គោលនយោបាយឧស្សាហកម្មកម្ពុជា ផ្ដោតសំខាន់លើកត្តាអ្វីខ្លះ?

តើគោលនយោបាយឧស្សាហកម្មរបស់កម្ពុជាដ៏មានសារៈសំខាន់សម្រាប់សេដ្ឋកិច្ច ផ្ដោតលើកត្តាអ្វីខ្លះ?


គោលនយោបាយអភិវឌ្ឍឧស្សាហកម្មកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិ ជាពិសេសក្នុងគោលបំណងដើម្បីជំរុញការទាក់ទាញវិនិយោគិនបរទេសឲ្យចូលមកវិនិយោគនៅកម្ពុជា។ តើគោលនយោបាយឧស្សាហកម្មកម្ពុជា ផ្ដោតសំខាន់លើកត្តាអ្វីខ្លះ?
គោលនយោបាយឧស្សាហកម្មកម្ពុជា ផ្ដោតសំខាន់លើកត្តាអ្វីខ្លះ?

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា គោលនយោបាយឧស្សាហកម្មរបស់កម្ពុជា ដែលមានសារៈសំខាន់ចំពោះសេដ្ឋកិច្ច ផ្ដោតលើ ២ចំណុចសំខាន់ៗ នោះគឺការកែច្នៃវត្ថុធាតុដើម ដែលកម្ពុជាមានស្រាប់ និងការវិនិយោគផ្នែកបច្ចេកវិទ្យាជាន់ខ្ពស់ ដែលគោលនយោបាយទាំងនេះ នឹងអាចទាក់ទាញវិនិយោគិនបន្ថែមឲ្យចូលមកកាន់កម្ពុជា រួមទាំងវិនិយោគិនចិន ផងដែរ។

ថ្លែងនាឱកាសអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ នាខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញនូវឆន្ទៈ និងគោលជំហរនៃគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មរបស់កម្ពុជា ក្នុងការចូលរួមទ្រទ្រង់កំណើនវិស័យសេដ្ឋកិច្ចជាតិ។ សម្ដេចបានមានប្រសាសន៍ដូច្នេះថា គោលនយោបាយឧស្សាហកម្មរបស់កម្ពុជា ដែលមានសារៈសំខាន់ចំពោះសេដ្ឋកិច្ចផ្ដោតលើ ២ចំណុចសំខាន់ៗ នោះគឺការកែច្នៃវត្ថុធាតុដើមដែលកម្ពុជាមានស្រាប់ និងការវិនិយោគផ្នែកបច្ចេកវិទ្យាជាន់ខ្ពស់។

សម្ដេចតេជោបានសង្កត់ធ្ងន់ថា កម្ពុជាចង់បានការវិនិយោគណា ដែលផ្ដោតសំខាន់ទៅលើវត្ថុធាតុដើម ដែលកម្ពុជាមានស្រាប់ ជាពិសេសផលិតផលសក្ដានុពលមួយចំនួនរបស់កម្ពុជា ដូចជា ដំណាំកៅស៊ូ ដំណាំស្វាយចន្ទី និងដំណាំស្រូវ-អង្ករ ជាដើម ក្នុងគោលបំណងបង្កើននូវតម្លៃបន្ថែមលើផលិតផល និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ លើសពីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានស្នើឲ្យភាគីចិន ជួយជំរុញឲ្យអ្នកវិនិយោគចិន បង្កើនការវិនិយោគផ្នែកបច្ចេកវិទ្យាជាន់ខ្ពស់ថ្មីៗ នៅក្នុងតំបន់ឧស្សាហកម្មរបស់កម្ពុជា ផងដែរ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា គោលនយោបាយឧស្សាហកម្មកម្ពុជា គឺជាគោលដៅចម្បង និងសំខាន់បំផុត ក្នុងការទាក់ទាញអ្នកវិនិយោគបរទេសឲ្យចូលមកវិនិយោគនៅកម្ពុជា។ ខណៈកម្ពុជា-ចិន កំពុងអនុវត្តគោលនយោបាយ«ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ» ក៏ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងនានា។ លោកបន្តថា គោលនយោបាយឧស្សាហកម្មកម្ពុជា មិនត្រឹមតែជួយជំរុញការទាក់ទាញការវិនិយោគពីបណ្ដាប្រទេស ដែលកំពុងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងនានានោះទេ តែក៏អាចទទួលបានការទាក់ទាញវិនិយោគបន្ថែមពីបណ្ដាប្រទេសដែលជាដៃគូនានា ឲ្យចូលមកវិនិយោគនៅកម្ពុជា ដើម្បីនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិ។

សូមបញ្ជាក់ថា ការរៀបចំនិងដាក់ចេញនូវគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ដើម្បីជាមគ្គុទេសក៍ជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា ដែលនឹងរួមចំណែកដល់ការរក្សាកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព និងបរិយាប័ន្ន តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងភាពប្រកួតប្រជែង និងការលើកកម្ពស់ផលិតភាព។ យ៉ាងណាក៏ដោយ ដើម្បីសម្រេចចក្ខុវិស័យនៃ «គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម» រាជរដ្ឋាភិបាល បានកំណត់នូវគោលដៅចំនួន៣ ដូចជា បង្កើនចំណែកនៃវិស័យឧស្សាហកម្មក្នុងផលិតផលក្នុងស្រុកសរុប ឱ្យបានដល់ ៣០% នៅឆ្នាំ២០២៥។ ជំរុញពិពិធកម្មមុខទំនិញដោយបង្កើនការនាំចេញទំនិញកម្មន្តសាលមិនមែនវាយនភ័ណ្ឌ ឱ្យបាន១៥% នៃបរិមាណនាំចេញសរុបនៅឆ្នាំ២០២៥ ទន្ទឹមនឹងការជំរុញការនាំចេញទំនិញ កែច្នៃកសិកម្មឱ្យបាន ១២% នៃបរិមាណនាំចេញសរុបនៅឆ្នាំ២០២៥។ ជាចុងក្រោយ គឺកំណត់គោលដៅនៅឆ្នាំ២០២៥ ឱ្យសហគ្រាសធុនតូចចំនួន ៨០% និងសហគ្រាសធុនមធ្យមចំនួន ៩៥% ត្រូវបានចុះបញ្ជីជាផ្លូវការហើយសហគ្រាសធុនតូចចំនួន៥០% និងសហគ្រាសធុនមធ្យមចំនួន៧០% មានបញ្ជីការគណនេយ្យ និងតារាងតុល្យការត្រឹមត្រូវ៕




អត្ថបទបន្ទាប់


រាជរដ្ឋាភិបាល ប្រកាសផ្ដល់គោលនយោបាយគាំពារបន្ថែមដល់កម្មការិនីដែលមានផ្ទៃពោះ ចាប់ពីពេលពរពោះ រហូតដល់កូនអាយុ២ឆ្នាំ

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន បានប្រកាសផ្ដល់គោលនយោបាយគាំពារបន្ថែមដល់កម្មការិនីមានផ្ទៃពោះបម្រើការក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដោយទទួលបានប្រាក់ឧបត្ថម្ភច…

មាស នៅតែជាច្រកវិនិយោគដ៏សំខាន់នៅវៀតណាមរហូតដល់ចុងឆ្នាំ

ព័ត៌មាន
ថ្វីបើតម្រូវការមាសនៅប្រទេសវៀតណាមបានថយចុះ ១២% ពីប្រមាណ ២០ តោន ក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ មកត្រឹមតែជាង ១៧ តោន ក្នុងត្រីមាសទី ១ ឆ្នាំ ២០២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ