បេក្ខជនចុងក្រោយចំនួន២រូប​ ត្រៀមឡើងជានាយករដ្ឋមន្ត្រីអង់គ្លេស

បេក្ខជនចុងក្រោយចំនួន២រូប កំពុងប្រជែងយកតំណែងនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសយ៉ាងស្វិតស្វាញ


អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក រីស៊ី ស៊ូណាក (Rishi Sunak) និងរដ្ឋមន្ត្រីការបរទេសលោកស្រី លីស ត្រួស (Liz Truss) បានក្លាយជាបេក្ខភាពនៅសល់ចុងក្រោយ ក្នុងការប្រកួតប្រជែងដណ្ដើមតំណែងនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស បន្ទាប់ពីអ្នកទាំង២នេះ បានទទួលសំឡេងគាំទ្រច្រើនជាងគេបំផុត ក្នុងការបោះឆ្នោតរបស់សមាជិកសភាថ្មីៗនេះ ហើយឥឡូវនេះ បេក្ខភាពទាំងពីររូបនេះ នឹងត្រូវប្រកួតគ្នាផ្ដាច់ព្រ័ត្រ ដើម្បីជំនួសតំណែងរបស់លោក បូរីស ចនសុនឆាប់ៗនេះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
បេក្ខជនចុងក្រោយចំនួន២រូប កំពុងប្រជែងយកតំណែងនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសយ៉ាងស្វិតស្វាញ

លោក Sunak បានសំឡេងគាំទ្រនាំមុខគេនៅគ្រប់ជុំនៃការបោះឆ្នោតរបស់សមាជិកសភាគណបក្សអភិរក្សនិយម ប៉ុន្តែ លោកស្រី Liz Truss ឯណោះវិញ ហាក់ដូចជាមានប្រៀបជាងរហូតមកដល់ពេលនេះ នៅក្នុងចំណោមសមាជិកសរុប ២០ ម៉ឺននាក់នៃគណបក្សកំពុងកាន់អំណាចមួយនេះ ដែលគេនឹងត្រូវធ្វើការសម្រេចចិត្តបោះឆ្នោតជ្រើសរើសអ្នកឈ្នះជាលើកចុងក្រោយ សម្រាប់តំណែងនាយករដ្ឋមន្ត្រី បន្ដពីលោក បូរីស ចនសុន។

យ៉ាងណាក៏ដោយចុះ អ្នកដែលឈ្នះការប្រកួតនេះនៅពេលលទ្ធផលត្រូវបានប្រកាសនៅថ្ងៃទី០៥ ខែកញ្ញានោះនឹងទទួលរ៉ាប់រងបន្ដនូវលក្ខខណ្ឌដ៏លំបាកបំផុតមួយចំនួនមិនធ្លាប់មាននៅក្នុងប្រទេសអង់គ្លេសក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ហើយបញ្ហាលំបាកទាំងនោះមានដូចជាការកើនឡើងអតិផរណាដល់កម្រិត ១១% រៀងរាល់ឆ្នាំ កំណើនសេដ្ឋកិច្ចនៅទ្រឹង ការកើនឡើងសកម្មភាពឧស្សាហកម្ម និងប្រាក់ផោនធ្លាក់ចុះជិតដល់កម្រិតទាបជាប្រវត្តិសាស្ត្រ ធៀបនឹងប្រាក់ដុល្លារជាដើម។

ចក្រភពអង់គ្លេសក្រោមការដឹកនាំរបស់លោក ចនសុន និងជំនួយការរបស់លោក គឺលោកស្រី Truss ក៏បានប្រកាន់ជំហររឹងប៉ឺងប្រឆាំងនឹងទីក្រុងព្រុចសែលនៃប្រទេសបែលហ្ស៊ិកក្នុងការចរចាក្រោយការចាកចេញពីសហភាពអឺរ៉ុប ស្ដីពីប្រទេសអៀរឡង់ខាងជើងធ្វើឱ្យសហភាពអឺរ៉ុបចាត់វិធានការផ្លូវច្បាប់ និងគំរាមកំហែងផ្ដាច់ទំនាក់ទំនងពាណិជ្ជកម្មនាពេលអនាគតជាមួយអង់គ្លេសផងដែរ។

សូមរំលឹកថា ដំបូងឡើយមានបេក្ខជន ១១ នាក់បានដាក់ឈ្មោះចូលរួមការប្រកួតយកតំណែងនាយករដ្ឋមន្ត្រីអង់គ្លេសនេះ ប៉ុន្តែនៅក្នុងការបោះឆ្នោតលើកទី៥ និងជាលើកចុងក្រោយរបស់សមាជិកសភានៃគណបក្សអភិរក្សនិយមកាលពីថ្ងៃពុធសប្ដាហ៍មុន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មវ័យក្មេងលោកស្រី Penny Mordaunt បានធ្លាក់ពីការប្រកួតនេះ ហើយលោក Sunak បានឈ្នះ ១៣៧ សំឡេងខណៈដែលលោកស្រី Truss បានឈ្នះ១១៣ដែលបាននាំមុខលោកស្រី Mordaunt តែ ៨សំឡេងប៉ុណ្ណោះ។

បើតាមការស្ទង់មតិបង្ហាញថា លោកស្រី Truss ទំនងជានឹងយកឈ្នះលោក Sunak នៅក្នុងការបោះឆ្នោតផ្ដាច់ព្រ័ត្រនៅក្នុងចំណោមសមាជិកបក្សទាំងអស់ដោយបើកឱកាសឱ្យសមាជិកគណបក្សអភិរក្សនិយមជ្រើសរើសមេដឹកនាំ ដែលមិនមែនជាជម្រើសដ៏ពេញនិយមបំផុតសម្រាប់សមាជិកសភានោះឡើយ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


កត្តានៅពីក្រោយជំរុញឲ្យទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា កើនជាបន្តបន្ទាប់ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ

ព័ត៌មាន
ទំនាក់ទំនងល្អទ្វេភាគីរវាងប្រទេសកម្ពុជា និងបណ្ដាប្រទេសដទៃ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា នារយៈពេលពេលប៉ុន្ម…

តើគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវផ្តល់ផលប្រយោជន៍អ្វីខ្លះដល់កម្ពុជា?

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម បញ្ជាក់ថា កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងចិន លើវិស័យកសិកម្មក្រោមក្របខណ្ឌ «ខ្សែក្រវាត់ និងផ្លូវ» បានបង្ហាញឱ្យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ