វិស័យទេសចរណ៍

ក្រុមអ្នកជំនាញ៖ វិស័យទេសចរណ៍នៅតែត្រូវការពេលវេលាយូរជាងវិស័យដទៃ ដើម្បីងើបទៅរកសភាពធម្មតាឡើងវិញ


បើទោះបីជា បច្ចុប្បន្នវិស័យទេសចរណ៍ហាក់បីដូចចាប់ផ្ដើមមានដង្ហើមចេញចូលខ្លះឡើងវិញក្ដី ប៉ុន្ដែ វិស័យនេះ ត្រូវបានអ្នកជំនាញអះអាងថា នឹងនៅតែត្រូវការពេលវេលាយូរជាងវិស័យផ្សេងៗទៀត ដើម្បីស្ទុះងើបឡើងទៅរកកំណើននៅកម្រិតមុនពេលកូវីដ១៩។ ដូច្នេះ វិស័យនេះ ទាមទារឲ្យមានការជួយជ្រោមជ្រែងបន្ថែមទៀតពីសំណាក់រាជរដ្ឋាភិបាល។
វិស័យទេសចរណ៍ រូបភាព៖ ក្រសួងទេសចរណ៍
ដោយ

យ៉ាងណាមិញ ថ្មីៗនេះដែរ រាជរដ្ឋាភិបាលកម្ពុជា ទើបតែបានសម្រេចប្រកាសឲ្យអនុវត្តនូវគម្រោងសហហិរញ្ញប្បទាន ១៥០លានដុល្លារ ដល់ម្ចាស់អាជីវកម្មទេសចរណ៍ ដើម្បីមានលទ្ធភាព ស្ដារ និងកែលម្អរ អាជីវកម្មរបស់ខ្លួនឡើងវិញ បន្ទាប់ពីបានរងគ្រោះដោយសារជំងឺកូវីដ១៩។ គម្រោងនេះ ត្រូវបានអ្នកជំនាញរំពឹងថា នឹងរួមចំណែកដ៏សំខាន់ក្នុងការស្ដារវិស័យទេសចរណ៍ឡើងវិញ។

ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ បានសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ« គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍» ដែលមានទំហំទឹកប្រាក់សរុប ១៥០លានដុល្លារ។ គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍នេះ គឺផ្តោតសំខាន់លើវិស័យទេសចរណ៍តែមួយប៉ុណ្ណោះ ដែលម្ចាស់អាជីវកម្ម អាចស្នើសុំឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដែលជាដៃគូរបស់ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) សម្រាប់ការកែលម្អ និងធ្វើទំនើបកម្ម ការពង្រីកខ្លួនបន្ថែម និងធ្វើពិពិធកម្មនៃសេវា ទេសចរណ៍របស់ខ្លួន ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅពេលដែលវិបត្តិជំងឺកូវីដ១៩ បានធូរស្រាល។

បើតាមលោក នៀវ សុគន្ធ នាយកប្រតិបត្តិ ប្រតិបត្តិការ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានគូសបញ្ជាក់ថា គម្រោងនេះ មានសារៈសំខាន់ណាស់សម្រាប់អាជីវកម្មទេសចរណ៍ ដែលរងគ្រោះដោយសារវិបត្តិកូវីដ១៩ និងផ្ដោតសំខាន់តែលើវិស័យទេសចរណ៍ប៉ុណ្ណោះ។ បើតាមលោក នៀវ សុគន្ធ ម្ចាស់អាជីវកម្មទេសចរណ៍ អាចមានលទ្ធភាពទទួលបានឥណទានក្នុងទំហំទឹកប្រាក់រហូតដល់ប្រមាណ ៤០ម៉ឺនដុល្លារ សម្រាប់ប្រើប្រាស់ក្នុងអាជីវកម្មរបស់ខ្លួន។

យ៉ាងណាក៏ដោយចុះ ក្រុមអ្នកជំនាញ បានអះអាងថា វិស័យទេសចរណ៍ បានរងគ្រោះជាខ្លាំងអំឡុងវិបត្តិកូវីដ១៩ ហើយរហូតមកដល់ពេលនេះ ហាក់មិនទាន់មានអ្វីប្រែប្រួលខ្លាំងគួរឲ្យកត់សម្គាល់នោះទេ ខណៈវិស័យនេះ ក៏ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីងើបឡើងវិញ។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក បានគូសបញ្ជាក់ថា វិស័យទេសចរណ៍ គឺជាវិស័យមួយដែលរងគ្រោះខ្លាំងដោយសារវិបត្តិកូវីដ១៩ ហើយរហូតមកពេលនេះ វិស័យទេសចរណ៍ហាក់នៅមានភាពទ្រឹងនៅឡើយ បើទោះបី ស្ថានភាពការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា កាន់តែមានភាពធូរស្បើយ និងចរន្តនៃទេសចរផ្ទៃក្នុងមានសកម្មភាពកាន់តែមមាញឹកក៏ដោយ។ លោក ធួន ស៊ីណាន យល់ឃើញថា វិស័យទេសចរណ៍នៅតែត្រូវការពេលវេលាយូរបន្ថែម និងមានឧបសគ្គជាច្រើនទៀត ក្នុងការវិលមករកសភាពដើមវិញ ដូច្នេះ រាជរដ្ឋាភិបាលគួរពិចារណាផ្ដល់ហិរញ្ញវត្ថុដល់ម្ចាស់អាជីវកម្មទេសចរណ៍ ក្នុងអត្រាការប្រាក់ទាបជាង៦% ដើម្បីឲ្យម្ចាស់អាជីវកម្ម មានលទ្ធភាពក្នុងការស្ដារអាជីវកម្មខ្លួនឡើងវិញ។

លោកស្រី ខៃ ចិន្ដា អនុប្រធានសមាគមសណ្ឋាគារកម្ពុជា និងជាម្ចាស់អាជីវកម្មសណ្ឋាគារទែរូ នាខេត្តរតនគិរី បានគូសបញ្ជាក់ថា អាជីវកម្មលោកស្រីបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែកូវីដ១៩ នាពេលកន្លងមក ហើយរហូតមកដល់ពេលនេះ សណ្ឋាគាររបស់លោកស្រី ក៏មិនទាន់មានភ្ញៀវទេសចរ មកស្នាក់នៅដែរ។ បើតាមលោកស្រី ខៃ ចិន្ដា ដ្បិតសព្វថ្ងៃ សកម្មភាពភ្ញៀវទេសចរចាប់ផ្ដើមមានសន្ទុះឡើងវិញ តែសម្រាប់បណ្ដាខេត្តមួយចំនួន ដែលនៅឆ្ងាយពីរាជធានីភ្នំពេញ នៅតែមានភាពស្ងប់ស្ងាត់។ អ្នកជំនាញរូបនេះ បានបន្តថា វាជាការលំបាកសម្រាប់អាជីវកម្មទេសចរណ៍ ក្នុងការងើបឡើងវិញ ព្រោះវិស័យនេះបានរងគ្រោះយ៉ាងខ្លាំង នាពេលកន្លងមក។

យ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញក្នុងវិស័យទេសចរណ៍ ក៏បានបង្ហាញការសាទរយ៉ាងខ្លាំង ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានគិតគូរ និងដាក់ចេញនូវវិធានការ ជាបន្តបន្ទាប់ដើម្បីចូលរួមស្ដារវិស័យទេសចរណ៍ ឲ្យឆាប់ងើបឡើងវិញ ពីវិបត្តិកូវីដ១៩។ បន្ថែមនេះ ក្រុមអ្នកជំនាញក៏បានបង្ហាញនូវគំនិតសុទិដ្ឋិនិយមផងដែរ ថាវិស័យទេសចរណ៍នឹងនៅតែមានភាពរឹងមាំ តាមរយៈចន្តរទេសចរផ្ទៃក្នុង នារយៈពេលចុងក្រោយនេះ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ រយៈពេល៤ខែ ឆ្នាំ២០២២នេះ កម្ពុជា ទទួលបានទេសចរអន្តរជាតិ ប្រមាណ ២៤ម៉ឺននាក់ កើនឡើង ១៩១% បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ខណៈ ទេសចរផ្ទៃក្នុង មានប្រមាណ ៥លាននាក់ កើនឡើង១៦១%។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍ ក៏បង្ហាញនូវក្ដីរំពឹងទុកដែរថា ឆ្នាំ២០២២នេះកម្ពុជានឹងទទួលបានទេសចរអន្តរជាតិ ចន្លោះពី ៨០ម៉ឺននាក់ទៅ ១លាននាក់ និងទេសចរផ្ទៃក្នុងប្រមាណ៨លាននាក់ ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តោះៗ ស្អែកមកមកទទួលរង្វាន់ពី បុរី មេគង្គ លែន ពីការដាក់ស្តង់បង្ហាញគម្រាងទាំង២ រួមជាមួយនឹងប្រូម៉ូសិនបញ្ចុះតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅផ្សារអូឡាំពិក

ព័ត៌មាន
ដោយមានការគាំទ្រនិងចាប់អារម្មណ៍ ពីណាក់អតិថិជនរបស់ បុរី មេគង្គ លែន យ៉ាងច្រើនច្រើនសន្ធឹកសន្ធាប់ ពេលនេះបុរី មេគង្គ លែន នឹងមានការរៀបចំតាំ…

សម្តេចតេជោ ហ៊ុន សែន ស្នើឥណ្ឌាពន្លឿននីតិវិធីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងជំរុញការហោះហើរត្រង់រវាងប្រទេសទាំងពីរ

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើទៅលោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្រ្តីឥណ្ឌា ដើម្បីពន្លឿននីតិវិធីដើម្បីច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ