ការនាំចេញផលិតផលកសិកម្ម

តើមូលហេតុអ្វីខ្លះ បានជាកម្ពុជាអាចនាំចេញផលិតផលកសិកម្មភាគច្រើនត្រឹមទីផ្សារប្រទេសក្បែរខាង ?


ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា បច្ចុប្បន្ននៅតែមានការពឹងផ្អែកខ្លាំងទៅលើទីផ្សារប្រទេសជិតខាង ខណៈការនាំចេញដោយត្រង់ទៅកាន់ទីផ្សារក្រៅប្រទេសគឺនៅបន្ដមានរបាំងឧបសគ្គច្រើន។ តើបញ្ហានេះ វាបណ្ដាលមកពីកត្តាអ្វីខ្លះ?
ផលិតផលកសិកម្ម មៀន ចេក ស្វាយ និងដំឡូងជ្វា

ជុំវិញ​បញ្ហា​នេះ ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​អះអាង​ថា ការ​នាំ​ចេញ​កសិផល ទៅ​កាន់​ទីផ្សារ​ប៉ែក​អឺរ៉ុប បច្ចុប្បន្ន​នេះ ពិតជា​បាន​ជួប​បញ្ហា​ពិតមែន ដូច​ជា ខ្វះ​ទូរ​កុងតឺន័រ និង​ថ្លៃ​ដឹក​ជញ្ជូន​កើនឡើង​ខ្ពស់​ជាដើម ខណៈ​ការ​នាំ​ចេញ​ទៅ​ប្រទេស​ចិន​វិញ គឺ​ទាមទារ​ឆ្លងកាត់​របាំង​ត្រួតពិនិត្យ​អនាម័យ និង​ភូតគាម​អនាម័យ បើ​ទោះបី​ប្រទេស​កម្ពុជា​និង​ចិន​មាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​ក៏​ដោយ​។ ដូច្នេះ បច្ចុប្បន្ន កម្ពុជា បាន​ចាត់​ទុក​ប្រទេស​ក្បែរ​ខាង​ជា​ទិស​ដៅ​សំខាន់ ក្នុង​ការ​នាំ​ចេញ​កសិផល​របស់​ខ្លួន ដូច​ជា ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ជាដើម ពិសេស​នៅ​អំឡុង​ពេល​កូ​វី​ដ​១៩​នេះ កម្ពុជា​នាំ​ចេញ​ផលិតផល​កសិកម្ម​ទៅ​ប្រទេស​វៀតណាម​កើនឡើង​យ៉ាង​គំហុក​តែ​ម្ដង​។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឯកឧត្តម វេ​ង សា​ខុន បាន​លើក​ឡើង​ថា ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ជាទី​ផ្សារ​ធំ​របស់​កម្ពុជា នា​ពេល​បច្ចុប្បន្ន ក្នុង​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​។

ជាក់ស្ដែង នៅ​ក្នុង​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​ជិត​៦​លាន​តោន​នៅ​៩​ខែ​ឆ្នាំ​២០២១ ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​ទៅ​កាន់​ប្រទេស​វៀតណាម មាន​ប្រមាណ ជាង​៦៤%​ទៅ​ហើយ​នៃ​ការ​នាំ​ចេញ​សរុប ខណ​ការ​នាំ​ចេញ​ទៅ​ថៃ​មាន​ជាង ២១% និង​នាំ​ទៅ​ចិន​មាន​ជិត​៧% និង​គោលដៅ​ប្រទេស​ដទៃ​ទៀត​ជិត​៥%​។

ការងា​កមក​ផ្ដោត​លើ​ទីផ្សារ​ប្រទេស​ក្បែរ​ខាង ជំនួស​ឱ្យ​ការ​នាំ​ចេញ​ដោយ​ត្រង់​ទៅ​ទីផ្សារ​ប៉ែក​អឺរ៉ុប និង​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត ត្រូវ​បាន​រដ្ឋមន្ត្រី​កសិកម្ម​ពន្យល់​ថា វិបត្តិ​កូ​វី​ដ​១៩ បាន​ធ្វើ​ឱ្យ​ការ​ដឹក​ជញ្ជូន​ទំនិញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ កាន់តែ​ពិបាក ដូច​ជា ថ្លៃ​ដឹក​ញ្ជូ​ន​ខ្ពស់ និង​កង្វះ​ទូរ​កុងតឺន័រ សម្រាប់​ការ​ដឹក​ជញ្ជូន​ផ្លូវ​ឆ្ងាយ​។ ទន្ទឹម​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​កសិកម្ម គូសបញ្ជាក់​ទៀត​ថា ការ​នាំ​ចេញ​កសិផល​មួយ​ចំនួន​ទៅ​កាន់​ប្រទេស​ចិន ឯណោះ​វិញ គឺ​ត្រូវ​ឆ្លងកាត់​របាំង​អនាម័យ និង​ភូតគាម​អនាម័យ ទើបត្រូវ​ការ​ពេ​លេ​វ​លា​បន្ថែម ពិសេស​ផ្ដោត​សំខាន់​លើ​ផ្លែ​មៀន​ប៉ៃលិន ដែល​រហូត​ពេល​នេះ នៅ​តែ​មិន​ទាន់​អាច​នាំ​ចេញ​ទៅ​ចិន​បាន​នៅឡើយ​។

ឯកឧត្តម វេ​ង សា​ខុន បាន​សង្កត់ធ្ងន់​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង កម្ពុជា​-​ចិន នឹង​អនុញ្ញាត​ឱ្យ​កម្ពុជា អាច​នាំ​ផលិតផល​កសិកម្ម​របស់​ខ្លួន ជា​ច្រើន​មុខ​ចូល​ទីផ្សារ​ប្រទេស​ចិន ដោយ​មិន​ជាប់​ពន្ធគយ​ក៏​ពិតមែន ប៉ុន្តែ​ទំនិញ​ទាំងនោះ ត្រូវ​តែ​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​ខាង​ស្តង់ដារ​អនាម័យ​និង​ភូតគាម​អនាម័យ និង​សុវត្ថិភាព​ចំណីអាហារ ដែល​កំណត់​ដោយ​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្តរបស់​ប្រទេស​ចិន​។ តើ​អ្វី​ជា​របាំង​អនាម័យ និង​ភូតគាម​អនាម័យ?

អនាម័យ​និង​ភូតគាម​អនាម័យ គឺជា​បណ្តា​វិធានការ​នានា របស់​រដ្ឋាភិបាល​នីមួយ​ៗ បាន​ដាក់​ចេញ ក្នុង​គោលបំណង ដើម្បី​ការពារ​សុខភាព​មនុស្ស​។ ប្រទេស​នីមួយ​ៗ មាន​សិទ្ធិ​អធិបតេយ្យ​ក្នុង​ការ​កំណត់​ស្តង់ដារ​អនាម័យ​និង​ភូតគាម​អនាម័យ​របស់​ខ្លួន ដោយ​ត្រូវ​ផ្អែក​លើ​មូលដ្ឋាន​វិទ្យាសាស្ត្រ ដើម្បី​ការពារ​សុខភាព ឬ​ជីវិត​មនុស្ស ក្នុង​ប្រទេស​របស់​ខ្លួន​។

ដើម្បី​ទាញ​យក​នូវ​ផលប្រយោជន៍ ឱ្យ​បានជា​អតិបរិមា ពី​កាលានុវត្តភាព​នេះ ឯកឧត្តម វេ​ង សា​ខុន អំពាវនាវ​ឲ្យ​ប្រជា​កសិករ ផ្នែក​ឯកជន ជា​អ្នក​កែ​ច្នៃ វេច​ខ្ចប់​នាំ​ចេញ និង​ផ្នែក​ពាក់ព័ន្ធ​ដទៃ ក្នុង​ខ្សែ​សង្វា​ក់​តម្លៃ​កសិកម្ម ត្រូវ​ខិតខំ​ផលិត​និង​ចូលរួម ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​បង្កើន​ការ​វិនិយោគ​លើ​ការ​កសាង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ឱ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ផលិត​និង​កែ​ច្នៃ វេច​ខ្ចប់ នាំ​ចេញ​ឱ្យ​ស្រប​តាម​លក្ខខណ្ឌ​តម្រូវ​នៃ​ស្តង់ដារ​គុណភាព សុវត្ថិភាព អនាម័យ​និង​ភូតគាម​អនាម័យ​នៃ​ប្រទេស​ចិន ដែល​ជាទី​ផ្សារ​ដែល​មាន​សក្តានុពល​បំផុត​សម្រាប់​ទំនិញ​កសិកម្ម​កម្ពុជា​។

​ម្យ៉ាងទៀត កម្ពុជា ក៏​ត្រូវ​តែ​ពង្រឹង​ឧត្តមភាព​ប្រកួតប្រជែង​របស់​ខ្លួន នៅ​លើ​ទីផ្សារ​ប្រទេស​ចិន តាម​រយៈ​ការ​ពង្រឹង​ស្តង់ដារ​គុណភាព សុវត្ថិភាព និង​ស្តង់ដារ​អនាម័យ​និង​ភូតគាម​អនាម័យ ដើម្បី​អាច​ទាញ​បាន​នូវ​ផលប្រយោជន៍ ជា​អតិបរិមា​ពី​ក្រប​ខណ្ឌ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី និង​អាច​ធានា​ឧត្តមភាព​ប្រកួតប្រជែង​នេះ ក្នុង​រយៈពេល​វែង​ទាំង​ទីផ្សារ​ប្រទេស​ចិន និង​ពង្រីក​ទីផ្សារ​នាំ​ចេញ​ទៅ​កាន់​ទិស​ដៅ​ផ្សេង​ៗ​ទៀត​។

យោង​តាម​របាយការណ៍​ក្រសួងកសិកម្ម​កម្ពុជា បាន​បង្ហាញ​ថា ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​របស់​កម្ពុជា នៅ​រយៈពេល ៩​ខែ ក្នុង​ឆ្នាំ​២០២១ កម្ពុជា ទទួល​បាន​ចំណូល​ជាង ៣​ពាន់​លាន​ដុល្លារ ជាមួយនឹង​បរិមាណ​នាំ​ចេញ​សរុប​ជិត​៦​លាន​តោន ដែល​មានការ​កើនឡើង​ជាង​៨៨% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២០៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


និយ័តករទូរគមនាគមន៍ កម្ពុជា ព្រមានលុបចោលគេហទំព័ររបស់ក្រុមហ៊ុនជាង ១០០ក្រុមហ៊ុន បើមិនព្រមទូទាត់សងបំណុល

ព័ត៌មាន
និយ័តករទូរគមនាគមន៍កម្ពុជា បានដាក់ចេញសេចក្ដីប្រកាសមួយដែលស្ដីអំពី ការព្រមានលុបចោលនូវគេហទំព័រ របស់ក្រុមហ៊ុនជាង១០០ក្រុមហ៊ុន ដែលមានការខក…

ពូជស្រូវកូនកាត់របស់ចិនបំបែកំណត់ត្រាថ្មី អាចផ្ដល់ទិន្នផលបានជិត២៤តោន ក្នុង១ហិកតា

ព័ត៌មាន
ថ្មីៗនេះមន្ទីពិសោធន៍ចិនបានដឹងថា ពូជស្រូវមួយប្រភេទដែលជនជាតិចិនបានបង្កាត់អាចផ្តល់ទិន្នផលជិត ២៤ តោនក្នុងមួយហិកតា សម្រាប់ការដាំដុះប្រមូលផល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ