ចរន្តទេសចរធ្វើដំណើរកម្សាន្ដភ្លូកទឹកភ្លូកដីនាឱកាសបុណ្យចូលឆ្នាំថ្មី

អ្នកជំនាញថា ចរន្តទេសចរធ្វើដំណើរកម្សាន្ដភ្លូកទឹកភ្លូកដីនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បង្ហាញពីសញ្ញាងើបឡើងវិញនៃសេដ្ឋកិច្ច


ភ្ញៀវទេសចរបានចេញធ្វើដំណើរកម្សាន្ដភ្លូកទឹកភ្លូកដីនៅតាមតំបន់ទេសចរណ៍ និងរមណីដ្ឋាននានានៅទូទាំងប្រទេស ក្នុងឱកាសឈប់សម្រាកពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាលពីសប្ដាហ៍មុនជាមួយនឹងរបាយការណ៍ពីក្រសួងទេសចរណ៍បង្ហាញថា មានទេសចរដល់ទៅជាង៥លាននាក់ឯណោះ បានចេញធ្វើដំណើរកម្សាន្ដក្នុងស្រុក។
ភ្ញៀវទេសចរដើរកំសាន្តនៅថ្ងៃបុណ្យចូលឆ្នាំខ្មែរ រូបភាព៖ ក្រសួងទេសចរណ៏

ក្នុង​នោះ ខេត្តបាត់ដំបង​មាន​ចំនួន​ភ្ញៀវ​ទេសចរណ៍​ដើរ​កម្សាន្ដ​ច្រើន​ជាងគេ​បំផុត​។ អ្នកជំនាញ ក្នុង​វិស័យ​ទេសចរណ៍ និង សេដ្ឋកិច្ច បាន​យល់​ឃើញ​ថា សន្ទុះ​នៃ​ចរន្ត​ដើរ​កម្សាន្ត​របស់​ទេសចរ​អំឡុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ បាន​បង្ហាញ​នូវ​សញ្ញាណ​វិជ្ជមាន​នៃ​វិស័យសេដ្ឋកិច្ច​កម្ពុជា និង​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​សង្គ្រោះ​ដល់​អាជីវកម្ម​ទេសចរ​នៅ​ទូ​ទាំង​ប្រទេស ដែល​កន្លង​មក​បាន​រង​ទុក្ខ​ខ្លាំង​ដោយសារ​តែ​កូ​វី​ដ​១៩​។

បន្ទាប់​ពី​ស្ថានភាព​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ នៅ​កម្ពុជា កាន់តែ​ធូរស្បើយ ប្រមុខ​រាជរដ្ឋាភិបាល​ក​កម្ពុជា បាន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​អាច​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឡើង​វិញ ក្រោយ​កម្ពុជា អាក់ខាន​ប្រារព្ធ​ពិធី​នេះ អស់​រយៈពេល ២​ឆ្នាំ កន្លង​មក​។

បើ​តាម​ឯកឧត្តម ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ចរន្ត​ភ្ញៀវ​ទេសចរ​ដ៏​ច្រើន​នេះ បាន​បង្កើត​ជា​ផលប្រយោជន៍​សេ​ដ្ច​កិច្ច​ដ៏​ច្រើន​ទាំង​នៅ​ថ្នាក់​ជាតិ និង នៅ​តាម​មូលដ្ឋាន​។ ជាមួយ​គ្នា​នោះ បណ្តា​សណ្ឋាគារ ប៊ូ​ទិ​ក ផ្ទះសំណាក់ និង សេវា​ស្នាក់​នៅ​ផ្សេង​ៗ នៅ​ស្ទើរ​គ្រប់​ខេត្ត​ក្រុង ដែល​មាន​លទ្ធភាព​បើក​អាជីវកម្ម​ឡើង​វិញ បាន​ទទួល​ការ​កក់​ពេញ​ស្ទើរតែ​១០០%​។

យ៉ាងណាមិញ អ្នកជំនាញ ក្នុង​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ច បាន​គូសបញ្ជាក់​ដែរ​ថា សកម្មភាព​នៃ​ចរន្ត​ដើរ​កម្សាន្ត​របស់​ទេសចរ​អំឡុង​ពិធី​បុណ្យចូលឆ្នាំ នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ បាន​បង្ហាញ​នូវ​សញ្ញាណ​វិជ្ជមាន​ចំពោះ​ការ​ងើបឡើង​វិញ​នៃ​វិស័យសេដ្ឋកិច្ច​កម្ពុជា​។

បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​យល់​ឃើញ​ថា សន្ទុះ​នៃ​ការ​ដើរហើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ រួម​ទាំង​ភ្ញៀវ​ទេសចរ​បរទេស នា​ឱកាស​បុណ្យ ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ បាន​បង្ហាញ​ពី​ការ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ច​របស់​កម្ពុជា​។ បើ​តាម​អ្នកវិភាគ​សេដ្ឋកិច្ច​រូប​នេះ វិស័យ​ទេសចរណ៍​ជា​វិស័យ​មួយ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ដូច្នេះ ការ​ងើបឡើង​វិញ​នៃ​សកម្មភាព​ទេសចរណ៍ ក៏​នឹង​ជំរុញ​ឲ្យ​វិស័យ​ដទៃ​អាច​ងើបឡើង​វិញ​ដែរ ដូច​ជា វិស័យ​កសិកម្ម សិប្បកម្ម និង​សកម្មភាព​វិនិយោគ​ផ្សេង​ៗ​។ ក៏​ប៉ុន្តែ បើ​ទោះជា​បែប​នេះ​ក្ដី បណ្ឌិត ហុង វណ្ណៈ ក៏​យល់​ឃើញ​ទៀត​ថា ការ​ងើបឡើង​វិញ​នៃ​វិស័យសេដ្ឋកិច្ច ក៏​ទាមទារ​យ៉ាង​សំខាន់​នូវ​ការ​ចូលរួម​ពី​ទេសចរ​អន្តរជាតិ​ផង​ដែរ ដែល​អាច​នាំ​យក​រូបិយ​បណ្ណ​បរទេស ដើម្បី​ចាក់​ចូល​សេដ្ឋកិច្ច​នៅ​កម្ពុជា ខណៈ​ចរន្ត​នៃ​ទេសចរ​បរទេស​ចូល​មក​កម្ពុជា ហាក់​នៅ​មាន​កម្រិត​នៅឡើយ​។

ជាមួយ​គ្នា​នោះ លោក ធួន ស៊ី​ណា​ន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ក៏​បាន​កត់សម្គាល់​ឃើញ​ថា ក្រោយ​ពី​វិស័យ​ទេសចរណ៍ បាន​រង​គ្រោះ​ខ្លាំង​អស់​រយៈពេល​២​ឆ្នាំ​មក​ហើយ​នោះ វិស័យ​នេះ នៅ​តែ​មាន​ភាព​ក្មេងខ្ចី​នៅឡើយ ដើម្បី​ស្ទុះ​ងើបឡើង​វិល​មក​រក​កម្រិត​មុន​កូ​វី​ដ​១៩​។ លោក​បន្ថែម​ថា ទោះបី​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ មាន​មនុស្ស​ម្នារ​ច្រើន បាន​ដើរ​កម្សាន្ត​ក៏​ដោយ ដោយ​លោក​បាន​ពន្យល់​បន្ត​ថា ការ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍ គឺ​ត្រូវ​ពឹងផ្អែក​យ៉ាង​ខ្លាំង​ពី​លំហូរ​ភ្ញៀវ​ទេសចរ​បរទេស​។

យោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍ រយៈពេល ៤​ថ្ងៃ ពោល​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២២ មាន​ភ្ញៀវ​ទេសចរ​សរុប​រហូត​ដល់​ជាង ៥​លាន​១៧​ម៉ឺន​នាក់ បាន​ដើរ​កម្សាន្ត នៅ​តាម​តំបន់​ទេសចរណ៍ និង​រមណី​ដ្ឋា​ន​នានា ទូ​ទាំង​ប្រទេស​។ ក្នុង​នោះ ខេត្តបាត់ដំបង ជា​ខេត្ត​ដែល​មាន​ទេសចរ​ទៅ​កម្សាន្ដ​ច្រើន​ជាងគេ រហូត​ដល់​ជាង ៦៥​ម៉ឺន​នាក់​។ បន្ទាប់​មក​ខេត្តកំពង់ចាម ជាប់​ចំណាត់ថ្នាក់​ទី​២ ដែល​មាន​ទេសចរ​ទៅ​កម្សាន្ត​ជាង ៥៤​ម៉ឺន​នាក់ និង​ទី​៣ ខេត្តបន្ទាយមានជ័យ មាន​ទេសចរ​ទៅ​កម្សាន្ត​ជាង ៤៧​ម៉ឺន​នាក់ និង ខេត្ត​ផ្សេង​ៗ​ទៀត​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃប្រេងហក់ឡើងខ្ពស់ ដោយសារមានក្ដីបារម្ភចំពោះនៃការផ្គត់ផ្គង់ ខណៈវិបត្តិអ៊ុយក្រែនកាន់តែតានតឹង

ព័ត៌មាន
ចូលមកដល់ថ្ងៃចន្ទដើមសប្តាហ៍នេះ តម្លៃប្រេងឆៅពិភពលោកបានកើនឡើងបន្ថែមទៀតដល់កម្រិតខ្ពស់បំផុតគិតត្រឹមរយៈពេលជិត៣សប្ដាហ៍កន្លងមកនេះ ដោយសារមានក្តីប…

សហភាពអឺរ៉ុបខ្នះខ្នែងឲ្យអ៊ុយក្រែនបានចូលជាសមាជិកផង ជំរុញការផ្តល់សព្វាវុធផង ស្របពេលសង្គ្រាមអូសបន្លាយជិតពីរខែ

ព័ត៌មាន
សហភាពអឺរ៉ុបខ្នះខ្នែងឲ្យអ៊ុយក្រែនបានចូលជាសមាជិកផង ជំរុញការផ្តល់សព្វាវុធផង ស្របពេលសង្គ្រាមអូសបន្លាយជិតពីរខែ។ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ