រថយន្តអគ្គិសនីវៀតណាម

វៀតណាម បង្ហាញមហិច្ឆតាផលិតរថយន្តអគ្គិសនីក្នុងស្រុកកាន់តែធំ


សមាគមផលិតរថយន្តវៀតណាម បានដាក់ចេញនូវផែនការអភិវឌ្ឍ វិស័យផលិតរថយន្តអគ្គិសនីក្នុងស្រុក ដោយអះអាងថា រថយន្តអគ្គិសនី គឺជា និន្នាការដែលមិនអាចផ្លាស់ប្តូរបាននៅក្នុងវិស័យរថយន្ត ដែលនឹងរីកចម្រើនកាន់តែខ្លាំងនាពេលខាងមុខ ដូច្នេះហើយ វៀតណាម ត្រូវចេះចាប់យកឱកាសនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម។
រោងចក្រ​ផលិតរថយន្ដ​របស់​ក្រុមហ៊ុន VinFast នៅវៀតណាម (រូបភាព៖ /www.carsifu.my)
ដោយ
អំពី Vietnam EV Car

លោក ដៅ កុង ខុយ តំណាង​មក​ពី សមាគម​រោងចក្រ​ផលិត​រថយន្ត​វៀតណាម បាន​លើក​ឡើង នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ស្តី​ពី​ការ​ធ្វើ​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ការ​អភិវឌ្ឍ​រថយន្ត​អគ្គិសនី​នៅ​ក្នុង​ប្រទេស​វៀតណាម ឲ្យ​បានដឹង​ថា គោលនយោបាយ​របស់​វៀតណាម ចំពោះ​រថយន្ត​អគ្គិសនី គឺ​ដើរ​យឺត​ជាង​ប្រទេស​ជិតខាង​ដូច​ជា ប្រទេស​ថៃ ម៉ា​ឡេ​ស៊ី និង​ឥណ្ឌូ​នេ​ស៊ី​ជាដើម​។

លោក បន្ត​ថា ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស​វៀតណាម សម្រាប់​ការ​អភិវឌ្ឍ រថយន្ត​អគ្គិសនី ក៏​ប្រហែលជា​មិន​ទាន់​រួចរាល់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ដែរ ដោយ​បច្ចុប្បន្ន​នេះ នៅ​ក្នុង​ប្រទេស​វៀតណាម សឹងតែ​គ្មាន ស្ថានីយ៍​សាក​ថ្ម​រថយន្ត​អគ្គិសនី ទៅ​ហើយ​។

លើស​ពី​នេះ នៅ​តាម​គ្រួសារ​នីមួយ​ៗ ក្នុង​ប្រទេស​វៀតណាម ក៏​ពុំ​ទាន់​មាន​លទ្ធភាព​បំពាក់​ប្រព័ន្ធ​សាក​ថ្ម​រថយន្ត នៅ​តាម​ផ្ទះ​ផង​ដែរ ខណៈ​ការ​សាក​ថ្ម​រថយន្ត​តាម​ផ្ទះ ជា​រឿង​ធម្មតា​រួច​ទៅ​ហើយ នៅ​តាម​បណ្តា​ប្រទេស​ជឿនលឿន​។

ទន្ទឹម​គ្នា​នេះ ការ​ផ្លាស់​ប្តូរ​ខ្សែ​ចង្វាក់​ផលិតកម្ម​រថយន្ត​ប្រពៃណី ពី​ការ​ប្រើប្រាស់​ម៉ាស៊ីន​ចំហេះ​ខាងក្នុង ទៅ​ជា រថយន្ត​អគ្គិសនី នឹង​ធ្វើ​ឲ្យ​ផលិតកម្ម​គ្រឿង​បង្គុំ​មួយ​ចំនួន ហួស​សម័យ ដូច្នេះ​ហើយ វា​ចាំបាច់​ត្រូវ​តែ​មានដំណើរ​ការ​ផ្លាស់​ប្តូរ​ជាក់លាក់​។

ដើម្បី​អភិវឌ្ឍ​វិស័យ​រថយន្ត​អគ្គិសនី​ក្នុងស្រុក​វៀតណាម សមាគម​រោងចក្រ​ផលិត​រថយន្ត​វៀតណាម បាន​រៀបចំ​នូវ ដំណាក់កាល​អភិវឌ្ឍន៍​ចំនួន ៣​ដំណាក់កាល​។

ក្នុង​ឆ្នាំ ២០២១-២០៣០ វិស័យ​រថយន្ត​វៀតណាម ដាក់​គោលដៅ​ផលិត​រថយន្ត​គ្រប់​ប្រភេទ​ប្រមាណ ១​លាន​គ្រឿង ដោយ​ក្នុង​នោះ រថយន្ត​ប្រើ​ម៉ាស៊ីន​ចំហេះ​ក្នុង​នៅ​តែ​ឈរ​លើ​កំពូល​តារាង ប៉ុន្តែ​រថយន្ត​អគ្គិសនី ចាប់ផ្តើម​កើនឡើង​បន្តិច​ម្តង​ៗ​។

ចូល​ដល់​ឆ្នាំ ២០៣០-២០៤០ ការ​អភិវឌ្ឍ​រថយន្ត​អគ្គិសនី នឹង​កើនឡើង​ខ្លាំង​ជាមួយ​សមត្ថភាព​ផលិតកម្ម ៣​លាន ៥​សែន​គ្រឿង​អំឡុង​ពេល​នេះ​។

ចាប់ពី​ឆ្នាំ ២០៤០ ដល់ ឆ្នាំ ២០៥០ វិស័យ​ឧស្សាហកម្ម​រថយន្ត​ក្នុងស្រុក​វៀតណាម នឹង​មើលឃើញ​ពី ការ​អភិវឌ្ឍ​ក្នុង​កម្រិត​ថេរ និង​ឆ្អែត ជាមួយ​សមត្ថភាព​ផលិត​រថយន្ត​អគ្គិសនី​ជាង ៤​លាន​គ្រឿង​។

ក្នុង​ការ​ជំរុញ​ផែនការ​នេះ​ឲ្យ​ក្លាយជា​ការ​ពិត សមាគម​ផលិត​រថយន្ត​វៀតណាម បាន​ស្នើ​សុំ​ដល់ រដ្ឋាភិបាល​វៀតណាម ឲ្យ​ជួយ​ជំរុញ​តម្រូវការ​ប្រើប្រាស់​របស់​អតិថិជន តាម​រយៈ​ការ​ផ្តល់​ជូន​ការ​អនុគ្រោះ​ពន្ធ​ពិសេស សម្រាប់​ការ​បង្កើត​រថយន្ត​អគ្គិសនី​។

ក្រសួង​ហិរញ្ញវត្ថុ និង​ក្រសួង​ដឹក​ជញ្ជូន​វៀតណាម បាន​ស្នើ​សុំ​ទៅ​កាន់​រដ្ឋាភិបាល​រួច​ជា​ស្រេច ក្នុង​ការ​បង្កើត​ច្បាប់​វិនិយោគ​ថ្មី​នៅ​ក្នុង​វិស័យ​រថយន្ត​អគ្គិសនី​ផង​ដែរ​។

សូម​ជម្រាប​បន្តិច​ថា នៅ​ក្នុង​រយៈពេល ៦​ខែ​ដំបូង ឆ្នាំ​២០២១​នេះ វៀតណាម ក៏​បាន​នាំ​ចេញ​រថយន្ត​ទាំងមូល ៨​ម៉ឺន​គ្រឿង នៅ​ក្នុង​ឆមាស​ទី ១​នេះ ដែល​មាន​កំណើន ១០០% ធៀប​នឹង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្ញើ​ប្រាក់​​ទៅ​ឲ្យ​មនុស្ស​ជាទីស្រលាញ់​នៅស្រុក​កំណើតនា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ជាមួយ អេស៊ីលីដាម៉ូបាល

ព័ត៌មាន
ក្នុងរដូវភ្ជុំបិណ្ឌខាងមុខនេះ ផ្ទេរប្រាក់ជូនក្រុមគ្រួសារនៅឯស្រុក តាមអេស៊ីលីដាម៉ូបាល ពិតជាលឿន និងមិនអស់ថ្លៃសេវា។ បុណ្យភ្ជុំបិណ្ឌនឹងខិតជិតច…

សាលារៀនចំនួន ៦ នៅកម្ពុជាទទួលបានពានរង្វាន់ជាតិ «សាលាមេត្រីបរិស្ថាន»

ព័ត៌មាន
សាលារៀនចំនួន៦ ក្នុងចំណោមសាលារៀនចំនួន៤៨ នៅកម្ពុជាបានទទួលពានរង្វាន់ «សាលាមេត្រីបរិស្ថានជាតិ» ពីក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងបរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ