ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប

ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប នឹងផ្ដល់ផ្លែផ្កាអ្វីខ្លះដល់សេដ្ឋកិច្ចកម្ពុជា?


នៅទីបំផុត រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់អនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប២០២១-២០៣៥ជាផ្លូវការហើយ បន្ទាប់ពី តម្តេចតេជោ នាយករដ្ឋមន្ត្រី បានអនុម័តជាផ្លូវការ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ កន្លងមក។ តាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ផែនការមេនេះ នឹងប្រែក្លាយខេត្តសៀមរាប ជាគោលដៅទេសចរណ៍អន្តរជាតិដ៏ទាក់ទាញ ប្រកបដោយគុណភាព ផ្ដល់នូវធនធានទេសចរណ៍សម្បូរបែប មានការទទួលស្គាល់ជាលក្ខណៈសកលលើការអភិរក្ស និងកិច្ចគាំពារសម្បត្តិបេតិកភណ្ឌវប្បធម៌ និងបរិស្ថានធម្មជាតិ។
ប្រាសាទ​អង្គរវត្ត​ រូបភាព៖ ហេង ភារម្យ

ពិធី​ប្រកាស​ជា​ផ្លូវការ​ដាក់​ឱ្យ​អនុវត្ត​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប​២០២១-២០៣៥ មានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា និង ឯកឧត្តម ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។ នា​ឱកាស​នោះ ឯកឧត្តម ថោ​ង ខុន បាន​គូសបញ្ជាក់​ថា ផែនការ​មេនេះ គឺជា​ឯកសារ​យុទ្ធសាស្ត្រ​ដ៏​សំខាន់ ដែល​ឆ្លុះ​បញ្ចាំង ពី​ចក្ខុវិស័យ​វែង​ឆ្ងាយ​នៃ​ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប និង​តំបន់​ជុំវិញ ក៏​ដូច​ជា បម្រើ​ដល់​ការ​អភិវឌ្ឍ​ខេត្តសៀមរាប​ទាំងមូល​។

ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បញ្ជាក់​ថា ដើម្បី​អាច​ដើរ​តាម​ទស្សនវិស័យ​នៃ​ការ​អភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​ចីរភាព និង​នៅ​ក្នុង​បរិបទ​នៃ​ការ​ប្រកួតប្រជែង​ទេសចរណ៍​កាន់តែ​ខ្លាំង​ក្នុង​និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ ផែនការមេ​បាន​កំណត់​វិសាលភាព​រួម គឺ​រួម​បញ្ចូល​ទាំង​ទេសចរណ៍វប្បធម៌ និង​ទេសចរណ៍ធម្មជាតិ​សម្រាប់​ខេត្តសៀមរាប ខណៈ​បច្ចុប្បន្ន ការ​ទស្សនា​ប្រាសាទ​អង្គរ គឺជា​មូលហេតុ​ចម្បង​តែ​មួយ​របស់​ភ្ញៀវ​ទេសចរ​ដែល​មក​កាន់​ខេត្តសៀមរាប​។ ក្នុង​ន័យ​នេះ ផែនការមេ​ខេត្តសៀមរាប នឹង​ជួយ​បង្កើន​ភាព​ទាក់ទាញ​ខេត្តសៀមរាប ដោយ​ត្រូវ​ផ្សារ​ភ្ជាប់​ជាមួយ​សកម្មភាព​កម្សាន្ត​ដ៏​សម្បូរ​បែប ដើម្បី​ទាញ​យក​នូវ​តម្លៃបន្ថែម​កាន់តែ​ខ្ពស់​ពី​វិស័យ​ទេសចរណ៍​។ ឯកឧត្តម ថោ​ង ខុន ក៏​មាន​ក្ដី​រំពឹង​ខ្ពស់​ដែរ​ថា សេដ្ឋកិច្ច​កម្ពុជា នឹង​ប្រសើរ​ឡើង​វិញ​តាម​រយៈ​ផែនការ​មេនេះ ហើយ​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា ពិសេស​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន​នឹង​មក​កម្សាន្ត​នៅ​កម្ពុជា នៅ​ឆ្នាំ​បន្តបន្ទាប់​។

ទន្ទឹម​នោះ ឯកឧត្តម ថោ​ង ខុន បាន​ពន្យល់​ថា ដើម្បី​សម្រេច​នូវ​គោលបំណង​នូវ​ផែនការ​ខាងលើ ផែនការ​នេះ ត្រូវ​មាន​គោលដៅ​យុទ្ធសាស្ត្រ​សំខាន់​ៗ ដូច​ជា ការ​អភិវឌ្ឍ​តំបន់​ទេសចរណ៍​អាទិភាព​នៅ​ខេត្តសៀមរាប​,​ការ​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ថ្មី​ៗ,​ការ​ផ្សព្វផ្សាយ និង​ទាក់ទាញ​ទេសចរណ៍​មក​ខេត្តសៀមរាប​,​ការ​ពង្រឹងគុណភាព និង​និរន្តរភាព​នៃ​ការ​អភិវឌ្ឍ​ទេសចរណ៍​ខេត្តសៀមរាប​,​ការ​គ្រប់គ្រង​បរិស្ថាន​នៅ​ខេត្តសៀមរាប​,​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ពន្ធ និង​ពង្រឹង​កា​រត​ភ្ជាប់​គាំទ្រ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប និង​ការ​ពង្រឹង​អភិបាលកិច្ច​សម្រាប់​ទ្រទ្រង់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប ដោយ​ឈរ​លើ​អភិក្រម​នៃ​ការ​ចូលរួម​។

អ្នកជំនាញ នៅ​ក្នុង​វិស័យ​ទេសចរណ៍ រួម​មាន លោក ធួន ស៊ី​ណា​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក និង​លោក ឌិន សុ​មេ​រិ​ទ្ធ ប្រធាន​សមាគម​សណ្ឋាគារ កម្ពុជា សុទ្ធតែ​បាន​មើលឃើញ​ថា ផែនការមេ​អភិ​ឌ្ឍ​ន៍​ខេត្តសៀមរាប​នេះ គឺជា​ឱកាស​បន្ថែម ក្នុង​ការ​ជួយ​ឱ្យ​វិស័យ​ទេសចរណ៍​កម្ពុជា​ងើបឡើង​វិញ បន្ទាប់​ពី​វិស័យ​នេះ​បាន​រង​គ្រោះ​យ៉ាងធ្ងន់ធ្ងរ ដោយសារ​តែ​វិបត្តិ​កូ​វី​ដ​១៩ អស់​រយៈពេល​ជិត ២​ឆ្នាំ​កន្លង​មកនេះ​។

យ៉ាងណា​ក៏​ដោយ​ចុះ លោក ធួន ស៊ី​ណា​ន បាន​គូសបញ្ជាក់​ថា បញ្ហា​កូ​វី​ដ​១៩ នៅ​តែ​មិន​ទាន់​ទៅ​ណា​ឆ្ងាយ​នោះ​ទេ គួប​ផ្សំ​នឹង​វិធានការ​ផ្សេង​ៗ ជា​ច្រើន​នៅ​ក្នុង​ខេត្តសៀមរាប ក៏​មិន​ទាន់​មានការ​ធូរស្រាល​ដែរ ដូច្នេះ អ្នកជំនាញ​រូប​នេះ យល់​ថា ក្រោយ​រាជរដ្ឋាភិបាល​ប្រកាស​ជា​ផ្លូវការ​ភ្លាម​ៗ​នូវ​ផែន​មេ មិន​ទាន់​អាច​ឱ្យ​វិស័យ​នេះ​ប្រសើរ​ឡើង​វិញ​ភ្លាម​ៗ​នោះ​ទេ​។

សូម​បញ្ជាក់​ថា ក្នុង​ផែនការ​ខាងលើ រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ជំរុញ​ឱ្យ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ខេត្ត ពង្រឹង​លក្ខណៈសម្បត្តិ​របស់​ខេត្តសៀមរាប ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​។ បន្ថែម​នោះ រដ្ឋាភិបាល ក៏​បាន​ជំរុញ​បញ្ចប់​គម្រោង​កែ​លម្អ​ផ្លូវ ៣៨​ខ្សែ ក្នុង​ក្រុង​សៀមរាប ក៏​ដូច​ជា ពង្រឹង​នូវ​ការ​គ្រប់គ្រង​លំហូរ​ភ្ញៀវ​ក្នុង​តំបន់​អង្គរ ឱ្យ​ស្រប​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​ផង​ដែរ​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចេញរ៉ែមាសកម្ពុជាផ្ដល់ចំណូលចូលរដ្ឋជាង៦៦ម៉ឺនដុល្លារ ក្រោយដំណើរការបាន៤ខែ

ព័ត៌មាន
ក្រោយបានដំណើរការបាន៤ខែ ក្រុមហ៊ុនរបស់អូស្ត្រាលី រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត ចម្រាញ់រ៉ែមាសពីតំបន់អូខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌ…

តួលេខពីគយវៀតណាមថា កម្ពុជានាំចេញទៅវៀតណាមមានជាង៣,៧ពាន់លានដុល្លារ កើន ជិត៤ដង នៅ៩ខែឆ្នាំនេះ

ព័ត៌មាន
កម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារវៀតណាម សម្រេចបានជាង៣ពាន់៧រយលានដុល្លារអាមេរិក នៅ៩ខែក្នុងឆ្នាំ២០២១ កើនឡើងជិត៤ដងបើធៀបនឹងរយៈពេលដូចគ្នាកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ