ផលិត​ផល​សម្គាល់​ភូមិសាស្ត្រ

ផ្កា​អំបិល​កំពតនិង​ក្រូច​ថ្លុង​ខេត្ត​ក្រចេះ​នឹង​ដាក់​ចូល​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ (GI) ឆាប់ៗ​នេះ


ក្រសួង​ពាណិជ្ជកម្ម​ត្រៀម​នឹង​ដាក់​ផលិតផល​ក្នុង​ស្រុក​សំខាន់ៗ​ចំនួន២​ទៀត ចូល​ជាផលិតផល​សម្គាល់​ភូមិសាស្ត្រ ឬ​ហៅថា GI នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ខណៈ​ដែល​កន្លង​មក ផលិតផល​ម្រេច​កំពត និង​ស្ករ​ត្នោត​​កំពង់ស្ពឺ ត្រូវ​បាន​ដាក់​ចូល​រួចរាល់ និង​ទទួល​បាន​ជោគជ័យ​គួរ​ឲ្យ​កត់​សម្គាល់។
កម្ពុជា​គ្រោង​ដាក់​បញ្ចូល​ផលិត​ផល​ពីរ​មុខ​ទៀត គឺ​​ក្រូច​ថ្លុង​​កោះទ្រុង ខេត្ត​ក្រចេះ និង​ផ្កា​អំបិល​ខេត្ត​កំពត ជា​ម៉ាក​ផលិតផល​សម្គាល់​ភូមិសាស្ត្រ (GI)។

ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​លើក​ឡើង​ថា ខាង​ក្រសួង​កំពុង​តែ​ត្រៀម​នឹង​ដាក់​បញ្ចូល​ក្រូច​ថ្លុង​កោះទ្រុង ខេត្ត​ក្រចេះ ឲ្យ​ចូល​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ក្នុង​ពេល​ឆាប់ៗ​នេះ ខណៈ​ដែល​​បច្ចុប្បន្ន ខាង​ក្រសួង​មាន​ថវិកា​មួយ​ចំនួន​សម្រាប់​ដំណើរការ​ការងារ​នេះ​ហើយ។ លើស​ពីនេះ ខាង​ក្រសួង​ក៏​កំពុង​ជំរុញ​បន្ថែម​លើ​ការ​ដាក់​ផលិតផល​ផ្កា​អំបិល​ខេត្ត​កំពត ជា​ផលិត​ផល​សម្គាល់​ភូមិសាស្ត្រ​​ផង​​ដែរ។

ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​អះអាង​ថា ក្រសួង​ពាណិជ្ជកម្ម​មាន​ក្ដី​សង្ឃឹម​ខ្ពស់​៩០% ក្នុង​ការ​ដាក់​បញ្ចូល​ផលិតផល​ក្រូច​ថ្លុង​កោះទ្រុង ខេត្ត​ក្រចេះ ជា​ផលិតផល​សម្គាល់​ភូមិសាស្រ្ត ព្រោះ​ថា បច្ចុប្បន្ន ខាង​​ក្រសួង​បាន​ទទួល​ថវិកា​មួយ​ចំនួន​ពី​អង្គការ​កម្មសិទ្ធិ​បញ្ញា​ពិភពលោក វ៉ាយប៉ូ (WIPO) ក្នុង​ការ​អភិវឌ្ឍ​លើ​ដំណើរការ​នេះ។ 

បើ​តាម​ការ​បញ្ជាក់​ពី​ឯកឧត្តម ប៉ាន សូរស័ក្ដិ បន្ទាប់​ពី​ការ​ដាក់​បញ្ចូល​ផលិតផល​ក្រូច​ថ្លុង​កោះ​ទ្រុង ខេត្ត​ក្រចេះ ដែល​នឹង​ត្រូវ​រួចរាល់​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ខាង​ក្រសួង​​ពាណិជ្ជកម្ម ក៏គ្រោង​បន្ត​ដាក់​បញ្ចូល​​ផលិតផល​ផ្កា​អំបិល ខេត្ត​កំពត ផងដែរ ព្រោះ​ថា នៅ​ប្រទេស​ប៉ែក​ខាង​អឺរ៉ុប​មាន​តម្រូវការ​​​អំបិល​និង​ម្រេច​សម្រាប់​ការ​បរិភោគ​អាហារ។

ផលិតផល​ផ្កា​អំបិល​របស់​ខេត្ត​កំពត គ្រោង​នឹង​ដាក់​ចូល​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ (GI) ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

ឯកឧត្តម​បន្ថែម​យ៉ាង​ដូច្នេះ​ថា “បច្ចុប្បន្ន យើង​មាន​ផលិតផល​ម្រេច​កំពត មាន​នៅ​លើ​តុ​អាហារ តែ​យើង​នៅ​ខ្វះ​អំបិល​កំពត​មួយ​ទៀត​នៅ​លើ​តុ ហើយ​យើង​កំពុង​ជំរុញ​ផលិតផល​អំបិល​នេះ​ឲ្យ​បាន​ចូល​ជា​ផលិត​ផល​សម្គាល់​ភូមិសាស្ត្រ​ឲ្យ​បាន​ឆាប់ៗ ព្រោះ​ថា អំបិល​និង​ម្រេច​គឺ​ជា​តម្រូវការ​សំខាន់​មួយ​ក្នុង​ការ​ទទួល​ទាន។ មិន​តែ​ប៉ុណ្ណោះ ផលិតផល​ទាំង​ពីរ​នេះ គឺ​ដូចជា​បង​ប្អូន​គ្នា​អ៊ីចឹង​ដែរ មិន​អាច​ខ្វះ​គ្នា​បាន​ទេ”។  

ទោះ​យ៉ាង​ណា បើ​តាម​ប្រសាសន៍​របស់​លោក អ៊ុំ ឈុន ប្រធាន​ការិយាល័យ​រដ្ឋបាល​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្ត​កំពត និង​កែប ធ្លាប់​បាន​លើក​ឡើង​ថា ផលិតផល​ផ្កា​អំបិល​នេះ គឺ​ជា​ផលិតផល​ថ្មី​មួយ​ដែល​​សហគមន៍​មិន​ទាន់​បាន​ផលិត​ច្រើន​នៅ​ឡើយ​ទេ ពោល​គឺ​គ្រោង​នឹង​ផលិត​ក្នុង​ការ​នាំចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប។ 

លោក​ថា ជា​ទូទៅ អំបិល​ក្រួស​ធម្មតា គេ​ច្រើន​ប្រើ​សម្រាប់​តែ​យក​ទៅ​ប្រឡាក់​ត្រី​សាច់​ប៉ុណ្ណោះ ដោយឡែក​សម្រាប់​ការ​យក​ទៅ​ទទួល​ទាន​សម្រាប់​ដាំ​ស្លរ ឬ​បន្ថែម​រស​ជាតិ​លើ​អាហារ គេ​ច្រើន​និយម​ជ្រើស​យក​ផ្កា​​អំបិល។ លោក​បន្ថែម​ទៀត​ថា ផលិតផល​ផ្កា​អំបិល​នេះ គឺ​ជា​ផលិតផល​ធម្មជាតិ​សុទ្ធ​សាធ ហើយ​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​កំពុង​មាន​តម្រូវការ​សម្រាប់​បរិភោគ។

ក្រូច​ថ្លុង​កោះទ្រុង ខេត្ត​ក្រចេះ ក៏​គ្រោង​ដាក់​បញ្ចូល​ជា​ផលិត​ផល​សម្គាល់​ភូមិសាស្ត្រ GI ផងដែរ។ (ហេង ភារម្យ)

សូម​ជម្រាប​ដែរ​ថា ក្រៅ​ពី​ផលិតផល​សម្គាល់​ភូមិសាស្ត្រ GI ខាង​ក្រសួង​ពាណិជ្ជកម្ម​ក៏​បាន​និង​កំពុង​ជំរុញ​ដល់​ការ​បង្កើត​ម៉ា​​កសមូហភាព​សម្រាប់​ផលិតផល​ខ្មែរ ដោយ​ការ​ចុះ​បញ្ជី​ម៉ាក​សមូហភាព​នេះ គឺ​ហាក់​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទទួល​បាន​ជាង​ម៉ាក​សម្គាល់​ភូមិ​សាស្ត្រ។ ក្នុង​នោះ បើ​តាម​ការ​គូស​បញ្ជាក់​ពី​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ខាង​ក្រសួង​គ្រោង​នឹង​ដាក់​បញ្ចូល​ផលិតផល​គុយទាវ​ភ្នំពេញ ជា​ម៉ាក​សមូហភាព​នៅ​ឆ្នាំ​ក្រោយ​នេះ ខណៈ​ដែល​ផលិតផល​ម្រេច​ក៏​ធ្លាប់​ត្រូវ​បាន​សិក្សា​សម្រាប់​ដាក់​បញ្ចូល​ក្នុង​ម៉ាក​សមូហភាព​នេះ​ដែរ។ 

គួរ​បញ្ជាក់​ដែរ​ថា កាល​ពី​ពេល​កន្លង​ទៅ ខាង​ក្រសួង​ពាណិជ្ជកម្ម ធ្លាប់​បាន​ប្រកាស​ដែរ​ថា ខ្លួន​គ្រោង​នឹង​ដាក់​បញ្ចូល​ផលិតផល​រហូត​ដល់​២២​មុខ ជា​ផលិតផល​ម៉ាក​សម្គាល់​ភូមិ​សាស្ត្រ ដែល​ក្នុង​នោះ មាន​ដូចជា ម្រេច​​គិរីវង់ កាហ្វេ​រតនគិរី សាច់​ក្រក​សៀមរាប ប្រហុក​ត្រី​កំភ្លាញ​សៀមរាប ផាមួង​កោះដាច់ សូត្រ​ភ្នំ​ស្រុក ក្រូច​ថ្លុង​ស្ទឹង​ត្រែង ម្នាស់​ទឹក​ឃ្មុំ​ស្ទឹងត្រែង ទុរេន​​កំពត ទឹក​ត្រី​កំពត ក្រូច​ពោធិ៍សាត់​បាត់ដំបង អង្ករ​បាត់ដំបង ណែម​បាត់ដំបង អង្ករ​នាង​អំ ក្រូច​ថ្លុង​កោះទ្រុង ក្រឡាន​ក្រចេះ ហូល​ព្រែក​ចង្ក្រាន បង្កង​តាកែវ ពងទា​/ពងទា​កូន​ស្រែ​ននោង អង្ករ​ស្វាយ​ក្រហម ស្វាយរៀង ក្រវាញ​ពោធិ៍សាត់ អំបិល/​អំបិល​ក្រួស​កំពត។

យ៉ាង​ណា​ក៏​ដោយ មក​ទល់​ពេល​នេះ កម្ពុជា​មាន​ផលិតផល​ដែល​បាន​ដាក់​បញ្ចូល​ជា​ផលិត​ផល​សម្គាល់​ភូមិសាស្ត្រ ទើប​តែ​២​ប៉ុណ្ណោះ គឺ​ម្រេច​កំពត និង​ស្ករ​ត្នោត​កំពង់ស្ពឺ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ថានទូត​ជប៉ុន​នឹង​រៀបចំ​ពិធី​តាំង​ពិព័រណ៍​ទេសចរណ៍​ជប៉ុន​នៅ​ភ្នំពេញ​ក្នុង​ខែ​វិច្ឆិកា​នេះ

ព័ត៌មាន
ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា នឹង​រៀបចំ​ពិធី​តាំង​ពិព័រណ៍​ទេសចរណ៍​ជប៉ុន​នៅ​ក្នុង​ផ្សារ​ទំនើប​អ៊ីអន ចាប់ពី​ថ្ងៃ​ទី​១១​-១២ ខែ​វិច្…

UNDP បង្កើត​វេទិកា​វិនិយោគ​និង​ធុរកិច្ច​ដំឡូងមី​លើក​ដំបូង​ដើម្បី​ជួយ​ស្រោច​ស្រង់​ដំឡូង​មី​ខែ្មរ

ព័ត៌មាន
ដើម្បី​ឲ្យ​ផលិត​ផល​ដំឡូងមី​កម្ពុជា​ក្លាយ​ជា​ផលិតផល​ដ៏​សំខាន់​ទី២ បន្ទាប់​ពី​ស្រូវ​អង្ករ​សម្រាប់​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ក្រៅ​ប្រទេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ