អចលនទ្រព្យ

តំបន់​ទួល​ពង្រ ជាយ​រាជ​ធានី កំពុង​ក្លាយ​ជា​មុខ​ព្រួញ​ការ​អភិវឌ្ឍ​លំនៅដ្ឋាន


ការរ​អភិវឌ្ឍ​តំបន់​ជាយ​រាជ​ធានី​ភ្នំពេញ បាន​និង​កំពុង​មាន​ការ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ក្នុង​នោះ ក្រៅពី​តំបន់​ភាគ​ខាង​ជើង​រាជ​ធានី​ភ្នំពេញ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ដី​មាស​ដី​ពេជ្រ​នោះ បច្ចុប្បន្ន តំបន់​ជុំវិញ​រាជ​ធានី​ផ្សេង​ទៀត ក៏​កំពុង​​មាន​​សន្ទុះ​អភិវឌ្ឍ​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ។
រូបភាព​គំរូ​នៃ​ប្លង់​គម្រោង​លំនៅដ្ឋាន​ថ្មី​មួយ នៅ​តំបន់​ទួល​ពង្រ ជាយ​រាជ​ធានី​ភ្នំពេញ។
ដោយ

ជាក់ស្ដែង តំបន់​ភាគ​ខាង​ត្បូង​ឈៀង​ខាង​លិច រាជ​ធានី​ភ្នំពេញ ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ផ្សារ​ទួល​ពង្រ សង្កាត់​ព្រៃស ខណ្ឌ​ដង្កោ ដែល​ធ្លាប់​តែ​ជា​តំបន់​សម្បូរ​ទៅ​ដោយ​បឹង និង​ជា​តំបន់​មួយ​ប្រជុំ​ទៅ​ដោយ​រោងចក្រ​នោះ បច្ចុប្បន្ន តំបន់​នេះ​បាន​និង​កំពុង​ក្លាយ​ជា​ទិសដៅ​សំខាន់​មួយ​សម្រាប់​អ្នក​អភិវឌ្ឍ​អចលនទ្រព្យ ពិសេស អ្នក​វិនិយោគ​សាងសង់​បុរី​លំនៅដ្ឋាន​តែ​ម្ដង។

លោក សាំង វាសនា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សាងសង់​ផ្ទះ​ល្វែង TV Star ដែល​ទើប​តែ​បើក​សម្ពោធ​គម្រោង​លំនៅដ្ឋាន​ទី​៣​របស់​ខ្លួន ជាមួយ​នឹង​ទឹក​ប្រាក់​វិនិយោគ​សរុប​ជិត ១០​លាន​ដុល្លារ លើ​ផ្ទៃដី​ជិត​២​ហិកតា នៅ​តំបន់​ភាគ​ខាង​ត្បូង​ផ្សារ​ទួល​ពង្រ​នេះ បាន​លើក​ឡើង​ថា ជា​ការ​ពិត​ណាស់ កាល​ពី​១​ឆ្នាំ ឬ​២​ឆ្នាំ​មុន តំបន់​នេះ​គឺ​ហាក់​មាន​ភាព​ស្ងប់​ស្ងាត់ មិន​សូវ​មាន​គម្រោង​ធំៗ​ចូល​មក​អភិវឌ្ឍ​ច្រើន​នោះ​ទេ។ ប៉ុន្ដែ បច្ចុប្បន្ន តំបន់​ភាគ​ខាង​ត្បូង​ផ្សារ​ទួល​ពង្រ​នេះ​កំពុង​ទាក់ទាញ​អ្នក​វិនិយោគ​សាងសង់​លំនៅដ្ឋាន​កាន់​តែ​ច្រើន​ឡើងៗ ដោយសារ​តែ​តំបន់​នេះ​មាន​ប្រព័ន្ធ​ផ្លូវ​ប្រទាក់​ក្រឡា​គ្នា​យ៉ាង​ល្អ​សម្រាប់​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​រាជ​ធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​មួយ​ចំនួន​ផង​ដែរ។

លោក​បន្ថែម​ទៀត​ថា មិន​លើស​ពី​២​ឆ្នាំ​នោះ​ទេ តំបន់​នេះ​នឹង​មាន​ប្រជាជន​ចូល​មក​រស់នៅ​កាន់​តែ​ច្រើន និង​មាន​គម្រោង​អភិវឌ្ឍ​ធំៗ​ជា​ច្រើន​ទៀត នឹង​ចូល​មក​អភិវឌ្ឍ​ជា​បន្ត​បន្ទាប់។

ការចូលរួម​ចំណែក​ក្នុង​ការ​ពង្រីក​ទិសដៅ​អភិវឌ្ឍ​នៅ​តំបន់​ជាយ​រាជ​ធានី​ភ្នំពេញ​នេះ ក៏​ស្ថិត​នៅ​ក្រោម​គម្រោង​អភិវឌ្ឍ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ពង្រីក​សក្ដានុពល​អភិវឌ្ឍន៍​រាជ​ធានី​ភ្នំពេញ និង​បញ្ជៀស​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​តំបន់​កណ្ដាល​រាជ​ធានី​ភ្នំពេញ​ផង​ដែរ។

ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរង​នៃ​គណៈអភិបាល​រាជ​ធានី​ភ្នំពេញ ធ្លាប់​បាន​គូស​បញ្ជាក់​ដែរ​ថា គិត​មក​ទល់​ពេល​នេះ ផ្ទៃដី​រាជ​ធានី​ភ្នំពេញ​​បាន​រីកធំ​គួរ​ឲ្យ​កត់​សម្គាល់ ពោល​គឺ​មាន​ទំហំ​ផ្ទៃ​ដី​សរុប​ជិត​៧០០​គីឡូម៉ែត្រ​ការ៉េ។ ក្នុង​នោះ​ដែរ វិស័យ​សំណង់​និង​អចលន​ទ្រព្យ​នៅ​កម្ពុជា​បាន​និង​កំពុង​ពង្រីក​សក្ដានុពល​របស់​ខ្លួន​កាន់​តែ​ខ្លាំង​ឡើងៗ តួយ៉ាង ការ​រីក​កើន​ឡើង​នៃ​អគារ​ពាណិជ្ជកម្ម អគារ​ស្នាក់​នៅ​រួម អគារ​ខុនដូ​ប្រណីត ដែល​កំពុង​សាងសង់​ឡើង​ជា​បន្ត​បន្ទាប់។ 

គិត​មក​ទល់​ពេល​នេះ សំណង់​បុរី​លំនៅដ្ឋាន​នៅ​រាជ​ធានី​ភ្នំពេញ មាន​ចំនួន ១៨៨​កន្លែង និង​អគារ​ខ្ពស់ៗ​មាន ៩៧៩​អគារ។ ហើយ​បើ​គិត​ត្រឹម​៩​ខែ​ឆ្នាំ​នេះ រាជ​ធានី​​ភ្នំពេញ​ទទួល​បាន​គម្រោង​សាងសង់​ចំនួន​៧៧៧​គម្រោង ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ជាង ១​ពាន់​៥០០​លាន​ដុល្លារ​អាមេរិក។ 

ជាមួយ​គ្នានេះ​ដែរ លោក​ឧកញ៉ា នួន រិទ្ធី ប្រធាន​ក្រុមហ៊ុន​អចលន​ទ្រព្យ KFA បាន​លើក​ឡើង​ថា នៅ​ឆ្នាំ​២០១៧​នេះ វិស័យ​អចលន​ទ្រព្យ​នៅ​តែ​មាន​កំណើន​ល្អ ពិសេស លោក​កត់​សម្គាល់​ឃើញ​ថា ការ​អភិវឌ្ឍ​លំនៅដ្ឋាន​នៅ​តំបន់​ជាយ​រាជ​ធានី​ភ្នំពេញ គឺ​មាន​ការ​កើន​ឡើង​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់។ តួយ៉ាង នៅ​តំបន់​ភាគ​ខាង​ត្បូង​ផ្សារ​ទួល​ពង្រ​នេះ គឺ​ជា​តំបន់​មួយ​កំពុង​មាន​សក្ដានុពល ដោយសារ​តែ​វា​មាន​ប្រព័ន្ធ​ផ្លូវ​ខ្វាត់​ខ្វែង និង​បណ្ដុំ​ទី​ប្រជុំជន ពិសេស​គឺ​រោងចក្រ​តែ​ម្ដង។ 

លោក​បន្ថែម​ថា តម្លៃ​ដី​ក្នុង​តំបន់​នេះ ក៏​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ដែរ ពោល​គឺ​នៅ​តាម​បណ្ដោយ​ផ្លូវ​ធំ​អាច​មាន​តម្លៃ​ចាប់​ពី ៣៥០​ដុល្លារ ដល់ ៤៥០​ដុល្លារ ក្នុង​មួយ​ម៉ែត្រ​ការ៉េ ខណៈ​ដែល​ដី​នៅ​ផ្លូវ​ក្នុង​អាច​មាន​តម្លៃ​ចាប់​​ពី ២០០ ទៅ ៣០០​ដុល្លារ ក្នុង​មួយ​ម៉ែត្រ​ការ៉េ។ 

លោក​ឧកញ៉ា នួន រិទ្ធី បាន​គូស​បញ្ជាប់​ទៀត​ថា ត្បិត​ថា ឆ្នាំ​២០១៨ ជា​ពេល​វេលា​បោះឆ្នោត​ជាតិ កាន់​តែ​កៀក​មក​ដល់​ក៏​ដោយ​ក្ដី ប៉ុន្ដែ លោក​សង្កេត​ឃើញ​ថា អ្នក​វិនិយោគ​នៅ​តែ​មាន​ទំនុក​ចិត្ត​លើ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា ពោល​គឺ​ការ​បន្ថែម​ទុន​វិនិយោគ​លើ​គម្រោង​ថ្មីៗ​នៅ​តែ​បន្ដ​កើន​ឡើង​ជា​បន្ត​បន្ទាប់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ ដាក់​ឲ្យ​ដំណើរការ​សាល​ថ្មី​ទទួល​អ្នក​ដំណើរ តម្លៃ​២៦​លាន​ដុល្លារ

ព័ត៌មាន
អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​បើក​ដាក់​ឲ្យ​ដំណើរការ​សាល​ថ្មី​សម្រាប់​ទទួល​អ្នក​ដំណើរ​មក​ដល់ និង​ចេញ​ដំណើរ​តាម​ផ្លូវ​អាកាស​ហើ…

កម្ពុជា​ទទួល​បាន​ពិន្ទុ​ធ្លាក់​ចុះ​លើ​ភាព​​ទាក់ទាញ​ផ្នែក​ច្បាប់​នៃ​ការ​​វិនិយោគ​ក្នុង​វិស័យ​ប្រេង

ព័ត៌មាន
របាយការណ៍​ពិភព​លោក​លើ​វិស័យ​ប្រេង ដែល​ចេញ​ផ្សាយ​ដោយ​ស្ថាប័ន​ស្រាវជ្រាវ​ដ៏​ធំ​មួយ​របស់​ប្រទេស​​កាណាដា បាន​បង្ហាញ​ថា កម្ពុជា​ស្ថិត​ក្នុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ