កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី វៀតណាម-EU

EU ជំរុញការអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាម


កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការវិនិយោគរវាងវៀតណាម និងសហភាពអឺរ៉ុប (EU) ត្រូវបានគណៈកម្មការអឺរ៉ុប ដាក់ស្នើដើម្បីអនុម័តហើយ កាលពីសប្ដាហ៍មុននេះ ខណៈដែលកិច្ចព្រមព្រៀងនេះ នឹងត្រូវឆ្លងការសម្រេចពីប្រទេសជាសមាជិកសហភាពអឺរ៉ុប ២៨ប្រទេស និង​សភា​អឺរ៉ុបផងដែរ។ អ្នកជំនាញ សេដ្ឋកិច្ច មើលឃើញថា ប្រសិនបើវៀតណាមទទួលបានកិច្ចព្រមព្រៀងនេះមែន នោះវៀតណាមកាន់តែ​មានប្រៀបលើការប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ ពិសេសគឺការនាំចេញតែម្ដង។
EU ជំរុញការអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាម
ដោយ

ការឈាន​ទៅរក​ការ​ទទួល​បាន​​នូវ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​របស់​វៀតណាម​​ជាមួយ​នឹង​ EU នេះ គឺដោយ​សារតែ​ភាគី​ទាំងពីរ ឯកភាព​គ្នា​លើការ​លើក​កម្ពស់​​លិទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិ​មនុស្ស។ លោកស្រី Cecilia Malmstrom  

ស្នង​ការពាណិជ្ជកម្ម​របស់ EU បាននិយាយ​ថា មិនមាន​នរណា​ម្នាក់​​បដិសេធ​​ថា មាន​បញ្ហា​​សិទ្ធិ​មនុស្ស​នៅវៀតណាម​នោះ​ឡើយ។

នៅថ្ងៃ​សុក្រ​ ទី២៦ ខែតុលា​​នេះ EU នឹងចុះ​​ហត្ថលេខា​​​លើកិច្ច​​ព្រមព្រៀង​​ពាណិជ្ជកម្ម​​ជាមួយ​នឹង​​ប្រទេស​សាំងហ្គាពួរ​ដែរ ខណៈដែល​ប្រទេស​​ឥណ្ឌូនេស៊ី កំពុង​ស្ថិត​នៅក្នុង​​ការជជែក​ពិភាក្សា​គ្នា។ 

គេនៅមិន​ទាន់ច្បាស់​នៅឡើយ​ទេថា តើសភាពអឺរ៉ុប ដែល​ជាអ្នក​ជជែក​វែក​ញែក និងបោះ​ឆ្នោត​​សម្រេច​លើកិច្ចព្រម​ព្រៀង​​ពាណិជ្ជកម្ម​រវាង EU នឹង​​សាំងហ្គាពួរ ក៏ដូចជា​កិច្ចព្រមព្រៀង​​ពាណិជ្ជកម្ម​ EU ជាមួយ​ជប៉ុន  ​​នៅ​ថ្ងៃសុក្រ ទី២៦ ខែតុលា ថា​នឹងអាច​សល់​ពេលវេលា​គ្រប់គ្រាន់​​ដើម្បី​​ពិភាក្សា និងបោះឆ្នោត​​សម្រេច​លើកិច្ច​ព្រមព្រៀង​​ពាណិជ្ជកម្ម​​ជាមួយ​នឹង​វៀតណាម នៅក្នុង​អំឡុងពេល​នោះដែរ ឬយ៉ាងណា​នៅឡើយ​ទេ។

ទោះយ៉ាងណា កិច្ច​ព្រៀមព្រៀង​ពាណិជ្ជកម្ម​នេះ ត្រូវបាន​គេ​ដឹងថា អាច​នឹង​លុប​បំបាត់​ពន្ធ​នាំចូល​រហូត​ទៅវិញទៅមក​​រវាង​វៀតណាម និង EU រហូត​ដល់ ​​៩៩% ប៉ុន្ដែ មាន​ទំនិញខ្លះ​​អាចធ្វើឡើង​ទៅតាម​ដំណាក់កាល និងខ្លះទៀត ពិសេស ផលិត​ផល​កសិកម្ម​​អាច​កំណត់​ជាកូតា​នាំចេញ។ 

ជាឧទាហរណ៍ ប្រសិន​​បើ​វៀតណាម ទទួល​បានកិច្ច​ព្រមពៀង​ពាណិជ្ជកម្ម​សេរី​ពីអឺរ៉ុប​មែន នោះវៀតណាម​អាច​នឹងត្រូវ​លុប​ពន្ធនាំ​ចូល​​ឡាន និងស្រា ពីប្រទេស​អឺរ៉ុប។ រីឯ អឺរ៉ុបវិញ អាចនឹង​​លុប​បំបាត់​ពន្ធ​លើ​ទំនិញ​សំខាន់ៗ​របស់​វៀតណាម ដូចជា វាយនភ័ណ្ឌ សំលៀកបំពាក់ និងស្បែកជើង ជាដើម។

ស្របពេល​ដែល​វៀត​ណាម នឹងទទួល​បាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​អឺរ៉ុប​នេះដែរ ប្រទេស​​អាស៊ាន​ចំនួនពីរ​ឯណេះ​វិញ គឺមីយ៉ាន់ម៉ា និងកម្ពុជា បាន​និងកំពុង​​ប្រឈម​​នឹងការ​របូត​​​ប្រព័ន្ធ​អនុ​គ្រោះពន្ធ​​ EBA ពីសហភាព​អឺរ៉ុប។

ជាក់ស្ដែង នាពេលថ្មីៗ​​នេះ សហភាព​អឺរ៉ុប (EU) បាន​ជូន​​ដំណឹង​​ដល់​​រាជ​រដ្ឋាភិបាល​​កម្ពុជា​ថា ខ្លួន​នឹង​​​ចាប់​ផ្ដើម​​អនុវត្ត​​ដំណើរការ​​នីតិវិធី​​សម្រាប់​​ការ​ដក​​ការអនុគ្រោះ​ពន្ធ​ក្រោម​កម្មវិធី «ទំនិញ​គ្រប់​មុខ​លើក​លែង​តែ​អាវុធ» ឬ EBA របស់​សហភាព​​អឺរ៉ុប និង​ថា ដំណើរការ​នេះ​អាចនឹង​ឈាន​ទៅ​ដល់​ការ​ព្យួរ​ការអនុគ្រោះ​ពន្ធ​ក្រោម​កម្មវិធី EBA ប្រសិន​បើ​កម្ពុជា​មិន​ធ្វើ​ឲ្យ​មាន​ការកែ​លម្អ​ច្បាស់លាស់ និង​មាន​ភ័ស្តុតាង​បញ្ជាក់​​ទេនោះ។ 

អ្នក​វិភាគ ​និង​អ្នក​សេដ្ឋកិច្ច​លើកឡើងជារឿយៗ ថា ប្រសិន​​បើ​កម្ពុជា​​បាត់បង់​​ឋានៈ​​អនុគ្រោះ​ពន្ធ EBA នេះ វិស័យ​ដែល​​នឹង​រង​ផល​ប៉ះពាល់​ខ្លាំងជាងគេ​បំផុត គឺ​វិស័យ​កាត់ដេរ​និង​ផលិត​ស្បែកជើង ដែល​ផ្ដល់​ការងារ​​ដល់​កម្មករជាង ៧សែន​នាក់។

ទោះជាយ៉ាងនេះក្ដី ជុំវិញ​ការអនុគ្រោះ​ពន្ធ​ក្រោម​​កម្មវិធី EBA មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​លើកឡើងជា​រឿយៗ ថា មែនទែន​ទៅ ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA នេះ នឹងមិន​ស្ថិត​នៅជាមួយ​កម្ពុជា បាន​រហូត​នោះទេ ពោលគឺ​វានឹង​​ត្រូវបាត់​បង់​នៅថ្ងៃណា​មួយ ព្រោះ​ប្រព័ន្ធអនុ​គ្រោះពន្ធ​នេះ គឺមាន​សម្រាប់តែ​ប្រទេស​​មានការ​អភិវឌ្ឍ​តិចតួច​ប៉ុណ្ណោះ (LDC) ដូច្នេះ ​ប្រសិនបើ​កម្ពុជា ឡើង​ឋានៈ​ហួស​ពីនេះ ច្បាស់​ណាស់ កម្ពុជា​នឹងត្រូវ​របូត EBA នេះហើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីសត្តឃាត​​គោ​អូស្ត្រាលី​ធំ​ជាង​គេ​បំផុត​នៅ​កម្ពុជា ប្រកាស​បើក​ឡើង​វិញ​ដើម​ឆ្នាំ​២០១៩ បន្ទាប់​​ពី​បិទ​ទ្វារ​ជាង​មួយឆ្នាំ

ព័ត៌មាន
ទីសត្តឃាត​គោ​អូស្ត្រាលី​ដ៏ធំជាង​គេ​បំផុតនៅ​កម្ពុជា ​វិនិយោគដោយ​ក្រុមហ៊ុន SLN Meat Supplies Pty Ltd. ដែល​បាន​បិទ​ទ្វារ​មួយ​រយៈ​កន្លង…

គេហ​ទំព័រ​ក្រសួង​ទេសចរណ៍​កម្ពុជា មិន​មាន​ធ្វើ​បច្ចុប្បន្នភាព (No Update)?

ព័ត៌មាន
គេហទំព័រ​ផ្លូវការ​ក្រសួង​ទេសចរណ៍​កម្ពុជា www.tourismcambodia.org មិនបានធ្វើបច្ចុប្បន្នភាពអស់រយៈពេលជាង​១​ឆ្នាំ​មក​ហើយ។ មក​ដល់​ល្ងាច​ម៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ