្ធនៈនៅកម្ពុជាចាប់ផ្តើមងើបឡើងវិញ ខណៈតម្លៃប្រេងអន្តរជាតិកំពុងជួបភាពស្រពិចស្រពិល

ព័ត៌មាន
តម្លៃប្រេងឥន្ធនៈ នៅក្នុងប្រទេសកម្ពុជាសម្រាប់លក់រាយ ក្នុង២សប្តាហ៍ចុងក្រោយនៃខែមិថុនានេះ គឺបន្តកើនឡើងបន្តិចប្រមាណ ១៥០រៀលក្នុងមួយលីត្រ បើធៀបនឹង…

អភិបាលរាជធានីភ្នំពេញទទួលស្គាល់ពីភាពខ្វះចន្លោះនៅតាមសង្កាត់ ក្នុងការបំរើសេវាសាធារណៈដល់ពលរដ្ឋ

ព័ត៌មាន
នៅក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពនិងទិសដៅការងាររបស់រដ្ឋសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានទទួលស្គាល់ថា …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ