អាមេរិក-ជប៉ុន-បច្ចេកវិទ្យា6G

អាមេរិករួមដៃជាមួយជប៉ុនវិនិយោគ ៤,៥ពាន់លានដុល្លារបង្កើត 6G ដើម្បីប្រជែងជាមួយនឹងចិន


មេដឹកនាំប្រទេសមហាអំណាចសេដ្ឋកិច្ចយក្សៗចំនួន២ គឺអាមេរិក និងជប៉ុន បានចាប់ដៃគ្នាបោះទុនវិនិយោគជាង ៤ពាន់៥រយលានដុល្លារ ទៅលើការអភិវឌ្ឍបណ្ដាញបច្ចេកវិទ្យា 6G ដើម្បីប្រជែងជាមួយប្រទេសចិន ដែលកំពុងនាំមុខពិភពលោកសម្រាប់ការអភិវឌ្ឍបណ្ដាញ 5G នាពេលបច្ចុប្បន្ននេះ។ នេះបើតាមរាយការណ៍មួយដោយសារព័ត៌មានជប៉ុន Nikkei។
អាមេរិករួមដៃជាមួយជប៉ុនវិនិយោគ ៤,៥ពាន់លានដុល្លារបង្កើត 6G ដើម្បីប្រជែងជាមួយនឹងចិន
ដោយ

ការ​ផ្ដួចផ្ដើម​នូវ​គំនិត​អភិវឌ្ឍ​បណ្ដាញ 6G ដែល​ជា​បច្ចេកវិទ្យា​ថ្មី​ចុង​ក្រោយ​របស់​ពិភពលោក ពី​សំណាក់​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំង​ពីរ​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ជំនួប​កំពូល​មួយ រវាង​លោក ចូ បៃ​ឌិន ប្រធានាធិបតី​អា​មេ​រិ​ក ជាមួយនឹង​លោក យូ​ហ្ស៊ី​ហ៊ី​ដេ សូ​ហ្គា នាយក​រដ្ឋមន្ត្រី​ជប៉ុន នៅ​ក្នុង​ទីក្រុង​វ៉ា​ស៊ិ​ន​តោន​នា​ពេល​ថ្មី​ៗ​នេះ​។ តាម​រយៈ​កិច្ចសហការ​នេះ ប្រទេស​ទាំង​ពីរ​នឹង​វិនិយោគ​ទៅ​លើ​ការ​ស្រាវជ្រាវ អភិវឌ្ឍ ការ​សាកល្បង និង​ការ​ដាក់​ពង្រាយ​បណ្ដាញ​សុវត្ថិភាព រួម​ទាំង​បច្ចេកវិទ្យា​ព័ត៌មាន​ជឿនលឿន ដែល​បម្រើ​ដល់​ការ​អភិវឌ្ឍ​បណ្ដាញ​បច្ចេកវិទ្យា​ដ៏​ទំនើប គឺ 6G​។

ក្នុង​នោះ​ដែរ សហរដ្ឋអាមេរិក បាន​យល់ព្រម​នឹង​ចូលរួម​ផ្ដល់​ថវិកា​វិនិយោគ ២​ពាន់​៥​រយ​លាន​ដុល្លារ ខណៈ​ដែល​ខាង​ភាគី​ជប៉ុន​នឹង​ផ្ដល់​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

ជុំវិញ​នឹង​ការ​អភិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា 5G នា​ពេល​កន្លង​មកនេះ​ដែរ សហរដ្ឋអាមេរិក និង​ជប៉ុន ត្រូវ​បាន​គេ​មើលឃើញ​ថា ហាក់បីដូចជា​ដើរ​ក្រោយ​គេ​បន្តិច បើ​ប្រៀបធៀប​នឹង​ចិន​។ ជាក់ស្ដែង ក្រុមហ៊ុន​ចិន Huawei និង ZTE បាន​កាន់កាប់​ចំណែក​ដល់​ទៅ ៤០% នៃ​ស្ថានីយ​មូលដ្ឋាន​សម្រាប់​បណ្ដាញ​បច្ចេកវិទ្យា 5G​នេះ​។ រីឯ ក្រុមហ៊ុន​អឺរ៉ុប Eriksson និង Nokia ក៏​ដូច​ជា​ក្រុមហ៊ុន Samsung របស់​កូរ៉េ​ខាងត្បូង​វិញ សរុប​បញ្ចូល​គ្នា​មាន​ចំណែក​ទីផ្សារ​ដល់​ទៅ ៩០% ឯណោះ​។

បើ​និយាយ​ពី​អាជ្ញា​បណ្ណ និង បណ្ណ​បា​តង់ 5G ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​អា​មេ​រិ​ក Qualcomm វិញ​មាន​ប្រហែល ១០% ប្រហាក់ប្រហែល​ទៅ​នឹង​ក្រុមហ៊ុន​ចិន Huawei ដែរ ប៉ុន្ដែ​ក្រុមហ៊ុន​ជប៉ុន NTT Docomo មាន​អាជ្ញា​បណ្ណ និង បា​តង់ 5G ត្រឹមតែ​៥% ប៉ុណ្ណោះ​។

សម្រាប់​ប្រទេស​ចិន កំពុង​មាន​ទំនុកចិត្ត​លើ​ការ​អភិវឌ្ឍ​បណ្ដាញ​បច្ចេកវិទ្យា​នេះ​កាន់តែ​ខ្លាំង​ឡើង បន្ទាប់​ពី​មាន​កិច្ច​សហប្រតិបត្តិការ​លើ​បណ្ដា 5G នេះ​ជាមួយ​បណ្ដា​ប្រទេស​ជឿនលឿន​ផ្សេង​ទៀត ហើយ​ចិន​ក៏​បាន​ប្តេជ្ញា​ក្នុង​ការ​អភិវឌ្ឍ​បណ្ដាញ​បច្ចេកវិទ្យា 6G ឲ្យ​បាន​ជោគជ័យ​ផង​ដែរ​។ ជាក់ស្ដែង នៅ​ក្នុង​ផែនការមេ​សម្រាប់​រយៈពេល​៥​ឆ្នាំ​ថ្មី របស់​រដ្ឋាភិបាល​ចិន ដែល​បាន​អនុម័ត​កាលពី​ខែមីនា​កន្លង​ទៅ​នេះ ក៏​មាន​បញ្ចូល​នូវ​ការ​អភិវឌ្ឍ​បណ្ដាញ 6G នេះ​ដែរ​។

បើ​តាម​សារព័ត៌មាន​ជប៉ុន Nikkei បាន​ឲ្យ​ដឹង​ថា កន្លង​មក​រាជរដ្ឋាភិបាល​ជប៉ុន មានការ​យឺតយ៉ាវ​ក្នុង​ការ​ចាប់ផ្ដើម​ប្រណាំងប្រជែង​ទាក់ទង​នឹង​បណ្ដាញ 5G ហើយ​បើ​ទោះបីជា ជប៉ុន​មាន​បច្ចេកវិទ្យា​ប្រសើរ​ជាងគេ​ក៏​ដោយ ប៉ុន្ដែ នៅ​តែ​មិន​អាច​ប្រជែង​បាន​ចំណែក​ទីផ្សារ​នេះ​ដដែល​។

ដើម្បី​កុំ​ឲ្យ​ខកខាន​ដូច​លើក​មុន សម្រាប់​លើក​នេះ ជប៉ុន​បាន​ប្តេជ្ញា​ក្នុង​ការ​ប្រណាំងប្រជែង​លើ​ឆាក​អន្តរជាតិ ក្នុង​ការ​អភិវឌ្ឍ​បណ្ដាញ 6G ឲ្យ​បាន​មុនគេ និង​មាន​គោលដៅ​បង្កើន​ចំណែក​នៃ​ការ​ទទួល​បាន​អាជ្ញា​បណ្ណ ឬ​បា​តង់ 6G​នេះ ឲ្យ​បាន​ដល់ ១0% នៅ​ពេល​ខាង​មុខ​៕

ទស្សនាវីដេអូ៖

ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីស​ និងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនកំពុងសម្រួចមហិច្ឆតាដើម្បីក្លាយជាក្បាលម៉ាស៊ីនផ្គត់ផ្គត់វ៉ាក់សាំងកូវីដ-១៩ សម្រាប់ពិភពលោក

ព័ត៌មាន
ប្រទេសចិន កំពុងសម្រួចមហិច្ឆិតានៅក្នុងឧស្សាហកម្មផលិតឱសថរបស់ខ្លួន ដើម្បីឈានទៅក្លាយខ្លួនជាក្បាលម៉ាស៊ីនដ៏ធំក្នុងការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩…

តើវាសនាមហាសេដ្ឋីចិន Jack Ma នឹងត្រូវខ្ទាតចេញពីក្រុមហ៊ុន Ant Group ដែរឬយ៉ាងណា?

ព័ត៌មាន
រដ្ឋាភិបាលចិនទើបតែបានពិន័យក្រុមហ៊ុនអាលីបាបារបស់មហាសេដ្ឋីចិន Jack Ma ជិត៣ពាន់លានដុល្លារ ឥឡូវនេះ មហាសេដ្ឋីមាត់រអិល លោក Jack Ma កំពុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ