អាមេរិក-កម្ពុជា-ទឹកជំនន់

អាមេរិកផ្តល់ជំនួយបន្ទាន់ ១សែនដុល្លារ ជួយជនរងគ្រោះនៃទឹកជំនន់​នៅកម្ពុជា


រដ្ឋាភិបាល​អាមេរិក​បានប្រកាស​ផ្ដល់​ទឹកប្រាក់ ១សែនដុល្លារ ជា​ជំនួយ​មនុស្សធម៌បន្ទាន់ ដើម្បីជួយ​ដល់​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ឆ្លើយតប​បន្ទាន់​ទៅនឹង​គ្រោះទឹក​ជំនន់ដ៏ធ្ងន់ធ្ងរ​នៅកម្ពុជា ដែល​គិត​ត្រឹម​ថ្ងៃទី១៧ តុលា បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់យ៉ាងហោច ២៤នាក់ហើយ ។
ទិដ្ឋភាពក្រុមអាជ្ញាធរជួយសង្គ្រោះ​ប្រជាជន​នៅតំបន់ទឹកជំនន់ជាយរាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ​២០២០។ រូបថតដោយសហការី
ដោយ

ជំនួយមនុស្ស​ធម៌នេះ ​ផ្ដល់​តាមរយៈទីភ្នាក់ងារផ្តល់ជំនួយ​របស់សហរដ្ឋអាមេរិក USAID ។

នៅទូទាំងប្រទេសកម្ពុជា ភ្លៀងធ្លាក់ខ្លាំង​ជាបន្ត​បន្ទាប់​ដោយសារ​ឥទ្ធិពល​ពី​ព្យុះ តាំងពីដើមខែតុលាមក បានបណ្តាលឲ្យមានគ្រោះទឹកជំនន់ភ្លាមៗ ដែលបណ្តាលឲ្យមនុស្សចំនួនយ៉ាងតិច ២៤នាក់ (កុមារ ៨នាក់) ប៉ះពាល់ដល់មនុស្សចំនួនប្រមាណ ២៥ម៉ឺន​នាក់ (គិតត្រឹមថ្ងៃទី១៧ តុលា ២០២០ និងផ្អែកតាម​គណៈកម្មាធិការជាតិគ្រប់គ្រង​គ្រោះ​មហន្តរាយ) និង​ខូចខាតដល់​ដំណាំ​កសិកម្ម​ជាច្រើន​ម៉ឺន​ហិកតា ។ 

គ្រោះទឹកជំនន់​ពីទឹកភ្លៀងនៅឆ្នាំនេះ ត្រូវ​បាន​គេមើលឃើញថា មានសភាពធ្ងន់ធ្ងរជាងបណ្ដាឆ្នាំមុនៗ ដោយ​នៅឆ្នាំនេះ ខេត្តរាជធានីចំនួន ១៩ ស្មើនឹង​ ៧១ក្រុង/ស្រុក/ខណ្ឌ បាន​រង​ផល​ប៉ះពាល់​ពីគ្រោះមហន្តរាយធម្មជាតិនេះ ។

ជាការឆ្លើយតប ការិយាល័យផ្នែកជំនួយមនុស្សធម៌របស់ទីភ្នាក់ងារ USAID ធ្វើជាដៃគូជាមួយអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ ដើម្បីផ្តល់ជំនួយសម្រាប់គ្រាបន្ទាន់​ ដល់មនុស្សដែលរងការប៉ះពាល់​ដោយទឹកជំនន់​នេះ។ 

ជាមួយនឹងភ្លៀងខ្លាំង និងព្យុះដែលត្រូវបានព្យាករណ៍ សម្រាប់ពេលប៉ុន្មានថ្ងៃខាងមុខ​នេះ អ្នកជំនាញផ្នែកគ្រោះមហន្តរាយ​នៃទីភ្នាក់ងារ USAID បន្តតាមដានសេចក្តីត្រូវការផ្នែកមនុស្សធម៌ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដោយធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរក្នុងស្រុកសម្រាប់គ្រាអាសន្ន និងដៃគូរបស់យើងនៅនឹងកន្លែង។ 

គិតតាំងពីឆ្នាំ ២០១៨ មក ជំនួយ​របស់ទីភ្នាក់ងារ USAID បានជួយអង្គការ WFP នៅក្នុងការចាប់ដំណើរការទំរង់កម្មវិធីគ្រប់ជ្រុងជ្រោយលើកដំបូងបង្អស់ ស្តីពីការគ្រប់គ្រងហានិភ័យនៃមហន្តរាយ (កម្មវិធីសម្រាប់តាមដាន​ស្ថាន​ភាព និងផលប៉ះពាល់ភ្លាមៗ) នៅកម្ពុជា ដើម្បីពង្រឹងការត្រៀមរៀបចំទប់ទល់ និងការឆ្លើយតប ដើម្បីសង្រ្គោះជីវិត និងកាត់បន្ថយផលប៉ះពាល់ទៅលើផ្នែកសេដ្ឋកិច្ច សង្គម ដោយសារមហន្តរាយធម្មជាតិ។

គិតតាំងពីឆ្នាំ ២០០០ មក ទីភ្នាក់ងារ USAID បានផ្តល់ថវិកាចំនួនជាង ៧ លានដុល្លាសម្រាប់ឆ្លើយតបនឹងគ្រោះមហន្តរាយ ការត្រៀមរៀបចំបង្ការជាមុន និងជំនួយសម្រាប់កាត់បន្ថយហានិភ័យ នៅកម្ពុជា។ តាមរយៈភាពជាដៃគូរវាងតំបន់ទន្លេមេគង្គ និងសហរដ្ឋអាមេរិក សហរដ្ឋអាមេរិកថែមទាំងកំពុងតែពង្រឹងការត្រៀមបង្ការគ្រោះមហន្តរាយ និងការឆ្លើយតបនៅក្នុងស្រុក នៅទូទាំងប្រទេសទាំង ៥ ក្នុងតំបន់មេគង្គក្រោម ដែលរួមមានទាំងប្រទេសកម្ពុជាផងដែរ ៕




អត្ថបទបន្ទាប់


ថៃ ស្វាគមន៍គោលដៅពង្រីកគម្រោងវិនិយោគរបស់ប្រទេសចិន

ព័ត៌មាន
រដ្ឋាភិបាលចិន បានត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រីកគម្រោងវិនិយោគ នៅក្នុងប្រទេសថៃ ដោយផ្សាភ្ជាប់ គម្រោងតំបន់ឆកហ្រ្គេន ក្វាងទុង-ហុងកុង-ម៉ាកាវ …

ព្យាករណ៍របស់IMF៖ កម្ពុជា នឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតទី៣ នៅអាស៊ាន ក្នុង​ឆ្នាំក្រោយ

ព័ត៌មាន
នៅឆ្នាំ២០២១ ខាងមុខនេះ ប្រទេសកម្ពុជាត្រូវបានអង្គការរូបិយវត្ថុអន្តរជាតិ (IMF)ព្យាករថា នឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតទី៣ ប្រច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ