ការនាំចេញ​ផ្លែឈើទៅចិន

ការនាំចេញផ្លែឈើវៀតណាមទៅចិន កំពុងប្រកួតប្រជែងកាន់តែខ្លាំងជាមួយកម្ពុជា និងថៃ


ក្រៅតែពីអាមេរិក និង អឺរ៉ុប ប្រទេសចិនក៏ជាជាទីផ្សារនាំចេញដ៏ធំមួយសម្រាប់ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ ពិសេសគឺការនាំចេញផលិតផលកសិកម្មតែម្ដង។ មិនថាតែកម្ពុជាទេ ដែលកំពុងសម្រុកនាំចេញផលិតផលកសិកម្មទៅចិន គេឃើញថា វៀតណាម និងថៃក៏កំពុងសម្រុកនាំចេញដូចគ្នាដែរ។ ប៉ុន្ដែ វៀតណាម ហាក់កំពុងប្រឈមនឹងការប្រកួតប្រជែងខ្លាំងជាងគេ ជាមួយនឹងផលិតផលកសិកម្មពីប្រទេសជិតខាងដូចជាកម្ពុជា និងថៃ សម្រាប់ការនាំចេញទៅកាន់ទីផ្សារចិនពេលនេះ។
ការនាំចេញផ្លែឈើវៀតណាមទៅចិន កំពុងប្រកួតប្រជែងកាន់តែខ្លាំងជាមួយកម្ពុជា និងថៃ
ដោយ

សារព័ត៌មានវៀតណាម VN Express បានឲ្យដឹងថា បច្ចុប្បន្ន វៀតណាមកំពុងប្រឈមនឹងការកើនឡើងការប្រកួតប្រជែងទីផ្សារជាមួយប្រទេសជិតខាងដូចជាកម្ពុជា និងថៃ កាន់តែខ្លាំងឡើងៗ ក្នុងការនាំចេញផ្លែឈើទៅកាន់ទីផ្សារប្រទេសចិន ខណៈដែលទីផ្សារចិននេះ គឺជាទីផ្សារធំបំផុតសម្រាប់ផលិតផលផ្លែឈើរបស់វៀតណាម ក៏ដូចជាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ

កសិករនៅតំបន់ភាគខាងត្បូងនៃខេត្តឡុង អានប្រទេសវៀតណាមបានលើកឡើងប្រាប់សារព័ត៌មានវៀតណាម VN Express ថា ចំនួនឈ្មួញចិនដែលចូលមកក្នុងប្រទេសវៀតណាម ដើម្បីទិញផ្លែឈើ មានការធ្លាក់ចុះជាលំដាប់ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ដែលវាក៏បានធ្វើឲ្យ តម្លៃផ្លែឈើក៏មានការធ្លាក់ចុះទៅតាមនោះដែរ។

ប្រជាកសិករវៀតណាមកំពុងមានការជាក់គាំងនៅឆ្នាំនេះ ក្នុងការនាំចេញផ្លែឈើមួយចំនួនទៅកាន់ទីផ្សារចិនដូចជា ផ្លែស្វាយ ខ្នុរ ផ្លែប៊័រ និងឪឡឹកជាដើម ដោយសារតែមានការប្រកួតប្រជែងទីផ្សារខ្លាំងជាមួយនឹងបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ តួយ៉ាង ថ្មីៗនេះដែរ កម្ពុជាទើបតែបាននាំចេញផ្លែស្វាយស្រស់ទៅកាន់ទីផ្សារចិនផ្លូវការជាលើកដំបូង ក្នុងបរិមាណជាង២០០តោន។ ប៉ុន្ដែ មកទល់ពេលនេះ កម្ពុជាកំពុងខ្វះស្វាយនាំចេញទៅចិនបន្ថែមទៀត ដ្បិតថារដូវប្រមូលផលស្វាយបានផុតទៅហើយ។ កម្ពុជារំពឹងថា នឹងអាចនាំចេញផ្លែស្វាយទៅចិនបានប្រមាណ១០ម៉ឺនតោនក្នុងមួយឆ្នាំ។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា ឯកឧត្តម វេងសាខុន ដែលបានប្រាប់ខេមបូណូមីសថ្មីៗនេះ។

តាមការគូសបញ្ជាក់នៅក្នុងសារព័ត៌មានវៀតណាមបានឲ្យដឹងថា ប្រទេសចិនបានមើលឃើញពីគុណភាពខ្ពស់របស់ផ្លែស្វាយកម្ពុជា ហើយបានអនុញ្ញាតឲ្យកម្ពុជានាំចេញស្វាយទៅចិនបានប្រមាណកន្លះលានតោនក្នុងមួយឆ្នាំ។

ក្រៅពីកម្ពុជា ប្រទេសថៃ ក៏ជាដៃគូប្រជែងមួយទៀតរបស់វៀតណាមដែរ ហើយថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានព្រមានថា អ្នកនាំចេញទុរេន ក្រូចថ្លុង មង្ឃុត នឹងត្រូវប្រឈមនឹងការប្រកួតប្រជែងខ្លាំងជាមួយនឹងប្រទេសថៃ។

អ្នកបញ្ជាទិញចិន ហាក់មានចំណាប់អារម្មណ៍ចំពោះទុរេននាំចូលពីថៃ និងម៉ាឡេស៊ី ដោយសារតែតម្លៃមានការធ្លាក់ចុះនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមានប្រៀបជាងទុនរេនវៀតណាម។

បើទោះបីជាការនាំចេញផ្លែឈើរបស់វៀតណាម ទៅចិនមានការលំបាកក៏ដោយ ប៉ុន្ដែ បើមើលទៅលើការនាំចេញផ្លែឈើទៅប្រទេសផ្សេងទៀតហាក់មានកើនឡើងគួរឲ្យកត់សម្គាល់តួយ៉ាង ដូចជាការនាំចេញទៅប្រទេសរុស្ស៊ី ជប៉ុន អាមេរិក និងអូស្ត្រាលីជាដើម ដោយមានអត្រាកំណើនចន្លោះពី ៣០ទៅ៥០ភាគរយ។

នៅក្នុងរយៈពេល៥ខែដំបូងនៅឆ្នាំ២០២១ វៀតណាមបាននាំចេញផ្លែឈើសរុបកើនឡើង១៨% ធៀបនឹងរយៈពេលដូចគ្នាកាលពិឆ្នាំមុន ដោយមានតម្លៃជាទឹកប្រាក់ប្រមាជិត១ពាន់៨រយលានដុល្លារ ក្នុងនោះទីផ្សារចិនមានចំណែកដល់ទៅ៦៣% នៃការនាំចេញផ្លែឈើសរុប៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃចាប់ផ្ដើមបន្ធូរបន្ថយវិធានការកូវីដ-១៩ បើទោះបីជា អ្នកឆ្លងថ្មីប្រចាំថ្ងៃនៅតែមានរាប់ពាន់នាក់

ព័ត៌មាន
នាយករដ្ឋមន្ត្រីថៃលោកប្រយុទ្ធ ចាន់អូចាបានអះអាងថា បើទោះបីជាស្ថានភាពឆ្លងរីករាលដាលកូវីដ-១៩ ក្នុងប្រទេសថៃ នៅបន្ដកើតមានរាប់ពាន់នាក់ក្នុងមួយថ្ង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ