សង្គ្រាមពាណិជ្ជកម្មរវាងមហាយក្សអាមេរិក និងចិន

តើសង្គ្រាមពាណិជ្ជកម្មរវាងមហាយក្សអាមេរិក និងចិន បង្កផលរង្គោះរង្គើអ្វីខ្លះដល់ពិភពលោកនៅ៥ឆ្នាំមកនេះ?


នៅរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ ពិភពលោកបន្តវិវត្តន៍ទៅរកប្រព័ន្ធអន្តរជាតិមួយ ដែលមានលក្ខណៈសកល ពហុប៉ូល និងស្មុគ្រស្មាញ ហើយការវិវត្តនេះ បាននាំមកនូវការផ្លាស់ប្តូរនៃទំនាក់ទំនងអន្តរជាតិយ៉ាងជ្រាលជ្រៅ ឆាប់រហ័ស ពិបាកប៉ាន់ស្មាន និងប្រកបដោយគ្រោះថ្នាក់ ទាំងសម្រាប់តំបន់ អាស៊ី-ប៉ាស៊ីហ្វិក និងពិភពលោក។
តើសង្គ្រាមពាណិជ្ជកម្មរវាងមហាយក្សអាមេរិក និងចិន បង្កផលរង្គោះរង្គើអ្វីខ្លះដល់ពិភពលោកនៅ៥ឆ្នាំមកនេះ?

បើតាមឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា ការប្រែប្រួលទាំងនេះ បានស្តែងចេញតាមរយៈនៃការប្រកួតប្រជែងកាន់តែតានតឹង និងស្មុគ្រស្មាញ រវាងមហាអំណាចធំបំផុតទាំង២ គឺសហរដ្ឋអាមេរិក និងចិន។

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានកត់សម្គាល់ឃើញថា អស់រយៈពេលប្រមាណ ៥ឆ្នាំ មកហើយ ដែលសេដ្ឋកិច្ចពិភពលោកបានរងនូវការរង្គោះរង្គើ ដោយសារឥទ្ធិពលនៃសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសធំៗ គឺសហរដ្ឋអាមេរិក និងចិន។ បើតាមឯកឧត្តម ប្រាក់ សុខុន សង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចអាមេរិក និងចិន ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយមកនេះ បានធ្វើឲ្យពិភពលោកកាន់តែវិវត្តទៅរកភាពស្មុគស្មាញ និងប្រកួតប្រជែង។ ការប្រជែងនេះ បានបង្កើតឡើងនូវស្ថានភាពដ៏លំបាកសម្រាប់ប្រទេសមធ្យម និងតូច ក្នុងការកែសម្រួលយុទ្ធសាស្ត្រ និងការប្រកាន់នូវជំហររបស់ខ្លួន ដើម្បីឆ្លើយតបនឹងការប្រែប្រួលទាំងនោះ និងការពារផលប្រយោជន៍ជាតិរៀងៗខ្លួន។

ជាមួយគ្នានេះ កត្តាខាងក្រៅជាច្រើនទៀត ក៏ជះឥទ្ធិពលមកលើដំណើរវិវត្តន៍នេះផងដែរ តួយ៉ាង ផលប៉ះពាល់ធ្ងន់ធ្ងរ និងចំរុះដែលបណ្តាលមកពីជម្ងឺរាលដាលកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ និងបញ្ហាសន្តិសុខមិនប្រពៃណីផ្សេងទៀត។

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានសង្កត់ធ្ងន់ទៀតថា ភាពលេចធ្លោជាងគេ ក្នុងដើមសតវត្សទី២១ នេះ គឺការងើបឡើងយ៉ាងជាក់ច្បាស់របស់ចិន មកជាមហាអំណាចសេដ្ឋកិច្ច ដ៏មានឥទ្ធិពល ដែលមានទម្ងន់ខាងភូមិសាស្ត្រនយោបាយ ការទូត និងយោធាកាន់តែធំឡើង ស្របពេលអាមេរិក ជាប់ផុងក្នុងសង្គ្រាមនៅអាហ្វហ្គានីស្ថាន អីរ៉ាក់ និងក្នុងប្រទេសមួយចំនួនទៀត ក្នុងនាមជាងអ្នកប្រឆាំងភេរវកម្ម ឬការពារលទ្ធិប្រជាធិបតេយ្យ។ ការងើបឡើងរបស់ប្រទេសចិន បានបង្កទៅជាការប្រឈមជាយុទ្ធសាស្ត្រដ៏ធំបំផុតសម្រាប់សហរដ្ឋអាមេរិក ចំពោះការរក្សាឋានៈជាមហាអំណាចទីមួយនៃពិភពលោក។ ម្យ៉ាងវិញទៀត ទំនាក់ទំនងកាន់តែលំបាកឡើងរវាងសហរដ្ឋអាមេរិក និងចិន ជះឥទ្ធិពលសំខាន់បំផុតលើដំណើរនៃប្រព័ន្ធអភិបាលកិច្ច និងសណ្តាប់ធ្នាប់សកល ថែមទៀតផង។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបន្តថា ចាប់តាំងពីបានក្លាយជាមហាអំណាចសេដ្ឋកិច្ចទី២ នៃពិភពលោកនៅឆ្នាំ២០១៣ ប្រទេសចិនកាន់តែមានទំនុកចិត្តលើសមត្ថភាព អំណាច និងឥទ្ធិពលរបស់ខ្លួន ក្នុងកិច្ចការតំបន់ និងពិភពលោក។ ចិនប្រកាសនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកសាងនូវ មហាប្រទេសសង្គមនិយមទំនើបលើគ្រប់វិស័យ តាមលក្ខណៈពិសេសរបស់ចិន ដែលគ្មាននរណាអាចរារាំងបានឡើយ។ ផ្អែកលើកំណើនសេដ្ឋកិច្ចខ្ពស់ និងថេរ ក្នុងរយៈពេលច្រើនទស្សវត្សជាប់ៗគ្នា ប្រទេសចិនបានដើរតាមទាន់សហរដ្ឋអាមេរិក ស្ទើរគ្រប់វិស័យ ហើយឥទ្ធិពលសេដ្ឋកិច្ចរបស់ចិននៅតំបន់ជាច្រើនលើពិភពលោកមានលក្ខណៈទូលាយ និងកើនឡើងជាលំដាប់។ លើសពីនេះ ចិនក៏ជាដៃគូដ៏សំខាន់បំផុតផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ស្ទើរគ្រប់ប្រទេសនៅអាស៊ី ដែលធ្វើឲ្យចិនមានលទ្ធភាពបង្កើត និងអនុវត្តនូវគំនិតផ្តួចផ្តើមខ្សែរក្រវ៉ាត់ និងផ្លូវ។

យ៉ាងណាក៏ដោយ ឆ្លើយតបនឹងការងើបឡើងនៃអំណាច និងឥទ្ធិពលរបស់ចិន ចាប់តាំងពីប្រទេសនេះ បានដាក់ចេញនូវគំនិតផ្ដួចផ្ដើមខ្សែរក្រវ៉ាត់ និងផ្លូវ នៅឆ្នាំ២០១៣មក សហរដ្ឋអាមេរិក ក៏បានដាក់ចេញនូវយុទ្ធសាស្ត្រ «ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហរ» ដាស់ និងពង្រឹងឡើងវិញនូវសម្ព័ន្ធភាពរបស់ខ្លួននៅអឺរ៉ុប និងនៅអាស៊ី ព្រមទាំងកសាងឡើងនូវអង្គការភូមិសាស្ត្រនយោបាយ ដើម្បីហ៊ុមព័ទ្ធចិន តួយ៉ាង «កិច្ចសន្ទនាសន្តិសុខចតុភាគី» «កិច្ចព្រមព្រៀងសន្តិសុខត្រីភាគី» និង«ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក»ជាដើម៕




អត្ថបទបន្ទាប់


ក្រុមហ៊ុននាំចូលរថយន្ដម៉ាកប្រណីតចំនួន ២ ប្រកាសឈប់នាំចូលមកកម្ពុជា

ព័ត៌មាន
នៅមួយរយៈចុងក្រោយនេះ ក្រុមហ៊ុននាំចូលរថយន្ដម៉ាកប្រណីតមកកម្ពុជាមួយចំនួន បានប្រកាសឈប់នាំចូលរថយន្ដមកកម្ពុជា ក្រោយពីបានឈរជើងអស់ជាច្រើនឆ្នាំនៅ…

កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ «ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ជាលើកដំបូងនៅចុងខែ នេះ

ព័ត៌មាន
កម្ពុជានឹងរៀបចំជាលើកដំបូងនូវព្រឹត្តិការណ៍ «ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»ដែលគ្រោងប្រារព្វធ្វើឡើងនៅថ្ងៃទី២៦ ខែមីនា ឆ្នា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ