ហេតុអ្វីស្ថានភាពសេដ្ឋកិច្ចប្រទេសនៅសហភាពអឺរ៉ុប និងអង់គ្លេសខុសគ្នាខ្លាំង?

ហេតុអ្វីអឺរ៉ុបអាចនឹងគេចផុតពីវិបត្តិសេដ្ឋកិច្ច ប៉ុន្តែចក្រភពអង់គ្លេសនៅបន្តក្នុងស្ថានភាពយ៉ាប់យ៉ឺន?


សកម្មភាពអាជីវកម្មនៅទូទាំងប្រទេសចំនួន២០ដែលជាប្រទេសចាយប្រាក់អឺរ៉ូ បានពង្រីកសកម្មភាពរបស់ខ្លួនគួរឱ្យកត់សម្គាល់ជាលើកដំបូង ក្នុងរយៈពេល៦ខែចុងក្រោយនេះ ដែល សបង្ហាញនូវភស្តុតាងថ្មីថា សេដ្ឋកិច្ចរបស់ប្រទេសក្នុងតំបន់អឺរ៉ុបអាចនឹងជៀសផុតវិបត្តិនៅឆ្នាំនេះ ខណៈចក្រភពអង់គ្លេសដែលដកខ្លួនចេញពីសហភាពអឺរ៉ុបហើយនោះ បាននិងកំពុងបន្តស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចយ៉ាប់យ៉ឺនខ្លាំងមែនទែនតែម្តង។ នេះបើតាមរបាយការណ៍មួយ ដែលបានស្រង់យកមកចុះផ្សាយដោយសារព័ត៌មាន CNN។
ហេតុអ្វីអឺរ៉ុបអាចនឹងគេចផុតពីវិបត្តិសេដ្ឋកិច្ច ប៉ុន្តែចក្រភពអង់គ្លេសនៅបន្តក្នុងស្ថានភាពយ៉ាប់យ៉ឺន?

បើយោងតាមរបាយការណ៍ដំបូងនៃសន្ទស្សន៍ការបញ្ជាទិញនៃប្រទេសចាយប្រាក់អឺរ៉ូ ដែលមានការតាមដានសកម្មភាពក្នុងវិស័យផលិតកម្ម និងសេវាកម្ម បានបង្ហាញឲ្យឃើញថា បានកើនឡើងដល់ ៥០,២% ក្នុងខែមករា ពីជាង៤៩,៣% ក្នុងខែធ្នូឆ្នាំមុន។ ទោះកំណើនមានត្រឹមជិត១% ក៏ពិតមែន តែវាជាការកើនឡើងលើកដំបូងចាប់តាំងពីខែមិថុនាឆ្នាំ២០២២មក។ ការវិលត្រឡប់ទៅរកកំណើនតិចតួចនេះ បានជួយឱ្យ តម្លៃថាមពលធ្លាក់ចុះ និងខ្សែចង្វាក់ផ្គត់ផ្គង់បានបន្ធូរបន្ថយភាពតានតឹង ក៏ដូចជាបានជួយសម្រួលដល់ការកើនឡើងនៃថ្លៃដើមផលិតផងដែរ។

ជាមួយគ្នានេះ ការកើនឡើងនៃសេដ្ឋកិច្ចក្នុងប្រទេសតំបន់អឺរ៉ុប បានបង្កើតក្តីសង្ឃឹមប្រកបដោយសុទិដ្ឋិនិយមសម្រាប់ឆ្នាំ២០២៣នេះ ថាសេដ្ឋកិច្ចប្លុកនេះ អាចនឹងឆ្លងផុតវិបត្តិ ខណៈការបើកឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិននាពេលថ្មីៗនេះក៏បានបង្កើនទំនុកចិត្តបន្ថែមទៀត សម្រាប់ប្លុកចាយប្រាក់អឺរ៉ូទាំង២០ប្រទេសផងដែរ។

លោក Chris Williamson ប្រធានសេដ្ឋវិទូផ្នែកធុរកិច្ចនៅក្រុមហ៊ុនទីផ្សារ S&P Global Market Intelligence ដែលជាក្រុមហ៊ុនស្ទង់មតិផ្នែកទីផ្សារបាននិយាយថា៖ «ស្ថិរភាពនៃសេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូនៅដើមឆ្នាំនេះបានបង្ហាញថា តំបន់នេះអាចគេចផុពីវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០២៣នេះ»។ ទោះជាយ៉ាងណាក៏ដោយ លោក Williamson បានបន្ថែមថា និន្នាការនៃការធ្លាក់ចុះ មិនគួរត្រូវបានច្រានចោលទាំងស្រុងនោះទេ ដោយសារការចំណាយលើការខ្ចីប្រាក់បានកើនឡើង ក្រោយមានការដំឡើងអត្រាការប្រាក់ដោយធនាគារកណ្តាលអឺរ៉ុប។ ប៉ុន្តែការធ្លាក់ចុះណាមួយនោះ ទំនងជាមិនមានកម្រិតធ្ងន់ធ្ងរជាងការភ័យខ្លាចដូចពីមុនពេកនោះទេ។

យ៉ាងណាមិញ ប្រធានសេដ្ឋវិទូរបស់ធនាគារ Berenberg លោក Holger Schmieding បាននិយាយនៅក្នុងកំណត់ត្រាស្រាវជ្រាវមួយថា៖ «កម្រិតនៃទំនុកចិត្តអ្នកប្រើប្រាស់នៅតែមានកម្រិតទាប និងផលប៉ះពាល់ពីការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអឺរ៉ុប នៅតែចង្អុលបង្ហាញពីការធ្លាក់ចុះ នៃ GDP របស់តំបន់ចាយប្រាក់អឺរ៉ូក្នុងរយៈពេលខ្លី មុនពេលការស្ទុះងើបឡើងវិញអាចចាប់ផ្តើមសាជាថ្មីបាន។

ទោះជាយ៉ាងណាក៏ដោយ រូបភាពនេះមើលទៅហាក់មិនសូវមានសង្ឃឹមទេ នៅក្នុងចក្រភពអង់គ្លេស ខណៈដែលសន្ទស្សន៍ការបញ្ជាទិញ (PMI) ក្នុងខែមករាបានបង្ហាញពីការថយចុះយ៉ាងខ្លាំងនៃសកម្មភាពអាជីវកម្ម គិតចាប់ពីការបិទខ្ទប់ទូទាំងប្រទេសដោយសារកូវីដ១៩ កាលពី ២ ឆ្នាំមុន។ មូលហេតុចម្បងនោះគឺដោយសារអត្រាការប្រាក់នៅតែបន្តមានកម្រិតខ្ពស់ និងទំនុកចិត្តអ្នកប្រើប្រាស់នៅមានកម្រិតទាប ដែលធ្វើឱ្យសកម្មភាពធ្លាក់ចុះយ៉ាងខ្លាំងក្នុងវិស័យសេវាកម្ម។

ជាក់ស្តែង សកម្មភាពអាជីវកម្ម និងសេវាកម្ម ធ្លាក់ចុះនៅត្រឹមជាង៤៧% ក្នុងខែមករា ពីចំនួន៤៩% ក្នុងខែធ្នូឆ្នាំ២០២២ ពោលគឺវិស័យទាំងនេះនៅអង់គ្លេសបានបន្តធ្លាក់ចុះក្នុងរយៈពេល៦ខែជាប់ៗគ្នាហើយ។

លោក Williamson ប្រធានសេដ្ឋវិទូផ្នែកធុរកិច្ចនៅក្រុមហ៊ុនទីផ្សារ S&P ដដែលបានលើកឡើងថា៖ «តួលេខសន្ទស្សន៍ការបញ្ជាទិញ មានកម្រិតខ្សោយជាងការរំពឹងទុកនៅក្នុងខែមករា គឺបានបង្ហាញពីហានិភ័យ ដែលចក្រភពអង់គ្លេសអាចនឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច»។ លោកបានបន្ថែមថា៖ «វិវាទឧស្សាហកម្ម កង្វះបុគ្គលិក ការបាត់បង់ការនាំចេញ ការកើនឡើងតម្លៃនៃការចំណាយសម្រាប់រស់នៅ និងអត្រាការប្រាក់ខ្ពស់ សុទ្ធតែមានន័យថា អត្រានៃការធ្លាក់ចុះសេដ្ឋកិច្ចរបស់អង់គ្លេសបានប្រមូលផ្តុំគ្នាម្តងទៀតនៅដើមឆ្នាំ២០២៣នេះ»។

ទន្ទឹមនឹងសេដ្ឋកិច្ចកំពុងរួមរឹតដោយបញ្ហាចាក់ស្រេះនោះ គេមើលឃើញថា បំណុលរបស់រដ្ឋាភិបាលអង់គ្លេសក៏បានហក់ឡើងកាន់តែខ្ពស់ដែរ ពោលគឺ កាលពីខែធ្នូឆ្នាំមុន រដ្ឋាភិបាលអង់គ្លេសបានខ្ចីបុលប្រមាណជិត៣៤ពាន់លានដុល្លារ ដែលជាកម្រិតបំណុលខ្ពស់បំផុតដែលបានខ្ចីសម្រាប់ខែធ្នូ បើគិតតាំងពីឆ្នាំ១៩៩៣មក។ បំណុលរដ្ឋាភិបាលអង់គ្លេសកើនឡើង ក៏ដោយសារតែរដ្ឋត្រូវបង្កើនការចំណាយគាំទ្រដល់ការចំណាយថ្លៃថាមពលសម្រាប់ក្រុមគ្រួសារអង់គ្លេស ក៏ដូចជាការចំណាយលើការបង់សងការប្រាក់នៃបំណុលរដ្ឋាភិបាលដែលចេះតែកើនឡើងផងដែរ៕




អត្ថបទបន្ទាប់


ហេតុអ្វីកម្ពុជានៅតែរំពឹងលើចិនខ្លាំងក្នុងការជំរុញកំណើនសេដ្ឋកិច្ចឆ្នាំ២០២៣?

ព័ត៌មាន
ពិភពលោក រួមទាំងកម្ពុជាបានចាត់ទុកអ្នកដំណើរ និងវិនិយោគិនចិន គឺជាចលករយ៉ាងសំខាន់ក្នុងការជំរុញនូវកំណើនសេដ្ឋកិច្ច នៅក្រោយពេលដែលប្រទេសចិនច…

កម្ពុជាដាក់គោលដៅបង្កើនការនាំចេញផលិផលនៃវិស័យយានយន្ដ និងបច្ចេកវិទ្យាឲ្យបានដល់ជាង២ពាន់លានដុល្លារនៅ៥ឆ្នាំខាងមុខ

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការរយៈពេល៥ឆ្នាំក្នុងការជំរុញការអភិវឌ្ឍវិស័យយានយន្ដ និងបច្ចេកវិទ្យា តាមរយៈផែនទីបង្ហាញផ្លូវដ៏សំខាន់ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ