កសិកម្ម-ស្វាយចន្ទី

វៀតណាម គ្រោងផ្តល់ពូជ​និង​អ្នកជំនាញ​ដើម្បីសម្រេចផែនការនាំចេញស្វាយចន្ទីពីកម្ពុជា ឲ្យបាន១លានតោន


ប្រទេសវៀតណាម ដែលជាទីផ្សារគ្រាប់ស្វាយចន្ទីរបស់កម្ពុជាទីមួយ កំពុងរៀបចំឯកសារចុះកិច្ចព្រមព្រៀងជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដោយមានផែនការផ្តល់ពូជ និងអ្នកជំនាញបច្ចេកទេសដល់កម្ពុជា ដើម្បីពង្រីកផ្ទៃដីដាំដុះឲ្យបាន៥០ម៉ឺនហិចតា ដែលជាមហិច្ឆិតារបស់វៀតណាម ក្នុងការនាំចេញស្វាយចន្ទីពីកម្ពុជា ចូលទៅវៀតណាម ឲ្យបាន១លាន តោនជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំនេះ រហូតដល់ឆ្នាំ២០២២។
នេះជាប្រភេទដំណាំស្វាយចន្ទី ដែលកំពុងពេញនិយម​នៅទីផ្សារក្រៅប្រទេស
ដោយ

ក្នុងជំនួបជាមួយ លោករដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ លោក  ឧកញ៉ា ឡេង ឬទ្ធី ប្រធានសម្ព័ន្ធកៅស៊ូវៀតណាមប្រចាំកម្ពុជា បានពិភាក្សាការងារ និងរាយការណ៍ពីដំណើរការនៃការរៀបចំឯកសារសំខាន់ៗ ដូចជា៖ ឯកសារចុះអនុស្សរណៈយោគយល់គ្នា និង ឯកសារសម្របសម្រួលនៃការធ្វើកសិកម្មតាមកិច្ចសន្យា រវាងភាគីទាំងពីរ ដើម្បីទៅ ប្រមូលទិញស្វាយចន្ទីពីកម្ពុជានាំចេញទៅវៀតណាម។

បើតាមកិច្ចព្រមព្រៀងនេះ វៀតណាម នឹងប្រមូលទិញផលិតផលស្វាយចន្ទីពីកម្ពុជា ជាលក្ខណៈផលិតផលសម្រេច ឬ ជាវត្ថុធាតុដើមឲ្យបាន ១ លានតោនក្នុង១ឆ្នាំ ខណៈ ជារៀងរាល់ឆ្នាំកន្លងមក វៀតណាមបានទិញគ្រាប់ស្វាយចន្ទីកម្ពុជាតែ ១០០ពាន់តោនប៉ុណ្ណោះ។ 

កាលពីឆ្នាំ២០១៦ កម្ពុជា​អាចផលិតគ្រាប់ស្វាយចន្ទីបាន ១០៤ពាន់តោន។ នេះបើតាមការចុះផ្សាយរបស់ទំព័រហ្វេសប៊ុក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។

ក្រៅពីគ្រោងចុះកិច្ចសន្យាទិញស្វាយចន្ទី សមាគមគ្រាប់ស្វាយចន្ទីវៀតណាម បានសន្យាផ្តល់ពូជស្វាយចន្ទី១លានកូនដល់កម្ពុជា និង បញ្ជូនអ្នកជំនាញមកសិក្សាវាយតម្លៃលើស្ថានភាពដី និង សក្តានុពលក្នុងការដាំដុះស្វាយចន្ទីនៅបណ្តាខេត្តផ្សេងៗក្នុងទឹកដីកម្ពុជាផងដែរ។    

កាលពី​​ពេល​​កន្លងមក សមាគមគ្រាប់ស្វាយចន្ទីវៀតណាម បានសម្រេចផ្ដល់ទឹកប្រាក់ប្រមាណ ១,៥ពាន់លានដុង ឬស្មើនឹងប្រមាណ ៦៦,០០០ដុល្លារអាមេរិក មកឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទកម្ពុជា ដើម្បីបង្កើនការដាំដុះដំណាំស្វាយចន្ទីឲ្យបាន១លានដើម នៅលើផ្ទៃដីប្រមាណ៥០ម៉ឺនហិកតា ចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០២២ខាងមុខ។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Vietnam News កាលពីពេលថ្មីៗនេះ។

នេះជាប្រភេទដំណាំស្វាយចន្ទី

ជាមួយគ្នា នៅខែមីនា ដល់ខែមេសា ឆ្នាំ២០១៨ កសិករខ្មែរ នឹងចាប់ផ្តើមប្រមូលផលស្វាយចន្ធី ដែលឆ្នាំនេះ ពួកគេទំនងជាមានទឹកមានលេបហើយ ដ្បិតគ្រាប់ស្វាយចន្ទីឆៅ មួយគីឡូក្រាម មានតម្លៃកើនឡើងជិត ២ដុល្លារសហរដ្ឋអាមេរិក ខណៈកាលពីឆ្នាំទៅ មានតម្លៃត្រឹម១ដុល្លារលើស តិចតួច។ នេះបើតាមការអះអាងរបស់លោក យ៉ង សាំងកុមារ អ្នកជំនាញកសិកម្ម ដែលបានប្រាប់ខេមបូណូមីសកាលពីពេលកន្លងទៅថ្មីៗនេះ។

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ស្ថានភាពតម្លៃស្វាយចន្ទីពីរបីឆ្នាំនេះ គឺល្អប្រសើរ ព្រោះ តម្រូវការស្វាយចន្ទីកើនឡើងខ្ពស់ ជាពិសេសនៅអឺរ៉ុប និងអាមេរិក។​ ប្រជាជននៃបណ្តាប្រទេសទាំងនោះ មានការយល់ដឹងច្រើនពីផលប្រយោជន៍ស្វាយចន្ទីដែលជួយដល់សុខភាព។ ប៉ុន្តែ កន្លងមក ពលរដ្ឋ​​យើង​​ងាកទៅដាំម្រេច កៅស៊ូ ទើបធ្វើឲ្យការផ្គត់ផ្គង់ស្វាយចន្ទីខ្វះខាត»។ 

លោក យ៉ង សាំងកុមារ អ្នកជំនាញកសិកម្មដ៏ល្បីឈ្មោះរបស់កម្ពុជា

យ៉ាងណា ឲ្យតែរដូវប្រមូលផលស្វាយចន្ទី តម្លៃអាចនឹងធ្លាក់មកវិញ ព្រោះ កសិករតែងសម្រុកប្រមូលផលច្រើនជ្រុល។ លោកបានអំពាវឲ្យកសិករអ្នកដាំស្វាយចន្ទី ពេលរដូវប្រមូលផល យកល្អកុំនាំគ្នាសម្រុកលក់ ពោល គឺ គួរប្រមូលទុកសិន ហើយលក់បន្តិចម្តងៗ ដើម្បីកុំឲ្យខូតតម្លៃ ព្រោះ គ្រាប់ស្វាយចន្ទី ហាលថ្ងៃរួចទុកបានយូរ។     

បើតាមអ្នកជំនាញកសិកម្មរូបនេះ ស្វាយចន្ទីដែលជាដំណាំឧស្សាកម្មទីពីរបន្ទាប់ពីកៅស៊ូ ទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា គឺវៀតណាម ពីព្រោះ វៀតណាមមានរោងចក្រដែលមានសមត្ថភាពកែច្នៃរាប់លានតោន ខណៈកម្ពុជាមិនមានរោងចក្រកែច្នៃស្វាយចន្ទីនោះឡើយ ដោយរង់ចាំតែលក់គ្រាប់ស្វាយចន្ទីឆៅទៅទៅឲ្យបរទេស។

លោកបន្ថែមថា ក្រៅពីកម្ពុជា វៀតណាម ក៏នាំចូលគ្រាប់ស្វាយចន្ទីពីប្រទេសឥណ្ឌា និង អាហ្វ្រិច ដើម្បីធ្វើការកែច្នៃគ្រាប់ស្វាយចន្ទីទៅលក់នៅទីផ្សារអឺរ៉ុប និង អាមេរិក។                  

គួរបញ្ជាក់ថា នៅឆ្នាំ២០១៧នេះ កម្ពុជាបានប្រមូលផលគ្រាប់ស្វាយចន្ទីបានប្រមាណជាង ១០ម៉ឺនតោន។ 

នេះបើតាមរបាយការណ៍ក្រសួងកសិកម្ម ដែលបង្ហាញថា ខេត្តចំនួន២២ ដែលបានដាំដុះដំណាំស្វាយចន្ទី រួមមាន៖ ខេត្តកំពង់ធំជាប់លេខមួយក្នុងការដាំដុះដំណាំស្វាយចន្ទី ដោយបានប្រមូលផលបាន ៣០២៦៦,៥តោន ខណៈខេត្តសម្បូរចម្ការស្វាយចន្ទីបន្ទាប់ទៀត គឺខេត្តកំពង់ចាម ដែលទទួលផល១៩១៥០,៨តោន រីឯខេត្តរតនគិរី ទទួលបានទិន្នផល ១៧៤០៩ តោន និងមានខេត្តត្បូងឃ្មុំ សៀមរាប និងខេត្តបន្តបន្ទាប់ទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អគ្គនាយក​ក្រុមហ៊ុន SOMA ប្រាប់ពី​យុទ្ធសាស្រ្ត​ពីរ​ដើម្បី​ស្គាល់​មនុស្ស​ឲ្យ​បាន​ច្បាស់

ព័ត៌មាន
ការ​ស្គាល់​មនុស្ស​ឲ្យ​បាន​ច្បាស់​លាស់​នៅ​ក្នុង​ក្រុម​ការងារ គឺ​ជា​រឿង​ចាំបាច់​សម្រាប់​ប្រធាន​ក្រុមហ៊ុន ពីព្រោះ ពួកគេ​នឹង​ក្លាយ​ជា​អ្នក​ធ្…

អាជីវកម្ម​សាលា​បង្រៀន​ដូរ្យ​តន្ត្រី​កំពុង​កាក់​កប ខណៈ​ដែល​ចំនួន​សាលា​កើន​កាន់​តែ​ច្រើន

ព័ត៌មាន
ដូរ្យ​តន្ត្រី មិន​ត្រឹមតែ​ជា​ចំណី​អារម្មណ៍​មួយ​របស់​មនុស្ស​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ក៏​បាន​និង​កំពុង​ក្លាយ​ជា​របរ​មួយ​ដែល​អាច​រក​ចំណូល​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ