បញ្ហាអ៊ុយក្រែន

អាមេរិក និងអង្គការ NATO ចល័តទ័ពបន្ថែមឲ្យប្រុងជើងការចាំជួយអ៊ុយក្រែនពីការវាយប្រហាររបស់រុស្សី


អាមេរិក និងអង្គការ NATO ចល័តទ័ពបន្ថែមឲ្យប្រុងជើងការចាំជួយអ៊ុយក្រែនពីការវាយប្រហាររបស់រុស្សីអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា ណាតូ(NATO) បានបញ្ជាក់នៅសប្តាហ៍នេះថា ខ្លួនកំពុងដាក់កម្លាំងបន្ថែមដើម្បីត្រៀមប្រុងជើងការ នៅតំបន់អឺរ៉ុបខាងកើតជាមួយនឹងវត្តមានកប៉ាល់ និងយន្តហោះចម្បាំងជាច្រើនគ្រឿង ជាការឆ្លើយតបទៅនឹងការបង្កើនកម្លាំងទ័ពរបស់ប្រទេសរុស្សីនៅតាមព្រំដែនជាមួយអ៊ុយក្រែន។
កងទ័ពអាមេរិក

ទន្ទឹម​នេះ ក្រសួងការពារជាតិ​អា​មេ​រិ​ក​ក៏​បាន​ប្រកាស​ដែរ​ថា មាន​ទាហាន​អា​មេ​រិ​ក​ប្រហែល ៨​ពាន់​៥​រយ​នាក់ ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្នុង​ការ​ត្រៀមលក្ខណៈ រង់ចាំ​បទបញ្ជា​ឱ្យ​ដាក់​ពង្រាយ​នៅ​ក្នុង​តំបន់​ផង​ដែរ ប្រសិនបើ​រុ​ស្ស៊ី​ពិតជា​ឈ្លានពាន​អ៊ុយ​ក្រែ​ន​មែន​នោះ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​។

ប្រធានាធិបតី​អា​មេ​រិ​ក លោក​ចូ បៃ​ឌិន កាលពី​ថ្ងៃ​ចន្ទ​បាន​ចំណាយពេល​ជិត ១​ម៉ោង​កន្លះ ដើម្បី​ពិភាក្សា​អំពី​ភាព​តានតឹង​នៅ​អ៊ុយ​ក្រែ​ន ជាមួយ​អគ្គលេខាធិការ​អង្គការ​ណា​តូ និង​ប្រមុខ​ដឹកនាំ​ប្រទេស​អឺរ៉ុប​ធំ​ៗ​មួយ​ចំនួន​តាម​ប្រព័ន្ធ​វី​ដេ​អូ​អន​ឡាញ​។

បើ​តាម​សេចក្តីថ្លែងការណ៍​នៅ​ក្រោយ​កិច្ចប្រជុំ របស់​សេត​វិមាន​បាន​និយាយ​ថា មេដឹកនាំ​ទាំងអស់ បាន​ពិភាក្សា​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា ដើម្បី​ទប់ស្កាត់​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​មក​លើ​អ៊ុយ​ក្រែ​ន ការ​ត្រៀម​រៀបចំ​ទណ្ឌកម្មសេដ្ឋកិច្ច​ធ្ងន់ធ្ងរ​លើ​រុ​ស្ស៊ី​សម្រាប់​សកម្មភាព​ណាមួយ ក៏​ដូច​ជា​ការ​ត្រៀមលក្ខណៈ​ឆ្លើយ​តប​របស់​ដោយ​កងទ័ព​របស់​អង្គការ​ណា​តូ​ផង​ដែរ​។

ជាក់ស្តែង អង្គការ​ណា​តូ​កំពុង​មាន​កងទ័ព​ប្រមាណ ៤​ពាន់​នាក់​អម​មក​ជាមួយនឹង​កងរថក្រោះ និង​យន្ត​ចម្បាំង នៅ​ក្នុង​ប្រទេស​ជា​សមាជិក ក្នុង​តំបន់​អឺរ៉ុប​ខាងកើត​ដែល​មាន​ព្រំដែន​ជាប់​ជាមួយ​អ៊ុយ​ក្រែ​ន​។ ទន្ទឹម​នេះ អង្គការ​សម្ព័ន្ធ​យោធា​មួយ​នេះ​បាន​ង្ហើ​ប​ឲ្យ​ដឹង​ថា ខ្លួន​គ្រោង​នឹង​បង្កើន​ចំនួន​ទ័ព​ឲ្យ​ដល់​៥​ម៉ឺន​នាក់ ដោយ​រួម​បញ្ចូល​ទាំង​ការ​ចល័ត​នាវាចម្បាំង យន្តហោះ និង​កងរថក្រោះ​បន្ថែម​ទៀត​។

ដោយឡែក មន្ទីរ​បញ្ច​កោណ​អា​មេ​រិ​ក បាន​ឲ្យ​ដឹង​ដែរ​ថា មាន​កងទ័ព​ប្រមាណ ៨.៥០០​នាក់​ត្រូវ​បាន​ដាក់​ឲ្យ​ត្រៀមលក្ខណ​គ្រប់ពេលវេលា​ទាំងអស់ ដោយ​រង់​ចាំតែ​បញ្ជា​ចុង​ក្រោយ​ប៉ុណ្ណោះ មុន​ចល័ត​ចូល​ទៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ប្រសិនបើ​មានការ​វាយប្រហារ​ណាមួយ​ពី​រុ​ស្សី​។

សូម​ជម្រាប​ថា ការ​ប្រុង​ជើងការ​ពី​ក្រុង​វ៉ា​ស៊ី​ន​តោន និង​ណា​តូ ដូចនេះ​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​រុ​ស្សី​បន្ត​បង្កើន​ចំនួន​ទ័ព​នៅ​ក្បែរ​ព្រំដែន​អ៊ុយ​ក្រែ​ន​កាន់តែ​ច្រើន​ឡើង​ៗ រហូត​ត្រូវ​បាន​គេ​ជឿ​ថា អាច​មាន​ចំនួន​លើស ពី​១០​ម៉ឺន​នាក់ ដោយ​ឡោម​ព័ទ្ធ​អ៊ុយ​ក្រែ​ន​ពី​បី​ទិស រួម​មាន​ពី​ភាគ​ខាងជើង ខាងកើត និង​ភាគ​ខាងត្បូង​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋាភិបាលលើទឹកចិត្តឲ្យក្រុមហ៊ុនឯកជនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យរថយន្តអគ្គិសនី

ព័ត៌មាន
ដើម្បីលើកកម្ពស់ និងជំរុញការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តឲ្យវិនិយោគិនជាតិ និងអន្តរជាតិក្នុងវិស័យឯកជន …

អភិបាលរងក្រុងសំរោង និងកូនសិស្ស​ ៣០០នាក់នាំគ្នាសម្អាតក្រុង

ព័ត៌មាន
ខេត្តឧត្តរមានជ័យបានរៀបចំកម្មវិធីសំអាតទីក្រុង ក្រោមប្រធានបទ "សំអាតក្រុងយើង"​ ដេីម្បីទីក្រុងស្អាត សុខភាពល្អ ទេសចរណ៍មានកំណើន កើនជីវភាពគ្រួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ