កម្ចីទិញផ្ទះនៅអាមេរិក

អត្រាការប្រាក់កម្ចីទិញផ្ទះនៅអាមេរិកកើនលើស ៦%ជាលើកដំបូង ក្នុងរយៈពេលជាង១ទសវត្សរ៍មកនេះ


អត្រាការប្រាក់ជាមធ្យមចំពោះកម្ចីទិញផ្ទះដ៏ពេញនិយមនៅសហរដ្ឋអាមេរិកនោះ បានហក់ឡើងលើស ៦% ជាលើកដំបូង បើរាប់តាំងពីឆ្នាំ២០០៨មក ហើយអត្រាការប្រាក់នេះ គឺមានខ្ពស់ជាងទ្វេដងឯណោះ បើធៀបនឹងកម្រិតដែលធ្លាប់មានកាលពីឆ្នាំមុន។ នេះបើតាមទិន្នន័យដែលបង្ហាញដោយសមាគមធនាគារផ្ដល់កម្ចីទិញផ្ទះរបស់អាមេរិក (MBA)។ កំណើននៃអត្រាការប្រាក់កម្ចីទិញផ្ទះនៅអាមេរិកនេះ គឺកើនឡើងស្របគ្នាទៅនឹងវិធានការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិក ក្នុងការបង្កើនការចំណាយខ្ពស់លើការខ្ចីឥណទានពីធនាគារ ក្នុងគោលបំណងទប់ទល់កុំឲ្យអតិផរណាកើនខ្ពស់។
អត្រាការប្រាក់កម្ចីទិញផ្ទះនៅអាមេរិកកើនលើស ៦%ជាលើកដំបូង ក្នុងរយៈពេលជាង១ទសវត្សរ៍មកនេះ
ដោយ

ការកើនឡើងនៃអត្រាកម្ចីទិញលំនៅដ្ឋាននៅអាមេរិក កំពុងបន្ថែមបន្ទុកទៅលើវិស័យលំនៅដ្ឋាន ដែលមានអត្រាការប្រាក់ខ្ពស់រួចទៅហើយនោះ ខណៈដែលធនាគារកណ្ដាលបានជំរុញឲ្យមានការបង្កើនការចំណាយខ្ពស់ថែមទៀត ចំពោះការទទួលបានប្រាក់កម្ចីពីធនាគារ សម្ដៅដល់ការទប់ទល់នឹងការកើនឡើងខ្ពស់នៃអតិផរណា។ ជាក់ស្ដែង ធនាគារកណ្ដាលអាមេរិក បានដំឡើងអត្រាការប្រាក់គោល ២,២៥% បើគិតតាំងពីខែមីនាមក។

កិច្ចសន្យាជាមធ្យមនៅលើអត្រាកម្ចីទិញផ្ទះ ក្នុងអត្រាថេររយៈពេល ៣០ឆ្នាំមកនេះ បានកើនឡើង ០,០៧%បន្ថែមទៀត នាំឲ្យអត្រាការប្រាក់កម្ចីទិញផ្ទះ បានកើនដល់ ៦,០១% ក្នុងមួយឆ្នាំ បើគិតត្រឹមថ្ងៃទី ៩ខែកញ្ញាកន្លងទៅ ដោយអត្រាការប្រាក់កើនឡើងនេះ គឺជាអត្រាមួយដែលមិនធ្លាប់បានឃើញឡើយ គិតចាប់តាំងពីការបញ្ចប់នូវវិបត្តិហិរញ្ញវត្ថុសកល និងការដួលរលំទីផ្សារលំនៅដ្ឋានកាលពីអំឡុងឆ្នាំ២០០៧-២០០៩មក។

ការមើលឃើញពីអត្រាអតិផរណាដ៏អាក្រក់ជាងការរំពឹងទុករបស់សហរដ្ឋអាមេរិក ដែលបានបង្ហាញតួលេខឡើងកាលពីដើមសប្ដាហ៍នេះ បានធ្វើឲ្យគេជឿជាក់ថា ធនាគារកណ្ដាលអាមេរិក នៅកិច្ចប្រជុំគោលនយោបាយហិរញ្ញវត្ថុនៅសប្ដាហ៍ក្រោយនេះ នឹងត្រូវបង្ខំចិត្តដំឡើងអត្រាការប្រាក់ ០,៧៥% បន្ថែមទៀត ដែលនេះនឹងក្លាយជាការដំឡើងលើកទី៣ជាប់ៗគ្នាហើយ ខណៈដែលអ្នកវិនិយោគមួយចំនួនបានព្យាករថា ធនាគារកណ្ដាលអាមេរិក នឹងធ្វើការដំឡើងអត្រាការប្រាក់យ៉ាងឆាប់រហ័ស និងធ្វើឡើងលើសពីអ្វីដែលបានគិតទុកពីមុនទៅទៀត។

សូមបញ្ជាក់ថា ផលប៉ះពាល់នៃការកើនឡើងអត្រាកប្រាក់ គឺបានបង្កឡើងនៅទូទាំងវិស័យលំនៅដ្ឋានទាំងអស់នៅអាមេរិក។ ក្នុងនោះ ការលក់លំនៅដ្ឋានថ្មីៗ ក៏បានធ្លាក់ចុះដល់កម្រិតទាបផងដែរ ប៉ុន្ដែ តម្លៃលំនៅដ្ឋាននៅតែកើនខ្ពស់ ចំពេលដែលការផ្គត់ផ្គង់លំនៅដ្ឋានតម្លៃសមរម្យមានការខ្វះខាតខ្លាំង៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនជីករ៉ែធ្យូងថ្មនៅប្រទេសឥណ្ឌូនេស៊ីបង្កើនផលិតកម្ម ខណៈកំពុងសំឡឹងឃើញតម្រូវការថាមពលកើនឡើងនៅអឺរ៉ុប

ព័ត៌មាន
ក្រុមហ៊ុនរុករករ៉ែធ្យូងថ្មមួយចំនួននៅប្រទេសឥណ្ឌូនេស៊ីកំពុងតែប្រជែងគ្នា ដើម្បីជំរុញផលិតកម្មរបស់ពួកគេនៅចំពេលតម្លៃរបស់ធ្យូងថ្មកើនឡើងខ្ពស់ និងក…

គណៈកម្មការអឺរ៉ុបស្នើច្បាប់ហាមឃាត់ការនាំចូលទំនិញ ដែលផលិតដោយប្រើកម្លាំងពលកម្មដោយបង្ខំពីតំបន់ស៊ីនជាំងប្រទេសចិន

ព័ត៌មាន
ដោយព្រួយបារម្ភពីស្ថានភាពសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង ប្រទេសចិន គណៈកម្មការអឺរ៉ុបកាលពីថ្ងៃទី១៤កញ្ញា បានស្នើឱ្យមានការហាមឃាត់លើការនាំចូលទំនិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ