អាជីវកម្មទេសចរណ៍ រងគ្រោះព្រោះកូវីដ-១៩

សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា «ស្នើឲ្យរដ្ឋទម្លាក់ប្រាក់កម្ចីការប្រាក់ទាប» ដើម្បីជួយបន្ដដង្ហើមអាជីវកម្មទេសចរណ៍


ដោយសារតែវិបត្តិកូវីដ-១៩ នៅតែបន្ដអូសបន្លាយបានធ្វើឲ្យអាជីវកម្មជាច្រើនពិសេសអាជីវកម្មក្នុងវិស័យទេសចរណ៍ កំពុងរកទុក្ខធំ និងកំពុងប្រឈមនឹងបញ្ហាបិទទ្វារ។ ក្នុងកាលៈទេសៈដ៏លំបាកនេះ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានឲ្យដឹងថា សមាគមបាន និងកំពុងតែដាក់សំណើទៅរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីឲ្យរដ្ឋាភិបាលទម្លាក់ប្រាក់កម្ចីដែលមានការប្រាក់ទាបជួយសង្គ្រោះដល់អាជីវកម្មក្នុងវិស័យទេសចរណ៍ឲ្យឆ្លងផុតវិបត្តិនេះ។
អាជីវកម្មទេសចរណ៍ ស្ថិតក្នុងវិបត្តិដ៏ធ្ងន់ធ្ងរនៅឡើយ(រូបភាព ហេង ភារម្យ)

ប្រធាន​សមាគម​ទីភ្នាក់ងារទេចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានលើក​ឡើងថា ស្ថិតនៅក្នុង​ដំណាក់កាល​នៃវិបត្តិធ្ងន់ធ្ងរ​នេះ សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បានសម្រេច​ដាក់ជា​សំណើ​ទៅ​រដ្ឋាភិបាល​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច​ជួយ​អន្តរាគមន៍​ដោយទម្លាក់​ជាប្រាក់កម្ចី​ដែលមាន​អត្រា​កាប្រាក់​ទាប សម្រាប់​សង្រោះ​ដល់​ភ្នាក់ងារ​ទេសចរណ៍​ឯកជន ដើម្បីអាច​ឲ្យពួកគាត់​មានទុន​បង្វិល​នៅបន្ត​អាជីវកម្ម​បាន​តទៅទៀត​ក្នុងស្ថានភាព​អន្តរកាល​នេះ ខណៈដែល​បច្ចុប្បន្ន​ធនាគារ​ឯកជន​បានបិទ​ការផ្តល់កម្ចី​ទៅឲ្យ​ក្រុមហ៊ុន​ភ្នាក់ងារ​ទេសចរណ៍​ឯកជន​ក្នុង​អំឡុង​វិបត្តិកូវីដនេះ។

លោកស្រីបញ្ជាក់ថា វិស័យ​ទេសចរណ៍​កំពុង​ជួបផល​ប៉ះពាល់ធ្ងន់ធ្ងរ ដែលរួមមាន​អាជីវកម្ម​សណ្ឋាគារ ភោជនីដ្ឋាន និងជាពិសេស​គឺក្រុមហ៊ុន​ទេសចរណ៍​បានបិទ​អាជីវកម្ម​ស្ទើរ​តែទាំងស្រុង បើទោះបីជា មិនមាន​តួលេខ​ជាក់លាក់​អំពីការ​ស្នើសុំការ​ព្យួរ​ការងារ​នៅក្រសួង​ការងារ​ក៏ដោយ ប៉ុន្តែ អាជីវកម្ម​ទាំងអស់នោះ គឺបាន​បិទទ្វារ​ដោយខ្លួនឯង​អស់ទៅ​ហើយ​ព្រោះគ្មានភ្ញៀវ។

លោកស្រីបន្តថា ក្នុងនាម​យើងជា​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា គឺចង់ឃើញ​ពួកគាត់​នៅអាចបន្ត​អាជីវកម្ម​តទៅទៀត​បានដោយ​មិនការ​ផ្លាស់ប្តូរ​អាជីព​នោះទេ ព្រោះកាលណា​ពួកគាត់​ផ្លាស់ប្តូរ​អាជីព​នៅពេល​ដែលស្ថានភាព​វិលត្រឡប់​មកប្រសើរ​ឡើងវិញ​ធនធាន​មនុស្ស​នៅក្នុង​វិស័យនេះ​នឹងអាច​ខ្វះខាត​វិញ ដូច្នេះ សូមឲ្យ​រដ្ឋាភិបាល​ពិចារណា​ទម្លាក់​កម្ចី​ដែលមាន​អត្រា​ការប្រាក់​ទាប​ដើម្បីជួយ​ដល់​វិស័យនេះផង។ នេះបើតាម​ការលើកឡើង​របស់​លោកស្រី ឆាយ ស៊ីវលីន។

លោកស្រីបាន ឲ្យដឹងទៀតថា ទីភ្នាក់ងារ​ទេសចរណ៍​នៅកម្ពុជា​មាន​ប្រមាណ​ជាង ៥០០ក្រុមហ៊ុន​ប៉ុណ្ណោះ ហើយអ្នក​ទាំងអស់នោះ​ក៏មិនប្រាកដ​ថា ត្រូវការ​ទុនបង្វិល​បន្ថែម​ទាំងអស់​នោះដែរ ខណៈភ្នាក់ងារ​ទេសចរណ៍​ដែលផ្តោត​លើសេវាកម្ម​ទទួល​ភ្ញៀវក្នុង​ស្រុក​មួយចំនួននៅតែ​អាចរក​ចំណូល​បាន។

បើទោះបី​មិនទាន់មាន​ការឆ្លើយ​តប​ភ្លាមៗ ពីរាជរដ្ឋាភិបាល​ក្នុង​ការទម្លាក់​ប្រាក់កម្ចី​ក៏ដោយចុះ ក៏កាលពី​កាលពី​ថ្ងៃទី​៣១ កក្កដា កន្លងទៅនេះ រាជរដ្ឋាភិបាល​បានប្រកាស​លើកលែង​ពន្ធ​រយៈពេល​ពីរខែ​បន្ថែមទៀត សម្រាប់​អាជីវកម្ម​ដែលពឹង​ផ្អែក​លើវិស័យ​ទេសចរណ៍​ក្នុងក្តី​សង្ឃឹមថា នឹងបន្ធូរ​បន្ថយ​បន្ទុក​អំឡុង​ពេលមាន​ជំងឺរាតត្បាត។

គ្រប់អាជីវកម្ម​ដែលនៅតែបន្ត​លើកលែង​ការបង់ពន្ធ​ ចាប់ពី​ខែសីហា ដល់ខែកញ្ញា ឆ្នាំ២០២០នេះ រួមមាន​អាជីវកម្ម​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ​ និងក្រុមហ៊ុន​ភ្នាក់ងារ​ទេសចរណ៏​ដែលបាន​ចុះបញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ។ លើសពីនេះទៀត វិស័យ​អាកាសចរណ៍​នៅតែបន្ត​លើកលែង​ការបង់ពន្ធ​អប្បរមា​សម្រាប់​រយៈពេល​ពីរខែ​ផងដែរ ជួនដល់​ក្រុមហ៊ុន​អាកាសចរណ៍​ដែលបាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅកម្ពុជា។

សូមបញ្ជាក់ថា ជាការ​អះអាង​របស់​រាជរដ្ឋាភិបាល គឺរដ្ឋាភិបាល​នឹងបន្ត​ផ្តល់​ប្រាក់​ឧបត្ថម្ភ ៤០ ដុល្លារ​ក្នុងមួយខែ​សម្រាប់រយៈពេល​ ២ ខែទៀត​ដល់កម្មករ​និងបុគ្គលិក​ក្នុងវិស័យ​ទេសចរណ៍៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


SCG កើនប្រាក់ចំណេញ ៣៣% ក្នុងត្រីមាសទី២ បន្ទាប់ពីអនុវត្តយុទ្ធសាស្ត្រអាជីវកម្មថ្មីៗដើម្បីទប់ទល់នឹងវិបត្តិកូវីដ១៩

ព័ត៌មាន
ក្រុមហ៊ុន SCG ដែលជាក្រុមហ៊ុនស៊ីម៉ងត៍និងគ្រឿងសំណង់ដ៏ធំជាងគេបំផុតមួយ នៅតំបន់អាស៊ី​អាគ្នេយ៍ ថ្មីៗនេះ បានប្រកាសពីប្រាក់ចំណេញនៅតែកើនឡើង …

រាជរដ្ឋាភិបាលថៃ ប្រាប់ឲ្យអ្នកនាំចេញត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះសង្គ្រាមបច្ចេកវិទ្យារវាងប្រទេសមហាអំណាច

ព័ត៌មាន
ស្របពេលដែលសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចលេខ១ និងលេខ២ នៅមិនទាន់រកឃើញពន្លឺដោះស្រាយរួចផង ឥឡូវនេះ ប្រទេសសេដ្ឋកិច្ចយក្សៗរបស់ពិភពលោកទាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ