វិនិយោគនៅកម្ពុជា

វៀតណាម​ជា​ប្រទេស​អាស៊ាន​ដែល​បាន​វិនិយោគ​ច្រើន​ជាង​គេ​បង្អស់​នៅកម្ពុជា


វៀតណាម គឺជាប្រទេសអាស៊ានមួយ ដែលបានវិនិយោគផ្ទាល់មកកាន់ប្រទេសកម្ពុជាច្រើនជាងគេបំផុត ដោយបច្ចុប្បន្នមានគម្រោងវិនិយោគដោយក្រុមហ៊ុនវៀតណាមចំនួន ១៨៨គម្រោងកំពុងមានសកម្មភាពដំណើរការនៅកម្ពុជា និងមានដើមទុនចុះបញ្ជីសរុបជាង ២ពាន់៨រយលានដុល្លារអាមេរិក។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានក្នុងស្រុកវៀតណាម VN Express។
ក្រុមហ៊ុន Metfone នៅកម្ពុជា ដែលត្រូវបាន​វិនិយោគ​ដោយក្រុមហ៊ុន​វៀតណាម (រូបភាព៖ Vietnam News)
ដោយ

ក្រៅពីជាដៃគូវិនិយោគដ៏សំខាន់របស់កម្ពុជាហើយនោះ វៀតណាម ក៏ជាដៃគូពាណិជ្ជកម្មធំរបស់កម្ពុជាដែរពិសេស គឺជាទីផ្សារដ៏ធំសម្រាប់ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា។ តួយ៉ាង នៅ១១ខែឆ្នាំ២០២១ ការនាំចេញកសិកម្មពីកម្ពុជាទៅវៀតណាម មានដល់ទៅជាង ៣ពាន់៧រយលានដុល្លារអាមេរិកឯណោះ។

នៅ១១ខែ ឆ្នាំ២០២១ វៀតណាមបានវិនិយោគគម្រោងថ្មីចំនួន ៤គម្រោងនៅកម្ពុជា ដែលមានដើមទុនចុះបញ្ជីជិត៩០លានដុល្លារអាមេរិក កើនឡើងជាង៤ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាម ការអះអាងរបស់ប្រធានាធិបតីវៀតណាម លោក ង្វៀន សៀនហ្វុក នៅក្នុងជំនួបជាមួយនឹងសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា កាលពីថ្ងៃពុធ ទី២២ ខែធ្នូ។

បើគិតសរុបមកទល់បច្ចុប្បន្ននេះ វៀតណាមបាន និងកំពុងវិនិយោគនៅកម្ពុជាលើគម្រោងចំនួន១៨៨គម្រោង និងមានទុនចុះបញ្ជីសរុបជាង២ពាន់៨រយលានដុល្លារអាមេរិក។

តើក្រុមហ៊ុនវៀតណាមណាខ្លះ ដែលបានវិនិយោគធំជាងគេនៅកម្ពុជា? 

ជាការពិត ក្រុមហ៊ុនវៀតណាមដែលវិនិយោគធំជាងគេនៅកម្ពុជា គឺនៅតែជាក្រុមហ៊ុនទូរគមនាគមន៍ Viettel Cambodia ដែលជាក្រុមហ៊ុនមេរបស់ Metfone។ ត្រូវបានស្រង់សម្ដីដោយ សារព័ត៌មាន VN Express លោក ផុង វ៉ាន់ សួង (Phung Van Cuong) ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Viettel Cambodia បាននិយាយថា បន្ទាប់ពីបានបង្កើតក្រុមហ៊ុននៅកម្ពុជាអស់រយៈពេល១៥ឆ្នាំកន្លងមកនេះ ក្រុមហ៊ុននេះ បានផ្ដល់ការងារប្រមណ៣ម៉ឺនកន្លែង។ លោក ផុង វ៉ាន់ សួង បន្ថែមថា ក្រុមហ៊ុន Metfone មានតម្លៃសរុបប្រមាណ១ពាន់លានដុល្លារអាមេរិក ហើយក្រុមហ៊ុននេះ ក៏បានរួមចំណែកក្នុងការបង់ពន្ធចូលរដ្ឋាភិបាលកម្ពុជាប្រមាណ ៨២០លានដុល្លារអាមេរិកផងដែរ គិតមកទល់ពេលនេះ។

ក្រៅពីនេះ ក៏មានក្រុមហ៊ុនវៀតណាមជាច្រើនទៀតដែរ បានវិនិយោគនៅក្នុងវិស័យកសិកម្ម ពិសេសទាក់ទងនឹងការដាំដុះកៅស៊ូ ស្វាយចន្ទី ចេកអំបូងលឿងជាដើម។ តួយ៉ាង ក្រុមហ៊ុនកសិកម្មធំមួយរបស់វៀតណាម Thagrico បានវិនិយោគប្រមាណ ៣៨៨លានដុល្លារហើយនៅកម្ពុជាលើការដាំដុះដូងប្រេង កៅស៊ូ និងដំណាំហូបផ្លែផ្សេងទៀត។ ក្រុមហ៊ុនមួយនេះ ក៏មានមហិច្ឆតានាំចេញផ្លែចេកស្រស់ពីកម្ពុជាឲ្យបានដល់ ១ពាន់លានដុល្លារអាមេរិកផងដែរ។ ក្រុមហ៊ុន Thagrico មានផែនការនឹងពង្រីកការវិនិយោគ ១០០លានដុល្លារបន្ថែមទៀត នៅឆ្នាំក្រោយនេះ លើវិស័យកសិកម្ម និងការចិញ្ចឹមសត្វនៅកម្ពុជា និងអាចបង្កើនការវិនិយោគបន្ថែម ៥០០លានដុល្លារទៀត ប្រសិនបើមានតម្រូវការចាំបាច់។

យ៉ាងណាក៏ដោយចុះ ក្រុមហ៊ុនវៀតណាមនៅកម្ពុជា ក៏បានស្នើឲ្យរដ្ឋាភិបាលកម្ពុជាមានការផ្លាស់ប្ដូរមួយចំនួន ដើម្បីជួយឲ្យអាជីវកម្មរបស់ពួកគេកាន់តែមានភាពងាយស្រួលជាងមុន ពិសេសទាក់ទងនឹងបញ្ហាកង្វះថាមពលតែម្ដង។

សូមបញ្ជាក់ថា បើមើលទៅលើការដោះដូរពាណិជ្ជកម្មវិញ នៅ១១ខែកន្លងមកនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាមសម្រេចបានដល់ទៅជាង ៨ពាន់៦រយលានដុល្លារ កើនឡើង៨៤%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បើទោះបីជាប្រទេសទាំងពីរមានជួបបញ្ហាប្រឈមនឹងវិបត្តិកូវីដ១៩យ៉ាងណាក្ដី៕




អត្ថបទបន្ទាប់


ការនាំចេញវិស័យ​កាត់ដេរ​សម្លៀក​បំពាក់​និងស្បែកជើង​កម្ពុជាឆ្នាំ២០២២ រំពឹងស្ទុះ​ងើប​ឡើង​ខ្លាំង​កម្រិតណា?

ព័ត៌មាន
សមាគមរោងចក្រកាត់ដេរ (GMAC) មានភាពជឿជាក់ថា នៅឆ្នាំ២០២២ ខាងមុខ ការនាំចេញផ្នែកសម្ភារធ្វើដំណើរ នឹងបន្តកើនឡើងខ្ពស់ ខណៈការនាំចេញសម្លៀកបំពា…

វិធានការ​កូវីដ១៩​ដ៏​តឹងរ៉ឹង​របស់​ចិនកំពុង​​រាំងស្ទះ​ដល់​ការដឹកជញ្ជូន​ពិភពលោក

ព័ត៌មាន
គោលនយោបាយ គ្មានកូវីដ ដ៏តឹងរ៉ឹងរបស់ប្រទេសចិនកំពុងបង្កើនសម្ពាធលើកំពង់ផែរបស់ប្រទេសនេះ ដោយធ្វើឱ្យរំខានដល់ការដឹកជញ្ជូនជាសកល និងដាក់បន្ទុកប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ