Advertisement
ផែនការ​ចំពោះ​បដិវត្តន៍​ឧស្សាហកម្ម​ទី៤

វៀតណាមមានមហិច្ឆតា បង្កើតឲ្យមានក្រុមហ៊ុនបច្ចេកវិទ្យាគ្រាក់ៗ តម្លៃ ពាន់លានដុល្លារ ឲ្យបានដល់១០ ក្រុមហ៊ុន នៅឆ្នាំ២០៣០


ប្រទេសវៀតណាម បានបង្ហាញពីមហិច្ឆតារបស់ខ្លួន នឹងបង្កើតឲ្យមានក្រុមហ៊ុនបច្ចេកវិទ្យាតម្លៃ៥ពាន់លានដុល្លារ (Unicorns) យ៉ាងហោចណាស់ឲ្យបាន៥ ក្រុមហ៊ុននៅឆ្នាំ២០២៥ និង១០ ក្រុមហ៊ុននៅត្រឹមឆ្នាំ២០៣០ ខាងមុខ។ នេះបើតាមផែនការនៅក្នុងសេចក្ដីព្រៀងយុទ្ធសាស្ត្រជាតិចំពោះបដិវត្តន៍​ឧស្សាហកម្មទី៤។
វៀតណាមមានមហិច្ឆតាបង្កើតឲ្យមានក្រុមហ៊ុនបច្ចេកវិទ្យាគ្រាក់ៗ តម្លៃ ពាន់លានដុល្លារ ឲ្យបានដល់១០ ក្រុមហ៊ុន នៅឆ្នាំ២០៣០ (រូបភាព៖ VN Express)
Advertisement

ក្រសួង​ផែនការ និងការវិនិយោគវៀតណាម បានប្រកាស​សេចក្ដីព្រៀងនេះ។ បើតាម​សេចក្ដីព្រៀងនេះ ទំហំវិនិយោគ​សង្គម នៅក្នុង​ការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ត្រូវបាន​រំពឹងថា មានប្រមាណ ១,៥% នៃ ផលិតផល​ក្នុងស្រុកសរុប (GDP) នៅឆ្នាំ២០២៥។ បន្ថែមពីនេះទៀត វៀតណាម នឹងក្លាយ​ជា​ប្រទេស​កំពូលទាំង៣០ នៅក្នុងពិភពលោក បើគិតពីចំនួន​បណ្ណប៉ាតង់ក្នុងវិស័យ​បច្ចេកវិទ្យា ដែលបាន​ផ្ដល់អាទិភាព។

មិនតែប៉ុណ្ណោះ វៀតណាម​ក៏មាន​គោលដៅបង្កើត​ឲ្យមាន​ក្រុមហ៊ុន​ចំនួន ​៥ នៅឆ្នាំ ២០២៥ និង១០ ក្រុមហ៊ុន នៅឆ្នាំ២០៣០ ដើម្បីអាចផលិតនាំចេញ​ផលិតផល​ និងសេវាកម្ម ប្រើប្រាស់​ក្នុង​ឧស្សាហកម្ម​បច្ចេកវិទ្យា​4.0 ឬគេហៅថា​បច្ចេកវិទ្យា​ជំនាន់ថ្មី ដូចជា បណ្ដាញ 5G, Internet of Things (loT) បញ្ញាសិប្បនិម្មិត និងការវិភាគ​ទិន្នន័យ​ ដើម្បី​នាំ​ទៅកាន់ប្រទេស​ G7 មានដូចជា កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភព​អង់គ្លេស និងសហរដ្ឋអាមេរិក​។ 

ជាងនេះទៅទៀត ប្រទេសវៀតណាម ក៏មាន​គោលដៅ នឹង​ជំរុញឲ្យមាន​យ៉ាងហោចណាស់​២០% នៃ​​ក្រុមហ៊ុន​ក្នុងប្រទេស​ មាន​ការ​ប្រតិបត្តិការ​នៅក្នុងឧស្សាហកម្ម​ទី៤ នៅត្រឹមឆ្នាំ២០២៥ និងពង្រីកដល់ ៤០% នៅឆ្នាំ២០៣០។

វិស័យ​សំខាន់ៗ​ដែល​ត្រូវការ​ចាំបាច់​ធ្វើការជាមួយនឹង​ការផ្លាស់ប្ដូរ​បច្ចេកវិទ្យា គឺមានដូចជា រដ្ឋបាល​សាធារណៈ សេវាកម្ម ថែទាំសុខភាព ការអប់រំ ផលិតកម្ម កសិកម្ម, ភ័ស្តុភារពាណិជ្ជកម្ម បច្ចេកវិទ្យាព័ត៌មាន និងហិរញ្ញវត្ថុ និងធនាគារ។

ប្រទេសវៀតណាម ក៏មាន​ឆន្ទៈខ្ពស់ ក្នុងការ​ឈានទៅ​ក្នុងតំណែង​ជាកំពូល​ប្រទេស​មានការ​បង្កើតថ្មី​ទាំង​៣០ របស់ពិភពលោក ខណៈបច្ចុប្បន្ន​ឈរក្នុងលំដាប់ ទី ៤២។ 

បើនិយាយពី​ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា​គ្រឹះ គឺ 4G របស់វៀតណាម គឺត្រូវបានអភិវឌ្ឍ​បានយ៉ាងល្អ ខណៈដែលវៀតណាម​ក៏មានកម្លាំងពលកម្ម​វ័យក្មេង និងទទួលបានការបណ្ដុះបណ្ដាល​យ៉ាងល្អ ពិសេស​ផ្នែក​ព័ត៌មាន ​និងបច្ចេកវិទ្យា ដែលវាជាគ្រឹះ​សម្រាប់​ឧស្សាហកម្ម 4.0។

ប្រទេសវៀតណាម ក៏មាន​ក្រុមហ៊ុន​ IT ធំៗ​មួយចំនួនដែរ ដោយ​មានក្រុមហ៊ុននាំមុខ​ជាច្រើន បាន​វិនិយោគ​នៅក្នុង​បច្ចេកវិទ្យា​ឧស្សាហកម្ម 4.0 ពិសេស គឺប្រព័ន្ធរក្សាទុក​ទិន្នន័យ និង​ការវិភាគ​ទិន្នន័យ។ ទោះយ៉ាងណា ប្រាក់ចំណូល​ចម្បង​នៃ​វិស័យ បច្ចេកវិទ្យា​ព័ត៌មាន គឺបានមកពី ការផ្គត់ផ្គង់​កម្មវិធីខាងក្រៅ​(Software Outsourcing)។ ទន្ទឹមនឹងនោះ ក៏មាន​ក្រុមហ៊ុនខ្លះ​មានការ​ប្រយ័ត្នប្រយែង​ក្នុងការវិនិយោគ ក្នុង​វិស័យ​ឧស្សាហកម្មបច្ចេកវិទ្យា​ 4.0 នេះផងដែរ។

បើតាម​ក្រសួង​ផែនការ និងវិនិយោគវៀតណាម បដិវដ្ដឧស្សាហកម្ម​ជំនាន់ទី៤ នេះ អាច​នាំមកនូវ​ផលប្រយោជន៍​សេដ្ឋកិច្ច​យ៉ាងសំខាន់ណាស់។

នៅឆ្នាំ២០៣០ សេដ្ឋកិច្ច​វៀតណាម​អាចនឹងកើនបន្ថែម​ពី ២៨,៥ ពាន់លានដុល្លារ ទៅ ៦២,១ពាន់លាន​ដុល្លារ អាស្រ័យលើ ការប្រើប្រាស់​បច្ចេកវិទ្យា ស្មើនឹង​៧ ទៅ​១៦ភាគរយ នៃ GDP ប​បើធៀប​នឹង​ការដែលមិនបាន​ចូលរួម​ក្នុងឧស្សាហកម្ម 4.0។

គួរបញ្ជាក់ថា បដិវត្តន៍នេះ ត្រូវបានគេរំពឹងថា នឹងផ្លាស់ប្តូរ​រចនា​សម្ព័ន្ធ​ការងារ​នៃសេដ្ឋកិច្ច ដោយ​បន្ថែម ១,១ លាន ទៅ១,៣លាន​ការងារ នៅក្នុង​ប្រទេសវៀតណាម។ លើសពីនេះ ផលិតភាពការងារ ក៏អាច​នឹងកើនឡើងចន្លោះពី ៣១៥ដុល្លារ ទៅ៦៤០ ដុល្លារអាមេរិក សម្រាប់​បុគ្គលិក​ម្នាក់ផងដែរ នៅឆ្នាំ២០៣០៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ​នៅ​ចិន ផ្ដល់កម្ចីដល់អាជីវកម្មខ្នាតតូច ប្រមាណ ៥ទ្រីលានដុល្លារអាមេរិក នៅឆមាសទី១ ឆ្នាំនេះ

ព័ត៌មាន
ធនាគារនៅក្នុងប្រទេសចិន បានផ្ដល់កម្ចីសរុបប្រមាណ៥ទ្រីលានដុល្លារអាមេរិក ទៅដល់អាជីវកម្មខ្នាតតូច និងតូចបំផុតនៅក្នុងប្រទេសចិន នៅក្នុងឆមាសទី១...

កម្ពុជា ចង់ក្រសោបយកការវិនិយោគជប៉ុន ក្នុងវិស័យទេសចរណ៍ ឲ្យ​កាន់តែខ្លាំងក្លា

ព័ត៌មាន
ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន កំពុងបន្តនូវវឌ្ឍនភាពគួរឲ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលការវិនិយោគជប៉...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ