វិស័យការងារ

ធនាគារពិភពលោក៖ កម្ពុជាមានការងារជាង ៨លាន តែភាគច្រើនជាការងារបែបប្រពៃណី


បច្ចុប្បន្ននេះ នៅប្រទេសកម្ពុជាមានការងារចំនួនជាង ៨លានការងារ ហើយ៨០% នៃពលរដ្ឋពេញវ័យ លើសពីវ័យ១៥ឆ្នាំឡើងទៅ កំពុងធ្វើការងារទាំងនេះ ពោលគឺមានច្រើនជាងជាង៦២% នៃជនពេញវ័យកំពុងធ្វើការងារក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកទៅទៀត។ យ៉ាងណាក៏ដោយចុះ ក្នុងចំណោមការងារចំនួន ជាង៨លាននេះ គឺមាន ៦៣% ទៅហើយ នៅតែជាការងារបែបប្រពៃណី។ នេះតាមរបាយការណ៍ថ្មីមួយរបស់ធនាគារពីភពលោក ដែលបានចេញផ្សាយកាលពីព្រឹកមិញនេះ។
ធនាគារពិភពលោក៖ កម្ពុជាមានការងារជាង ៨លាន តែភាគច្រើនជាការងារបែបប្រពៃណី (រូបភាព៖ ហេង ភារម្យ)
ដោយ

ការងារ​បែបប្រពៃណី គឺសម្ដៅលើការងារ​ដាំដុះ​មិនមានកម្រៃ​ជាលក្ខណៈគ្រួសារ និងការងារ​សហគ្រាស​គ្រួសារ មិនមែន​ដាំដុះ។ រីឯការងារ ទំនើប​គឺជាការងារ​មានប្រាក់ឈ្នួល នៅក្នុងឧស្សាហកម្មមិនមែន​ដាំដុះ។

របាយការណ៍​របស់ធនាគារពិភពលោក ក្រោមចំណងជើងថា «អនាគតការងារ​នៅប្រទេស​កម្ពុជា៖ តំណភ្ជាប់ជាមួយសេដ្ឋកិច្ច នាពេល​ខាងមុខ» ដែលបាន​ចេញផ្សាយ​ថ្មីៗនេះ បាន​ឲ្យដឹងថា បច្ចុប្បន្ន មានការងារ​ចំនួន​៨លាន ២សែន ​ការងារ នៅកម្ពុជា ហើយ​ពលករថ្មីៗ​ចំនួន ១៦ម៉ឺននាក់ បានចូល​ទៅក្នុង​កម្លាំងពលកម្ម​រាល់រាល់ឆ្នាំ។

របាយការណ៍ បានកត់សម្គាល់ឃើញទៀតថា ដ្បិតតែ​ការងារទំនើបៗជាច្រើន​ត្រូវបានបង្កើតឡើង​ក៏ពិតមែន ប៉ុន្ដែ ភាគច្រើន​នៅតែមាន​ក្នុងវិស័យ​ប្រពៃណី​ដដែល។ តួយ៉ាង គិតត្រឹមឆ្នាំ ២០១៥ នៅក្នុង​រៀងរាល់​ការងារចំនួន ១០ មានការងារ​ចំនួន ៤ គឺជាការងារ​មិនមែន​ដាំដុះ មានប្រាក់ឈ្នួលនៅតាម​ផ្នែកសាធារណៈ និងឯកជន ហើយ៦ផ្សេងទៀត ជាការងារ​ដាំដុះលក្ខណៈ​គ្រួសារ ពលកម្ម​ស៊ីឈ្នួលដាំដុះ និងការងារ​នៅតាម​សហគ្រាស​គ្រួសារ​មិនមែន​ដាំដុះ។ 

លោកស្រី អ៊ិន ហ្គូណា ដូប្រាចា ប្រធាន​គ្រប់គ្រង​ធនាគារ​ពិភពលោក ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ភាព​ចម្រុះ និងគុណភាព​នៃការងារ​ក្នុងប្រទេសកម្ពុជា ត្រូវបាន​កែលម្អឲ្យប្រសើរឡើង​ជាបណ្ដើរៗហើយ។ ប៉ុន្ដែ និន្នាការសកល មានដូចជាការកើនឡើង​នូវ​ចំនួន​របស់​វណ្ណៈកណ្ដាល​ក្នុងតំបន់អាស៊ី បម្រែបម្រួល​លំនាំ ក្នុងការ​ធ្វើពាណិជ្ជកម្ម និងស្វ័យ​ប្រវត្តិកម្ម តម្រូវឲ្យកម្ពុជា​គិតគូរឡើងវិញ​អំពី​យុទ្ធសាស្ត្រការងារ​របស់ខ្លួន ខណៈដែល​កម្ពុជា​កំពុង​ឈានឆ្ពោះទៅកាន់ដំណាក់កាលមួយទៀត​នៃការអភិវឌ្ឍ​ផ្អែកលើការនាំចេញ។

លោក ភួង វិសិទ្ធ អនុប្រធាន​នាយកដ្ឋាន​គោលនយោបាយ និង​យុទ្ធសាស្ត្រ នៃក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានលើកឡើងដែរថា ដើម្បីជំរុញឲ្យ​ផលិតភាពការងារ មានគុណភាព និងប្រកប​ដោយ​ជំនាញ​​ រដ្ឋាភិបាលតែឯង មិនអាច​ធ្វើទៅបាន​ជោគជ័យនោះទេ វាត្រូវការ​ចូលរួម​ពីវិស័យឯកជន និងដៃគូពាក់ព័ន្ធ​ទាំងអស់​តាមរយៈ​ផ្ដល់ឱកាស​បណ្ដុះបណ្ដាល​ក៏ដូចជា​ការអភិវឌ្ឍ​ខ្លួន​របស់​អ្នកប្រកបការងារ។ 

ធនាគារពិភពលោក បាន​គូសបញ្ជាក់ដែរថា ក្រុមហ៊ុន​ដែលគ្រប់គ្រង​ដោយជនបរទេស បានដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ងារ​រួមចំណែក​បង្កើតការងារ​មានគុណភាពខ្ពស់​នៅក្នុងប្រទេសកម្ពុជា។ តួយ៉ាង របាយការណ៍ថ្មីនេះ បានបង្ហាញថាមាន​១ភាគ៣ នៃការងារ​មានប្រាក់ឈ្នួលនៅកម្ពុជា​ គឺស្ថិត​នៅក្នុងក្រុមហ៊ុន​គ្រប់គ្រង​ដោយជនបរទេស។ ក្នុងនោះ ឧស្សាហកម្មកាត់ដេរ គឺជាវិស័យ​មុខរបរ​ដែលមានការរីកលូតលាស់​លឿនបំផុត ដោយបង្កើន​ចំណែក​របស់ខ្លួន​ក្នុងការបង្កើតការងារ​បាន​១,១% ក្នុងមួយឆ្នាំ។

ធនាគារពិភពលោក បាន​សង្កត់ធ្ងន់ទៀតថា ក្រុមហ៊ុនក្នុងស្រុក​មានចំនួន​ច្រើនជាងក្រុមហ៊ុន​គ្រប់គ្រង​ដោយបរទេស ប៉ុន្ដែពួកគេ​មិនបានចូលរួមចំណែក​បង្កើតការងារ​បានច្រើននោះទេ។ ជាក់ស្ដែង ក្រុមហ៊ុន​ក្នុងស្រុក​ជួលកម្មករ​ជាមធ្យម​៨នាក់ ក្នុងមួយក្រុមហ៊ុន ខណៈដែល​ក្រុមហ៊ុនគ្រប់គ្រង​ដោយបរទេស​ជួលកម្មករជាមធ្យម​១២៤នាក់ក្នុងមួយក្រុមហ៊ុន។

បន្ថែមពីនេះទៀត ធនាគារពិភពលោក​ក៏បាន​ផ្ដល់ជាអនុសាសន៍​ផងដែរថា កម្ពុជា​ចាំបាច់​ត្រូវធ្វើការកែទម្រង់​ជាក់លាក់ច្រើន ដើម្បីធានាឲ្យមាន​ការងារកាន់តែច្រើន កាន់តែល្អ និងកាន់តែ​បរិយាប័ន្ន សម្រាប់អនាគត​វែងឆ្ងាយទៅមុខទៀត។ ជាមូលដ្ឋាន កម្ពុជា​ចាំបាច់​ត្រូវធ្វើ​ឲ្យ​ផ្នែក​ទាំងពីរ​នៃសេដ្ឋកិច្ច កាន់តែមានភាពប្រសើរ និងកាន់តែ​ធ្វើសមាហរណកម្មគ្នា ឲ្យបាន​ខ្លាំងក្លា​ថែមទៀត។ ផ្នែកទាំងពីរនោះ មានវិស័យនាំចេញ ដែលជាមូលដ្ឋាន​ក្រុមហ៊ុន​វិនិយោគ​ផ្ទាល់ពីបរទេស (FDI) និង​វិស័យ​ក្នុងស្រុក ដែលផ្គុំឡើង​ដោយសហគ្រាស​គ្រួសារ និងសហគ្រាស​ខ្នាតតូច និងមធ្យម។ ទន្ទឹមនឹងនេះ ពលករកម្ពុជា​ចាំបាច់​ត្រូវខិតខំ​បង្កើត​ជំនាញ និងសមត្ថភាព របស់ខ្លួន​ថែមទៀត ដើម្បី​តាមទាន់​ចាប់យក​ឱកាស​នានា ដែលអាច​នឹង​កើតមានឡើង នៅពេល​ដែល​វិស័យទាំងពីរនេះ នៃសេដ្ឋកិច្ច មានភាពប្រកួតប្រជែង​កាន់តែខ្លាំងក្លាថែមទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា​អាង​ចំណូល​ពន្ធដារ គយ និង ប្រេង ដោយ​មិន​ខ្លាច​បាត់បង់ EBA មែន​ឬ?

ព័ត៌មាន
ជា​ថ្មី​ម្តង​ទៀត កម្ពុជា​អាច​នឹង​ទាញ​យក​តំណក់​ប្រេង​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​២០២០​ខាង​មុខ​នេះ​ហើយ ដែល​ជា​ផ្នែក​មួយ​នៃ​ចំណូល​ថ្មី​…

គម្រោងអាកាសយានដ្ឋានខ្នាត​យក្សវៀតណាម កំពុងជួបនឹងកង្វល់ខ្វះខាតទឹកប្រាក់វិនិយោគ

ព័ត៌មាន
រដ្ឋសភាជាតិវៀតណាម បានបង្ហាញពីកង្វល់ចំពោះបញ្ហាប្រភពថវិការបស់ សាជីវកម្មអាកាសយានដ្ឋានវៀតណាម ថាតើ បានលុយមកពីណា សម្រាប់អភិវឌ្ឍន៍គម្រោងអាកាស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ