ទំនាក់ទំនង​ កម្ពុជា-ចិន

តើអ្វីខ្លះដែលកម្ពុជា បានទទួលពីកំណើនវិនិយោគិនចិន?


សព្វថ្ងៃនេះ ទំនាក់ទំនងកម្ពុជា ចិន ឈានដល់ដំណាក់កាលថ្មីមួយ ដែលប្រមុខដឹកនាំជាតិទាំងពីរចាត់ទុកថាជាមិត្តភាពរឹងជាងដែកថែប។ ចំណងទាក់ទងនេះ បានជួយរុញកំណើនអ្នកវិនិយោគចិន ប្រមាណជាង ២សែននាក់មករស់នៅ និងរកស៊ីនៅកម្ពុជា និង ភ្ញៀវទេសចរណ៍ចិនមកលេងស្រុកខ្មែរប្រមាណជិត២លាននាក់កាលពីឆ្នាំ២០១៨។
ទំនាក់​ទំនង​កម្ពុជា​ចិន ត្រូវ​បាន​គេ​មើលឃើញថា កាន់តែ​ជិត​ស្និទ្ធ​ខ្លាំង​ឡើងៗ ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។
ដោយ

​កំណើន​វិនិយោគិន និងទេសចរ​ចិន​មកកាន់​កម្ពុជានេះ បានបង្កើតជា​ទស្សនៈ២ខ្វែងគ្នា ដោយបណ្ដា​ជនខ្មែរទូទៅ​ភាគច្រើន​ព្រមទាំង​បញ្ញវន្ដ​​ផងនោះចាត់​ទុកថា​ជាសញ្ញាគួរ​ឱ្យបារម្ភ។ ខណៈអ្នករាជការ និងអ្នករកស៊ី​ជាមួយ​ចិនចាត់ទុក​ជាសញ្ញា​ល្អ​សម្រាប់សេដ្ឋកិច្ច​ ស្រួលរកស៊ី​ស្រួលចំណេញ​លុយ។ល។ តើកម្ពុជាត្រូវ​ស្វាគមន៍​កំណើន​ចិនកម្ពជានេះ​ដោយរបៀបណា?

ប្រវត្តិនិងបច្ចុប្បន្នភាព​ទំនាក់ទំនង​ពាណិជ្ជកម្ម​ចិនខ្មែរ

តាមការសិក្សា​ស្រាវជ្រាវ​ពីឥទ្ធិពលចិនមកកាន់​តំបន់អាស៊ី​អាគ្នេយ៍​បង្ហាញថា​ចិនខ្មែរ​បាន​ទាក់ទង​រកស៊ីចូល​គ្នាតាំងពី​សម័យហ្វូណន ឬនគរភ្នំមកម្ល៉េះ។ កាលនោះ ចិនធ្វើដំណើរ​តាមសំពៅ ​យកសូត្រ​​ក្រណាត់​មកលក់​នៅស្រុកខ្មែរ ទិញឈើខ្លឹម ទឹកឃ្មុំ និងគ្រឿង​ទេស​ធម្មជាតិពីស្រុកខ្មែរ។ ការរកស៊ីពីបុរាណ​នោះ​កាន់តែពង្រីក​ធំឡើងៗ​ ទៅតាមដំណាក់​កាល​ប្រវត្តិសាស្ត្រ​នីមួយៗ​រហូតដល់​វប្បធម៌​ចិនសាយភាយ​ពេញទឹក​ដីកម្ពុជា។ ប្រមាណ​ជាង១ពាន់ឆ្នាំ​ក្រោយមក គឺនៅឆ្នាំ ២០១០ កម្រិតទំនាក់ទំនង​កម្ពុជា​ចិនឈាន​ដល់កំពូល ពោលគឺជាដៃគូយុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ។ តាំងពីពេលនោះ​មក ទំហំ​ពាណិជ្ជកម្ម​រវាងកម្ពុជា​នឹងចិន កាន់តែរីក​ដុះដាល​ពីមួយឆ្នាំ​ទៅមួយឆ្នាំ។ ​បើគិត​នៅត្រឹមបំណាច់​ឆ្នាំ២០១៨ ទំហំពាណិជ្ជកម្ម​រវាងកម្ពុជា​ចិនកើន​ដល់ជាង ៥ពាន់​លានដុល្លារ ថែមទាំងគ្រោង​ជំរុញបង្កើនឱ្យឡើង​រហូតដល់ ៦ពាន់លាន​ដុល្លារ​ក្នុងឆ្នាំ ២០២០ និងឈានទៅ​១០ពាន់​លានដុល្លារ​ក្នុងឆ្នាំ​២០២៣ខាងមុខ។

ចិនមកស្រុកខ្មែររកស៊ីអ្វីខ្លះ?

ចិនដែលមកស៊ី​នៅកម្ពុជា កំពុងកាក់​កបខ្លាំង​ខាងវិស័យ​វាយនភ័ណ្ឌ(វិស័យកាត់ដេរ​និងស្បែកជើង)  ទេសចរណ៍ និងសំណង់។ ទន្ទឹមនឹង​របរធំដុំនោះ ជនជាតិចិន​មួយចំនួន​តូចក៏បាន​មករកស៊ីរបរ​តូចតាច​នៅកម្ពុជាដែរ​ដូចជា គួកជេដី  លក់គ្រឿង​ទេស ហាងទំនិញ​ខ្នាតតូច អាជីវកម្ម​ចំណីអាហារ រហូតឈានដល់​រត់ម៉ូតូឌុប​តាក់ស៊ី លក់មីឆា​តាម​ចិញ្ចើមថ្នល់ និងរបរក្នុង​សង្គមងងឹត(ជួញគ្រឿងញៀន ចាប់ជម្រិត) ជាដើម។ ទោះជាយ៉ាងណាក្ដី ចិនជាប្រភព​ទុនវិនិយោគ​ធំជាងគេ​នៅកម្ពុជា។ ៥ឆ្នាំចុងក្រោយ​ចិន​បោះទុន​វិនិយោគនៅ​កម្ពុជា ៥,៣ពាន់​លានដុល្លារ ខណៈត្រីមាសទី​១ឆ្នាំនៅ​ឆ្នាំ២០១៨ បោះទុនជាង​៤០០លានដុល្លារ។​នេះបើតាមការ​បញ្ជាក់​​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជាCDC។ 

បណ្ដាជនខ្មែរ​បង្ហាញ​ទស្សនៈ​ស្វាគមន៍​និគមជាតិចិន​សម័យថ្មី​ដោយរូបភាពផ្សេងៗគ្នា

ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន​បានថ្លែងក្នុងថ្ងៃ​ខួបទី៦០​នៃទំនាក់ទំនង​កម្ពុជា​ចិនថា ក្នុងរយៈពេល ៦០ ឆ្នាំ កន្លងទៅនេះ ថ្នាក់ដឹកនាំ​នៃប្រទេសទាំងពីរ តែងតែខិត​ខំប្រឹងប្រែង​រក្សា​ចំណង​មិត្តភាព និងពុះពារ​ឧបសគ្គ​ជាច្រើន ដើម្បីដឹកនាំ​ប្រទេស និងប្រជាជន​ឆ្ពោះទៅកាន់​វឌ្ឍនភាព វិបុលភាព និងភាព​សុខដុមរមនា។ ការរីកចម្រើន​របស់ប្រទេស​ចិន មិនត្រឹមតែ​បានលើក​កម្ពស់​ជីវភាព ប្រជាជន​ចិន​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាន និងកំពុង​ចូលរួម​ចំណែកដល់​ការអភិវឌ្ឍ​សង្គម-សេដ្ឋកិច្ចកម្ពុជា និងបណ្តា​ប្រទេស​ក្នុងតំបន់ និងក្នុង​ពិភពលោក​ទៀតផង។ សម្តេចថែម​ទាំងជំរុញ​ឱ្យជនចិន​មករកស៊ី​កាន់តែ​ច្រើននៅ​កម្ពុជា។

ទន្ទឹមនឹងការលើកឡើង​របស់ប្រមុខ​រាជរដ្ឋាភិបាលនេះ មន្ត្រីអង្គការ​ក្រៅរដ្ឋាភិបាល​បញ្ញាជន​និងប្រជាពលរដ្ឋ​មួយ​ចំនួនធំនៅ​ស្រុកខ្មែរ​បានបង្ហាញ​ក្ដីបារម្មណ៍​របស់ខ្លួន​ចំពោះ​វត្តមាន​របស់ចិន។ ពួក​គាត់​​លើកសំនួនវោហារ​ផ្សេងៗគ្នា​ពិសេសគេប្រើវេទិកា​បណ្តាញសង្គមហ្វេសប៊ុក ដើម្បី​រិះគន់ខ្លាំងៗ​​នៅពេលដែល​ឃើញមាន​ករណីល្មើស​ច្បាប់នានា​ដែលបង្ក​ឡើងដោយចិន។ ក្រុមប្រជាពលរដ្ឋ​ក្រីក្រធ្លាប់​ទទួលផល​ពីទេសចរណ៍​នៅតំបន់ឆ្នេរ​បានរត់ចេញ​ព្រោះតែទប់ទល់​មិនបាននឹង​អតិផរណា​តម្លៃផ្ទះ​ជួលឡើង​ខ្ពស់ ដែលបណ្ដាល​មកពីកំណើន​ចិន។ ក្ដីបារម្ភ​ធំ​បំផុតនោះទំនង​ជាឥទ្ធិ​ពលចិន​មកលើសេដ្ឋកិច្ច និងនយោបាយ​កម្ពុជា​នេះតែម្តង។

ផ្ទុយពី​នេះវិញ ក្រុមឈ្មួញអ្នក​រកស៊ី និងពលរដ្ឋ​អ្នកមាន​ដីលក់បែរ​ជាសប្បាយចិត្ត​យក​លុយ​ចិនដែល​ជះមកសន្ធឹក ដូចយ៉ាង​កំណើន​ជនជាតិចិន​នៅខេត្តព្រះសីហនុ​ជាដើម។ ខ្មែរមួយចំនួន​មានប្រាក់រាប់​ម៉ឺនសែន​ដុល្លារ​ដោយសារ​ចិនជួលផ្ទះ ឬ​ទិញដី​នោះឯង ។ តម្លៃដី​ធ្លីកើនឡើង​ខ្លាំងរហូត​កន្លែងខ្លះកើន​តម្លៃប្រមាណ​ជិត១០០ដង​ផងក៏មាន។

ចំណុចវិជ្ជ​មាន​និងអវិជ្ជមាន​ចំពោះវត្ត​មាន​ចិននៅកម្ពុជា

ស្ថាប័ន​ហិរញ្ញវត្ថុធំៗរបស់​ពិភពលោករួមមាន ធនាគារ​ពិភពលោក(World Bank)  និងធនាគារ​អភិវឌ្ឍន៍អាស៊ី​(ADB) សុទ្ធសឹង តែបង្ហាញ​ពីស្ថានភាពល្អ​ប្រសើរនៃ​សេដ្ឋកិច្ចកម្ពុជា​នៅពេល​ដែលមាន​លំហូរទុន​វិនិយោគ​ដោយផ្ទាល់​ពីប្រទេសចិន។ ស្ថាប័នទាំងនេះ បានព្យាករណ៍​ថា កម្ពុជានឹង​នៅតែមាន​កំណើន​សេដ្ឋកិច្ច​ល្អប្រសើរ ស្របគ្នានឹង​លំនឹង​សេដ្ឋកិច្ចចិន។ ប៉ុន្តែក៏បានព្រមាន​កម្ពុជាកុំឱ្យពឹង​ចិនផ្តាច់​មុខពេក ព្រោះអាចនាំមកនូវ​ផល​អវិជ្ជមាន​មកវិញ ប្រសិនបើ​សេដ្ឋកិច្ច​ជួប​បញ្ហា​។

ធនាគារពិភព​លោក​ព្រមាន​ខ្លាចអ៊ឺរ៉ុប​ផ្តាច់ការ​អនុគ្រោះពន្ធ ការផុយស្រួយ​នៃវិស័យសំណង់ ខណៈដែលADB ​ព្រមានពី​អាជីវកម្មចិន​នៅកម្ពុជា​ខ្វះតម្លាភាព​និងមានហានិភ័យ​ខ្ពស់ចំពោះបរិស្ថាន​និងសង្គមកិច្ច (កំណើនបនល្បែង កាស៊ីណូ)។ ទោះជាយ៉ាងណាក្ដី មន្ត្រីរាជរដ្ឋាភិបាល​បានអះអាង​ថា រាជរដ្ឋាភិបាល​ត្រៀមរួចរាល់​ហើយ ដើម្បីដោះស្រាយ​គ្រប់បញ្ហា​ទាំងអស់។

ទន្ទឹមនឹង​កំណើន​ជនជាតិចិន ចូលមករស់នៅ និងរកស៊ី​នៅកម្ពុជានេះដែរ បញ្ហា​អសន្ដិសុខ នៅតំបន់​ដែលជន​ជាតិ​រស់នៅ ក៏កើត​មាន​ជាហូរហែផងដែរ។ ផ្អែកតាម​របាយការណ៍​របស់ក្រសួង​មហាផ្ទៃ​បង្ហាញថា ចំនួនបទល្មើស​ក្នុងឆ្នាំ២០១៨​ខេត្ត​ព្រះសីហនុកើន​ឡើងលើស​ពីឆ្នាំ២០១៧ ប្រមាណជាង​៣០ដង ដែលបទល្មើស​ភាគច្រើនបង្ករ​ឡើងដោយជន​ជាតិចិន។ 

ចំណែកឯអ្នករកស៊ី​ធម្មតាវិញ ក្រុមហ៊ុន​ចិន​បានចងបណ្ដាញ​គ្នារកស៊ី​នាំទេសចរ​​មកលេងនៅ​ស្រុកខ្មែរ​ដោយអ្នកស្រុក​ខ្មែរទទួល​កម្រៃតិច​បំផុតពី​ទេសចរ​ចិន។ ចិនមកលេង​ស្រុកខ្មែរជិះយន្តហោះ​ក្រុមហ៊ុន​ចិន ជិះឡាន​ចិន ស្នាក់នៅ​សណ្ឋាគារចិន ហូប​ម្ហូបចិន មានមគ្គទេសក៍​ជាជនជាតិ​ចិនទៀត។​ នេះបើតាម​ការបញ្ជាក់​ពីអ្នករកស៊ី​ផ្នែកទេសចរណ៍​នៅខេត្តសៀមរាប ដែលថ្លែង​ប្រាប់ខេមបូណូមីស។

មិនមែនតែផ្នែកទេសចរណ៍ទេ ផ្នែកវិស័យ​កាត់ដេរ​និងរោងចក្រ​ធុនធ្ងន់ (រោងអគ្គិសនី​រោងចក្រ​ដែកស៊ីម៉ង់) ក៏មិនសូវ​ជាមានកម្មករ​ខ្មែរ ដែលកាន់​តួនាទី​សំខាន់ៗ​នោះដែរ។ បើតាមសៀវភៅដែល​និពន្ធ​ដោយ​ លោកសួស ​យ៉ារ៉ា ជាតំណាងរាស្ត្រ និងជាអ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​និងលោកបណ្ឌិត អេង កុកថាយ បានកត់សម្គាល់ថា​ អ្នករកស៊ីចិន​មិនទម្លាប់​បណ្តុះ​បណ្ដាល​ខ្មែរឱ្យកាន់​ការសំខាន់ៗ​ក្នុងរោងចក្រ​ទេ គឺពួកគេយក​មេការជា​ចិនគ្នាគេយក​ធ្វើមេៗតែម្តង ជាហេតុធ្វើឱ្យ​កម្មករ​ខ្មែរឡើង​ធំបំផុត​ត្រឹមជាមេក្រុម ​ព្រមទាំង នៅតែជា​កម្មករ​មិន​សូវ​មាន​ជំនាញ​ឯកទេស។ ​អ្នកនិពន្ធទាំងពីរបាន ចាត់ទុកថា នេះជាបញ្ហា​មួយដែរ​ដែលត្រូវដោះស្រាយ។

សរុបសេចក្ដីមក​ការមករកស៊ី​របស់ចិន​នៅស្រុកខ្មែរ​បានជះឥទ្ធិពល​ទាំងល្អ និងអាក្រក់​ចំពោះ​ខ្មែរម្ចាស់ស្រុក​ ល្គឹកណាតែ មាន​ការអនុវត្ត​ច្បាប់ពេញលេញ​ត្រឹមត្រូវដោយ​ឈរ​លើគោលការណ៍​នីតិរដ្ឋ។ កម្ពុជាគួរ​ពិនិត្យ​ឡើងវិញ​នូវអាជីវកម្មដែល​គ្មានតម្លា​ភាព ប៉ះពាល់ដល់​សោភ័ណភាព​ប្រទេស ប៉ះពាល់បរិស្ថាន​ធនធាន​ធម្មជាតិ និង អសន្ដិសុខ​សង្គម ។ល។​កម្ពុជាពិតជាត្រូវការ​ចិនមករកស៊ី​​ដើម្បីបង្កើត​ការងារ​នៅស្រុក​ខ្មែរ​ពិតមែន ប៉ុន្តែប្រជាពលរដ្ឋ​ទូទៅ​ទំនងជា​មិនត្រូវការចិន​មកជួយ​ស៊ីកេរ្តិ៍ដូនតាខ្មែរ​ឱ្យហិន​ហោចនោះឡើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនជប៉ុន Agribuddy ជួយកសិករខ្មែរ ៦ខេត្ត ផលិតនិងនាំចេញ​អង្ករប្រណីតទៅកាន់ពិភពលោក

ព័ត៌មាន
កាលពី​មុន កម្ពុជា​ធ្លាប់តែ​ជា​ប្រទេស​នាំ​ចេញ​ស្រូវ ប៉ុន្តែ​នៅ​ពេល​នេះ ជា​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​មួយ​នៅ​ក្នុង​ពិភពលោក។ យោង​តាម​ទិន្នន…

កម្ពុជា រំពឹងនាំចេញផ្លែស្វាយទៅចិន បន្ទាប់ពីចេកអំបូងលឿង

ព័ត៌មាន
បច្ចុប្បន្នទិន្នផលស្វាយរបស់កម្ពុជា មួយឆ្នាំៗ មានប្រមាណជិត១លានតោន ដែលចាំបាច់រកទីផ្សារនាំចេញ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម បញ្ជាក់នាពេលថ្មីៗនេះថា …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ