Apple និង Tesla កំំពុងរងគ្រោះពីការផ្ទុះកូវីដ១៩ឡើងវិញនៅចិន

ក្រុមហ៊ុនយក្សអាមេរិក Apple និង Tesla កំពុងរងគ្រោះកាន់តែខ្លាំងពីរាតត្បាតកូវីដ១៩នៅចិន


ស្ថានភាពរបស់ក្រុមហ៊ុនអាមេរិកធំៗគឺ Apple និង Tesla ដែលមានប្រតិបត្តិការនៅប្រទេសចិន ហាក់មិនមានភាពល្អប្រសើរឡើយ ក្រោយការបន្ធូរបន្ថយគោលនយោបាយសូន្យកូវីដរបស់រដ្ឋាភិបាលក្រុងប៉េកាំង បើទោះបីជាមានការស្វាគមន៍យ៉ាងច្រើនពីការដកចេញវិធានការរឹតត្បិតនេះក៏ដោយ។ ផ្ទុយមកវិញ រោងចក្រដំឡើង និងបង្គុំរបស់ក្រុមហ៊ុនយក្សរបស់អាមេរិកទាំងពីរនេះ បានជួបឧបសគ្គកាន់តែធ្ងន់ធ្ងរ ដោយសារតែកម្មករបានធ្លាក់ខ្លួនឈឺឆ្លងជំងឺនេះ បង្អាក់ដល់ការផលិតនិងប៉ះពាល់ដល់ប្រាក់ចំណូលទៀតផង។
ក្រុមហ៊ុនយក្សអាមេរិក Apple និង Tesla កំពុងរងគ្រោះកាន់តែខ្លាំងពីរាតត្បាតកូវីដ១៩នៅចិន

អាជីវកម្មរបស់ក្រុមហ៊ុន Apple គឺស្ថិតក្រោមការគំរាមកំហែងនូវខ្សែចង្វាក់ផ្គត់ផ្គង់ពីការផ្ទុះរីករាលដាលជំងឺកូវីដ១៩នៅចិន ដោយអ្នកជំនាញបានព្រមានថា វានឹងមានហានិភ័យនៃការអាក់ខានផលិត iPhone រយៈពេលជាច្រើនខែ។

ក្រុមហ៊ុន Apple បានទទួលរងភាពយឺតយ៉ាវរួចមកហើយនៅក្នុងការផលិត iPhone របស់រោងចក្រក្រុមហ៊ុន Foxconn ក្នុងក្រុងចីងចូវ ដោយសារការផ្ទុះកូវីដ១៩ កាលពីខែតុលា និងការដាក់ចេញគោលនយោបាយសូន្យកូវីដ។

យ៉ាងណាមិញ នៅក្នុងខែធ្នូនេះ ខណៈដែលរដ្ឋាភិបាលក្រុងប៉េកាំង បានសម្រាលគោលនយោបាយសូន្យកូវីដវិញនោះ គឺវាបែរជាធ្វើឱ្យមានការខ្វះខាតកម្លាំងពលកម្ម នៅរោងចក្រដំឡើង និងគ្រឿងបង្គុំ នៅទូទាំងប្រទេសនេះទៅវិញ ដោយសារតែករណីឆ្លងកូវីដកើនឡើង។

អ្នកជំនាញម្នាក់លោក Bindiya Vakil ប្រធានក្រុមហ៊ុន Resilinc ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា បានលើកឡើងថា ករណីឆ្លងរាលដាលខ្លាំងកូវីដ១៩ មិនត្រឹមតែប៉ះពាល់ដល់កម្មកររោងចក្រនេះប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់ឃ្លាំងស្តុក ការចែកចាយ ភស្ដុភារកម្ម និងដឹកជញ្ជូនផងដែរ។

បើតាមក្រុមអ្នកវិភាគបានលើកឡើងថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន Apple នឹងធ្លាក់ក្រោម ១២៤ពាន់លានដុល្លារ ដែលខ្លួនសម្រេចបានកាលពីមុន។ លើសពីនេះ ហានិភ័យប្រាក់ចំណូលរបស់ Apple សម្រាប់ឆ្នាំ២០២៣ ក៏នឹងកើនឡើងផងដែរ ដោយសារតែប្រជាជនចិននឹងប្រឈមនឹងការស្លាប់ដោយសារកូវីដ១៩កាន់តែច្រើន។ ជាក់ស្តែង ហាង Apple មួយកន្លែងនៅទីប្រជុំជនក្រុងប៉េកាំង បានកាត់បន្ថយម៉ោងបើក ដោយសារបុគ្គលិកធ្លាក់ខ្លួនឈឺ។

មិនខុសគ្នាពី Apple នោះទេ ក្រុមហ៊ុនរថយន្តអាមេរិក Tesla ក៏បានផ្អាកផលិតកម្មរបស់ខ្លួនផងដែរនៅរោងចក្រក្នុងក្រុងសៀងហៃ ប្រទេសចិន កាលពីថ្ងៃទី២៤ ខែធ្នូ។

ការផ្អាកនេះធ្វើឡើងដោយសាររលកឆ្លងកូវីដ១៩កើនឡើង បន្ទាប់ពីចិនបានបន្ថូរគោលនយោបាយសូន្យកូវីដ ដែលទទួលបានការស្វាគមន៍ពីក្រុមហ៊ុនអាជីវកម្ម និងសាធារណជន ប៉ុន្តែបែរជាធ្វើឱ្យរលកឆ្លងកើនឡើងវិញ។កម្មករនៅក្រុមហ៊ុន Tesla និងនៅក្រុមហ៊ុនផ្គត់ផ្គង់របស់ខ្លួន បានធ្លាក់ខ្លួនឈឺដោយសាររលកកូវីដនេះ ធ្វើឱ្យការប្រតិបត្តិការត្រូវរាំងស្ទះកាលពីសប្តាហ៍មុន។ យោងតាមការចុះផ្សាយរបស់ Reuter ថ្មីៗនេះឱ្យដឹងថា ក្រុមហ៊ុន Tesla គ្រោងផ្អាកផលិតកម្មរថយន្ត Model Y នៅរោងចក្រក្រុងសៀងហៃនេះ ចាប់ពីថ្ងៃទី២៥ ខែធ្នូ ដល់ ថ្ងៃទី១ ខែមករា។

សូមជម្រាបថា រោងចក្រនៅក្រុងសៀងហៃនេះ គឺផ្តោតការផលិតរថយន្តសម្រាប់នាំចេញ។ ការផ្អាកដំឡើងរថយន្ត Model Y ដែលជាម៉ូឌែលលក់ដាច់បំផុតនៅរោងចក្រនេះ នឹងក្លាយជាផ្នែកមួយនៃការកាត់បន្ថយផែនការផលិតរបស់ខ្លួនរហូតដល់ ៣០% នៅក្នុងខែធ្នូនេះ៕




អត្ថបទបន្ទាប់


តើចិនបានចំណាយថវិកាអស់ប៉ុន្មាន សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជាគិតមទល់ពេលនេះ?

ព័ត៌មាន
ប្រទេសចិនបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញនូវកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសតាមរយៈការផ្ដល់ហិរញ្ញប្បទានជាបន្តបន្ទាប់ ក្នុងវិស័យហេដ្ឋារចនា…

Samsung នឹងពង្រីកការផលិតឈីបនៅរោងចក្រធំបំផុតរបស់ខ្លួន ខណៈសង្វៀនដណ្តើមទីផ្សារបច្ចេកវិទ្យានេះកាន់តែក្តៅខ្លាំង

ព័ត៌មាន
ស្របពេលដែលសង្វៀនប្រកួតប្រជែងបច្ចេកវិទ្យាឈីបក្នុងពិភពលោក កាន់តែផ្ទុះឡើងខ្លាំង ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Samsung ក៏បានពង្រីកការផលិតឈីបរបស់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ