លំនៅដ្ឋាននាពេលអនាគត​

ការសិក្សា​មួយ​បង្ហាញ​​ពី"លំនៅដ្ឋានពេល​អនាគត"ដែល​ប្រជាជន​ចង់បាន។ តើ​ជាលំនៅដ្ឋាន​ដូចម្ដេច?​


ប្រជាពលរដ្ឋរស់នៅ​រាជ​ធានី​ភ្នំពេញ​ជាង​ពាក់​កណ្ដាល ចំណាយ​ពេល​ភាគ​ច្រើន​នៅ​ក្នុង​បន្ទប់​គេង​ក្នុង​គេហដ្ឋាន​របស់​ខ្លួន ដោយសារតែ​កង្វះ​ទីធ្លា​និង​ឯកជនភាព​នៅ​បន្ទប់​ទទួលភ្ញៀវ ហើយ​នេះ​ក៏ដោយសារ​តែ​ប្រជាជន ៨០% ដែល​រស់នៅ​ក្នុង​ផ្ទះវីឡា​កូនកាត់ (Link house) ផ្ទះ​អាជីវកម្ម ឬ​ផ្ទះល្វែង​ ជាដើម ចត​រថយន្ត ឬ​ម៉ូតូ​របស់​ខ្លួន​នៅ​ខាង​ក្នុង​គេហដ្ឋាន។ នេះបើយោងតាម​​ការចេញផ្សាយ​ការសិក្សា​ដែល​បាន​បោះពុម្ពផ្សាយ នៅ​ថ្ងៃទី២៩ កញ្ញា ដោយ​ក្រុមហ៊ុន Urbanland ជាក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ក្នុង​ស្រុក​ឈាន​មុខ​គេ​មួយ។
ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង ចង់បានការរចនាផ្ទះ ដែលគិតគូរពីតម្រូវការអ្នករស់នៅជាចម្បង សម្រាប់ “លំនៅដ្ឋាននាពេលអនាគត”
ដោយ

ការចេញផ្សាយ​ការសិក្សា​មួយ​ដែល​មាន​ចំណង​ជើង​ថា “លំនៅដ្ឋាន​នាពេល​អនាគត” (The Future of Home) គឺ​ជា​លទ្ធផល​ដែល​កើតចេញ​ពី​ការសិក្សា​ស្រាវជ្រាវ ការអង្កេត​ស៊ី​ជម្រៅ និង​ការសិក្សា​លើ​ក្រុមគោលដៅ រយៈពេល ១០​ខែ ដែល​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ចំនួន ១៧០​នាក់ ហើយ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន Urbanland ក្នុង​គោល​បំណង​ស្វែង យល់​អំពីការប្រែប្រួល​នៃ​របៀប​រស់នៅ​របស់​ប្រជាជន​ក្នុង​ទីក្រុង ជាពិសេស ក្រុមពលរដ្ឋ​ដែល​នៅក្នុង​ការសិក្សានេះ ត្រូវ​បាន​ចាត់ទុក​ថា​ជាក្រុម​ដែល​មាន​សេចក្ដី​ប្រាថ្នា​ខ្ពស់​ក្នុង​ជីវិត (‘aspirational’ city dwellers)។

ការចេញផ្សាយការសិក្សានោះពន្យល់ថា៖ “សម្រាប់ប្រជាពលរដ្ឋកម្ពុជាដែលមានសេចក្ដីប្រាថ្នាខ្ពស់នោះ គឺយើងចង់ សំដៅទៅលើប្រជាជនកម្រិតជីវភាពមធ្យម ដែលមានចំនួនកាន់តែច្រើនឡើង ទទួលបានការអប់រំកាន់តែខ្ពស់ ជ្រាបព័ត៌មានកាន់តែច្រើន មានគោលដៅក្នុងជីវិតច្បាស់លាស់ មានការតាំងចិត្ត និងការប្ដេជ្ញាក្នុងការលើកកម្ពស់ ជីវិតរស់នៅរបស់ខ្លួន និងអ្នកដទៃ”។ 


សម្រាប់អ្នកដែលចាប់អារម្មណចង់ស្វែងយល់បន្ថែមអំពី ការចេញផ្សាយការសិក្សា ដែលមានចំណងជើងថា៖ “លំនៅដ្ឋាននាពេលអនាគត” សូមចូលទៅគេហទំព័រ (https://urbanlandasia.com/the-future-of-home) ហើយទាញយកមកប្រើប្រាស់ដោយឥតគិតថ្លៃ។


ក្រុមហ៊ុន Urbanland បាននិយាយថា ការសិក្សាស្រាវជ្រាវ គឺយកលំនាំតាមការសិក្សាស្រាវជ្រាវស្រដៀងគ្នា របស់ក្រុមហ៊ុន IKEA ជាក្រុមហ៊ុនយក្ស ដែលផ្គត់ផ្គង់សម្ភារៈ និងគ្រឿងសង្ហារឹមសម្រាប់លំនៅដ្ឋាន របស់ប្រទេសស៊ុយអែត ក្រោមចំណងជើងថា “ជីវិតនៅក្នុងគេហដ្ឋាន” (Life at Home) ដែលត្រូវបានបោះពុម្ពផ្សាយជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៤ មក។ 

៨០% នៃអ្នកស្ម័គ្រចិត្តចូលរួមនៅក្នុងការសិក្សាស្រាវជ្រាវ បាននិយាយថា សន្តិសុខគឺជាកត្តាសំខាន់មួយក្នុងការពិចារណាមុនពេលសម្រេចចិត្តទិញផ្ទះរបស់ខ្លួន ហើយ ៥០% លើកឡើងពីបញ្ហានានា ទាក់ទងនឹងសំឡេងរំខាន បញ្ហាអនាម័យ ចំណតយានយន្ត និងទំនាស់រវាងអ្នកជិតខាងជាដើម។ 

៨៤% នៃអ្នកស្ម័គ្រចិត្តចូលរួមនៅក្នុងការសិក្សាស្រាវជ្រាវបាននិយាយថា ជាទូទៅ ពួកគេតែងយកការងារមកធ្វើនៅផ្ទះជាប្រចាំ ប៉ុន្តែក្នុងនោះមានប្រមាណ ១០% ប៉ុណ្ណោះ ដែលនិយាយថា ពួកគេមានទីកន្លែងសម្រាប់ធ្វើការត្រឹមត្រូវនៅផ្ទះ ដែលក្នុងនោះភាគច្រើនធ្វើការពីក្នុងបន្ទប់គេង ឬនៅបន្ទប់ទទួលភ្ញៀវ ដែលធ្វើឲ្យការងារមានផលិតភាពទាប ដោយសារកង្វះខាតការផ្ចង់អារម្មណ៍ ព្រោះគ្រួសារមានភាពអ៊ូអរ និងមមាញឹក។ 

បើនិយាយពីការជ្រើសរើសលំនៅដ្ឋានវិញ គុណភាពនៃការរចនាផ្ទះគឺជាកត្តា “សំខាន់ខ្លាំង” សម្រាប់ មនុស្ស ៧៥% ដែលបានចូលរួមការសិក្សា ហើយក្នុងនោះមានការយល់ឃើញថា គម្រោងអភិវឌ្ឍ លំនៅដ្ឋានថ្មីៗជាច្រើនក្នុងប្រទេសកម្ពុជាភាគច្រើនផ្ដោតសំខាន់តែលើការរចនាខាងក្រៅ (exterior design) ដើម្បីប្រណីតភាព ប៉ុន្តែខ្វះការគិតគូរលើការរចនាលំនៅដ្ឋានឲ្យស្របតាមតម្រូវការ និងការប្រើប្រាស់ជាក់ស្ដែង។ 

ការចេញផ្សាយការសិក្សាបានសរសេរថា៖ “ការរចនាលំនៅដ្ឋានដែលមានគុណភាព មិនមែនគ្រាន់តែគិតគូរ ត្រឹមថាតើលំនៅដ្ឋាននោះត្រូវបានសាងសង់ឲ្យរឹងមាំប៉ុណ្ណា ទីធ្លាធំប៉ុណ្ណា សម្ភារសំណង់ថ្លៃ និងកម្រប៉ុណ្ណា ហើយវាមានសោភ័ណភាពស្រស់ស្អាតប៉ុណ្ណានោះទេ ប៉ុន្តែត្រូវគិតថាតើ គុណភាពនៃការរចនាម៉ូតទាំងនេះ បំពេញទៅតាមតម្រូវការ និងរបៀបរបបរស់នៅជាក់ស្ដែងរបស់ម្ចាស់លំនៅដ្ឋានបានប៉ុណ្ណាដែរ”។ 

លោក ហុក កាំង ជាស្ថាបត្យករកម្ពុជា និងជានាយកក្រុមហ៊ុន Urbanland មានប្រសាសន៍ថា ការសិក្សាស្រាវជ្រាវនេះបានជួយអោយក្រុមហ៊ុនទទួលបាននូវគុណប្រយោជន៍ និង ព័ត៌មានយ៉ាងសំខាន់ ក្នុងការកែលម្អវិធីសាស្ត្រ និងពង្រឹងគុណភាពរចនារបស់ខ្លួនសម្រាប់គម្រោងផ្សេងៗនាពេលខាងមុខ។ 

លោក ហុក កាំង ដែលកាលពីពេលថ្មីៗ បានឈ្នះរង្វាន់ “បុគ្គលិកលក្ខណៈឆ្នើមក្នុងវិស័យអចលនទ្រព្យប្រចាំឆ្នាំ”  (Real Estate Personality of the Year) ពីកម្មវិធី PropertyGuru មានប្រសាសន៍ថា៖ “មនុស្សជាច្រើន ដែលកើតក្នុង សម័យក្រោយសង្គ្រាម ដូចជារូបខ្ញុំ រស់ដឹងក្ដីដោយស្ថិតនៅលំនៅដ្ឋានដែលមានភាពងងឹត និងកខ្វក់ ដែលពុំសូវមាន មានពន្លឺខាងក្នុងគ្រប់គ្រាន់ ពុំសូវមានខ្យល់ចេញចូល ហើយពុំសូវគិតគូរពីការរចនាផ្ទះដែលប្រកបដោយគុណភាពឡើយ ។ ខ្ញុំគិតថា នៅសម័យនេះហើយ ពួកគេចង់បាន និងគួរទទួលបានលំនៅដ្ឋានដែលប្រសើរជាងមុន ព្រោះសម្រាប់មនុស្សភាគច្រើន ការទិញផ្ទះគឺជាការវិនិយោគធំបំផុតក្នុងជីវិតរបស់ខ្លួន”។ 

លោក បានបន្តទៀតថា៖ “តាមរយៈការយកចិត្តទុកដាក់ទៅលើតម្រូវការរបស់អ្នករស់នៅ និងរបៀបដែលយើងរចនាផ្ទះដើម្បីបំពេញតម្រូវការទាំងអស់នោះ យើងអាចប្រើប្រាស់ទិន្នន័យនេះ ដើម្បីបង្កើតនូវគេហដ្ឋានដែលមានលក្ខណៈល្អប្រសើរជាងមុន ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្ដូរ នៃតម្រូវការរបស់គ្រួសារនីមួយៗស្របពេលដែលពួកគាត់កំពុងមានភាពលូតលាស់ និងរីកចម្រើន”។

តាមរយៈគម្រោងអចលនទ្រព្យ ដែលឈ្នះពានរង្វាន់នានា ដូចជាគម្រោង Raintree និងគម្រោង Embassy Central នៅរាជធានីភ្នំពេញ និងគម្រោង Treeline Urban Resort នៅខេត្ត សៀមរាបជាដើមនោះ ក្រុមហ៊ុន Urbanland បានបង្ហាញឲ្យឃើញពីគុណតម្លៃរបស់ខ្លួនរួចមកហើយ តាមរយៈការរចនា “ដែលយកចិត្តទុកដាក់ពីតម្រូវការមនុស្សជាចម្បង”  នៅក្នុងគម្រោងលំនៅដ្ឋាន ការិយាល័យ និងសណ្ឋាគារផ្សេងៗ។ 

យ៉ាងណាមិញ លោក ហុក កាំង មានប្រសាសន៍ថា គម្រោងខាងមុខរបស់ក្រុមហ៊ុន Urbanland ឈ្មោះថា Chankri Palm Creek ដែលស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ គឺជាវត្តមានជាក់ស្តែងបំផុតនៃការរចនាលំនៅដ្ឋានដែលយកចិត្តទុកដាក់ពីតម្រូវការមនុស្សជាចម្បង(human-centred design) ។

លោក ហុក កាំង មានប្រសាសន៍ថា៖ “គម្រោងនេះ ជាគម្រោងអភិវឌ្ឍបុរីដែលមាន លក្ខណៈពិសេសខុសប្លែកស្រឡះពីបុរីដទៃ។ ការរចនាផ្ទះខាងក្នុងមានមុខងារច្បាស់លាស់ និងអាចបត់បែនតាមតម្រូវការ និងការផ្លាស់ប្តូររបស់ក្រុមគ្រួសារ នៅពេលអនាគត ពោលគឺផ្នែកផ្សេងៗនៃផ្ទះអាចបម្លែងពីបន្ទប់ទារក ទៅបន្ទប់ក្មេងលេង ទៅបន្ទប់ធ្វើការ ឬទៅជាទីកន្លែង ស្ងប់ស្ងាត់ សម្រាប់ឪពុកម្ដាយដែលមានវ័យចំណាស់អាចគេងសម្រាកពេលថ្ងៃបាន”។ 

លោកបានបន្តទៀតថា៖ “ចំណែកឯទីធ្លាខាងក្រៅ យើងផ្ដោតលើការបង្កើតទីធ្លាសហគមន៍ ដែលមាន ពណ៌បៃតង មានម្លប់ត្រឈឹងត្រឈៃ ហើយអាចប្រើប្រាស់បានពីសំណាក់មនុស្សគ្រប់ជំនាន់នៅក្នុង សហគមន៍នោះ”។ 


លោកបន្ថែមទៀតថា៖ “យើងជឿជាក់ថា ការយកចិត្តទុកដាក់លើតម្រូវការរបស់មនុស្សជាចម្បង នូវរាល់កិច្ចការដែលយើងធ្វើ នឹងជួយបង្កើនគុណភាពជីវិតរស់នៅរបស់ពួកគេ ផ្ដល់លទ្ធភាពឲ្យគ្រប់គ្នា បានរស់នៅកាន់តែប្រសើរជាងមុន ហើយអាចសម្រេចបាននូវសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន។ ការសិក្សាស្រាវជ្រាវនេះ មានសារសំខាន់ណាស់សម្រាប់ពួកយើង ក៏ដូចជាអ្នកដទៃទៀតនៅក្នុងវិស័យអភិវឌ្ឍលំនៅដ្ឋាន ដើម្បីចូលរួមក្នុងការលើកកម្ពស់ការរចនាលំនៅដ្ឋាន ការិយាល័យ និងកន្លែងផ្សេងទៀត ដែលពិតជាបានយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយលើតម្រូវការរបស់មនុស្ស”៕




អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលកម្ពុជាដាក់ចេញវិធានការជុំទី៦ ដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញានេះ បានសម្រេចដាក់ចេញនូវវិធានការបន្ថែម ដើម្បីគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងប…

មេពន្ធដារអះអាងថា បញ្ហាកូវីដ-១៩ កំពុងទាញទម្លាក់ចំណូលពន្ធដារ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធដារ បានអះអាងថា ចំណូលពន្ធដារចាប់ផ្តើមរងផលប៉ះពាល់ដោយសារឥទ្ធិពលនៃជំងឺ កូវីដ ១៩ ខណៈដែលនៅឆ្នាំនេះ ចំណូលព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ