សម្ភាសន៍ជាមួយឯអគ្គរដ្ឋទូតអាមេរិក​ប្រចាំ​កម្ពុជា

ទូតអាមេរិក​និយាយអំពី​​វឌ្ឍនភាព​​ទំនាក់ទំនងកម្ពុជា-អាមេរិក,​ ការជំរុញ​វិនិយោគ​អាមេរិក​នៅ​​កម្ពុជា


ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា ​លោក W. Patrick Murphy កាលពីថ្ងៃទី៤ វិច្ឆិកា ២០១៩ បានដឹកនាំ​គណៈប្រតិភូ​ធុរកិច្ច​កម្ពុជា ដែលរួមមានតំណាង​​ក្រុមហ៊ុន​ក្នុងស្រុក​និង​ក្រុមហ៊ុន​អាមេរិកធំៗនៅកម្ពុជា ទៅចូលរួម​វេទិកា​ធុរកិច្ច ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក នៅទីក្រុងបាងកក ប្រទេសថៃ ដើម្បី​នាំ​ធរុជន​កម្ពុជា​ជួប​កសាង​ទំនាក់ទំនងជាមួយ​ក្រុមហ៊ុនធំៗ​មកពី​អាមេរិក និង​ទៅ​មើល​បទបង្ហាញ​ពី​កម្មវិធី​វិនិយោគសំខាន់ៗ ក៏ដូចជា​យន្តការ​ហិរញ្ញប្បទាន​សម្រាប់​ការវិនិយោគ របស់​អាមេរិក។
ដោយ
ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក W. Patrick Murphy ផ្ដល់​បទ​សម្ភាសន៍ខ្លី​ដល់​អ្នកសារព័ត៌មាន​កម្ពុជា នៅខាងក្រៅ​វេទិកា​ធុរកិច្ច ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក នាថ្ងៃទី៤ វិច្ឆិកា ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ។

នៅ​ខាង​ក្រៅ​វេទិកា​នេះ លោក​​ឯកអគ្គរដ្ឋទូត​​បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​កម្ពុជា ដែលចូលរួម​ព្រឹត្តិការណ៍​នៅ​ទីនោះ​ដែរ ដោយ​លោក​ទូត​បាន​អត្ថាធិប្បាយជុំវិញ​វឌ្ឍនភាព​ចុងក្រោយ​នៃ​ទំនាក់ទំនង​កម្ពុជា-អាមេរិក និង​ជុំវិញ​កិច្ច​ប្រឹងប្រែង​នានា​ដែល​ភាគី​ទាំងពីរកំពុង​ធ្វើ និង​គួរធ្វើ ដើម្បីទាក់ទាញ​វិនិយោគអាមេរិក​បន្ថែមទៀត ឲ្យ​មក​វិនិយោគនៅកម្ពុជា។ កិច្ច​សម្ភាសន៍​ខ្លី​ មាន​ន័យ​សេចក្ដី​ដូចតទៅ៖  ​ 

អ្នកសារព័ត៌មាន ៖ លោក​ឯកអគ្គរដ្ឋទូត មុន​នេះ​បន្តិច យើង​ដឹង​ថា លោក​និង​គណៈប្រតិភូ​​ធុរជន​មកពី​កម្ពុជា ទើបតែ​បាន​ជួប​ជាមួយ​លោកអនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក Keith Krach។ តើ​កិច្ច​ប្រជុំ​នេះ​និយាយ​អំពីអ្វីខ្លះ? 

លោកឯកអគ្គរដ្ឋទូត ៖ ជាដំបូង ខ្ញុំ​ចង់​និយាយថា ថ្ងៃ​នេះ​ជា​ថ្ងៃ​ដ៏រីករាយមួយដែល​ប្រតិភូ​ធុរជន​មកពី​កម្ពុជា ដែលបានមកចូលរួម​វេទិកា​នេះ និង​បង្ហាញ​ដល់​គេ​ឯង​អំពី​ឱកាស​ដែលមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា, កសាង​បណ្ដាញ​ទំនាក់​ទំនងជាមួយ​ក្រុមហ៊ុន​អាមេរិក និងក្រុមហ៊ុន​ដទៃ​ទៀត​មកពី​តំបន់ និង​គណៈ​ប្រតិភូ​មួយក្រុម​ដ៏សំខាន់​មកពី​សហរដ្ឋអាមេរិក ដើម្បី​ពិភាក្សា​អំពី​ឧបករណ៍​នានា ដែលអាមេរិក​បាន​និងកំពុង​ផ្ដល់​ដើម្បី​ជួយ​សម្រួល​ដល់​ការវិនិយោគ។ គួរ​កត់​សម្គាល់​ផង​ដែរ ព្រឹក​មិញ​នេះ​ខ្ញុំ​ជួប​ជាមួយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា ហើយ​យើង​បាន​ជជែក​គ្នា​អំពី​ឱកាស​ទាំង​អស់​នេះ ។​ មុននេះ​បន្តិច គណៈប្រតិភូ​កម្ពុជា​បានជួប​ជាមួយ​អនុរដ្ឋមន្ត្រី​ការបរទេស​មកពី​អាមេរិក ដើម្បីពិភាក្សា​អំពី​កិច្ចការ​សេដ្ឋកិច្ច ហើយ​បាន​ដឹង​ឮ​យន្តការ ឬ​ឧបករណ៍មួយចំនួន ដើម្បីជួយ​ក្រុមហ៊ុន​អាមេរិក​ភ្ជាប់ទំនាក់ទំនងជាមួយ​ក្រុមហ៊ុន​កម្ពុជា និង​ធ្វើការវិនិយោគ​ប្រកប​ដោយ​ការទទួលខុសត្រូវ។ 

គណៈ​ប្រតូភូ​ធុរកិច្ច​កម្ពុជា និង​ឯកអគ្គរដ្ឋទូត​អាមេរិក ចូលរួមវេទិកា​ធុរកិច្ច​ ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក នាថ្ងៃទី៤ វិច្ឆិកា ២០១៩ នាទីក្រុងបាងកក ប្រទេសថៃ។ (ខេមបូណូមីស)

អ្នកសារព័ត៌មាន៖ លោក​ឯកអគ្គរដ្ឋទូត! គេសង្កេតឃើញថា កិច្ចប្រឹងប្រែង​នានា​ដោយ​ស្ថានទូត​អាមេរិក​នា​ពេល​កន្លង​មក ដែល​ព្យាយាម​ផ្គូផ្គង​ធុរជន​អាមេរិក​និង​ធុរជន​កម្ពុជា ហាក់ដូច​ជា​មិនសូវទទួលបាន​ផលសោះ។ តើ​លោក​ឯកអគ្គរដ្ឋទូត​មាន​វិធីសាស្ត្រ​អ្វី​ថ្មី ដើម្បី​ជួយផ្សព្វផ្សាយ​និង​ជំរុញ​វិនិយោគ​នៅ​កម្ពុជា ? 

លោក​ឯកអគ្គរដ្ឋទូត ៖ ចម្លើយ​ចំពោះ​សំណួរ​នេះ មាន​ពីរផ្នែក។ ផ្នែក​ទីមួយ គឺ​ពាក់ព័ន្ធ​នឹង​ភាគី​យើង គឺ​រដ្ឋាភិបាល​អាមេរិក។ នៅទីក្រុង​បាងកក យើង​មាន​តំណាង​របស់​ក្រសួង​ការបរទេស​ ក្រសួង​ហិរញ្ញវត្ថុ ​ក្រសួង​ពាណិជ្ជកម្ម OPIC, ធនាគារ EXIM ជាដើម និយាយ​ប្រាប់​វេទិកា អំពីឱកាស​នានាដែលពួកគេ​ផ្ដល់ ហើយ​យើងមាន​វត្តមាន​លោករដ្ឋមន្ត្រី​ពាណិជ្ជកម្ម Wilbur Ross ជាមួយ​នឹង​គណៈប្រតិភូ​ក្រុមហ៊ុន​អាមេរិកដែល​ធំៗនិង​មាន​ឥទ្ធិពល។ ដូច្នេះ នេះ​ជា​ឱកាស​កសាង​បណ្ដាញ​ទំនាក់​ទំនង​ដ៏​ល្អ​។ 

ផ្នែកទីពីរនៃ​ចម្លើយ​ គឺ​ភាគី​កម្ពុជា។ កម្ពុជា​ធ្វើ​បាន​ល្អ​លើ​បរិយាកាស​ធុរកិច្ច ​ប៉ុន្តែ នៅមាន​ចន្លោះ​សម្រាប់​ការកែលម្អ​បន្ថែមទៀត។ បើ​យើង​ក្រឡេកមើល​សន្ទស្សន៍​វាស់វែង​ភាព​ងាយស្រួល​ក្នុងការធ្វើ​ធុរកិច្ច កម្ពុជា​មានពិន្ទុ​មិនសូវ​ខ្ពស់ទេ ដូច្នេះ ចាំបាច់ត្រូវកែលម្អ​លើ​ជំហាន​មួយចំនួន ដើម្បី​បើក​ឲ្យ​ក្រុមហ៊ុន​ចូលរួម, កែ​លម្អ​ការផ្គត់ផ្គង់​ថាមពល កាត់បន្ថយ​ថ្លៃ​អគ្គិសនី ហើយ​កម្ពុជា​ត្រូវចាត់វិធានការ​ដើម្បី​ដោះស្រាយ​បញ្ហា​អំពើ​ពុករលួយ។ ក្រុមហ៊ុន​អាមេរិកចង់​មករកស៊ី ហើយ​ពេល​ដែល​ពួកគេ​ចូលមក ពួកគេ​នាំ​មក​នូវ​ស្តង់ដារ​រកស៊ី​ខ្ពស់ ដូច្នេះ វា​នឹង​ជួយ​ដល់​ប្រជាជន​កម្ពុជា ជាមួយ​នឹង​ការខិតខំ​ប្រឹងប្រែងរបស់ពួកគេ ដូចជា តម្លាភាព ការប្រឆាំងអំពើពុករលួយ ការគិតគូរ​ខ្ពស់​អំពីបរិស្ថាន និង​​សកម្មភាព​ corporate social responsibility ដែល​ល្អៗ​​បំផុតនៅលើ​ពិភព​លោក។ ក្រុមហ៊ុនអាមេរិក​​ធ្វើការជាមួយសហគមន៍​មូលដ្ឋាន ជ្រើសរើស​បុគ្គលិក​ខ្មែរ​ឲ្យធ្វើការ, បង្កើត​បរិយាកាស​ការងារ​ដែលមាន​សុវត្ថិភាព​និង​មានប្រាក់ខែ​ខ្ពស់។ ដូច្នេះ ការទាក់ទាញ​ក្រុមហ៊ុនអាមេរិក​ឲ្យ​មករកស៊ី គឺ​ពិត​ជា​ប្រយោជន៍​ដ៏ធំ។ ប៉ុន្តែ កម្ពុជា​ត្រូវប្រឹងប្រែង​បន្ថែម​ដើម្បី​កែលម្អ​បរិយាកាស​ធុរកិច្ច។

អ្នកសារព័ត៌មាន ៖ ដូច​ដែល​លោក​បានដឹងហើយថា ទំនាក់​ទំនង​រដ្ឋាភិបាលនិង​រដ្ឋាភិបាល​ រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា ហាក់​ពុំ​សូវ​ល្អ​ទេ។ តើ​នេះ​អាច​ជា​បញ្ហា​ដែល​រារាំង​ការវិនិយោគ​របស់​វិស័យ​ឯកជន​អាមេរិក នៅកម្ពុជា ដែរទេ? 

លោក​ឯកអគ្គរដ្ឋទូត ៖ លោក​ធ្លាប់​បាន​ឮ​ខ្ញុំ​និយាយ​ពីមុន​មក​ហើយ ថា យើង​មាន​គ្រឹះ​រឹងមាំ​ល្អ​រវាង​ប្រទេស​យើង​ទាំងពីរ។ យើងមាន​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​រឹងមាំ, កិច្ច​សហប្រតិបត្តិការ​លើ​វិស័យជាច្រើន។ ជំនួប​ដំបូង​របស់​ខ្ញុំ​ជាមួយ​លោកនាយករដ្ឋមន្ត្រី​ គឺ​ជា​ឱកាស​ដែល​យើង​បាន​និយាយ​គ្នា​អំពី​កិច្ច​សហប្រតិបត្តិការ និង​ជជែក​អំពី​វិស័យមួយចំនួន​ដែល​យើង​នៅមាន​ការយល់ខុសគ្នា។ លោក​នាយករដ្ឋមន្ត្រី​បាន​លើកឡើង​ពីបញ្ហា​ទាំង​នេះ។ លោក​បាន​សន្យា​ថា នឹង​ប្រាប់​គណៈរដ្ឋមន្ត្រី​របស់​លោក​អំពី​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សហរដ្ឋ​អាមេរិក ហើយ​លោក​ពិតជាបានធ្វើដូច្នេះ​មែន ពីរថ្ងៃ​ក្រោយពី​យើង​បាន​ជួបគ្នា ហើយខ្ញុំគិតថា លោក​នាយករដ្ឋមន្ត្រី​បាន​ផ្ដល់​ការណែនាំ​[ដល់មន្ត្រីរបស់លោក] ឲ្យ​កែលម្អ​ទំនាក់ទំនង​ជាមួយសហរដ្ឋ​អាមេរិក និង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អាមេរិក។ ​ខ្ញុំ​គិតថា ប្រការ​នេះ​នឹង​ជួយ​សម្រួល​ដល់​បរិយាកាស​វិនិយោគ​​។ 

វាជាការពិត ដែល​ថា ក្រុមហ៊ុន​អាមេរិក​មួយចំនួន​បារម្ភ​ខ្លះៗ​ដែរ អំពី​​កង្វះ​វឌ្ឍនភាព​របស់​កម្ពុជា​​នៅ​លើ​ផ្នែក​អភិបាល​កិច្ច​និង​សិទ្ធិមនុស្ស។ ដូច្នេះ ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​វិស័យ​ទាំង​នេះ វា​អាច​ល្អ​សម្រាប់​ការធ្វើ​ធុរកិច្ច។ ប្រសិន​បើ​កម្ពុជា​កែលម្អ​ចំណុចទាំងនេះ ក្រុមហ៊ុនអាមេរិក​ ពិតណាស់ នឹង​ចង់​មក​រកស៊ី​ច្រើន​ថែមទៀត​នៅកម្ពុជា ហើយថែមទាំង​មក​ក្នុង​ចំនួន​ច្រើន​ទៀត​ផង ។ 

អ្នក​សារព័ត៌មាន ៖ ដូច​លោក​ជ្រាបហើយថា មាន​គេ​និយាយ​ច្រើន​អំពី​ឥទ្ធិពលចិន​នៅកម្ពុជា ដែល​កំពុង​កើន​ឡើង​ខ្លាំង។ របៀប​ដែល​កម្ពុជា​និង​ចិន ជំរុញ​វិនិយោគ គឺថា នៅ​ពេលដែល​ប្រមុខ​ដឹកនាំ​កម្ពុជា​ជួបជាមួយ​ចិន ចិនជួបជាមួយ​កម្ពុជា តែងមានការផ្ញើ​សារ​ទៅ​ក្រុមហ៊ុន​វិនិយោគចិន ថា សូមអញ្ជើញមក​វិនិយោគ​នៅ​កម្ពុជា។ ក្រុមហ៊ុនធំៗ​របស់​ចិន ភាគច្រើនបំផុត គឺ​ជា​ក្រុមហ៊ុន​គ្រប់គ្រងដោយ​រដ្ឋ ដូច្នេះ សារ​ពី​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល គឺមាន​ប្រសិទ្ធភាព​លើ​ក្រុមហ៊ុន​វិនិយោគ​ទាំងនោះ ខុសពី​ក្រុមហ៊ុន​អាមេរិក​ដែល​ជា​វិស័យ​ឯកជន និង​មិន​មែន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល។ ដូច្នេះ តើ​លោក​មាន​វិធីអ្វី​ប្រសើរ​ជាងមុន ដើម្បី​លើក​ទឹកចិត្ត​ដល់​វិនិយោគិន​អាមេរិក ឲ្យ​មក​កម្ពុជា ឬទេ?

លោក​ឯកអគ្គរដ្ឋទូត ៖ ដំបូង​បង្អស់ ខ្ញុំគិតថា កម្ពុជា​គួរតែមាន​ទំនាក់ទំនង​ល្អជាមួយ​ចិន ដែល​​ជា​អ្នក​ជិតខាង​​កម្ពុជា។ ចិន​ជា​ប្រទេសធំ​នៅក្នុង​តំបន់ និង​ផ្ដល់​ឱកាស​យ៉ាងច្រើន។ សហរដ្ឋ​អាមេរិក​មាន​បំណង​ចង់​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ចិន​ដែរ។ ហ្នឹងរឿងមួយ។ រឿង​មួយទៀត យើង​គិត​ថា សហរដ្ឋ​អាមេរិក​ផ្ដល់​នូវ​របៀបរបប​ធុរកិច្ច​ដែល​ល្អ ពោលគឺ​អាមេរិក​ពុំ​មាន​សហគ្រាស​រដ្ឋ​ទេ។ ក្រុមហ៊ុន​អាមេរិក​ធ្វើ​ប្រតិបត្តិការ​ធុរកិច្ច​នៅ​ក្រោម​ច្បាប់​អាមេរិក ដែលរួមមាន ស្តង់ដារ​ប្រឆាំង​អំពើ​ពុករលួយ, តម្លាភាព, ការ​ប្រកាន់ខ្ជាប់​នូវនីតិរដ្ឋ, និង​ការមានទំនាក់​ទំនង​ល្អជាមួយ​សហគមន៍។ ការព្រួយ​បារម្ភ​ដែល​យើង​លើក​ឡើង​ប្រាប់ដល់​ប្រទេស​មួយចំនួន គឺថា ចូរ​អ្នក​ប្រយ័ត្ន​ប្រយែង​ចំពោះ​ការរៀបចំ ឬ​កិច្ច​ព្រមព្រៀង​ដែល​អ្នក​ធ្វើ​ជាមួយ​ប្រទេសខ្លះ ដែលអាចនឹង​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​អធិបតេយ្យ​របស់អ្នក ឯករាជ្យ​របស់អ្នក និង​នាំ​ឲ្យ​អ្នក​ជំពាក់​បំណុល​ច្រើន ហើយ​ប្រហែល​ជាមិន​បាន​នាំ​មក​នូវ​ប្រយោជន៍​សេដ្ឋកិច្ច​ដល់​សហគមន៍​មូលដ្ឋាន​ឡើយ។ ចំពោះ​រឿង​នេះ គឺ​ប្រទេស​កម្ពុជា​ខ្លួន​ឯង ជា​អ្នក​សម្រេចចិត្ត។ ប៉ុន្តែ ខ្ញុំបាន​ឮពី​ប្រជាជន​កម្ពុជា​ជាច្រើន​ដែល​លើកឡើងថា អាច​នឹង​មាន​ការព្រួយ​បារម្ភ​ខ្លះ ជុំវិញ​បញ្ហា​ទាំង​នោះ។ ដូច្នេះ ចូរមាន​ទំនាក់ទំនង​ល្អជាមួយចិន ប៉ុន្តែ ចូរ​អ្នកពិនិត្យ​មើល​ឲ្យ​ល្អិតល្អន់​នូវ​លក្ខខណ្ឌ​មិន​ច្បាស់លាស់​ខ្លះ ដែលអាចនឹង​ពាក់ព័ន្ធ៕

(សម្គាល់៖ កិច្ចសម្ភាសន៍ដើម​ធ្វើជាភាសា​អង់គ្លេស។ ខាងលើនេះ ជាសេចក្ដីប្រែសម្រួល។)




អត្ថបទបន្ទាប់


ចល័ត​និង​ហ្វឹកហ្វឺន​កម្លាំង​ទ័ព​តាម​ព្រំដែន ខណៈ​ថ្ងៃ​៩ វិច្ឆិកា ខិត​កាន់​តែ​ជិត​មកដល់

ព័ត៌មាន
រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ ទី៤ ខែ​វិច្ឆិកា ថា មាន​ការ​ចល័ត​និង​ហ្វឹកហ្វឺន​កម្លាំង​ទ័ព​នៅ​តាម​ព្រ…

IMF ផ្ដល់អនុសាសន៍គន្លឹះដល់រាជរដ្ឋាភិបាលថៃ ស្របពេលសេដ្ឋកិច្ចប្រឈមនឹងការថយចុះ

ព័ត៌មាន
ស្ថាប័នរូបិយវត្ថុអន្តរជាតិ IMF បានផ្ដល់អនុសាសន៍ដល់រាជរដ្ឋាភិបាលថៃឲ្យបន្តជំរុញការអភិវឌ្ឍន៍គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗ និងកែលម្អប្រព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ