Advertisement
ការវិនិយោគកាស៊ីណូវៀតណាម

វៀតណាម ចង់ក្ដោបយក​​វិនិយោគ​កាស៊ីណូបន្ថែម តាមរយៈ​ការសម្រួល​លក្ខខណ្ឌវិនិយោគ


វៀតណាម ដែលត្រូវបានគេស្គាល់ថា ជាប្រទេសមានការតឹងរឹងហាមឃាត់ពលរដ្ឋខ្លួនចូលលេងល្បែងកាស៊ីណូនោះ នាពេលនេះបែរជាចង់កែប្រែលក្ខខណ្ឌច្បាប់វិនិយោគថ្មី ដើម្បីសម្រួលដល់ការផ្ដល់អាជ្ញាបណ្ណវិនិយោគកាស៊ីណូសម្រាប់វិនិយោគិនទៅវិញ។ ទោះយ៉ាងណា ការកែប្រែនេះ កំពុងត្រូវបានជជែក និងមានការបដិសេធពីក្រសួងសំខាន់ៗមួយចំនួន ដោយមិនទាន់បានសម្រេចផ្លូវការនៅឡើយទេ។
វៀតណាមបើកកាស៊ីណូតម្លៃជាង ២ពាន់លានដុល្លារ នៅលើកោះ ភូកុក ឬ កោះត្រល់ (រូបភាព ពី http://upffinity.com)
ដោយ
Advertisement

ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុវៀតណាម កំពុង​ដាក់ស្នើ​ដល់​រដ្ឋាភិបាល​ឲ្យ​មានការ​សម្រួល​ដល់​លក្ខខណ្ឌ​តម្រូវ​ទាក់ទង​នឹង​ដើមទុន​សម្រាប់​វិនិយោគិន​ ដែល​វិនិយោគ​លើអាជីវកម្ម​កាស៊ីណូ​ឲ្យមាន​ភាព​ងាយស្រួលជាងមុន ពោលគឺ​តម្រូវ​ឲ្យ​មាន​លក្ខខណ្ឌដើមទុន​តិច​ជាង​មុន ដែលវា​ត្រូវ​បានគេ​បាន​មើលឃើញថា​នឹង​ជំរុញដល់​ការវិនិយោគ​នៅក្នុង​តំបន់​រដ្ឋបាល​សេដ្ឋកិច្ច​ពិសេស​វៀតណាម​កាន់តែប្រសើរឡើង។ នេះបើតាម​ការ​ចុះផ្សាយ​ដោយសារព័ត៌មាន​ក្នុងស្រុក​វៀតណាម។

សារព័ត៌មាន Vietnam Express របស់វៀតណាម បាន​បញ្ជាក់ថា តាម​ច្បាប់​កំណត់​ដែលមានស្រាប់​នាពេល​បច្ចុប្បន្ននេះ វិនិយោគិន ត្រូវការ​មានដើមទុន​តិចបំផុត ២ ពាន់លាន​ដុល្លារអាមេរិក សម្រាប់​ការ​វិនិយោគ​លើ​តំបន់​រីស៊ត​​ចម្រុះ ដែលមាន​សេវា​កាស៊ីណូ ហើយ​ត្រូវ​មានប្រាក់​ដើម្បីចំណាយ​មុន យ៉ាងហោចណាស់ ៥០% នៃដើមទុន​សរុប ពោលគឺ មាន​១ពាន់លាន​ដុល្លារ​ មុនពេល​វិញ្ញាបនបត្រ​ចុះបញ្ជី​វិនិយោគ​ត្រូវបាន​ផ្ដល់ជូន។ 

ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​វៀតណាម ក៏បាន​ដាក់សំណើរ​ទៅកាន់​នាយករដ្ឋមន្ត្រី​ដោយរួមមានទាំង​ដើមទុនវិនិយោគ នៅក្នុងគម្រោង​ផ្សេងៗទៀត នៅក្នុង​តំបន់រដ្ឋបាល​សេដ្ឋកិច្ច​ពិសេស ក៏ដូចជា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទាក់ទង​នៅក្នុងតំ​បន់​នោះផងដែរ។

សំណើ​ថ្មីនេះ ត្រូវបាន​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​វៀតណាម មើលឃើញថា នឹង​ជួយដោះស្រាយ​បញ្ហា​លំបាក​សម្រាប់​វិនិយោគិន ហើយក៏ជាផ្នែកមួយ​ទាក់ទាញ​ការវិនិយោគ​នៅក្នុង​វិស័យកាស៊ីណូ និង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុងតំបន់​រដ្ឋបាល​សេដ្ឋកិច្ចពិសេស​ផងដែរ។

ទោះយ៉ាងណា សំណើ​របស់​ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញ​វត្ថុ​វៀតណាមនេះ ក៏ត្រូវបាន​ក្រសួង​ខ្លះ បដិសេធដែរ។ តួយ៉ាង ក្រសួង​ផែនការ និងវិនិយោគ បាន​ចាត់ទុក ការ​លុបចោល​នូវលក្ខខណ្ណ​វិនិយោគ ដើម្បី​គាំទ្រ​ដល់​ការវិនិយោគ​កាស៊ីណូនេះ អាចនឹង​ធ្វើឲ្យ​មិនមាន​ភាព​ស្មើភាព​ក្នុងការធ្វើអាជីវកម្ម ចំពោះ​អាជីវកម្មកាស៊ីណូ​ដែលទទួលបាន​អាជ្ញាបណ្ណ​រួចរាល់ហើយនោះ។

សូមបញ្ជាក់ថា វៀតណាម ធ្លាប់ជា​ប្រទេស​មួយ​ដែលមានការ​រឹតត្បិតខ្លាំងបំផុត ចំពោះ​ការបង្កើត​កាស៊ីណូនេះ ដោយរដ្ឋាភិបាល​បាន​ហាមឃាត់​ពលរដ្ឋ​របស់ខ្លួន​ក្នុងការ​ចូលលេងល្បែង​កាស៊ីណូ​ ពោលគឺកាស៊ីណូ​ គឺសម្រាប់តែ​ជនបរទេសប៉ុណ្ណោះ។

ប៉ុន្ដែ កាលពីឆ្នាំមុននេះ រដ្ឋាភិបាលវៀតណាម បាន​អនុញ្ញាត​នូវ​គម្រោង​សាកល្បង​៣ឆ្នាំរបស់ខ្លួន ដោយបើកសិទ្ធិ​ឲ្យប្រជាជន​វៀតណាម​អាច​ចូលលេង​ល្បែង​ក្នុងកាស៊ីណូ នៅកោះភូកុក ឬខ្មែរ​យើងហៅថា កោះត្រល់ យ៉ាង​បើកចំហរទៅវិញ។

មន្ត្រី​ជាន់ខ្ពស់ ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​កម្ពុជា ធ្លាប់បាន​លើកឡើងដែរថា ស្របពេលដែល​វៀតណាម​បាន​បើកកាស៊ីណូនៅ​កោះត្រល់ ឬហៅថាភូកុក និងបានអនុញ្ញាត​ឲ្យជនជាតិ​របស់ខ្លួន ចូលលេង​កាស៊ីណូ​ដែរនោះ វាបានធ្វើឲ្យ​ចំណូល​ពីវិស័យ​កាស៊ី​របស់កម្ពុជា​នៅតំបន់​ជាប់​ព្រំដែន​វៀតណាម​ហាក់មានការ​ថមថយ​គួរឲ្យកត់សម្គាល់។ ថមថយ ដោយសារតែ ពីមុន​មានជនជាតិវៀតណាម​មកលេង​នៅកាស៊ីណូ​ក្នុងទឹកដីខ្មែរច្រើន ប៉ុន្ដែ បច្ចុប្បន្ន​មិនសូវ​មានច្រើនដូច​មុននោះឡើយ៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនម៉ាឡេស៊ី ស្វែងរកឱកាសវិនិយោគគម្រោងសណ្ឋាគារ ២ពាន់បន្ទប់ តម្លៃ ៤ ពាន់ លានដុល្លារ នៅកម្ពុជា

ព័ត៌មាន
នៅមុនថ្ងៃ នៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មកកម្ពុជា ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា លោក Eldeen Husaini Mohd Hashim បា...

អតីត​អ្នកការទូត៖ ទំនាក់​ទំនង​​កម្ពុជា-​អាមេរិក អាច​ស្តារ​ឡើង​វិញ​តាមរយៈ​មធ្យោបាយ​ការទូត​ស្ងប់​ស្ងាត់

ព័ត៌មាន
លោក ពូ សុធីរៈ នាយក​ប្រតិបត្ដិ​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្ដិការ​និងសន្តិភាព និង​ជា​អតីត​ឯកអគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ