វិនិយោគ​បរទេស

ប្រទេស​និង​តំបន់​ទាំង​១០ ដែល​វិនិយោគ​ច្រើន​ជាង​គេ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​នេះ


ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មក​កាន់​ប្រទេស​កម្ពុជា នៅ​ក្នុង​រយៈពេល ៦​ខែ​នៃ​ឆ្នាំ​២០១៧​នេះ សម្រេច​បាន​ទឹក​ប្រាក់​វិនិយោគ​ចំនួន​​ជាង ២​ពាន់​លាន​ដុល្លារ​អាមេរិក ពោល​គឺ​បានកើន​​ឡើង​ប្រមាណ​ជាង ១៧​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ដូច​ពី​ឆ្នាំ​២០១៦ ដែល​មាន​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស មាន​ទឹក​ប្រាក់​ចំនួន​ជាង ១​៧៨៩​​លាន​ដុល្លារ​អាមេរិក​តែ​ប៉ុណ្ណោះ។
ទំនាក់​ទំនង​កម្ពុជា​ចិន ត្រូវ​បាន​គេ​មើលឃើញថា កាន់តែ​ជិត​ស្និទ្ធ​ខ្លាំង​ឡើងៗ ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។
ដោយ

នេះ​បើ​យោង​តាម​របាយការណ៍​ជា​ផ្លូវការ​ដែល​សារព័ត៌មាន​អេឡិចត្រូនិក ខេមបូណូមីស ទទួល​បាន​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) កាល​ពី​ពេល​ថ្មីៗ​នេះ។

ប្រទេស​និង​តំបន់​ស្វយ័ត​ពិសេស​ទាំង​១០ ដែល​បាន​បោះទុន​វិនិយោគ​នៅ​កម្ពុជា​ក្នុង​រយៈពេល​ឆមាស​ទី១​ឆ្នាំ​នេះ មាន​ដូចជា ចិន សិង្ហបុរី ចក្រភព​អង់គ្លេស ចិន​ហុងកុង កូរ៉េ​ខាង​ត្បូង ថៃ ចិន​តៃវ៉ាន់ ម៉ាឡេស៊ី ឥណ្ឌា និង​ម៉ាកាវ។ ហើយ​នៅ​ក្នុង​រយៈ​ពេល​ដូច​គ្នា​នេះ​ដែរ របាយការណ៍ CDC បាន​បង្ហាញ​ថា ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មក​កម្ពុជា ដែល​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​កម្ពុជា អនុញ្ញាត​ផ្តល់​ភ្លើង​ខៀវ​វិនិយោគ​នៅ​ក្នុង​វិស័យ ៤​សំខាន់ៗ មាន​ដូចជា វិស័យ​ឧស្សាហកម្ម កសិកម្ម សេវា​កម្ម និង​ទេសចរណ៍។ 

រយៈ​ពេល​៦​ខែ​ឆ្នាំ​២០១៧​នេះ មាន​ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​សេវា​កម្ម​ខ្លាំង​ជាង​គេ ដែល​មាន​ទឹក​ប្រាក់​វិនិយោគ​ប្រមាណ​ជាង ១​ពាន់​លាន​ដុល្លារ​អាមេរិក វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​មាន​ទឹក​ប្រាក់​ប្រមាណ​ជាង ៦៤៧​លាន​ដុល្លារ​អាមេរិក វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម មាន​ទឹក​ប្រាក់​ចំនួន​ជាង ៣២៥​លាន​ដុល្លារ និង​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម មាន​ទឹក​​ប្រាក់​ចំនួន​ជាង ៦៨​លាន​ដុល្លារ​អាមេរិក។

អគារ​កម្ពស់​ ៤៥ជាន់​ ដែល​វិនិយោគរួម​គ្នា​ដោយ​ក្រុមហ៊ុន​កម្ពុជា​និង​សិង្ហ​បុរី។ ក្នុង​ឆមាស​ទី១ ឆ្នាំ​២០១៧ សិង្ហ​បុរី​ឈរ​នៅ​លេខ​រៀង​ទី២ ជា​វិនិយោគិន​បរទេស​ធំ​ជាង​គេ​នៅ​កម្ពុជា។

ក្នុង​នោះ​ប្រទេស​ដែល​បាន​វិនិយោគ​ច្រើន​ជាង​គេ នៅ​ក្នុង​រយៈ​ពេល​ពាក់​កណ្តាល​ឆ្នាំ​២០១៧​នេះ គឺ​ប្រទេស​ចិន។ ចិន​នៅ​តែ​ដណ្តើម​តំណែង​លេខ​១ ដែល​បាន​បោះទុន​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ដែល​មាន​ទឹក​ប្រាក់​វិនិយោគ​ចំនួន​ជាង ១​ពាន់​លាន​ដុល្លារ​អាមេរិក ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន មាន​ទឹក​ប្រាក់​តែ​ជាង ៤៨០​លាន​ដុល្លារ​អាមេរិក។

ប្រទេស​ដែល​ឈរ​នៅ​លំដាប់​ថ្នាក់​ទី២ ដែល​វិនិយោគ​ច្រើន​នៅ​កម្ពុជា​គឺ​ប្រទេស​សិង្ហ​បុរី ដែល​មាន​ទឹក​ប្រាក់​ប្រមាណ​​ជាង ២៤៨​លាន​ដុល្លារ​អាមេរិក ទី៣ ហុងកុង មាន​ទឹក​ប្រាក់​វិនិយោគ​ជាង ៣៤​លាន​ដុល្លារ ទី៤ កូរ៉េ​​ខាង​ត្បូង មាន​ទឹក​ប្រាក់​វិនិយោគ​ជាង ២២​លាន​ដុល្លារ និង​ទី៥ ថៃ មាន​ទឹក​ប្រាក់​វិនិយោគ​ជាង ១៥​លាន​​ដុល្លារ​​អាមេរិក។

ដោយ​ឡែក​នៅ​ក្នុង​រយៈ​ពេល​៦​ខែ​ឆ្នាំ​២០១៧​នេះ​ផង​ដែរ ការ​វិនិយោគ​ដោយ​ផ្ទាល់​នៅ​ក្នុង​ស្រុក​ប្រទេសកម្ពុជា មាន​ទឹក​ប្រាក់​ប្រមាណ​ជាង ៣១១​លាន​ដុល្លារ​អាមេរិក។ និយាយ​រួម ការ​វិនិយោគ​ផ្ទាល់​នៅ​ក្នុង​ស្រុក​ខ្មែរ ​តែងតែ​ច្រើន​ជាង​គេ ដឹក​មុខ​គេ​ជានិច្ច បើ​ធៀប​នឹង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស ប៉ុន្តែ ទើប​តែ​ឆ្នាំ​២០១៧​នេះ​ទេ ដែល​វិនិយោគ​មក​ពី​ក្រៅ​ប្រទេស ដែល​មាន​មហា​អំណាច​សេដ្ឋកិច្ច​ទី​២ នៅ​លើ​ពិភព​លោក បាន​វ៉ា​ដាច់​ទាំង​វិនិយោគ​ក្នុង​ស្រុក​ទៅ​ទៀត។ 

នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​​ថា ទាំង​​វិនិយោគិន​​ក្នុង​​ស្រុក​និង​បរទេស​នៅ​តែ​មាន​ទំនុក​ចិត្ត​បោះទុន​រាប់​រយ​លាន​ដុល្លារ​អាមេរិក ធ្វើការ​វិនិយោគ​នៅ​កម្ពុជា។

យ៉ាង​ណា​ក៏​ដោយ​ចុះ អ្វី​ខ្លះ​ជា​ឧបសគ្គ​រាំង​ស្ទះ​ដល់​ការ​វិនិយោគ​ពី​បរទេស ?

ទោះ​បី​ជា​ទំនាក់​ទំនង​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មក​កាន់​កម្ពុជា ទទួល​បាន​នូវ​ភាព​ល្អ​ប្រសើរ​យ៉ាង​ណា​ក៏​ដោយ បើ​តាម​អ្នក​ជំនាញ​បាន​អះអាង​ថា កម្ពុជា​ត្រូវ​តែ​ខិតខំ​ប្រឹង​ប្រែង​ជា​បន្ត​សម្រាប់​ការ​កែ​លម្អ​បរិយាកាស​វិនិយោគ​ឲ្យ​កាន់​តែ​ខ្លាំង​ក្លា​​ថែម​ទៀត ដើម្បី​ទាក់​ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មក​កាន់​ប្រទេស​កម្ពុជា។

ក្រុម​អ្នក​ជំនាញ​បាន​បញ្ជាក់​ថា កម្ពុជា​នៅ​មាន​ចំណុច​ខ្សោយ​មួយ​ចំនួន​ដែល​ត្រូវ​ដោះស្រាយ​បន្ទាន់ មាន​ដូចជា បញ្ហា​ការ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​មិន​ទាន់​បាន​គ្រប់គ្រាន់ ហើយ​តម្លៃ​ក៏​នៅ​ខ្ពស់ បើធៀប​នឹង​ប្រទេស​ជិត​ខាង នីតិ​វិធី​រដ្ឋបាល​ផ្សេងៗ មាន​ភាព​ស្មុគ​ស្មាញ និង​ជួន​កាល ប្រើ​ពេល​វេលា​យូរ​​ និង​បញ្ហា​​ប្រព័ន្ធ​ដឹក​ជញ្ជូន logistics។ 

លោក សុខ ចិន្តាសោភា អគ្គលេខាធិការ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ធ្លាប់​ប្រាប់​សារព័ត៌មាន​ថា លោក​ទទួល​ស្គាល់​ថា កម្ពុជា​នៅ​មាន​របាំង​​រាំង​ស្ទះ​ខ្លះ​ដល់​អ្នក​វិនិយោគ​ក្រៅ​ប្រទេស ដូចជា ហេដ្ឋា​រចនា​សម្ព័ន្ធ អគ្គិសនី មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ ដែល​ទាមទារ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ឲ្យ​បាន​ល្អ​ប្រសើរ​លើ​បញ្ហា​នេះ។

អ្វី​ជា​ដំណោះស្រាយ​ក្នុង​ការ​ទាក់ទាញ​វិនិយោគ​បរទេស​មក​កម្ពុជា?

ដើម្បី​បង្កើត​ការ​ទាក់ទាញ​អ្នក​វិនិយោគ​ផ្ទាល់​ពី​បរទេស​ឲ្យ​កាន់​តែ​ច្រើន កម្ពុជា​ត្រូវតែ​ធ្វើការ​កំណែ​ទម្រង់​ផ្នែក​រដ្ឋបាល​សាធារណៈ អគ្គិសនី ហេដ្ឋា​រចនា​សម្ព័ន្ធ នោះ​វិនិយោគ​បរទេស​នឹង​ងាយ​ស្រួល​ធ្វើការ​ជាមួយ​កម្ពុជា​ណាស់។ ដំណោះស្រាយ​ទៅ​លើ​បញ្ហា​នេះ​ដែរ កម្ពុជា​មាន​តម្រូវការ​ថវិកា​ហិរញ្ញប្បទាន​បន្ថែម​ចន្លោះ​ពី ១២​ពាន់​លាន​ដុល្លារ ទៅ ១៣​ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដើម្បី​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ជាតិ​នៅ​ក្នុង​រយៈពេល​១០​ឆ្នាំ​ខាង​មុខ​នេះ។

​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ ប្រព័ន្ធ​ដឹក​ជញ្ជូន អគ្គិសនី កម្លាំង​ពលកម្ម​ជំនាញ​វិជ្ជាជីវៈ និង​តំបន់​សេដ្ឋកិច្ច​ពិសេស គឺ​ជា​តម្រូវការ​ចាំបាច់​សម្រាប់​ការ​អភិវឌ្ឍ​ជា​អាទិភាព។

ការ​ពង្រីក​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដើម្បី​ឲ្យ​សេដ្ឋកិច្ច​ជាតិ​ខ្លាំង​ក្លា​នេះដែរ ក៏​ជា​ការ​ឆ្លើយតប​ទៅ​នឹង​គោល​នយោបាយ​ស្តីពី​ការ​អភិវឌ្ឍ​យន្តការ​ភាព​ជា​ដៃគូ​រវាង​រដ្ឋ​និង​ឯកជន សម្រាប់​គ្រប់គ្រង​វិនិយោគ​សាធារណៈ និង​គោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហ​កម្ម​ឆ្នាំ​២០១៥-​២០២៥ ផង​ដែរ។

បើ​តាម​លោក សុខ ចិន្តាសោភា អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​បញ្ជាក់​អះអាង​ថា កម្ពុជា​មិន​ត្រូវ​អង្គុយ​រង់ចាំ​អ្នក​វិនិយោគ​ចូល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​នោះ​ទេ យើង​ត្រូវតែ​ធ្វើការ​ផ្សព្វផ្សាយ​លក់​ពី​ផលិតផល ពី​គម្រោង​ដែល​កម្ពុជា​យើង​មាន។ យើង​ត្រូវ​ចេញ​លក់ ដើរ​គោះ​ទ្វារ​ស្វែងរក​អ្នក​វិនិយោគ​ឲ្យ​ចូល​មក​បណ្តាក់​ទុន​នៅ​ប្រទេស​កម្ពុជា​យើង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទូត​អាមេរិក​និយាយ​ថា​ ឈ្លោះ​ជាមួយ​អាមេរិក​ធ្វើ​ឲ្យ​កម្ពុជា​ខាត

ព័ត៌មាន
ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​លោក​ William Heidt ប្រចាំ​នៅ​កម្ពុជា​បាន​និយាយ​ថា ការ​និយាយ​វាយ​ប្រហារ​សហរដ្ឋ​អាមេរិក​មិន​ប៉ះពាល់​អាមេ…

បន្ទាប់​ពី​ជោគជ័យ​នា​ឆ្នាំ​មុន អនុស្សា នឹង​រៀបចំ​សន្និសីទ​ធុរកិច្ច​ប្រចាំ​ឆ្នាំ​លើក​ទី២​នៅ​ខែ​ក្រោយ

ព័ត៌មាន
ប្រសិន​បើ​លោក​អ្នក​ជា​និស្សិត អ្នក​ជំនួញ​ថ្មីថ្មោង ឬ​អ្នក​ស្រលាញ់​ការរកស៊ី​ដែល​មាន​បំណង​ចង់​ចាប់​ផ្ដើម​មុខ​របរ​ផ្ទាល់​ខ្លួន អ្នក​គួរ​ពិច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ