The Grand Tour រដូវកាលទី៤ នឹង​ថត​នៅកម្ពុជា

កម្មវិធី​ទូរទស្សន៍​ The Grand Tour ដែល​មាន​​អ្នក​មើល​ជាង ២០០លាននាក់ នឹង​ថត«រដូវកាលទី៤» នៅកម្ពុជា


នេះ​អាចចាត់ទុក​ជា​មោទនភាព​មួយ និងជាការជួយ​ផ្សព្វផ្សាយ​មុខមាត់​កម្ពុជា ទៅកាន់ពិភព​លោក ដែល​កម្មវិធីទូរទស្សន៍​ដ៏ល្បី​ល្បាញ​នៅ​អង់គ្លេស The Grand Tour នឹង​ថត​ឈុតឆាក​ «រដូវកាលទី៤» របស់​ខ្លួន នៅ​ប្រទេស​កម្ពុជា។
កម្មវិធី​ទូរទស្សន៍​ The Grand Tour ដែល​មាន​ទស្សនិកជន​​ជាង ២០០លាននាក់ នឹង​ថត«រដូវកាលទី៤» នៅកម្ពុជា។
ដោយ

The Grand Tour គឺ​ជា​កម្មវិធី​ទូរទស្សន៍​ ដែល​ផលិត​និង​សម្ដែង​ដោយ​ពិធីករ​ជនជាតិ​អង់គ្លេសល្បីៗ ៣រូប គឺលោក Jeremy Clarkson, Richard Hammond និង James May។ ហើយ​កម្មវិធី​នេះ​ ចាក់ផ្សាយ​ផ្ដាច់​មុខ​ដោយ​ទូរទស្សន៍​អ៊ីនធឺណិត Amazon Prime Video របស់​ក្រុមហ៊ុន Amazon ដែលមានន័យថា អ្នក​ទស្សនា​ត្រូវតែ​បង់​លុយ​ទើប​អាច​ទស្សនា​កម្មវិធី​ទូរទស្សន៍​នេះ​បាន។

កម្មវិធី​ទូរទស្សន៍​ដ៏ល្បី​ល្បាញ​នៅ​អង់គ្លេស និង​នៅ​ជុំវិញ​ពិភព​លោក​ The Grand Tour គឺ​ជា​លំនាំ​ភាពយន្ត​ឯកសារ​ជាភាគៗ ដែល​បង្ហាញ​ពី​ការធ្វើ​ដំណើរ​ដោយ​​រថយន្ត​ប្លែកៗ​របស់​ពិធីករ ទៅកាន់​ទីតាំង​ប្លែកៗ​ដែលមាន​ទេសភាព​ស្អាតៗ នៅ​ជុំវិញ​ពិភពលោក។ 


សូមទស្សនា​វីដេអូ​ខ្លី នៃ​ កម្មវិធី The Grand Tour រដូវកាលទី៣


កម្មវិធី​ទូរទស្សន៍ The Grand Tour មាន​មនុស្ស​ទស្សនា​ជាង ២០០លាន​នាក់​នៅ​ទូទាំង​ពិភព​លោក ហើយ​កន្លងមក កម្មវិធី​នេះ​ផលិត​បាន ៣រដូវ​កាល​ហើយ ហើយ​រដូវកាលទី៤ កម្មវិធី The Grand Tour នឹង​ថតនៅក្នុង​បណ្ដា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ ដោយ​យក​​ប្រទេស​​កម្ពុជា​ជា​ចំណុច​ចាប់ផ្ដើម​នៃ​ការធ្វើ​ដំណើរ​នៅ​ក្នុង​តំបន់​នេះ។ 

បើ​តាម​ជនជាតិ​ខ្មែរ​មួយរូប​ដែលជួយសម្របសម្រួល​ដល់​ការងារ​ផលិតរបស់​ក្រុម The Grand Tour ការថត​នៅ​កម្ពុជា ក្រុម​ផលិតករ​និង​អ្នក​ថត​ដ៏​ពូកែៗ​នៃ​កម្មវិធី​នេះ នឹង​ផ្ដិត​យក​រូបភាព​ស្អាតៗ​នៅ​តំបន់ប្រាសាទ​បុរាណ​របស់​កម្ពុជា នៅលើទឹកដី​អង្គរ ខេត្តសៀមរាប បន្ទាប់មក ក្រុមការងារនឹងផ្ដិតយក​រូបភាព​បឹង​ទន្លេសាប រហូត​មក​ដល់​ទន្លេបួនមុខ (ចតុមុខ) នៅរាជធានីភ្នំពេញ និង​បន្ត​ចូល​ទៅ​ទន្លេ​មេគង្គ​ក្រោម រហូតដល់​វៀតណាម។

ពិធីករ​ល្បីៗទាំងបី របស់​កម្មវិធី​ទូរទស្សន៍ The Grand Tour។

បើ​តាមការចុះផ្សាយរបស់សារព័ត៌មាន​នៅ​អង់គ្លេស កម្មវិធី The Grand Tour រដូវកាលទី៤​នេះ នឹង​ថត​នៅ​កម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា វៀតណាម ម៉ាឡេស៊ី និង​សិង្ហ​បុរី។ ហើយ​ការផលិត​និង​ថត​នៅកម្ពុជា នឹងប្រព្រឹត្ត​ទៅ​នៅ​ពាក់​កណ្ដាល​ខែមិថុនា ឆ្នាំ​២០១៩នេះ ដោយ​មាន​ការ​អនុញ្ញាត​និង​ការគាំទ្រ​ពី​ក្រសួង​ពាក់ព័ន្ធ​របស់​កម្ពុជា។

បើ​តាម​សារព័ត៌មាន​អង់គ្លេស The Grand Tour រដូវកាលទី៤ អាចនឹងត្រូវចាក់​ផ្សាយ​ នៅដើមឆ្នាំ​២០២០ នៅលើ​បណ្ដាញ​ទូរទស្សន៍​អ៊ីនធឺណិត​របស់​ក្រុមហ៊ុន Amazon (Prime Video) ដែល​មាន​អ្នក​ទស្សនា​នៅសហរដ្ឋ​អាមេរិក ប្រមាណជាង ៩០លាននាក់ និង​នៅជុំវិញ​ពិភព​លោក ជាង ១២០លាន​នាក់​ផ្សេង​ទៀត។ 

ការដាក់បញ្ចូល​កម្ពុជា​នៅក្នុង​កម្មវិធី​ទូរទស្សន៍ The Grand Tour ដ៏ល្បីល្បាញនេះ នឹងជួយ​ផ្សព្វផ្សាយ​ពី​ប្រទេស​កម្ពុជា​ដែល​សម្បូរ​ទៅដោយ​ទីកន្លែង​ទេសចរណ៍​វប្បធម៌​និងធម្មជាតិ​ដ៏ទាក់ទាញ ទៅកាន់​ពិភពលោក ហើយ​គេ​សង្ឃឹមថា វា​នឹងអាចរួមចំណែក​ជួយ​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា ផងដែរ ៕




អត្ថបទបន្ទាប់


ចាប់ពីឆ្នាំ​២០០៤មក អាមេរិក​ជួយ​ជាង ៣លានដុល្លារ អភិរក្ស​ប្រាសាទ​ភ្នំបាខែង

ព័ត៌មាន
ក្នុង​រយៈពេល​ ១៥ឆ្នាំ​ចុង​ក្រោយ​នេះ សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​ថវិកា​ជំនួយ​ឥតសំណង​ជាង ៣លាន ២សែន​ដុល្លារអាមេរិក ដល់​ការអភិរក្ស​ប្រាសាទ​…

សម្តេច ស ខេង៖ កម្ពុជា​នឹង​«ងាប់» បើ​សិន​ជា​មិន​បង្រ្កាប​ការ​លាង​លុយ​កខ្វក់

ព័ត៌មាន
សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ​ (ទី១២ មិថុនា)នេះ ថា ប្រទេស​កម្ពុជា​នឹង​​«ងាប់» បើ​សិន​ជា​មិន​មាន​ការ​បង្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ