មូលដ្ឋាន​កងទ័ព​ជើងទឹក រាម - ខេត្ត​ព្រះសីហនុ

ក្រសួង​ការពារ​ជាតិ​កម្ពុជា​ហៅ​អនុព័ន្ធ​យោធា​អាមេរិក​មក​ស្តាប់​ការ​បំភ្លឺ​អំពី​រឿង​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម


អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​កម្ពុជា បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៤ ខែកក្កដា​នេះ ថា បាន​អញ្ជើញ​អនុព័ន្ធ​យោធា​ស្ថានទូត​អាមេរិក​ មក​ស្តាប់​ការ​បំភ្លឺ​អំពី​មូលហេតុ​ដែល​កម្ពុជា​មិនទាន់​មាន​ភាព​ចាំបាច់ ក្នុង​ការ​ទទួល​ជំនួយ​សហរដ្ឋ​អាមេរិក ដើម្បី​ជួសជុល​អគារ​នៅ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​ រាម នៅ​ខេត្ត​ព្រះសីហនុ។
មូលដ្ឋាន​កងទ័ព​ជើង​ទឹក រាម នៃ ខេត្ត​ព្រះសីហនុ ព្រះរាជាណាចក្រ​កម្ពុជា។ រូបថត ៖ Wikipedia
ដោយ

លោក Joseph Felter ឧបការី​រង​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក​សម្រាប់​តំបន់​អាស៊ី​ខាងត្បូង និង​អាស៊ី​អាគ្នេយ៍ បាន​សរសេរ​លិខិត​មក​រដ្ឋមន្រ្តី​ការពារ​ជាតិ​កម្ពុជា គឺ​លោក ទៀ បាញ់ កាលពី​ពេល​ថ្មីៗ​នេះ ដើម្បី​«ស្នើ​សុំ​ការ​ពន្យល់​លម្អិត» និង​ការ​ពន្យល់​ថា ហេតុ​អ្វី​បដិសេធ​ជំនួយ​អាមេរិក​ដើម្បី​ជួសជុល​កន្លែង​ហ្វឹកហ្វឺន​និង​កន្លែង​សំចត​សម្រាប់​ជួសជុល​ទូក ដែល​ភាគី​កម្ពុជា​បាន​ស្នើ​សុំ​ឲ្យ​អាមេរិក​ជួយ​កាល​ពី​ខែ​មករា។

លោក ឈុំ សុជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ បាន​និយាយ​ដូច្នេះ​ថា ៖ «ពាក់ព័ន្ធ​នឹង​លិខិត​របស់​ឧបការី​រង ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​នោះ ក្រសួង​ការពារ​ជាតិ​កម្ពុជា ក៏​បាន​អញ្ជើញ​អនុព័ន្ធ​យោធា​ប្រចាំការ​នៅ​ក្នុង​ស្ថានទូត​អាមេរិក មក​ស្តាប់​ការ​បំភ្លឺ អំពី​មូលហេតុ​ដែល​កម្ពុជា​មិន​ទាន់​មាន​ភាព​ចាំបាច់ ក្នុង​ការ​ទទួល​ជំនួយ​សហរដ្ឋ​អាមេរិក ដើម្បី​ជួសជុល​អគារ​ខាង​លើ​នេះ​ផងដែរ។»


អត្ថបទទាក់ទង ៖ អង្គការសហប្រជាជាតិ​ត្រូវបានស្នើ​ឲ្យ​ស៊ើបអង្កេតការ​ចោទប្រកាន់អំពី"មូលដ្ឋានយោធាចិននៅកោះកុង"


យោងតាម​លិខិត​របស់​លោក Joseph Felter លោក​បាន​អះអាង​ថា លោក​បាន​ចំណាយ​ពេល​វេលា​យ៉ាង​ច្រើន​ដើម្បី​ស្វែករក​ជំនួយ​នៅ​ទីក្រុង​វ៉ាស៊ិនតោន ដើម្បី​ជួយ​កម្ពុជា ហើយ​ទីចុង​បញ្ចប់​ក៏​ទទួល​បាន​ចម្លើយ​វិជ្ជមាន​​នៅ​ខែ​មេសា ស្រាប់តែ​លោក​បាន​ទទួល​លិខិត​ពី​ក្រសួង​ការពារ​ជាតិ​កម្ពុជា នៅខែ​មិថុនា បដិសេធ​ជំនួយ​ថវិកា​អាមេរិក​ ដោយ​អះអាង​ថា វា​«មិន​ចាំបាច់​ទៀត​ទេ»។

លោក Joseph Felter បាន​សរសេរ​ទៅ​លោក ទៀ បាញ់ ស្នើ​សុំ​ការ​ពន្យល់​លម្អិត​បន្ថែម​ទៀត អំពី​មូលហេតុ​អ្វី​ដែល​ការ​ជួសជុល​ទាំងនេះ - ដែល​ភាគី​កម្ពុជា​បាន​​ស្នើ - លែង​​ចាំបាច់​ទៅវិញ ហើយ​​​ក៏​បាន​សុំ​សួរ​ព័ត៌មាន​អំពី​ផែនការ​ទៅ​អនាគត ទាក់ទង​នឹង​ទីកន្លែង​ដែល​បាន​កសាង​ដោយ​ថវិកា​សហរដ្ឋ​អាមេរិក ផងដែរ។

លិខិត​ដដែល​នោះ ក៏​បាន​និយាយ​ផង​ដែរ​ថា ការ​ផ្លាស់​ប្តូរ​គោលនយោបាយ​នេះ កំពុងតែ​ជំរុញ​ឱ្យ​មាន​ការ​គិត​ថា កម្ពុជា​អាច​នឹង​មាន​វត្តមាន​យោធា​ចិន​នៅ​មូលដ្ឋាន រាម។

លោក ឈុំ សុជាតិ ​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​កម្ពុជា បាន​បដិសេធ​ថា ក្រសួង​ការពារ​ជាតិ​ពុំ​ដែល​បាន​ស្នើ​ទៅ​អាមេរិក ដើម្បី​ជួសជុល​អគារ​ខាង​លើ​នេះ​ម្តង​ណា​ទេ។

លោក​អះអាង​​ថា អគារ​ហ្វឹកហ្វឺន និង​ផ្ទុក​សម្ភារ ដែល​រងការ​ចោទ​ប្រកាន់​នេះ គឺ​មិនមែន​ចំណុះ​ឱ្យ​មូលដ្ឋាន​កងទ័ព​ជើងទឹក រាម ទេ ប៉ុន្តែ ជា​អគារ​របស់​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ មាន​ទីតាំង​បណ្តោះ​អាសន្ន នៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​ រាម ដែល​នឹង​ត្រូវ​ផ្លាស់ប្តូរ​ទៅ​កាន់​កន្លែង​ថ្មី ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ហើយ​មិន​ទាន់​មាន​ភាព​ចាំបាច់ ក្នុង​ការ​ជួស​ជុល​នោះ​ទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម៉ាកាវ ចង់កំណត់ពន្ធលើភ្ញៀវទេសចរ ដោយសារតែព្រួយពីផលប៉ះពាល់អវិជ្ជមាននៃកំណើនភ្ញៀវកើនច្រើនហួស

ព័ត៌មាន
ដោយសារតែបារម្ភខ្លាចកើតមានផលប៉ះពាល់អវិជ្ជមាន ដោយសារតែកំណើនភ្ញៀវទេសចរហូរចូលគំហុកពេក អាជ្ញាធរតំបន់រដ្ឋបាលពិសេស ម៉ាកាវ នៃប្រទេសចិន ថ្មីៗ…

អាមេរិក​និរទេស​ជនជាតិ​កម្ពុជា​ ៣៧​នាក់! ការ​បណ្តេញ​ចេញ​​កើន​ឡើង ២៧៩%

ព័ត៌មាន
ជនជាតិ​កម្ពុជា​ចំនួន ៣៧​នាក់ ដែល​ត្រូវ​បាន​និរទេស​ដោយ​សហរដ្ឋ​អាមេរិក បាន​មក​ដល់​រាជ​ធានី​ភ្នំពេញ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី៤ ខែ​កក្កដា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ