អនាគត​អ្នក​ដាំ​ត្រកួន​-កញ្ឆែត​នៅបឹងទំពុន

អ្នក​ដាំ​ត្រកួន​-កញ្ឆែត​នៅ​បឹង​ទំពុន បារម្ភ​ខ្លាច​បាត់​មុខរបរ ខណៈ​បឹង​នេះ​កំពុង​លុប​ដើម្បី​អភិវឌ្ឍ


ពលរដ្ឋ​រាប់​រយ​គ្រួសារ ដែល​ពឹង​អាស្រ័យ​ផល​លើ​របរ​ដាំ​ត្រកួន​និង​កញ្ឆែត​នៅ​បឹងទំពុន ដែល​ស្ថិត​នៅ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ កំពុង​មាន​ការ​បារម្ភ​ជុំវិញ​ការ​លុប​បឹង​នេះ ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ។
អ្នក​ដាំ​ត្រកួន​-កញ្ឆែត​នៅ​បឹង​ទំពុន បារម្ភ​ខ្លាច​បាត់​មុខរបរ ខណៈ​បឹង​នេះ​កំពុង​លុប​ដើម្បី​អភិវឌ្ឍ។ រូបភាព៖ ហេង ភារម្យ
ដោយ

លោក​​យាយ ខៀវ ស៊ុន កសិករ​ដាំ​ត្រកួន​នៅ​បឹងទំពុន បាន​ឲ្យ​ដឹង​ថា លោក​យាយ​ប្រកប​របរ​នេះ​អស់​រយៈ​ពេល​៧​ឆ្នាំ​មក​ហើយ និង​ទទួល​បាន​កម្រៃ​សមរម្យ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ។ ថ្វីដ្បិត​មាន​កូន​៥​នាក់ តែ​លោក​យាយ​ដែល​មាន​វ័យ​៧០​ឆ្នាំ​ទៅ​ហើយ មិន​អាច​ពឹងពាក់​កូន​បាន​ទេ ហើយ​ក៏​មិន​ដឹង​រក​របរ​អ្វី​ផ្សេង​ឡើយ ខណៈ​បឹង​ដ៏​ធំ​នេះ​ត្រូវ​បាន​គេ​ចាក់​ដី​លុប​អស់​មួយ​ផ្នែក​ធំ​ទៅ​ហើយ​នោះ។

លោក​យាយ​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «គេ​ច្បាស់​ជា​លុប​អស់​ហើយ​ចៅ​អើយ! ប៉ុន្តែ អ្នក​នៅ​ក្នុង​បឹង​ហ្នឹង ចេះ​តែមាន​គម្រោង​ដែរ តែ​មិន​ដឹង​ទៅ​ណា ព្រោះ គ្មាន​ទិសដៅ​ពិត​ប្រាកដ​ទេ»។

មាន​ស្រុក​កំណើត​នៅ​ខេត្ត​ស្វាយរៀង លោក​យាយ ខៀវ ស៊ុន បាន​រស់នៅ​ផ្ទះ​ជួល​នៅ​ភ្នំពេញ និង​ជួល​បឹង​នេះ​ក្នុង​មួយ​ឆ្នាំ​១​លាន​រៀល សម្រាប់​ដាំ​ត្រកួន​ដែល​អាច​បាន​ផ្តល់​ប្រាក់​ចំណូល​ដល់​លោក​យាយ​ពី​២​ទៅ​៣​ម៉ឺន​រៀល​នៅ​ក្នុង​មួយ​ថ្ងៃ។ 

របរ​​​ដាំ​​ត្រកួន ថ្វីដ្បិត​តែ​លំបាក​បន្តិច​មែន តែ​វា​បាន​ជួយជីវភាពលោកយាយរហូត​មក ប៉ុន្តែបើ​បឹងនេះ ត្រូវលុប​អស់​មែន​នោះ តើ​លោក​យាយ​ត្រូវ​ធ្វើ​យ៉ាង​ណា?

លោក​យាយ​រៀបរាប់​ទាំងទឹក​មុខ​​ស្រងូត​ស្រងាត់​ថា៖ «បើសិន​លុប​​អស់ ប្រជាជន​មិន​ដឹង​រស់​នៅ​ត្រង់​ណា​ទេ សព្វថ្ងៃ បាន​បឹង​ហ្នឹង ទោះ​តិច​ឬ​ច្រើន យើង​បាន​លុយ​ចិញ្ចឹម​ជីវិត…ចុះ​បើ​អត់​ពី​បឹង​ហ្នឹង​ទៅ មិន​ដឹង​រសាត់​អណ្ដែត​ទៅ​ណា​ទេ? មាន​តែ​ទៅ​សុំទាន​គេ គេ​ម៉េច​ឲ្យ​យើង។ សព្វថ្ងៃ យាយ​ចំណាស់​ហ្នឹង​ហើយ មិន​ដឹង​ធ្វើ​អី បាន​បឹង​ហ្នឹង​ហើយ បាន​លក់​ត្រកួន​យក​លុយ​ទៅ​វត្ត​នឹង​គេ»។

បឹង​ទំពុន​​បាន​ក្លាយ​ជា​ចម្ការ​ត្រកួន​និង​កញ្ឆែត​ដ៏​ធំ​មួយ សម្រាប់​ផ្គត់ផ្គង់​នៅ​ភ្នំពេញ និង​បណ្តា​ខេត្ត​នានា​ជា​យូរ​មក​ហើយ។ បច្ចុប្បន្ន បឹងនេះ​ត្រូវ​បាន​ក្រុមហ៊ុន​ឯកជន​ចាក់​ដី​លុប​អស់​មួយ​ផ្នែក​ធំ​ទៅ​ហើយ។ 

បឹងទំពុន ដែល​ជា​ឆ្នាំង​បាយ​របស់​ពលរដ្ឋ​រាប់​រយ​គ្រួសារ នឹង​ត្រូវ​បាត់​មុខ​ពី​ផែនទី ដោយ​ជំនួស​មក​វិញ​នូវ​ទីក្រុង​រណប​នៅ​ថ្ងៃ​អនាគត ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន ING Holding Co., Ltd ដែល​ទទួល​គម្រោង​អភិវឌ្ឍន៍​បឹង​ទំពុន និង​បឹង​ជើងឯក​ពី​សាលា​រាជ​ធានី​ភ្នំពេញ នៅ​ក្នុង​ទំហំ​ផ្ទៃ​ដី​សរុប ២៥៧២​ហិកតា និង​បោះទុន​វិនិយោគ​ក្នុង​ទឹក​ប្រាក់​សរុប ៦៩៦​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

លោក សុខ គីមហៀង ដែល​ជួល​ដី​បឹង​មួយ​ឆ្នាំ​អស់​១​លាន​រៀល ដើម្បី​ដាំ​កញ្ឆែត​នៅ​បឹងទំពុន​នេះ​ដែរ បាន​រៀបរាប់​ថា របរ​ដាំ​កញ្ឆែត​បាន​​ជួយ​ជីវភាព​របស់​លោក​បាន​យ៉ាង​ច្រើន និង​អាច​ឲ្យ​លោក​សន្សំ​ប្រាក់​បាន​ពី ១០០ ទៅ ២០០​ដុល្លារ​នៅ​ក្នុង​មួយ​ខែ​ទៀត​ផង។

អ្នក​ដាំ​ត្រកួន​-កញ្ឆែត​នៅ​បឹង​ទំពុន បារម្ភ​ខ្លាច​បាត់​មុខរបរ ខណៈ​បឹង​នេះ​កំពុង​លុប​ដើម្បី​អភិវឌ្ឍ។

លោក​រៀបរាប់​ប្រាប់ ខេមបូណូមីស ថា៖ «ខ្ញុំ​ដាំ​លើ​ដី​ត្រឹម​៣០​អា កាត់​មួយ​លើក​បាន ៨០០​គីឡូក្រាម ឬ​មួយ​តោន យើង​បាន​តិច ព្រោះ​យើង​ដាំ​តិច។ ២០​ថ្ងៃ ខ្ញុំ​ត្រូវ​បាញ់​ថ្នាំ​អស់​២៥​ម៉ឺន​រៀល ទូទាត់​ទៅ ជីវភាព​របស់​យើង​រក​មិន​បាន​សល់​ច្រើន​ដូច​គេ គ្រាន់តែ​ហូប​ចុក​គ្រប់​គ្រាន់។ ត្រកួន​និង​កញ្ឆែត​ទី​នេះ បាញ់​ថ្នាំ​ទាំងអស់ ព្រោះ បើ​មិន​បាញ់​ថ្នាំ អត់​បាន​ហូប​ទេ»។

របរ​ដាំ​កញ្ឆែត​បាន​ផ្តល់​ប្រាក់​ចំណូល​ដល់​លោក សុខ គីមហៀង ១៣​ឆ្នាំ​មក​ហើយ។ បុរស​ដែល​មាន​កូន​បី​ក្នុង​បន្ទុក​រូប​នេះ បាន​ពឹង​អាស្រ័យ​ទាំង​ស្រុង​លើ​របរ​នេះ ប៉ុន្តែ នៅ​ពេល​គេ​លុប​បឹង​នេះ​ចោល លោក​មិន​ទាន់​ដឹង​ថា តើ​លោក​នឹង​ទៅ​រក​របរ​អ្វី​ផ្សេង​នោះ​ទេ​?

លោក​បន្ត​ថា៖ «ឥឡូវ ខ្ញុំ​អត់​មាន​ផែនការ​ចេញ​ទៅ​ណា​ទេ ព្រោះ បឹង​មាន​ទំហំ​ធំ​ដែរ ​ដី​ក្រុមហ៊ុន​គេ​ឲ្យ​យើង​ដាំ​បាន​ខ្លះ​ដែរ។ ដូច្នេះ យើង​នៅ​តែ​ដាំ​បន្ត ដល់​ថ្ងៃ​ណា​គេ​លែង​ឲ្យ​ដាំ ចាំ​យើង​ទៅ​រក​របរ​ផ្សេង​ទៀត។ ឥឡូវ មិន​ទាន់​រក​របរ​ឃើញ​ទេ ព្រោះ យើង​មាន​របរ​ហើយ គឺ​ដាំ​កញ្ឆែត»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក​ឧកញ៉ា សៀ ឫទ្ធី ប្ដេជ្ញា​បង្កើត​តំបន់​សម្រាប់ SME ឲ្យ​ចេញ​នៅ​​ឆ្នាំ​នេះ!

ព័ត៌មាន
លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ក្រុមហ៊ុន WorldBridge Group ដែល​ត្រូវ​បាន​មហាជន​ជា​ច្រើន​ស្គាល់​ថា ជា​អ្នក…

ក្រុមហ៊ុន SCG ចុះ MoU ជាមួយក្រសួងការងារ ដើម្បីបណ្តុះបណ្តាលជាងសំណង់នៅកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន SCG ដែលជាក្រុមហ៊ុនរកស៊ីខាងផ្គត់ផ្គង់សម្ភារសំណង់ បានចុះអនុស្សារណៈយោគយល់គ្នា(MoU) ជាមួយក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ