សង្គ្រាមពាណិជ្ជកម្ម​អាមេរិក-ចិន

ជម្លោះពាណិជ្ជកម្មសកល ប៉ះពាល់ធ្ងន់ធ្ងរដល់ អ្នកនាំចេញរបស់ចិន និងអ្នកប្រើប្រាស់របស់អាមេរិក


ជម្លោះពាណិជ្ជកម្មរវាង មហាអំណាចសេដ្ឋកិច្ចអាមេរិក និងចិន បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់អ្នកនាំចេញរបស់ចិន ដែលត្រូវខាតបង់ប្រមាណ ៣៥ពាន់លានដុល្លារអាមេរិក គិតត្រឹមពាក់កណ្តាលឆ្នាំ ២០១៩នេះ និងបានធ្វើឲ្យតម្លៃទំនិញផ្សេងៗ កើនឡើងខ្ពស់ សម្រាប់អ្នកប្រើប្រាស់របស់អាមេរិកក៏ដូចគ្នា ដែលវាជា ការខាតបង់ប្រយោជន៍ទាំងសងខាង។ នេះបើយោងតាមរបាយការណ៍របស់ អង្គការសហប្រជាជាតិ ចេញផ្សាយកាលពីពេលថ្មីៗនេះ។
ទីបំផុត សង្គ្រាមពាណិជ្ជកម្ម អាមេរិក និងចិន នឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម នៅខែក្រោយនេះហើយ! (រូបភាព៖ SCMP)

ការធ្វើសង្គ្រាមពាណិជ្ជកម្ម​រវាង រដ្ឋាភិបាលនៃ​ប្រទេស​ទាំងពីរ បានអូសបន្លាយ​ពេលជាង ១៦ខែទៅ​ហើយ ដោយក្នុងនោះ ការនាំចេញផលិតផល​របស់ចិន ទៅកាន់ អាមេរិក ដែលត្រូវរង​សម្ពាធពន្ធ បានធ្លាក់ចុះ​មកនៅត្រឹម ៩៥ពាន់លាន​ដុល្លារ​អាមេរិក ក្នុងពាក់កណ្តាល​ឆ្នាំ ២០១៩នេះ គឺមានការធ្លាក់​ចុះខ្លាំង ដែលកាលពី​ពាក់កណ្តាល ឆ្នាំ២០១៨ មានរហូតដល់​ទៅ ១៣០ពាន់លាន​ដុល្លារអាមេរិក។

លោក អាឡេស សានដ្រូ នី ស៊ីតា សេដ្ឋកិច្ចវិទូមកពី អង្គការសហ​ប្រជាជាតិ បានអះអាងថា ការខាតបង់​របស់អ្នកនាំចេញ​ចិន នឹងបន្តរីក​កាន់តែធំ ដោយសារតែ​សម្ពាធពន្ធ ហើយគ្រឿងម៉ាស៊ីន​ក្នុងការិយាល័យ និងឧបករណ៍​ទំនាក់ទំនង ធ្លាក់ចុះខ្លាំងជាងគេ​រហូតដល់ទៅ ១៥ពាន់លាន​ដុល្លារអាមេរិក។

របាយការណ៍ដដែល បានបញ្ជាក់ថា តៃវ៉ាន់ ទទួលផលចំណេញ​ច្រើនជាងគេ ក្នុងរយៈពេល ៦ខែ ដើមឆ្នាំនេះ ដោយបាន​នាំចេញគ្រឿងម៉ាស៊ីន​ក្នុងការិយាល័យ និងឧបករណ៍​ទំនាក់ទំនង ដែលមាន​តម្លៃជាង ៤,២ ពាន់​លានដុល្លារអាមេរិក ទៅកាន់ សហរដ្ឋអាមេរិក ដើម្បីបំពេញ​ចន្លោះប្រយោង ដែលចិន​មិនបាននាំចេញ។

លោក អាឡេស សានដ្រូ ក៏បានព្រមាន​ដែរថា បើសិនជា សង្គ្រាមនេះ នៅតែអូសបន្លាយ​ពេលយូរទៀតនោះ ឱកាសនៃការ​ខាតបង់​ជាអចិន្រ្តៃយ៍ នឹងបន្តកើន​ឡើង។

កាលពីពេលថ្មីៗនេះ តាមការអះអាងពី នាយកគ្រប់គ្រង​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​ IMF ​ក៏បានបញ្ជាក់​ដែរថា សង្គ្រាមពាណិជ្ជកម្ម​អាមេរិក និងចិន អាចនឹងធ្វើ​ឲ្យខាតបង់​ដល់សេដ្ឋកិច្ច​សកល​ប្រមាណ ៧០០ពាន់លាន​ដុល្លារ​អាមេរិក ឬស្មើនឹង​ប្រមាណ ០,៨ភាគរយ​នៃ ​GDP ​របស់ពិភពលោក ​នៅឆ្នាំ ២០២០ខាងមុខ ដោយសារតែ អត្រាកំណើន​សេដ្ឋកិច្ចសកល ធ្លាក់ចុះ​ដល់កម្រិត​ទាប​បំផុត​មិនធ្លាប់មាន។

សេដ្ឋកិច្ចសកល កំពុងតែជួបបញ្ហា​ប្រេះឆា ដែលនឹងនាំ​មកនូវ ការប្រែប្រួល​ដ៏ប្លែក​សម្រាប់អ្នក​ជំនាន់ក្រោយ ជាពិសេស សេដ្ឋកិច្ចសកល គឺដើរយឺត​ជាលក្ខណៈប្រព័ន្ធ ពាក់ព័ន្ធ​គ្នារវាងប្រទេស​ជាច្រើន ហើយក្នុង​ឆ្នាំ ២០១៩នេះ សឹងតែ ៩០% នៃសេដ្ឋកិច្ចសកល កំពុងជួប​នឹងកំណើន​ដ៏យឺត​ជាងមុន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


IMF ផ្ដល់អនុសាសន៍គន្លឹះដល់រាជរដ្ឋាភិបាលថៃ ស្របពេលសេដ្ឋកិច្ចប្រឈមនឹងការថយចុះ

ព័ត៌មាន
ស្ថាប័នរូបិយវត្ថុអន្តរជាតិ IMF បានផ្ដល់អនុសាសន៍ដល់រាជរដ្ឋាភិបាលថៃឲ្យបន្តជំរុញការអភិវឌ្ឍន៍គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗ និងកែលម្អប្រព…

វៀតណាម រំពឹងនាំចេញផលិតផលសម្លៀកបំពាក់ ៤០ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៩

ព័ត៌មាន
ប្រទេសវៀតណាម បានបង្ហាញក្តីរំពឹងថា ពិតជាអាចនាំចេញផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់ ឲ្យបានដល់ ៤០ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៩នេះ ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ