របបយោធាមីយ៉ាន់ម៉ា

ប្រធានអាស៊ាន «ថ្លែងបរិហារ និងខកចិត្តយ៉ាងក្រៃលែង» ចំពោះរបបយោធាមីយ៉ាន់ម៉ាដែលប្រហារជីវិតសកម្មជនបក្សប្រឆាំង៤នាក់


បញ្ហាសិទ្ធិមនុស្ស និងអំពើហិង្សា នៅប្រទេសមីយ៉ាន់ម៉ា បានបង្កជាក្ដីព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់អាស៊ាន រួមទាំងពិភពលោក ខណៈរបបនេះបានប្រហារជីវិតសកម្មជនបក្សប្រឆាំង ចំនួន ៤នាក់ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ជាប់ពាក់ព័ន្ធទៅនឹងអំពើរភេរវកម្ម។ ការប្រហារជីវិតសកម្មជនទាំង៤ បានធ្វើឲ្យកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន បានចេញសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃទី២៥ ខែកក្កដា ដោយបានបរិហារ និងសម្ដែងការខកចិត្តយ៉ាងក្រៃលែង ចំពោះរបបយោធាមីយ៉ាន់ម៉ា។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រូបភាព៖ SPM page

កន្លង​មក សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ ក៏​ដូច​ជា រដ្ឋ​សមាជិក​អាស៊ាន​ដទៃ​ទៀត បាន​ស្នើ​សុំ​ដោយ​ផ្ទាល់​ទៅ​របប​យោធា​មី​យ៉ា​ន់​ម៉ា ឱ្យ​ពិចារណា​ឡើង​វិញ លើ​សេចក្តីសម្រេច​ផ្តន្ទាទោស​លើ​ជន​ទាំងនោះ​។ ក្នុង​នាម​ជា​ប្រធាន​អាស៊ាន កម្ពុជា បាន​ចាត់​ទុក​ការ​អនុវត្ត​ទោស​ប្រហារជីវិត គឺជា​ទ្វើ​មិន​អាច​អត់ឱន​ឲ្យ​បាន​ទេ​។ នេះ​បើ​យោង​តាម​សេចក្ដីថ្លែងការណ៍​របស់​ប្រធាន​អាស៊ាន នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២២​។

យោង​តាម​ចុះ​ផ្សាយ​របស់​កាសែត Global New Light of Myanmar នៅ​ថ្ងៃ​ទី​២៥ កក្កដា អ្នក​ទាំង ៤​នាក់​ខាងលើ ត្រូវ​បាន​កាត់ទោស​ប្រហារជីវិត កាលពី​ខែមករា កន្លង​ទៅ នៅ​ក្នុង​ការ​កាត់ក្តី​បិទទ្វារ​មួយ ដោយ​ចោទ​ពួក​គេ​ថា បាន​ជួយ​កងជីវពល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កងទ័ព​ដែល​បាន​ដណ្តើម​អំណាច​ក្នុង​រដ្ឋប្រហារ​កាលពី​ឆ្នាំ​មុន និង​បាន​បើក​ការ​បង្ក្រាប​យ៉ាង​បង្ហូរឈាម​ទៅ​លើ​គូប្រជែង​របស់​ខ្លួន​។ ការ​ប្រហារជីវិត​តាម​ការ​គ្រោងទុក​នេះ បាន​រង​ការ​ថ្កោលទោស​ជា​អន្តរជាតិ​ដោយ​អ្នកជំនាញ​របស់​អង្គការសហប្រជាជាតិ​ចំនួន ២​នាក់ បាន​ហៅ​ការ​កាត់ទោស​នេះ​ថា​ជា «​ការ​ប៉ុនប៉ង​ដ៏​អាក្រក់​ក្នុង​ការ​បង្ក​ការ​ភ័យ​ខ្លាច​»​ដល់​ប្រជាពលរដ្ឋ​មី​យ៉ា​ន់​ម៉ា​។

ជុំវិញ​បញ្ហា​នេះ​ដែរ ត្រូវ​បាន​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​នេះ បាន​បង្ហាញ​នូវ​ការ​ខកចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ទ​ង្វើ​របស់​របប​យោធា​មី​យ៉ា​ន់​ម៉ា ខណៈ​កាលពី​កន្លង​ទៅ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ ក៏​ធ្លាប់​បាន​សរសេរ​លិខិត​ផ្ញើ​ជូន​លោក​ឧត្តម​ស​នី​យ​ជាន់ខ្ពស់ មីន អោ​ង​ឡាំង ពី​ផល​មិនល្អ​ចំពោះ​ការ​អនុវត្ត​ទោស​ប្រហារជីវិត​នៅ​មី​យ៉ា​ន់​ម៉ា ផង​ដែរ​។

សេចក្ដីថ្លែងការណ៍​របស់​ប្រធាន​អាស៊ាន នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២២ បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ «​អាស៊ាន សូម​បរិហារ និង​មានការ​ខកចិត្ត​យ៉ាង​ក្រៃ​លែង ចំពោះ​ការ​ប្រហារជីវិត​សកម្មជន បក្ស​ប្រឆាំង​ចំនួន ៤​រូប រួម​មាន លោក ភ្យូ ហ្សេ​យ៉ា ថរ​, លោក ក្សរ​មីន​យូ​, លោក ឡា មី​យូ អោ​ង និង​លោក អោ​ង ធូ​រ៉ា ហ្ស បើ​ទោះបីជា មានការ​ស្នើ​សុំ​ឲ្យ​ពិចារណា​ឡើង​វិញ សេចក្ដីសម្រេច​ផ្តន្ទាទោស​លើ​ជន​ទាំងនោះ ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ក៏​ដូច​ជា​រដ្ឋ​ជា​សមាជិក​អាស៊ាន​ដទៃ​ទៀត​យ៉ាងណា​ក្ដី​»​។

ប្រធាន​អាស៊ាន បាន​ចាត់​ទុក​ការ​អនុវត្ត​ទោស​ប្រហារជីវិត តែ​មួ​យស​ប្ដា​ហ៍​មុន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​លើក​ទី​៥៥ គឺជា​ទ​ង្វើ​រ​មិន​អាច​អត់ឱន​បាន ដែល​សបញ្ជាក់​ច្បាស់​ពី​កង្វះ​ឆន្ទៈ​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង ជា​ពិសេស​របស់​ប្រធាន​អាស៊ាន ក្នុង​ការ​ជួយ​ព​ន្លឿ​ន​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥​ចំណុច ពោល​គឺ​ការ​កសាង​ភាព​ជឿជាក់ និង​ទំនុកចិត្ត ដើម្បី​ឲ្យ​ធ្វើ​មាន​កិច្ច​សន្ទនា ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ​ទាំងអស់ សំដៅ​បញ្ចប់​អំពើ​ហិង្សា និង​សម្រាលទុក្ខ​វេទនា​របស់​ប្រជាជន​ស្លូតត្រង់​។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត Global New Light of Myanmar បាន​និយាយ​ថា សកម្មជន​បក្ស​ប្រឆាំង​ទាំង ៤​នាក់​នោះ ត្រូវ​បាន​ចោទប្រកាន់​ក្រោម​ច្បាប់​ប្រឆាំង​ភេរវកម្ម និង​ក្រមព្រហ្មទណ្ឌ ហើយ​ការ​កាត់ទោស​នេះ ត្រូវ​បាន​អនុវត្ត​តាម​នីតិវិធី​ពន្ធនាគារ​ដោយ​មិន​បាន​បញ្ជាក់​លម្អិត​នោះ​ទេ​។ ដោយឡែក បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​សិទ្ធិ​មនុស្ស AAPP ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ បាន​អនុវត្ត​ទោស​ប្រហារជីវិត​ចុង​ក្រោយ នៅ​អំឡុង​ទស្សវត្សរ៍​ឆ្នាំ​១៩៨០​។ ខណៈ​ទោស​ប្រហារជីវិត​នៅ​មី​យ៉ា​ន់​ម៉ា ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​ព្យួរ​ក​។ យ៉ាង​មិ​ញ មក​ទល់​ពេល​នេះ មនុស្ស​ច្រើន​ជាង ២១០០​នាក់ ត្រូវ​បាន​សម្លាប់ ចាប់តាំងពី​មាន​រដ្ឋប្រហារ​យោធា នៅ​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២១ ខណៈ​អ្នក​ជាប់​ឃុំ​មាន​ជា​ច្រើន​ពាន់​នាក់​។

យ៉ាងណា​ក៏​ដោយ អាស៊ាន​នៅ​តែ​ប្រកាន់ខ្ជាប់​គោលការណ៍ ដែល​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អាស៊ាន និង​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥​ចំណុច​។ ក្នុង​នាម​ប្រធាន​អាស៊ាន កម្ពុជា​ក៏​បាន​លើក​បន្ទរ​នូវ​សម្លេង​ដ៏​លើសលុប​ក្នុង​មជ្ឈដ្ឋាន​អាស៊ាន និង​សហគមន៍​អន្តរជាតិ ដែល​ជំរុញ​ឲ្យ​អាជ្ញាធរ​ទីក្រុង​ណៃ​ពិដោ ចាត់វិធានការ​ជាក់ស្ដែង ដើម្បី អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ទាំង​៥​ចំណុច ឲ្យ​បាន​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព​។ ក្នុង​នាម​ជា​ប្រធាន​អាស៊ាន កម្ពុជា នៅ​តែ​អំពាវនាវ​ដល់​ភាគី​ទាំងអស់​ឲ្យ​ចៀសវាង​នូវ​សកម្មភាព​ទាំងឡាយ​ណា ដែល​ធ្វើ​ឲ្យ​វិបត្តិ​នៅ​មី​យ៉ា​ន់​ម៉ា កាន់តែ​ធ្លាក់​ដុនដាប រារាំង​ដល់​ការ​សន្ទនា ដោយ​សន្តិវិធី ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ​ទាំងអស់ និង​បង្ក​គ្រោះថ្នាក់​ដល់​សន្តិភាព សន្តិសុខ និង​ស្ថិរភាព ទាំង​នៅ​មី​យ៉ា​ន់​ម៉ា និង​ក្នុង​តំបន់​ទាំងមូល​។ ជាមួយ​គ្នា​នេះ អាស៊ាន​នៅ​តែ​តាំងចិត្ត​បន្ត​រិះរក​វិធីសាស្ត្រ​ជួយ​មី​យ៉ា​ន់​ម៉ា ឲ្យ​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព និង​ដំណើរការ​កែប្រែ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ ហើយ​ស្វែងរក​ដំណោះស្រាយ​នយោបាយ​ដោយ​សន្តិវិធី​ចំពោះ វិបត្តិ​បច្ចុប្បន្ន តាម​រយៈ​កិច្ច​សន្ទនា​ប្រកបដោយ​បរិ​យា​ប័ន្ន​៕




អត្ថបទបន្ទាប់


រថយន្តអគ្គិសនី Hongqi E-QM5 បង្ហាញខ្លួនលើកដំបូងនៅកម្ពុជា ខណៈមនុស្សជាច្រើនបានសាកល្បង

ព័ត៌មាន
ថ្មីៗនេះ រថយន្តអគ្គីសនី Hongqi E-QM5 បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា។ ម៉ូឌែលរថយន្តអគ្គីសនីនេះ អាចសន្សំសំចៃថាមពលបាន ១០០% និ…

សន្ទស្សន៍តម្លៃលំនៅឋាននៅភ្នំពេញកើនឡើងជាង៣% ខណៈនៅតាមខេត្តថយចុះជាង៤% នៅឆមាសទី១ឆ្នាំនេះ

ព័ត៌មាន
ធនាគារជាតិ នៃកម្ពុជា បានវាយតម្លៃថា តម្លៃលំនៅឋាននៅកម្ពុជាពុំមានការប្រែប្រួលគួរឲ្យកត់សម្គាល់នោះទេនៅឆមាសទី១ឆ្នាំ២០២២ ទោះបីកម្ពុជាបានទទួលរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ