Advertisement
ភ្លើង​សង្គ្រាមពាណិជ្ជកម្ម​កាន់តែឆេះឆួល​ខ្លាំង​

លោកត្រាំថា ពន្ធគយថ្មីលើទំនិញចិន ៣០០ ពាន់លានដុល្លារ នឹងចាប់ផ្ដើមពីខែកញ្ញាតទៅ


ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី ០១ សីហានេះ បានប្រកាសឡើង ដែលជាការគំរាមជាថ្មីថា លោកនឹងដាក់បន្ថែមពន្ធគយ១០ភាគរយ ទៅលើទំនិញចិនជាង ៣០០ ពាន់លានដុល្លារអាមេរិក ចាប់ពីថ្ងៃទី ០១ កញ្ញាតទៅ ដើម្បីជាការដាក់ទោសទណ្ឌទៅកាន់ចិនដែលមិនបានគោរពតាមកិច្ចសន្យាកាលពីកិច្ចចរចាកាលពីលើកមុនដែលថា នឹងទិញផលិតផលកសិកម្មពីអាមេរិក។
លោកត្រាំថា ពន្ធគយថ្មីលើទំនិញចិន ៣០០ ពាន់លានដុល្លារ នឹងចាប់ផ្ដើមពីខែកញ្ញាតទៅ
ដោយ
Advertisement

លោកត្រាំ បាន​បង្ហោះ​នៅលើ​បណ្ដាញសង្គម​ Twitter របស់ខ្លួនយ៉ាង​ដូច្នេះ​ថា «កិច្ចពិភាក្សា​ពាណិជ្ជកម្ម​នឹងនៅ​តែបន្ដ ហើយអំឡុង​កិច្ចពិភាក្សានោះ សហរដ្ឋអាមេរិក នឹងចាប់ផ្ដើម​ដាក់​បន្ថែម​ពន្ធគយ​១០% ចាប់​ពីថ្ងៃទី ០១ កញ្ញាតទៅ ទៅលើ​ទំនិញចិន​ប្រមាណ ៣០០ ពាន់លាន​ដុល្លារ ដែល​នាំចូល​មកកាន់​ប្រទេស​របស់យើង»។

បន្ថែមពីនេះ លោកត្រាំ ក៏បាន​គូសបញ្ជាក់​ទៀតថា «សហរដ្ឋអាមេរិក នឹង​នៅតែបន្ដ​កិច្ចពិភាក្សា​ជាវិជ្ជមាន​របស់យើង ជាមួយនឹង​ចិន ទៅលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​គ្រប់ជ្រុងជ្រោយ»។

បើតាម​លោក​ប្រធានាធិបតី​អាមេរិក ការដំឡើងពន្ធនេះ អាចនឹងធ្វើឡើង​ទៅតាម​ដំណាក់កាល ដែលអាច​នឹង​កើនឡើង​ដល់​ទៅ​លើស​២៥% ឯណោះ។

កិច្ចចរចាពាណិជ្ជកម្ម​រវាង​អាមេរិក និងចិន​នៅក្នុងទីក្រុង​សៀងហៃ នាពេលថ្មីៗនេះ ត្រូវបាន​លោកត្រាំ​បញ្ជាក់ថា គឺត្រូវ​បានបញ្ចប់ឡើង​ដោយគ្មាន​ដំណើរការអ្វី​គួរឲ្យចាប់អារម្មណ៍​បន្តិចសោះ។

ទោះយ៉ាងណា កិច្ចចរចាថ្មី​នៅជុំក្រោយនេះ ត្រូវបានកំណត់​រួចហើយ ដែលនឹងត្រូវធ្វើឡើង​នៅ​សហរដ្ឋអាមេរិក នៅក្នុងខែ​កញ្ញាខាងមុខ។ 

ផលិតផល​ចិន ដែលនឹងត្រូវ​រងការ​ដាក់ពន្ធគយ​បន្ថែម​ថ្មីនេះ ត្រូវបានគេ​ដឹងថា រួមបញ្ជូល​នូវប្រភេទ​ទំនិញ​ដូចជា​ស្បែកជើង សម្លៀកបំពាក់ និងឧបករណ៍​អេឡិចត្រូនិក​ជាដើម។ មានក្រុមហ៊ុន​អាមេរិក​ខ្លះ​បានព្រមានថា ការដំឡើង​ថ្លៃទំនិញ​លក់​នៅលើទីផ្សារ​គឺនឹង​មិនអាច​គេចផុត​បានឡើយ បើសិនជា​ទំនិញ​របស់ខ្លួន​ដែលនាំចូលពីចិន​ពិតជាត្រូវបាន​ដំឡើងពន្ធគយ​នាំចូល​មែននោះ។

ការប្រកាសអំពី​ការដំឡើង​ពន្ធគយ​ថ្មីនេះ ក៏បានបង្ក​ឱ្យ​មានប្រតិកម្ម​ភ្លាមៗ​ពីសាជីវកម្ម​អាមេរិក ដូចជា​ ក្រុមហ៊ុន​​ចែកចាយ​ស្បែកជើង និងក្រុមហ៊ុន​លក់រាយ​អាមេរិក រួមមាន Nike និង Walmart បានចេញ​សេចក្តីថ្លែងការណ៍​មួយម៉ោង​បន្ទាប់ ពីការ​បង្ហោះសារ​របស់​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ នៅបណ្ដាញ​សង្គម Twitter ដោយក្រុមហ៊ុន​ទាំងនោះ បាន​បញ្ជាក់ជំហរ​របស់ខ្លួនថា ពួកគេ​នឹងមិន​ទទួលយក​ព័ត៌មាន​អំពី​ការដំឡើង​ពន្ធនេះទេ។

គ្រាន់តែមាន​ភាព​រំជើបរំជួល​ដោយសារតែ​ការគំរាម​ដំឡើងពន្ធគយ​ថ្មី លើទំនិញ​ចិនេះភ្លាម នៅថ្ងៃសុក្រ ទី០២ សីហានេះ គេសង្កេតឃើញ​សន្ទស្សន៍​ផ្សារហ៊ុន​ Hang Seng ក្នុងទីក្រុងហុងកុង និង​Nikkei នៅក្នុង​ទីក្រុង​តូក្យូ គឺបាន​ធ្លាក់ចុះ​២,៤% នៅម៉ោងជួញដូរ​ពេលរសៀល ខណៈដែល​សន្ទស្សន៍​ភាគហ៊ុន​ សៀងហៃ មានការដាំក្បាល​ចុះ​១,៧%។

រដ្ឋលេខាធិកា​អាមេរិក លោក Mike Pompeo បាននិយាយ​នៅក្នុងទីក្រុង​បាងកក​ប្រទេស​ថៃ ខណៈដែលលោក​កំពុង​ចូលរួម​កិច្ចប្រជុំ​អាស៊ានថា ប៉ុន្មាន​ទសវត្សរ៍មកនេះ ប្រទេសចិន បាន​ទាញប្រយោជន៍​ជាច្រើន​ពីការធ្វើពាណិជ្ជកម្ម​ជាមួយអាមេរិក រួមទាំង​ប្រទេស​នៅក្នុងតំបន់អាស៊ី និង​អាស៊ីអាគ្នេយ៍​ជាដើម។ 

Advertisement

លោក Pompeo បានបញ្ជាក់ទៀតថា «លោក ប្រធានាធិបតី ត្រាំ បាន​និយាយថា យើង​នឹង​បន្តធ្វើវា​ឲ្យប្រសើរ​ឡើងវិញ ហើយការ​ធ្វើឲ្យប្រើសើរ​ឡើងនេះ វាត្រូវការ​ការប្ដេជ្ញាចិត្ត»។

តាមរយៈសារព័ត៌មានជប៉ុន Nikkei Asian Review អ្នកជំនាញ​សេដ្ឋកិច្ច​មួយចំនួន​បាន​លើកឡើងថា ការ​សម្រេចចិត្ត​ដំឡើងពន្ធ​របស់លោកត្រាំ គឺហាក់ធ្វើឡើង​លឿនរហ័ស ដោយមិនទាន់​ទាំងបាន​ថ្លឹងថ្លែង​បាន​ពេញលេញ​គ្រប់ជ្រុងជ្រោយ​នៅឡើយ។ អ្នកសេដ្ឋកិច្ចខ្លះទៀត បន្តថា ការសម្រេច​ចិត្តរបស់​លោកត្រាំ​នាពេលនេះ គឺជាការ​ប្រថុយប្រថាន​នឹងហានិភ័យ​ដោយសារតែលោក​មិនអាច​ឲ្យចិន​ធ្វើតាម​បំណង​ខ្លួន​លោក​ចង់បាន។ ប៉ុន្ដែ លោក​ត្រាំ​លេងមួយក្ដា​ថ្មីនេះ គឺហាក់ដូចជា​កំពុង​រាយគ្រាប់​គ្រោះ​បន្ថែម​ទៅលើ​ផ្លូវ​នៃសេដ្ឋកិច្ច​អាមេរិក​អញ្ចឹងដែរ។ 

ក៏មានអ្នកជំនាញ​ផ្សេងទៀតដែរ បាន​ចាត់ទុក​ការសម្រេចចិត្ត​របស់លោកត្រាំ នាពេលនេះ គឺជា​ ល្បែង ​លេងធំ បើចាញ់ក៏ធំ ឈ្នះក៏ធំ ពោលគឺ លោកត្រាំ​កំពុងតែ​ស្វិតស្វាញ​ខ្លាំងណាស់​ដើម្បី​រក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយចិន​ឲ្យបាន​មុន​ការបោះឆ្នោត​ឆ្នាំ២០២០ ខាងមុខ។ ប៉ុន្ដែ​ល្បែង​ក្ដាថ្មី​នេះ លោកត្រាំ​ ហាក់​ដូចជា​មើលខុស​ចំពោះការដាក់​សម្ពាធ និងការឆ្លើយតប​របស់ចិន។

គួរបញ្ជាក់ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ិនតោន បាន​ដំឡើងពន្ធលើទំនិញចិន ចុងក្រោយ កាលពីខែ​ឧសភា ដែលបាន​ដំឡើងពន្ធ​លើទំនិញចិន​តម្លៃ ២០០ ពាន់លាន​ដុល្លារអាមេរិក ក្នុងអត្រាពន្ធ​រហូតដល់​២៥%។

ជាការឆ្លើយតប​ទៅនឹងការ​ប្រកាស​ដំឡើងពន្ធ​លើទំនិញចិនថ្មី លើទំនិញចិន​តម្លៃ ៣០០ ពាន់លាន​ដុល្លារ​នេះដែរ លោក រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន Wang Yi បាន​និយាយថា ការសម្រេច​ដំឡើងពន្ធថ្មី​របស់លោកត្រាំនេះ គឺនឹងមិនអាច​ដោះស្រាយ​សង្គ្រាម​ពាណិជ្ជកម្ម​បានឡើយ។

លោក Wang បាន​ប្រាប់​អ្នកសារព័ត៌មាន​កាលពីពេល​ថ្មីៗនេះថា «ការបន្ថែមពន្ធគយ គឺពិតជា​មិនមែន​ជា​មធ្យោបាយ​ស្ថាបនា ដើម្បី​ដោះស្រាយ​បញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មទេ។ វាមិនមែនជា​មធ្យោបាយ​ត្រឹមត្រូវឡើយ»៕ 

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមជំរុញការអភិវឌ្ឍ កោះភូកុក ឬ កោះត្រល់ ដើម្បីទាក់ទាញភ្ញៀវទេសចរ និង វិនិយោគិន ឲ្យកាន់តែខ្លាំង

ព័ត៌មាន
ដើម្បជំរុញកោះភូកុក ដែលខ្មែរយើងហៅថា កោះត្រល់ ឲ្យតែរីកចម្រើន ក្រុមហ៊ុនអាកាសចរណ៍វៀតណាម គ្រោងនឹងបន្ថែមជើងហោះហើរចំនួន ៤ខ្សែទៀត ទៅកាន់កោះ...

ព្រឹទ្ធ​សភា​អាមេរិក​អនុម័ត​លោក W. Patrick Murphy ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​កម្ពុជា

ព័ត៌មាន
ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក​នៅថ្ងៃ​សុក្រ ទី២ ខែ​សីហា​នេះ បាន​អនុម័ត​លោក W. Patrick Murphy ឲ្យ​ក្លាយ​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ