បំណុលសាធារណៈវៀតណាម

វៀតណាមគ្រោងខ្ចីបំណុលបរទេសបន្ថែមទៀតនៅឆ្នាំនេះ ដើម្បីយកមករុញសេដ្ឋកិច្ចឲ្យស្ទុះងើបឡើងវិញ


ដើម្បីជំរុញសេដ្ឋកិច្ចឲ្យស្ទុះងើបឡើងវិញក្រោយពីមានការយាយីដោយវិបត្តកូវីដ-១៩ ប្រទេសវៀតណាម គ្រោងនឹងពង្រីកបន្ថែមនូវកម្រិតបំណុលសាធារណៈរបស់ខ្លួន ២ ទៅ៣ភាគរយបន្ថែមទៀត នៅឆ្នាំនេះ ហើយប្រាក់កម្ចីទាំងនោះ អាចនឹងត្រូវខ្ចីពីធនាគារពិភពលោក និងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិជាដើម។ នេះបើតាមការអះអាងរបស់នាយករដ្ឋមន្ត្រីវៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាម៖ វៀតណាមមិនទាន់រួចរាល់ សម្រាប់ការបើកទ្វារស្វាគមន៍ទេសចរអន្តរជាតិនៅឡើយទេ (រូបភាព៖https://vietnamnet.vn)

យោង​តាមសារព័ត៌មាន​ VN Express បាន​ឲ្យដឹងថា នាយក​រដ្ឋមន្ត្រីវៀតណាម​ លោកង្វៀន​ សៀនហ្វុក នាពេលថ្មីៗនេះ បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ដោយបញ្ជាឲ្យ​​ក្រសួងហិរញ្ញវត្ថុ​ គួរតែ​ចរចា​ខ្ចីប្រាក់​ពី​ធនាគារ​ពិភពលោក និងអង្គការ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ IMF ដើម្បី​យកមក​ស្ដារសេដ្ឋកិច្ច​របស់​ប្រទេស​ឡើងវិញ ក្រោយពីមាន​ផលប៉ះពាល់​ដោយសារតែ​កូវីដ-១៩។

ការស្វែងរកប្រាក់កម្ចី​បន្ថែមនេះ អាចនឹង​ធ្វើឲ្យ​បំណុល​សាធារណៈ​របស់វៀតណាម​កើនឡើង​ប្រមាណ២% ទៅ៣% បន្ថែមទៀត ពីលើ​កម្រិត​បំណុល​នាពេល​បច្ចុប្បន្នមាន​៥៧% ទៅ៥៨% នៃផលិតផល​ក្នុងស្រុក​សរុប។ ប៉ុន្ដែ វានៅតែស្ថិត​នៅក្នុង​គម្លាត​នៃ​កម្រិត​បំណុលសាធារណៈ​ដែល​សភាជាតិវៀតណាម​បានកំណត់​សម្រាប់​ឆ្នាំ​២០១៦-២០២០ ឲ្យមាន​នៅត្រឹម​៦៥% ប៉ុណ្ណោះ​នៃ ផលិតផល​ក្នុងស្រុក​សរុប ។

នាយក​រដ្ឋមន្ត្រីវៀតណាម​បាន​និយាយថា ការ​ស្ដារលើកស្ទួយ​ឲ្យសេដ្ឋកិច្ច​មានសម្ទុះងើបឡើងវិញ បន្ទាប់ពីមាន​ការរាតត្បាត​នៃមេរោគ គឺជា​បញ្ហាបន្ទាន់មួយ និងជា​គោលនយោបាយ​ដែលគួរតែ​ត្រូវបាន​ជំរុញ​ការចំណាយ ការវិនិយោគ និងការនាំចេញ។ លោកបន្ថែមថា ប្រាក់កម្ចីទាំងនេះ អាចនឹងយកទៅ​ប្រើប្រាស់​សម្រាប់​ជា​កញ្ចប់មូលនិធិ​គាំទ្រសម្រាប់​ពលរដ្ឋ​ដែល​រងផលប៉ះពាល់​ព្រោះតែ​មេរោគរាតត្បាត។

រដ្ឋាភិបាល​វៀតណាម​កាលពីពេលថ្មីៗនេះ បាន​និយាយថា បំណុលសាធារណៈ​របស់ខ្លួន​អាចនឹង​មាន​ដល់​៥៦,៤% នៃផលិតផល​ក្នុងស្រុក​សរុប​នៅឆ្នាំនេះ ប្រសិនបើ​ផលិតផល​ក្នុងស្រុក​សរុប​កើន ៣,៦% ។ បំណុលសាធារណៈវៀតណាម​គិតត្រឹម​ឆ្នាំ២០១៩ មាន​ប្រមាណ​៥៤,៧% នៃផលិតផល​ក្នុងស្រុកសរុប។

លោក ង្វៀន សៀនហ្វុក បន្ថែមថា វិធានការសំខាន់មួយទៀត ដើម្បីជំរុញកំណើន​ គឺការផ្ដល់មូលនិធិ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ (ODA)។ ទោះយ៉ាងណា អាជ្ញាធរ​មូលដ្ឋាន​កំពុងប្រឈម​នឹងបញ្ហា​ក្នុងការ​ប្រើប្រាស់​មូលនិធិជំនួយអភិវឌ្ឍន៍ផ្លូវការនេះ។ ជាក់ស្ដែង បើតាម​ការ អះអាង​របស់​លោក ផាម ប៊ិញ មិញ បាន​ឲ្យដឹងថា នៅរយៈពេល​៦ខែមកនេះ មាន​ខេត្ត​និងក្រុង​ចំនួន២២ មិនអាច​ចំណាយ​​ប្រាក់​ជំនួយ​មូលនិធិ​នេះ ទៅតាម​គោលដៅ​ដែលបាន​ផ្ដល់ឲ្យនោះទេ បើទោះបីជា​ប្រទេសវៀតណាម​មានគម្រោង​នឹងចំណាយ​ប្រហែល​២ពាន់​៦០០​លាន​ដុល្លារអាមេរិក នៅឆ្នាំនេះក៏ដោយ។

កំណើន​ផលិតផល​ក្នុងស្រុក​សរុប​របស់វៀតណាម​នៅពាក់កណ្ដាល​ឆ្នាំ២០២០នេះ បានធ្លាក់ចុះ​មកនៅ​កម្រិត​ទាប​ក្នុងរយៈ​ពេល​១០ឆ្នាំ គឺមានកំណើន​តែជាង​១,៨% ប៉ុណ្ណោះ។ កាលពីឆ្នាំមុន វៀតណាម​មានកំណើន​សេដ្ឋកិច្ច​៧,០២% ដែលជាកំណើន​ខ្ពស់បំផុត​ទី២ ក្នុងរយៈពេល​១ទសវត្សរ៍​ចុងក្រោយនេះ បន្ទាប់ពី​កំណើនដែលធ្លាប់មាន​ខ្ពស់បំផុត​៧,០៨% នៅឆ្នាំ២០១៨៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ​អភិវឌ្ឍន៍អាស៊ី ឲ្យ​កម្ពុជា​ខ្ចី ២៥០លានដុល្លារអាមេរិក ដើម្បី​ឆ្លើយតបនឹងវិបត្តិកូវីដ១៩

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ​២០២០នេះ បាន​អនុម័ត​កញ្ចប់​កម្ចីដែលមានទឹកប្រាក់ ២៥០លានដុល្លារអាមេរិក ឲ្យដល់​រាជរដ្ឋ…

គម្រោងបិទដំណើរការខ្សែរថភ្លើងដឹកអ្នកដំណើរចេញចូលព្រលានយន្តហោះ នៅមានភាពស្រពេចស្រពិល

ព័ត៌មាន
មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា គម្រោងដែលថា នឹងបិទដំណើរការខ្សែរថភ្លើងដឹកអ្នកដំណើរចេញចូលព្រលានយន្តហោះនោះ នៅមិនទាន់មានភាពច្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ