អាមេរិក-WHO

លោក ដូណាល់ត្រាំ ប្រកាសព្យួរប្រាក់មូលនិធិរបស់អាមេរិក ទៅឲ្យ​អង្គការសុខភាពពិភពលោក


នៅថ្ងៃអង្គារ ទី ១៤ មេសា ម្សិលមិញនេះ លោក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាស អំពីការផ្អាកការផ្ដល់មូលនិធិរបស់សហរដ្ឋអាមេរិក ដល់អង្គការសុខភាពពិភពលោក (WHO) ដោយលោក បានបញ្ជាក់ថា អង្គការនេះ បានបិទបាំងស្ថានភាពធ្ងន់ធ្ងរនៃការផ្ទុះរាលដាលនៃមេរោគ Covid-19 នៅក្នុងប្រទេសចិន មុននឹងមេរោគនេះ បានបន្តរីករាលដាលខ្លាំងនៅទូទាំងពិភពលោក។
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក (រូបឆ្វេង) និង អគ្គនាយកនៃអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus (រូបស្ដាំ)
ដោយ

លោកត្រាំ បាន​និយាយ​នៅក្នុង​សន្និសីទ​កាសែតថា លោក​បាននិងកំពុង​ណែនាំ​រដ្ឋបាល​របស់លោក ឲ្យ​បញ្ឈប់ការ​ផ្ដល់​មូលនិធិ​ឲ្យទៅ​អង្គការ​សុខភាព​ពិភពលោក (WHO) ខណៈដែល​ការ​តាមដាន​​ពិនិត្យវាយតម្លៃ​​អំពីតួនាទី​របស់​អង្គការ​នេះ​ទៅឃើញថា មានការ​ខ្វះការគ្រប់គ្រង​លើចំណុចមួយ​ចំនួន​មិនបាន​ត្រឹមត្រូវ និងបញ្ហា​ទាក់ទង​នឹង​ការគ្រប់គ្រង​ការរីករាល​ដាល​នៃមេរោគ។

សហរដ្ឋអាមេរិក គឺជា​ម្ចាស់ជំនួយ​ធំបំផុត​ សម្រាប់​​អង្គការ​សុខភាពពិភពលោក ដែលមានមូលដ្ឋាន​នៅទិក្រុងហ្សឺណែវ ប្រទេសស្វីស ដោយអាមេរិក​បាន​ផ្ដល់មូលនិធិ​ប្រមាណជាង ៤០០ លាន​ដុល្លារអាមេរិក កាលពីឆ្នាំ២០១៩ ដែលមាន ប្រហែល​១៥% នៃកញ្ចប់ថវិកាសរុប។

បើតាមលោកដូណាល់ ត្រាំ, អង្គការសុខភាពពិភពលោក​នេះ បាន​រារាំង​អំពី​តម្លាភាព​នៃ​ការផ្ទុះរាលដាល​នៃមេរោគ ហើយលោកថា “​សហរដ្ឋអាមេរិក នាពេលនេះ នឹង​ពិភាក្សា អំពីអ្វីដែលយើង​គួរធ្វើ ជាមួយនឹង​លុយ​ ដែល​យើង​ផ្ដល់​ទៅ​ឲ្យអង្គការ WHO ទាំងនោះ”។

លោកត្រាំ និយាយទៀតថា «ជាមួយនឹង​​ការផ្ទុះរាលដាល​នៃមេរោគ Covid-19 យើង​មានក្ដីបារម្ភ​ខ្លាំងណាស់ ថាតើ អំណោយសប្បុរសធម៌របស់សហរដ្ឋអាមេរិកទាំងនោះ ត្រូវបានគេយក​ទៅប្រើប្រាស់​យ៉ាងល្អបំផុត ឬក៏អត់»។

ការវាយប្រហារ​របស់​លោកត្រាំ ទៅលើ​អង្គការ​សុខភាព​ពិភពលោកនេះ គឺត្រូវបានគេមើលឃើញថា បាន​ឆ្លុះបញ្ចាំង​ពីជំនឿ​របស់លោក ដែលថា អង្គការ​នេះ មានភាពលម្អៀង​ទៅរក​ប្រទេសចិន និងឃុបឃិតគ្នា ដើម្បីរារាំង​គូប្រជែង​សេដ្ឋកិច្ចដ៏សំខាន់​របស់ចិន គឺសហរដ្ឋអាមេរិក តាមរយៈ​ការមិន​សូវបើកចំហអំពី​គ្រោះមហន្ដរាយ​សុខភាព​ ដែលបាននិងកំពុងកើតឡើង​ព្រោះតែមេរោគ​ឆ្លង Covid-19។

លោកត្រាំ​ និយាយទៀតថា ទង្វើ​របស់​អង្គការសុខភាពពិភពលោក គឺបាន​ធ្វើឲ្យប្រទេស​ផ្សេងទៀត ត្រូវចំណាយ​ពេលវេលាដ៏សំខាន់​ ដើម្បីរៀបចំ និងការពន្យារ​ការសម្រេចចិត្ត ដើម្បី​បញ្ឈប់​ការធ្វើដំណើរ​អន្តរជាតិ។

ប្រធានាធិបតី​អាមេរិករូបនេះ បានបញ្ជាក់ថា «​ការវាយប្រហារ​របស់​អង្គការ WHO លើការរឹតត្បិត​លើការធ្វើដំណើរ​ វាដូចជា​ត្រូវ​ទៅលើ​ផ្នែក​នយោបាយ ជាងវិធានការ​សង្គ្រោះជីវិត»។

ចំនួន​អ្នក​ស្លាប់​ដោយសារ Covid-19 នៅសហរដ្ឋអាមេរិក បានកើនឡើង​ដល់ទៅប្រមាណ ​២៥.៧០០ នាក់ ខណៈដែល​អ្នកឆ្លងសរុបវិញមានរហូតដល់ទៅ ជាង ៦០ម៉ឺននាក់​ គិតត្រឹម​ថ្ងៃ​ទី ១៤ ខែមេសា ឆ្នាំ២០២០។

អង្គការ​ WHO គឺជា​ភ្នាក់ងារ​ពិសេសមួយ​របស់ អង្គការសហប្រជាជាតិ ដែលជា​ស្ថាន​ប័ន​អន្តរជាតិ​ឯករាជ្យ​មួយ ដែលធ្វើការងារ​ជាមួយនឹង​អង្គការ​សហប្រជាជាតិ។

អង្គការ WHO បាន​ស្នើ​​ទឹកប្រាក់ជាង ១ពាន់លាន​ដុល្លារអាមេរិក សម្រាប់មូលនិធិ​ប្រតិបត្តិការ ប្រយុទ្ធប្រឆាំង​​នឹងការរីករាល​នៃមេរោគ Covid-19។ អង្គការនេះ ក៏​ត្រូវការ​ធនធាន​កាន់តែច្រើនជាងមុន​មិនធ្លាប់មាន ដោយសារតែ​ខ្លួន គឺជា​អ្នកដឹកនាំការឆ្លើយតប​ជាសកល​ ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺឆ្លង។

សារព័ត៌មាន CNA បានស្រង់​ប្រសាសន៍​របស់ អគ្គលេខាធិការ អង្គការ​សហប្រជាជាតិ លោក Antonio Guterres ដែលបាននិយាយ​កាលពីថ្ងៃទី ១៤ ខែមេសា បានឲ្យដឹងថា វាមិនមែនជាពេល​វេលា ត្រូវ​កាត់​បន្ថយ​ធនធាន សម្រាប់​ប្រតិបត្តិការ​របស់​​អង្គការ​សុខភាពពិភពលោក ឬអង្គការ​មនុស្សធម៌​ផ្សេងទៀត នៅក្នុង​ការ​​ប្រយុទ្ធប្រឆាំង​នឹង​មេរោគនោះឡើយ។

លោក Gutteres គូសបញ្ជាក់ទៀតថា «ឥឡូវនេះ គឺជាពេលវេលា​សម្រាប់​រួមរួមគ្នា និង​សម្រាប់​​សហគមន៍​​អន្តរជាតិ ដើម្បីធ្វើការងារ​ជាមួយគ្នា ក្នុង​ស្មារតីសាមគ្គីភាព ដើម្បី​​បញ្ឈប់ វីរុសនេះ និងផលវិបាក​របស់វា​ដែល​កំពុងតែ​បែកខ្ញែក»៕​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូវីដ-១៩៖ ចំនួនអ្នកជាសះស្បើយកើនដល់ ៩៦នាក់ហើយ ក្នុងចំណោមអ្នកឆ្លងសរុប១២២នាក់

ព័ត៌មាន
នៅថ្ងៃទី ១៥ ខែមេសានេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា បានមិនមានករណីឆ្លងថ្មីបន្ថែមទៀតទេ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបទាំងអស់នៅមាន ១២២ន…

អេសស៊ីជី ផ្ដល់​ប្រអប់សុវត្ថិភាពវេជ្ជសាស្ត្រសម្រាប់​គ្រូពេទ្យ​ជួរមុខ​កម្ពុជា​ប្រើ​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​វីរុសកូវីដ១៩

ព័ត៌មាន
ក្រុមហ៊ុន អេសស៊ីជី (SCG) ជាក្រុមហ៊ុនឧស្សាហកម្មឈានមុខគេមួយនៅក្នុងតំបន់អាស៊ាន បានបរិច្ចាគប្រអប់សុវត្ថិភាពវេជ្ជសាស្ត្រ (surgical shield bo…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ