ទំហំពាណិជ្ជកម្មរវាងវៀតណាម កម្ពុជា និងឡាវ

ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរបស់វៀតណាមជាមួយប្រទេសកម្ពុជា និងឡាវ


ទំហំពាណិជ្ជកម្មរវាងប្រទេសវៀតណាម និងឡាវ នៅពេញមួយឆ្នាំ២០២១នេះ ត្រូវបានមន្ត្រីជាន់ខ្ពស់វៀតណាមអះអាងថា បានកើនឡើងដល់ប្រមាណ ១ពាន់៣រយលានដុល្លារអាមេរិក កើនប្រមាណ៣០% បើធៀបនឹងឆ្នាំ២០២០។ ទោះយ៉ាងណា បើយើងធ្វើការប្រៀបធៀបពាណិជ្ជកម្មរវាងវៀតណាមនិងកម្ពុជា ជាមួយនឹងពាណិជ្ជកម្មរវាងវៀតណាមនិងឡាវ ឃើញថា វៀតណាម និងឡាវនៅមានទំហំពាណិជ្ជកម្មតូចនៅឡើយ។
រូបតំណាង៖ ពាណិជ្ជកម្មវៀតណាម និងឡាវ

តួយ៉ាង នៅ​ត្រឹម​១១​ខែ​ឆ្នាំ​២០២១ វៀតណាម និង​កម្ពុជា​សម្រេច​បាន​ទំហំ​ពាណិជ្ជកម្ម​ដល់​ទៅ​ជាង​៨​ពាន់​លាន​ដុល្លារ​ឯណោះ​។ ក៏​ប៉ុន្ដែ បើ​មើលទៅ​លើ​ការ​វិនិយោគ​វិញ បច្ចុប្បន្ន​វៀតណាម នៅ​តែ​បន្ដ​ការ​វិនិយោគ​ច្រើន​ក្នុង​ប្រទេស​ឡាវ​ដោយ​មាន​ទំហំ​ទុន​វិនិយោគ​សរុប​ដល់​ទៅ​ប្រមាណ ៥​ពាន់​លាន​ដុល្លារ​ឯណោះ ខណៈ​វៀតណាម​វិនិយោគ​នៅ​កម្ពុជា​មាន​ត្រឹមតែ​ជាង​២​ពាន់​៨​រយ​លាន​ដុល្លារ​ប៉ុណ្ណោះ​។

យោង​តាម​អនុរដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម លោក​ត្រាង កុក ផួ​ង (Tran Quoc Phuong) បានឱ្យ​ដឹង​ថា តម្លៃ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម និង​ឡាវ ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​មាន​ជាង ១​ពាន់​៣​រយ​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២១ ពោល​គឺ​កើនឡើង​ជាង ៣០​ភាគរយ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០២០​។ 

បើ​ធៀប​នឹង​ទំហំ​ពាណិជ្ជកម្ម​ដែល​កម្ពុជា​មាន​ជាមួយ​វៀតណាម​វិញ ឃើញ​ថា​ពាណិជ្ជកម្ម​ឡាវ​ជាមួយ​វៀតណាម នៅ​តាម​កម្រិត​តិចតួច​នៅឡើយ​ទេ ពោល​គិត​ត្រឹម ១១​ខែ​ឆ្នាំ​២០២១​នេះ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម​សម្រេច​បាន​ដល់​ទៅ​ជាង ៨​ពាន់​៦​រយ​លាន​ដុល្លារ កើនឡើង​ជាង​៨៤%​។ ក្នុង​នោះ ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​វៀតណាម​កើនឡើង​ដល់​ទៅ ៣៣៧%​ឯណោះ​។ នេះ​បើ​តាម​តួលេខ​ពី​គយ​វៀតណាម​។

ទោះ​យ៉ាងណា បើ​មើលទៅ​លើ​ការ​វិនិយោគ​វិញ វៀតណាម​បច្ចុប្បន្ន​នេះ មាន​គម្រោង​វិនិយោគ​ដែល​មាន​សុពលភាព​ចំនួន ២០៩ នៅ​ក្នុង​ប្រទេស​ឡាវ ជាមួយនឹង​ដើមទុន​ចុះបញ្ជី​សរុប​ប្រមាណ​ជាង ៥ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ យ៉ាងណាមិញ កាលពី​ឆ្នាំ​២០២១ វៀតណាម​មាន​វិនិយោគ​គម្រោង​ថ្មី​ចំនួន ៥​បន្ថែម​ទៀត​នៅ​ឡាវ និង​មាន​គម្រោង​ចំនួន ៤​ទៀត បាន​កែសម្រួល​ដើមទុន ជាមួយនឹង​ដើមទុន​សរុប​ចំនួន​ជិត ១១៣ លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង ២៧ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ២០២០​។

គម្រោង​ជា​ច្រើន​របស់​វៀតណាម​នៅ​ឡាវ​នៅ​តែ​បាន​បន្ត​ដំណើរការ​សកម្មភាព​បាន​ល្អ នឹង​បាន​ផ្ដល់​នូវ​ប្រាក់​ចំណូល​ពន្ធ​ដល់​រដ្ឋាភិបាល បង្កើត​ការងារ​ដែល​មាន​ស្ថិរភាព​សម្រាប់​ពលករ​រាប់​ម៉ឺន​នាក់ និង​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ដំណើរការ​ជំរុញ​វិស័យសេដ្ឋកិច្ច​ក្នុង​ប្រទេស​ឡាវ​ផង​ដែរ​។ ជា​លទ្ធផល សហគ្រាស​វៀតណាម​បាន​រួមចំណែក​ជាង ១ ពាន់​លាន​ដុល្លារ​ដល់​កញ្ចប់​ថវិកាជាតិ​របស់​ប្រទេស​ឡាវ ព្រមទាំង​បាន​បរិច្ចាគ​ប្រហែល ៨០ លាន​ដុល្លារ​សម្រាប់​សកម្មភាព​សុខុមាលភាព​សង្គម​ក្នុង​រយៈពេល ៥ ឆ្នាំ​កន្លង​មកនេះ​ផង​ដែរ​។

ដោយឡែក បើ​មើលទៅ​លើ​ការ​វិនិយោគ​វៀតណាម នៅ​កម្ពុជា​វិញ ឃើញ​ថា​នៅ​ត្រឹម​១១​ខែ ឆ្នាំ​២០២១ វៀតណាម​បាន​វិនិយោគ​គម្រោង​ថ្មី​ចំនួន ៤​គម្រោង​នៅ​កម្ពុជា ដែល​មាន​ដើមទុន​ចុះបញ្ជី​ជិត​៩០​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ជាង​៤​ដង បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ នេះ​បើ​យោង​តាម ការ​អះអាង​របស់​ប្រធានាធិបតី​វៀតណាម លោក ង្វៀ​ន សៀន​ហ្វុ​ក នៅ​ក្នុង​ជំនួប​ជាមួយនឹង​សម្តេច​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ពុធ ទី​២២ ខែធ្នូ​។

បើ​គិត​សរុប​មក​ទល់​បច្ចុប្បន្ន​នេះ វៀតណាម​បាន និង​កំពុង​វិនិយោគ​នៅ​កម្ពុជា​លើ​គម្រោង​ចំនួន​១៨៨​គម្រោង និង​មាន​ទុន​ចុះបញ្ជី​សរុប​ជាង​២​ពាន់​៨​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​។ ដូច្នេះ បើ​ប្រៀបធៀប​ទំហំ​វិនិយោគ ឃើញ​ថា វៀតណាម​បាន​វិនិយោគ​នៅ​ឡាវ ច្រើន​ជាង​កម្ពុជា​ដល់​ទៅ​ប្រមាណ​ជាង​២​ពាន់​លាន​ដុល្លារ​។

សូម​បញ្ជាក់​ថា ប្រទេស​វៀតណាម និង​ឡាវ ក៏​កំពុង​ផ្តោត​លើ​ការ​ពិភាក្សា​អំពី​វិធានការ​ដោះស្រាយ​ភាព​លំបាក​ដែល​សហគ្រាស​កំពុង​ជួប​ប្រទះ​ផង​ដែរ ជា​ពិសេស​ទាក់ទង​នឹង​ដើមទុន ការ​បង់ពន្ធ ការ​នាំ​ចូល​-​នាំ​ចេញ និង​ការ​ជួល​ដី ខណៈ​ដែល​ប្រទេស​ទាំង​ពីរ​ក៏​មានការ​យល់ព្រម​សម្របសម្រួល​ក្នុង​ការ​បង្កើត​ច្រករបៀង​ស្របច្បាប់​ប្រកបដោយ​ស្ថិរភាព និង​តម្លាភាព​រវាង​ប្រទេស​ទាំង​ពីរ​ដើម្បី​ដោះ​ដូរ​ពាណិជ្ជកម្ម​ផង​ដែរ​។

ដោយឡែក ទាក់ទិន​នឹង​ការ​ជំរុញ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ ឡាវ និង​វៀតណាម បាន​ឯកភាព លើ​ការ​ជំរុញ​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​ក្នុង​ឆ្នាំ ២០២២​នេះ ដោយ​ខិតខំ​សម្រេច​បាន​នូវ​ការ​កើនឡើង​ប្រកបដោយ​ស្ថិរភាព ១០ ភាគរយ ឬ​ខ្ពស់​ជាង​នេះ ធៀប​នឹង​ឆ្នាំ ២០២១៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនចោទប្រកាន់អាមេរិកថា បានញុះញង់ប្រទេសលីទុយអានីឲ្យត្រូវរូវនឹងកោះតៃវ៉ាន់ហើយប្រឆាំងចិន

ព័ត៌មាន
ទីក្រុងប៉េកាំងនៅថ្ងៃច័ន្ទទី១០ខែមករានេះ បានចោទប្រកាន់សហរដ្ឋអាមេរិកថាជាអ្នកញុះញង់ប្រទេសលីទុយអានីឲ្យទៅត្រូវរូវគ្នាជាមួយកោះតៃវ៉ាន់ ហើយបែរម…

ឥណ្ឌាបើកឲ្យអាមេរិកនាំចូលសាច់ជ្រូកឡើងវិញ ក្រោយផ្អាកនាំចូលអស់មួយរយៈធំ

ព័ត៌មាន
ប្រទេសឥណ្ឌា និងអាមេរិក បានប្រកាសពីចេតនាក្នុងការបញ្ចប់កិច្ចព្រមព្រៀងមួយដែលទាក់ទងនិងការហាមឃាត់ការនាំចូលសាច់ជ្រូកពីអាមេរិក ដោយប្រទេសឥណ្ឌាប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ