ពន្ធគយវៀតណាម

ដើម្បីបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម វៀតណាម​សុខចិត្តបាត់ចំណូលពន្ធនាំចូល ៥៥៨លានដុល្លារ​នៅ១១ខែ ឆ្នាំនេះ


ប្រទេសវៀតណាម បានបាត់បង់ចំណូលពន្ធគយឬពន្ធនាំចូល ប្រមាណ ៥៥៨ លានដុល្លារអាមេរិក នៅក្នុងរយៈពេល១១ខែ នៅឆ្នាំនេះ ដោយសារតែមានការចុះកតិកាសញ្ញា នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសជាដៃគូក្នុងការសម្រួលដល់ការកាត់បន្ថយពន្ធនាំចូលសម្រាប់ទំនិញរបស់ប្រទេសទាំងនោះ ដើម្បីនាំចូលក្នុងប្រទេសវៀតណាម ហើយវៀតណាមក៏មានផលចំណេញសម្រាប់ការនាំចេញទៅកាន់ប្រទេសទាំងនោះវិញផងដែរ។
ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី អឺរ៉ុប-វៀតណាម កាលពីខែ​មិថុនា​កន្លងទៅ (រូបភាព៖suckhoedoisong.vn)

បើតាម​ការអះអាង​របស់​ អនុប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិការ​អន្តរជាតិ នៃក្រសួង​ហិរញ្ញវត្ថុ លោក Ha Duy Tung បាន​អះអាង​នៅក្នុង​សារព័ត៌មាន​ Vietnam Express ថា បច្ចុប្បន្ន វៀតណាម​មាន​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​ចំនួន​១២ កំពុង​អនុវត្ត ដែលវៀតណាម​បាន​ចំណាយ​ជាង ១ពាន់លាន​ដុល្លារអាមេរិកហើយ ក្នុងការ​កាត់បន្ថយ​ ឬលុបបំបាត់ចោល​ពន្ធនាំចូល។ ទន្ទឹមនឹងនេះ វៀតណាម ក៏​កំពុង​ស្ថិត​នៅក្នុង​កិច្ចចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សរុប​ប្រមាណ​២០ផងដែរ។

ទោះយ៉ាងណា លោក Duy Tung បញ្ជាក់ទៀតថា វិស័យគយ​នៅតែបន្តមាន​ប្រាក់​ចំណូល​កើនឡើង ពីពន្ធ​ជាច្រើនប្រភេទ​ផ្សេងទៀត រួមទាំង​ការការពារ​បរិស្ថាន ការប្រឆាំងនឹងការលក់​បង្ខូចថ្លៃ និងពន្ធលើ​ការប្រើប្រាស់ពិសេស​ជាដើម។ បើទោះបីជា​វៀតណាម ត្រូវតម្រូវ​ឲ្យ​កាត់ពន្ធនាំចូល​ក៏ដោយ ប៉ុន្ដែវៀតណាម​នៅតែ​អាច​យកពន្ធ​លើ​ប្រភេទពន្ធផ្សេងទៀតបាន។ 

ចំណូលពន្ធគយ​​បាន​បន្តកើនឡើងមែន ប៉ុន្ដែ សមាមាត្រ​នៃពន្ធនាំចូល​ទៅនឹង​ប្រាក់ចំណូល​ គឺមានការ​ធ្លាក់ចុះ។ តួយ៉ាង នៅឆ្នាំ២០១៧ ពន្ធនាំចូល មាន​ចំនួន​ជិត​២២% នៃចំណូល​ពន្ធគយសរុប បន្ទាប់មក​ធ្លាក់មកនៅ ជាង ១៧% នៅឆ្នាំ២០១៨ និងបន្ដធ្លាក់ចុះមកនៅ តែជិត​១៧% ប៉ុណ្ណោះ នៅ១១ខែ​ឆ្នាំ២០១៩នេះ។

១១ខែ ឆ្នាំនេះ វិស័យគយវៀតណាម ប្រមូលចំណូលបាន​ជិត​១៤ពាន់លាន​ដុល្លារអាមេរិក ខណៈដែល​ចំណូលពន្ធគយ​សរុប​កាលពីឆ្នាំ២០១៨មានជាង​១៣ពាន់លាន​ដុល្លារ និងឆ្នាំ២០១៧ មានជិត​១៣ពាន់លានដុល្លារ។ នេះបើតាម​ទិន្នន័យពី​គយវៀតណាម។ 

ពន្ធគយ​វៀតណាម កើនឡើង ដោយសារតែ​មាន​កំណើន​នៃចំណូល​នាំចូល​ពិសេស​លើ​ទំនិញ​ទាក់ទង​នឹង​វិស័យ​យានយន្ដ ក្រៅពីនេះ គឺបានមក​ពីពន្ធលើប្រេងសាំង ពន្ធការការពារបរិស្ថាន និងពន្ធការប្រើប្រាស់​ពិសេស។

ទន្ទឹមនឹងនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង​អឺរ៉ុប និងវៀតណាម ដែលបាន​ចុះហត្ថលេខា​កាលពីខែមិថុនា ឆ្នាំ២០១៩នេះ ក៏ត្រូវបាន​ដាក់ជូន​ទៅរដ្ឋសភាជាតិ និង​សភាអឺរ៉ុប សម្រាប់​ការផ្ដល់សច្ចាប័នផងដែរ​។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ត្រូវបានគេរំពឹងថា នឹងចូលជាធរមាន នៅ​ពាក់កណ្ដាល​ឆ្នាំ២០២០​ខាងមុខនេះ។

ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​អឺរ៉ុប វៀតណាមនេះ ប្រទេសវៀតណាម បានសន្យា នឹង​លុបចោល​ពន្ធគយ​ ជាង៤៨% នៃបន្ទាត់​ពន្ធនាំចូលរបស់ខ្លួន នៅពេលដែល​កិច្ចព្រមព្រៀងនេះ ចូលជាធរមាន ដោយលក្ខខណ្ឌ​លុបចោលពន្ធគយនេះ នឹង​ត្រូវ​អនុវត្ត​លើ​ការនាំចូល​ជាង​៦៤% ពីសហភាព​អឺរ៉ុប។ បន្ទាប់មក នៅ១០ឆ្នាំក្រោយ បន្ទាត់ពន្ធគយ ៩៩% ដែល​នឹងត្រូវ​អនុវត្ត​លើ​៩៩,៨%​នៃចំណូល​នាំចូល នឹងត្រូវបាន​លុបចោល។

សូមបញ្ជាក់ថា នៅឆ្នាំ២០១៩នេះ វៀតណាម បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​ចំនួន​៤ រួមមាន​ ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​អឺរ៉ុប-វៀតណាម, អាស៊ាន-ហុងកុង, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន, កិច្ចព្រមព្រៀងពាណិជ្ជកម្ម​វៀតណាម-គុយបា, និងកិច្ចព្រមព្រៀង​លើកកម្ពស់​ពាណិជ្ជកម្មទ្វេភាគី​វៀតណាម-កម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កសិករមានក្ដីសង្ឃឹមឡើងវិញ ខណៈតម្លៃស្វាយកែវរមៀតខុសរដូវឆ្នាំនេះកើនខ្ពស់

ព័ត៌មាន
កសិករដាំស្វាយកែវរមៀតនៅឆ្នាំនេះ ហាក់មានសង្ឃឹម មុខរីកឡើវិញ បន្ទាប់ពីតម្លៃស្វាយកែវរមៀតខុសរដូវនៅឆ្នាំនេះ បានហក់កើនឡើងដល់ទៅជាង ១.០០០ រៀល…

អនុប្រធាន​គណៈកម្មការ​អឺរ៉ុប ជួប​​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និយាយ​គ្នា​អំពី​ EBA

ព័ត៌មាន
លោក Joseph Borrell Fontelles អនុប្រធាន​គណៈកម្មការ​អឺរ៉ុប នៅថ្ងៃ​ទី​១៥ ខែ​ធ្នូ​នេះ បាន​និយាយ​ថា លោក​បាន​ជួប​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ