បំណុល​បរទេស

ហេតុ​អ្វី​រុស្ស៊ី​មិន​ព្រម​លុប​ចោល​បំណុល​កម្ពុជា​ជំពាក់​១៥០០​លាន​ដុល្លារ?


កម្ពុជាជានិច្ចកាលតែងតែទាមទារ ឬស្នើសុំឲ្យរដ្ឋាភិបាលរុស្ស៊ីលុបចោលបំណុលដែលខ្លួនជំពាក់កាលពីសម័យសហភាពសូវៀត ប៉ុន្តែ រុស្ស៊ីហាក់បីដូចជាធ្វើមិនដឹងមិនឮ នៅពេលដែលកម្ពុជាស្នើសុំលុបបំណុលម្តងៗ។
បំណុលដែល​កម្ពុជា​ជំពាក់​រុស្ស៊ី​គឺ​បន្សល់​ទុក​តាំង​ពី​សម័យ​សង្គ្រាម
ដោយ

រដ្ឋាភិបាលរុស្ស៊ី បានបង្កើតគោលនយោបាយការបរទេសទំនាក់ទំនងឲ្យកាន់តែល្អប្រសើរជាមួយបណ្តា ប្រទេសនៅក្នុងតំបន់អាស៊ាន ក៏ប៉ុន្តែ ការរឹតចំណងសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់ទីក្រុងមូស្គូ និង ទីក្រុងភ្នំពេញនៅមានភាពទ្រឹងនៅឡើយ។ ក្រុមអ្នកជំនាញតាមដានសេដ្ឋកិច្ចសង្គម បានធ្វើការវាយតម្លៃត្រង់ខុសៗគ្នា ទៅលើបញ្ហាបំណុលដែលកម្ពុជាមិនទាន់ត្រូវបានដោះស្រាយនៅឡើយ។ 

រឿងបំណុល គឺជារនាំងបាំងបិទ ក្នុងការទំនាក់ទំនងរវាងប្រទេសកម្ពុជា និង រុស្ស៊ី។ បំណុល ១.៥០០លានដុល្លារ គឺ ៧០% ត្រូវបាន រុស្ស៊ីលុបចោលហើយ។ ឥឡូវនេះកម្ពុជា ត្រូវសងរុស្ស៊ី ត្រឹមតែ ៣០% ដែលមានទឹកប្រាក់ ៤៥០លានដុល្លារតែប៉ុណ្ណោះ។ តើបំណុលជំពាក់រុស្ស៊ី​ ភាគច្រើនកម្ពុជាយកទៅធ្វើអ្វី? ច្បាស់ណាស់ បំណុលទាំងអស់នោះ កម្ពុជាបានខ្ចីនៅក្នុងទសវត្សរ៍ទី៨០ ដើម្បីទិញគ្រឿងសព្វាវុធ ធ្វើសង្គ្រាមបង្ហូរឈាមរវាងខ្មែរ និងខ្មែរគ្នាឯង។

យោងតាមសារព័ត៌មាន RBTH របស់ប្រទេសរុស៊្សី ដែលបានដកស្រង់សម្តីប្រភពដែលដឹងពីការបង្កើតគោលនយោបាយអាស៊ាន របស់រដ្ឋាភិបាលរុស៊្សី សុំមិនបញ្ចេញអត្តសញ្ញាណ បានឲ្យដឹងថា មិនទាន់មានសញ្ញាច្បាស់លាស់ណាមួយនៅឡើយទេ ថាតើហេតុអ្វីបានជារុស្ស៊ីមិនព្រមលុបចោលបំណុល ១៥០០លានដុល្លារដែលកម្ពុជាជំពាក់នោះ។ 

លោក​នាយករដ្ឋមន្ត្រី​កម្ពុជា ហ៊ុន សែន និង​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀ ពូទីន ជួប​គ្នា​នៅ​រុស្ស៊ី កាល​ពី​ឆ្នាំ​២០១៦។ (https://www.facebook.com/hunsencambodia/)

ប្រភពដដែលបញ្ជាក់ថា បើទោះបីជាមានបញ្ហាបែបនេះក៏ដោយ ក៏ទំនាក់ទំនងទ្វេភាគីរវាងប្រទេសរុស្ស៊ី និងកម្ពុជា បានបង្ហាញពីនិន្នាការវិជ្ជមាន កាលពីក្នុងឆ្នាំ២០១៦ ដែលបានចង្អុលបង្ហាញថា ភាគីទាំងពីរមានបំណងដោះស្រាយរឿងបំណុល ប៉ុន្តែវាមិនបានបង្ហាញពីការលុបចោលបំណុលដោយសាមញ្ញៗនោះទេ។

ក្រុមអ្នកជំនាញប្រវត្តិសាស្រ្តរុស្ស៊ីបានលើកឡើងថា រុស្ស៊ីមិនមែនជាប្រទេសតែមួយនោះទេ ដែលមិនព្រមលុបចោលបំណុលដែលកម្ពុជាជំពាក់នោះ។ សហរដ្ឋអាមេរិក ក៏បានបដិសេធលុបចោលដែលកម្ពុជាជំពាក់បំណុល ៣០០លានដុល្លារដែរ។ អ្នកជំនាញបានឯកភាពថា ការមិនលុបចោលបំណុលនេះ គឺជាឧបករណ៍សម្រាប់ផលប្រយោជន៍ពាណិជ្ជកម្មរុស្ស៊ីនៅពេលអនាគត។ 

ចាប់តាំងពីការបង្កើតឡើង នូវទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលសហភាពសូវៀតក្នុងទសវត្សរ៍ឆ្នាំ១៩៥០ សហភាពសូវៀត និងកម្ពុជា បានរក្សាទំនាក់ទំនងយ៉ាងរឹងមាំក្នុងវិស័យអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និង សុខភាព។ ទំនាក់ទំនាក់នេះ កើនឡើងដល់កម្រិតកំពូលក្នុងទសវត្សរ៍ឆ្នាំ១៩៨០ នៅពេលដែលសហភាពសូវៀត បានផ្តល់ជំនួយផ្នែកយោធា និង សេដ្ឋកិច្ច ក្នុងទ្រង់ទ្រាយធំដល់ប្រទេសកម្ពុជា។ 

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ និង​នាយករដ្ឋមន្ត្រី​រុស្ស៊ី កាលពី​ឆ្នាំ​២០១៥ នៅ​ទីក្រុង​ភ្នំពេញ។ (https://www.facebook.com/hunsencambodia/)

លោកនាយករដ្ឋមន្ត្រីរុស្ស៊ី Dmitry Medvedev បានបង្ហាញពីគំនិតសុទិដ្ឋិនិយមលើការទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរនៅពេលធ្វើទស្សនកិច្ចកម្ពុជាកាលពីឆ្នាំ២០១៥។ ក្នុងដំណើរទស្សនកិច្ចនោះ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារមួយចំនួន រួមមានកិច្ចព្រមព្រៀងចាប់ផ្តើមការហោះហើរត្រង់ រវាងទីក្រុងមូស្គូ និងទីក្រុងភ្នំពេញជាដើម។ ប៉ុន្តែ មួយឆ្នាំកន្លះ បន្ទាប់ពីទស្សកិច្ចនេះ នៅតែមិនទាន់ឃើញសញ្ញាណាមួយ ចាប់ផ្តើមនៅឡើយទេ។ 

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៦ គោលនយោបាយការបរទេសរបស់ប្រទេសរុស្ស៊ីទៅលើតំបន់អាស៊ាន បានលេចចេញជារូបរាង ហើយរដ្ឋាភិបាលទីក្រុងមូស្គូ បានបង្ហាញពីភាពប្រាកដប្រជា ថាខ្លួនចង់បង្កើតទំនាក់ទំនងមិត្តភាពយូរអង្វែង ឲ្យកាន់តែខ្លាំងជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន។ នេះបើយោងតាមប្រភពដែលមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មាន RBTH របស់ប្រទេសរុស្ស៊ី។ 

អ្នកជំនាញប្រវត្តិសាស្ត្ររុស្ស៊ីបានពន្យល់ថា កម្ពុជានៅឆ្ងាយពីការគ្រប់គ្រងដ៏សំខាន់របស់ប្រទេសរុស្ស៊ី។ បើក្រឡេកមើលគោលនយោបាយការបរទេសរបស់រុស្ស៊ីដែលទើបតែធ្វើបច្ចុប្បន្នភាពកាលពីចុងឆ្នាំមុន  រុស្ស៊ីនឹងបន្តធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយតំបន់អាស៊ាន និងផ្តល់ផលប្រយោជន៍ជូនប្រទេសមួយចំនួនដូចជា វៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង សិង្ហបុរី នូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប៉ុន្តែ ប្រទេសកម្ពុជាយើងមិនត្រូវបានលើកឡើង នៅក្នុងគោលនយោបាយការបរទេសរបស់រុស្ស៊ីនោះទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឆ្នាំ​២០២០ ពិភពលោក​ទាំង​មូល​នឹង​មាន​ឧបករណ៍​ដែល​ភ្ជាប់​អ៊ិនថឹណិត​ច្រើន​ជាង ២៤​ពាន់​លាន​គ្រឿង

ព័ត៌មាន
ពីមុន និយាយពីអ៊ិនថឹណិត គឺគេគិតតែអំពីកុំព្យូទ័រ និងទូរស័ព្ទ​ដៃ​ស្មាតហ្វូន ជាដើម ប៉ុន្តែ សម័យ​ឌីជីថល​ជឿន​លឿន​សព្វ​ថ្ងៃ វត្ថុ​ប្រើ​ប្រាស់…

បុរស​នៅ​ពី​ក្រោយ​«សេដ្ឋី​ស្រុក​ស្រែ»​បង្ហាញ​ពី​បេសក​កម្ម​ជីវិត​៣​ចំណុច

ព័ត៌មាន
អានភ្លាម ក៏នឹកកោតស្ញប់ស្ញែងដល់ទឹកចិត្តដ៏មហិមារបស់លោកបណ្ឌិត យ៉ង សាំងកុមារ អតីត​ប្រធាន​អង្គការ​ស្រាវ​ជ្រាវ​និង​ផ្សព្វ​ផ្សាយ​កសិកម្ម ​ឈ្មោះ ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ