ការនាំចេញ​កសិកម្មវៀតណាម

ឥទ្ធិពលវីរុសកូរ៉ូណា៖ វៀតណាមអាចនឹងបាត់ចំណូល ៨០០ លានដុល្លារ ពីការនាំចេញផលិតផលកសិកម្មទៅចិន


បញ្ហារាលដាលនៃវីរុសកូរ៉ូណា គិតមកទល់ពេលនេះ នៅតែបន្ដកើនឡើងនៅឡើយ បើទោះបីជាប្រទេសជាច្រើន កំពុងដាក់វិធានការក្ដៅដើម្បីទប់ស្កាត់ក៏ដោយ។ យ៉ាងណាមិញ សម្រាប់ប្រទេសវៀតណាមវិញ បានប៉ាន់ប្រមាណថា ការនាំចេញផលិតផលកសិកម្មរបស់ខ្លួនទៅកាន់ទីផ្សារប្រទេសចិន អាចនឹងត្រូវខាតបង់ចំណូលប្រមាណ ៨០០ លានដុល្លារអាមេរិក ប្រសិនបើការរីករាលដាលនៃវីរុសកូរ៉ូណា នៅតែបន្ដធ្វើឲ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្ម។ នេះបើតាមការប៉ាន់ស្មានរបស់រដ្ឋាភិបាលវៀតណាម។
ឥទ្ធិពលវីរុសកូរ៉ូណា៖ វៀតណាមអាចនឹងបាត់ចំណូល ៨០០ លានដុល្លារ ពីការនាំចេញផលិតផលកសិកម្មទៅចិន (រូបភាព៖nhandan.org.vn)

លោក ផាន វ៉ាន់ ជីង អគ្គនាយក​នៃ​ភ្នាក់ងារ​​ពាណិជ្ជកម្ម​បរទេស ដែលស្ថិតនៅក្រោម​ក្រសួង​ឧស្សាហកម្ម និងពាណិជ្ជកម្ម​ បាន​ឲ្យដឹងថា វីរុសកូរ៉ូណា ប្រសិនបើ​ការរាលដាល​នៃវីរុស​កូរ៉ូណា​បន្ត​ក្នុងរយៈពេល​៣ខែ ផលប៉ះពាល់​ដល់​ការនាំចេញ​ផលិតផល​កសិកម្ម​វៀតណាម ទៅកាន់ទីផ្សារប្រទេសចិន អាចនឹង​មាន​ប្រមាណ ៤០០ ទៅ៦០០​លាន​ដុល្លារ ហើយប្រសិនបើ​ស្ថានភាព​រីករាលដាល​នៅបន្ដរយៈពេលវែងជាងនេះ ផលប៉ះពាល់​វាអាចនឹងកើនឡើងដល់ទៅ៦០០ ទៅ៨០០លាន​ដុល្លារអាមេរិក។

រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និងពាណិជ្ជកម្ម​វៀតណាម លោក Tran Tuan Anh បាន​និយាយដែរថា វីរុសកូរ៉ូណា ទំនងជានឹងបង្ករជា​ការខូចខាត​យ៉ាងធំធេង​លើពាណិជ្ជកម្ម​ជាមួយប្រទសចិន ដែលជា​ប្រទេស​បញ្ជាទិញ​ផលិតផល​កសិកម្មពី​វៀតណាម​ច្រើនជាងគេបំផុត​កាលពីឆ្នាំមុន។ លោក Tran បន្ដថា ទោះបីជា​វា​ស្ថិតក្នុង​រយៈពេល​ខ្លី ឬវែង​ក៏ដោយ វាត្រូវការ​មាន​ដំណោះស្រាយ​ឲ្យបានឆាប់​សម្រាប់​បញ្ហានេះ។ 

ក្រសួង​ផែនការ និងវិនិយោគវៀតណាម បាន​ប៉ាន់ប្រមាណនាពេលថ្មីៗនេះថា ប្រសិនបើ​ការផ្ទុះរាលដាល​នៃវីរុសកូរ៉ូណានេះ ត្រូវ​គ្រប់គ្រងបាន​នៅក្នុងត្រីមាសទី១នៃឆ្នាំនេះ ការនាំចេញ​របស់​វៀតណាម​នៅត្រីមាសទី១នេះ នឹងអាច​ធ្លាក់ចុះ​២០% ធៀបនឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចេញទៅចិន អាចនឹង​ធ្លាក់ចុះ ២៥%ដែរ។

ប៉ុន្ដែ បើបញ្ហានេះ​អូសបន្លាយ​ដល់​ត្រីមាសទី២ ការនាំចេញទៅចិន​អាចនឹងធ្លាក់ចុះ​រហូតដល់ទៅ ៥៦% នេះបើតាមការគូសបញ្ជាក់​របស់​ក្រសួង​ផែនការ និងវិនិយោគវៀតណាម។

ផ្លែស្រការនាគ និងឪឡឹក គឺកំពុង​រងគ្រោះ​ខ្លាំងជាងគេ​នៅគ្រាដំបូងនៃការផ្ទុះឡើង​នៃវីរុស​កូរ៉ូណានេះ ដោយមានរយៈកុងតឺន័រ​រាប់រយ​គ្រឿង ត្រូវបាន​ជាប់​នៅច្រកព្រំដែន អស់រយៈពេល​ជាង១០ថ្ងៃមកហើយ បន្ទាប់ពី​ថ្ងៃបណ្យចូលឆ្នាំចិនរួច ខណៈដែលអាជ្ញាធរគយ បាន​បិទការធ្វើពាណិជ្ជកម្ម ដើម្បី​ទប់ស្កាត់​ហានិភ័យ និងការរីករាលដាលនៃវីរុសកូរ៉ូណា។  

ទោះយ៉ាងណា មន្ត្រីរដ្ឋាភិបាល និងឈ្មួញ កំពុង​មានការព្រួយបារម្ភ​ថា ផ្លែឈើផ្សេងទៀត ដូចជា​ផ្លែគូលែន និងស្វាយជាដើម អាចនឹង​ត្រូវប្រឈមនឹងបញ្ហាដូចគ្នានេះដែរ ប្រសិនបើ​ចិន​បន្ត​ដាក់រារាំង​សកម្មភាព​ពាណិជ្ជកម្ម។

អ្នកជំនាញ​បានលើកឡើងថា ប្រទេសវៀតណាម ត្រូវតែស្វែងរក​ទីផ្សារថ្មីៗឲ្យបាន​ឆាប់​បំផុត សម្រាប់​ផលិតផល​ផ្លែឈើរបស់ខ្លួន។ ក្នុងនោះ ការធ្វើ​ការស្រាវជ្រាវទីផ្សារ គឺជាតម្រូវការ​មួយដើម្បីស្វែងរក​បានទីផ្សារ​ដ៏ល្អបំផុត​សម្រាប់ផលិតផល​​ផ្លែឈើនីមួយៗ។ ជាក់ស្ដែង ស្របពេលដែលវៀតណាម​បាន​នាំចេញ​ផ្លែស្រកានាគ​ក្នុងបរិមាណច្រើន ទៅកាន់​ទីផ្សារប្រទេសកូរ៉េខាងត្បូង ការស្ទង់មតិ​បង្ហាញថា មានអតិថិជន​ជាច្រើន នៅទីនោះ មានការចូលចិត្ត​ទទួលទាន​ផ្លែក្រូចថ្លុង។

មន្ត្រី​រដ្ឋាភិបាលវៀតណាម បាននិយាយថា សហភាពអឺរ៉ុប និងបណ្ដាប្រទេសផ្សេងទៀត ដែលវៀតណាម​បានចុះ​ហត្ថលេខា​​នៅក្នុងកិច្ចព្រមព្រៀង​វឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយ​ សម្រាប់ភាពជាដៃគូ​អន្តរប៉ាស៊ីហ្វី CP TPP ក៏មានសក្ដានុពល​ដើម្បីក្លាយជា​ទីផ្សារ​ជំនួស​របស់វៀតណាមផងដែរ។

ប្រទេសចិន ត្រូវបានគេដឹងថា គឺជា​ទីផ្សារ​នាំចេញ​ធំបំផុតទី៣​របស់​វៀតណាម កាលពីឆ្នាំមុននេះ ដោយមានតម្លៃទឹកប្រាក់នាំចេញសរុប​ជាង ៤១ពាន់លាន​ដុល្លារ កើនឡើងតិចតួចប៉ុណ្ណោះ ធៀបនឹងឆ្នាំកន្លងទៅ។ ក្នុងនោះ ការនាំចេញ​ផលិតផល​កសិកម្ម ជលផល និងអាហារសមុទ្រ​មានតម្លៃជាទឹកប្រាក់​សរុប ៧ពាន់លាន​ដុល្លារអាមេរិក។ នេះបើតាម​របាយការណ៍ពីគយវៀតណាម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេចហ៊ុន សែន ៖ការបិទរោងចក្រណាមួយនៅកម្ពុជា វាមិនបានពាក់ព័ន្ធនឹងEBA នោះទេ

ព័ត៌មាន
ថ្លែងនៅក្នុងពិធីបិទការដ្ឋានស្តារនិងសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ សម្តេច ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាអះអាងយ៉ាងច្បាស់ថា ទោះបីជ…

សមាគមរោងចក្រកាត់ដេរកម្ពុជា បញ្ជាក់ថា ការបិទរោងចក្រអាចមានរយៈពេលដល់ ២ខែ

ព័ត៌មាន
ក្រោយពីមានការអះអាងពីមន្ត្រីនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈថា ចាប់ពីខែមីនាខាងមុខនេះ នឹងមានរោងចក្រមួយចំនួនត្រូវបិទទ្វារបណ្ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ