វិនិយោគ-ទេសចរណ៍

វិនិយោគិន ម៉េង ហៀង៖ វិស័យទេសចរណ៍​កម្ពុជា​​មាន​សក្ដានុពល​ខ្ពស់​សម្រាប់​​​អ្នក​វិនិយោគ​អាមេរិក


វិនិយោគិន​កូន​ខ្មែរ​មួយរូប ដែល​មាន​ក្រុមហ៊ុន​មិនតិច​ជាង​ ១០ នៅកម្ពុជា បាន​និយាយថា វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​​​មាន​សក្ដានុពល​ខ្ពស់​សម្រាប់​អ្នក​វិនិយោគ​បរទេស ជាពិសេស អ្នក​វិនិយោគ​អាមេរិក។
លោក ម៉េង ហៀង ជាវិនិយោគិន​ខ្មែរ ដែលមាន​ក្រុមហ៊ុន​រកស៊ីជាង ១០ក្រុមហ៊ុន នៅកម្ពុជា។
ដោយ

លោក ម៉េង ហៀង ថ្លែង​ដូច្នេះ​ប្រាប់អ្នកសារព័ត៌មាន នៅ​ខាង​ក្រៅ​​វេទិកា​ធុរកិច្ច ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក ឆ្នាំ​២០១៩ នៅទីក្រុង​បាងកក ​កាលពី​ដើម​ខែ​វិច្ឆិកា​ ខណៈដែល​លោក និង​ធុរជន​ សហគ្រិន​កម្ពុជា ​ល្បីៗ ជិត ២០រូប បានទៅចូលរួម​ជាមួយ​មេដឹកនាំ​រដ្ឋាភិបាល និង​វិស័យ​ឯកជន ជាង ១០០០នាក់ មកពី​ជាង ២០ប្រទេស​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក រួមទាំងសហរដ្ឋអាមេរិក ផង។

លោក ម៉េង ហៀង ដែលថ្មីៗនេះ បាន​បោះទុន​វិនិយោគ​ ជាង ៧០​លាន​ដុល្លារអាមេរិក រួមគ្នាជាមួយ​វិនិយោគិនជប៉ុន និង​អាមេរិក លើ​ការ​បង្កើត​ ជលវប្បដ្ឋាន​ក្រុង​អង្គរ និង​អាណាចក្រ​ជម្រក​សត្វ (Angkor Aquarium and Animal Kingdom) នៅខេត្ត​សៀមរាប បាន​និយាយថា វិស័យ​ចម្បង​ដែល​គេ​យកចិត្តទុកដាក់ខ្លាំង គឺ​វិស័យ​ទេសចរណ៍។

លោកបាន​និយាយ​ដូច្នេះថា «យើង​មាន​ប្រាង្គ​ប្រាសាទអង្គរវត្ត ហើយ​ឥឡូវនេះ គេឃើញថា កម្ពុជា​មាន​ការស្នាក់នៅ​របស់​ទេសចរណ៍​ហ្នឹងរយៈពេលខ្លី អ៊ីចឹង ជាយុទ្ធសាស្ត្រ ត្រូវធ្វើ​យ៉ាង​ម៉េច​ឲ្យ​ទេសចរ​ស្នាក់នៅបាន​យូរ។ ដើម្បី​ឲ្យ​ទេសចរ​ស្នាក់នៅបានយូរ យើងត្រូវបង្កើត​ផលិតផល​ទេសចរណ៍ផ្សេងៗ យក​មក​ផ្សារភ្ជាប់​នឹង​បេតិកភណ្ឌ​ប្រាង្គប្រាសាទ​ដ៏ល្បី​របស់​យើង»។

នៅពេល​អ្នកសារព័ត៌មាន​សួរថា តើ​លោកគិតថា អ្នក​វិនិយោគអាមេរិក​អាច​មក​រកស៊ី​នៅស្រុកខ្មែរ​ទេ បើ​ទំនាក់​ទំនង​រដ្ឋ​អាមេរិក​និង​កម្ពុជា​ហាក់មិនសូវ​ល្អ លោក ម៉េង ហៀង និយាយថា ចំពោះ​អ្នក​វិនិយោគ​ គេបែងចែក​ដាច់​ពីគ្នា​រវាង​នយោបាយ និង​ការរកស៊ី។

លោក​និយាយ​ដូច្នេះ ថា «គេ​​មិន​សូវ​គិត​រឿង​នយោបាយ​រវាង​អាមេរិក និង​ខ្មែរ​យើង​ប៉ុន្មាន​ទេ ពីព្រោះ​យើង​ឈរ​លើ​សក្ដានុពល អ៊ីចឹង សម្រាប់អ្នក​វិនិយោគ បើ​គេ​ឃើញ​សក្ដានុពល​ខ្ពស់ គេ​វិនិយោគហើយ»។ 

កាលពីថ្ងៃទី៤ វិច្ឆិកា គណៈប្រតិភូ​ធរុកិច្ច​កម្ពុជា​ដែលមាន​គ្នាជិត ២០នាក់ មកពីក្រុមហ៊ុនធំៗល្បីៗ​ ទាំងក្រុមហ៊ុន​ក្នុង​ស្រុក ទាំងក្រុមហ៊ុន​​បរទេសដែល​កំពុងរកស៊ី​នៅម្ពុជា បាន​ទៅ​ចូលរួម​វេទិកា​ធុរកិច្ច ឥណ្ឌូ-​ប៉ាស៊ីហ្វ៊ិក ដោយ​មាន​ការដឹកនាំ​ដោយ​ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​កម្ពុជា។ 

វេទិកា​នេះ ជា​ឱកាស​ដែលធុរជន​ សហគ្រិន​កម្ពុជា ភ្ជាប់ទំនាក់ទំនង​ជាមួយ​អ្នកវិនិយោគ ក្រុមហ៊ុនធំៗ មកពីតំបន់​ឥណ្ឌូប៉ាស៊ីហ្វ៊ិក និង​សហរដ្ឋអាមេរិក និង​ស្វែងយល់ពី​ឱកាស​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​ការវិនិយោគ ពីធនាគារធំៗ និង​ស្ថាប័ន​ហិរញ្ញប្បទានវិនិយោគ​ធំៗពីក្រៅប្រទេស សម្រាប់​​ពង្រីក​ការវិនិយោគ​នៅកម្ពុជា។ 

លោក ម៉េង ហៀង គឺជា​ធុរជន​មួយរូប ស្ថិតនៅក្នុងគណៈប្រតិភូ​នេះដែរ។ លោក​ជា​វិនិយោគិន​ក្នុងស្រុក ដែលមានក្រុមហ៊ុន​មិនតិច​ជាង ១០ទេ នៅក្នុង​ប្រទេសកម្ពុជា៕




អត្ថបទបន្ទាប់


អាកាសយានដ្ឋានខេត្តកោះកុង នឹងបើកដំណើរការមុនគេបង្អស់ ក្នុងចំណោមគម្រោងអាកាសយានដ្ឋានកំពុងសិក្សាចំនួន៤ផ្សេងទៀត

ព័ត៌មាន
ប្រទេសកម្ពុជាបច្ចុប្បន្ន កំពុងមានមានការសិក្សានិងសាងសង់អាកាសយានដ្ឋាន ចំនួន ៥ គម្រោង បន្ថែមពីលើអាកាសយានដ្ឋានអន្តរជាតិ ៣កន្លែងដែលមានស្រាប់ ប…

សំណុំរឿង EBA៖ កម្ពុជាមានពេល​១ខែ ដើម្បី​ឆ្លើយតប; លទ្ធផលព្យួរ ឬ​មិនព្យួរ នឹង​​ចេញ​នៅខែ​កុម្ភៈ ២០២០

ព័ត៌មាន
គណៈកម្មការ​អឺរ៉ុប នៅថ្ងៃនេះ (ទី១២ វិច្ឆិកា ២០១៩) បាន​និយាយថា ខ្លួន​បាន​​បញ្ជូន​ទៅឲ្យ​អាជ្ញាធរ​កម្ពុជា នូវ​របាយការណ៍រកឃើញ​បឋម​នៃ​ការស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ