ដំណាំម្រេច

ហេតុអ្វីវៀតណាមនឹងមានតម្រូវការម្រេចពីកម្ពុជាកាន់តែច្រើន?


វៀតណាម បច្ចុប្បន្ន គឺជាទីផ្សារនាំចេញម្រេចដ៏ធំសម្រាប់កម្ពុជា ដោយវៀតណាមទិញម្រេចពីកម្ពុជាដើម្បីកែច្នៃ និងនាំចេញបន្ដទៅប្រទេសទី៣។ បច្ចុប្បន្ន ប្រទេសក្បែរខាងកម្ពុជាមួយនេះ ក៏កំពុងនាំ ជំរុញការស្ដារឧស្សាហកម្មម្រេចឲ្យកាន់តែប្រសើរថែមទៀត ខណៈដែលតម្រូវការទីផ្សារពីអន្តរជាតិមានកាន់តែច្រើន ក្រោយប្រទេសជាច្រើនបើកដំណើរការសេដ្ឋកិច្ចឡើងវិញ។
គ្រាប់ម្រេចហាល
ដោយ

ប៉ុន្ដែ ការ​ដាំ​ដុះ​ម្រេច​នៅ​ក្នុងស្រុក​របស់​វៀតណាម​នៅ​មាន​កម្រិត​។ កត្តា​នេះ ត្រូវ​បាន​អ្នកជំនាញ​មើលឃើញ​ថា វៀតណាម​អាច​នឹង​ត្រូវការ​នាំ​ចូល​ម្រេច​ពី​កម្ពុជា​កាន់តែ​ច្រើន​បន្ថែម​ទៀត ដើម្បី​កែ​ច្នៃ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​។

លោក ងួ​ន ឡាយ ប្រធាន​សមាគម​ម្រេច​កំពត មានការ​យល់​ឃើញ​ថា​ទីផ្សារ​ម្រេច នា​ពេល​បច្ចុប្បន្ន កាន់តែ​ប្រសើរ បើ​ប្រៀប​នឹង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មុន ក៏​ព្រោះតែ​តម្រូវការ​ម្រេច នៅ​លើ​ទីផ្សារ​កាន់តែ​មានការ​កើនឡើង​។ លោក ងួ​ន ឡាយ បាន​គូសបញ្ជាក់​ថា វា​ជា​ការ​ប្រសើរ​នៅ​ពេល​ដែល​វៀតណាម នឹង​កាន់តែ​មាន​តម្រូវការ​ម្រេច ព្រោះ​វា​នឹង​កាន់តែ​បង្កើន​ឱកាស​ទីផ្សារ​ដល់​ម្រេច​កម្ពុជា ព្រោះ​ភាគច្រើន​ម្រេច​កម្ពុជា​ដែល​នាំ​ចេញ​ជា​ម្រេច​មិន​ទាន់​កែ​ច្នៃ​។

លោក វន សា​វឿ​ន អ្នក​ដាំ​ម្រេច នៅ​ខេត្ត​ត្បូងឃ្មុំ និង​លោក ហែម ត្រូ អ្នក​ដាំ​ម្រេច ក្នុង​ខេត្តកំពត សុទ្ធតែ​បាន​បង្ហាញ​នូវ​អារម្មណ៍​សប្បាយ​រីករាយ ព្រោះតែ​តម្លៃ​ម្រេច នា​ពេល​បច្ចុប្បន្ន ប្រសើរ​ជាង​ឆ្នាំ​មុន​ៗ​។ បើ​តាម​លោក ហែម ត្រូ បាន​ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស​ថា បច្ចុប្បន្ន មាន​ឈ្មួញ​ប្រមូល​ទិញ​ម្រេច ក្នុង​តម្លៃ ១​ម៉ឺន​៥​ពាន់​រៀល​ទៅ ២​ម៉ឺន​រៀល ឯណោះ ក្នុង​មួយ​គីឡូក្រាម​។ ចំណែក កសិករ​ខេត្ត​ត្បូងឃ្មុំ លោក វន សា​វឿ​ន បាន​អះអាង​ថា នៅ​ដើមឆ្នាំ​២០២២ ម្រេច​នៅ​ខេត្ត​ត្បូងឃ្មុំ មាន​តម្លៃ ១​ម៉ឺន​៥​ពាន់​រៀល ក្នុង​មួយ​គីឡូក្រាម បើ​ប្រៀប​នឹង​ឆ្នាំ​២០២១ មាន​តម្លៃ ១​ម៉ឺន​២​ពាន់​រៀល ប៉ុណ្ណោះ ក្នុង​មួយ​គីឡូក្រាម​។ លោក សា​វឿ​ន បាន​សង្កត់ធ្ងន់​ថា ជា​ទូទៅ ម្រេច​របស់​កសិករ​ខេត្ត​ត្បូងឃ្មុំ ពឹងផ្អែក​ខ្លាំង​លើ​ទីផ្សារ​វៀតណាម ដូច្នេះ បើសិនជា​វៀតណាម​មាន​តម្រូវការ​ច្រើន នោះ​តម្លៃ​ម្រេច នឹង​ប្រសើរ​ផង​ដែរ​។

នៅ​ក្នុង​ឆ្នាំ​២០២១ កម្ពុជា​នាំ​ចេញ​ម្រេច​សរុប​ជាង ២​ម៉ឺន​៨​ពាន់​តោន កើនឡើង​ដល់​ទៅ​ជាង ៤៥០% ក្នុង​នោះ ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម មាន​ក្នុង​បរិមាណ ២​ម៉ឺន​៧​ពាន់​តោន មាន​ប្រហែល​ជាង​៩០%​នៃ​ការ​នាំ​ចេញ​ម្រេច​សរុប​។

ជុំវិញ​ទៅ​នឹង​ការ​នាំ​ចេញ​ម្រេច​កើនឡើង​ខ្លាំង​ពិសេស​ទៅ​កាន់​ទីផ្សារ​វៀតណាម​នេះ​ដែរ ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​កម្ពុជា ធ្លាប់​បាន​អះអាង​ថា ប្រទេស​វៀតណាម​មួយ​រយៈ​ចុង​ក្រោយ​នេះ​បាន​ធ្វើ​ផ្លាស់​ប្តូរ​មុខ​ដំណាំ​ដាំ​ដុះ​មួយ​ចំនួន ដែល​មិន​ទទួល​បាន​ទទួល​ប្រាក់​ចំណូល​គ្រប់គ្រាន់ ហើយ​ដែល​មិន​ស្រប​ជាមួយនឹង​ការ​រីក​ចម្រើន​ខាង​សេដ្ឋកិច្ច​របស់​ប្រទេស​មួយ​នេះ ដោយ​ងាក​ទៅ​ដាំ​ដុះ​ប្រភេទ​ដំណាំ​យុទ្ធសាស្ត្រ​វិញ ដូច​ជា​ផ្លែ​ឈើ សម្រាប់​បម្រើ​ការ​នាំ​ចេញ​ជាដើម​។ ដូច្នេះ​ហើយ ទើប​វៀតណាម​មាន​តម្រូវការ​ម្រេច​ពី​កម្ពុជា​កាន់តែ​ច្រើន ដើម្បី​កែ​ច្នៃ​នាំ​ចេញ​បន្ដ​។

តាម​ទី​ភ្នា​ក់​ព័ត៌មាន​វៀតណាម ដែល​បាន​ផ្សាយ​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា ក្រោយ​សម្លឹង​ឃើញ​ឱកាស​តម្រូវការ​ទីផ្សារ​ពិភពលោក​កំពុង​កើនឡើង​ខ្លាំង ប្រទេស​វៀតណាម  បាន​និង​កំពុង​ស្វែងរក​មធ្យោបាយ​ថ្មី ដើម្បី​ស្តារ​ឧស្សាហកម្ម​ម្រេច​ឡើង​វិញ​។ ប៉ុន្តែ បច្ចុប្បន្ន ប្រទេស​វៀតណាម មិន​ទាន់​មាន​វត្ថុធាតុដើម​គ្រប់គ្រាន់​នោះ​ទេ​សម្រាប់​កែ​ច្នៃ​នាំ​ចេញ ដូច្នេះ វៀតណាម កំពុង​ពិចារណា​នាំ​ចូល​ម្រេច​ពី​ប្រទេស​ជិតខាង ពិសេស​ពី​ប្រទេស​កម្ពុជា​តែ​ម្ដង ដើម្បី​ធានា​ការ​ផ្គត់ផ្គង់​គ្រប់គ្រាន់​សម្រាប់​ដំណើរការ​ក្នុងស្រុក ហើយ​វៀតណាម​រំពឹង​ថា កម្ពុជា នឹង​អាច​ជួយ​បំពេញតម្រូវការ​ម្រេច​ដែល​កំពុង​ខ្វះខាត​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចង់ទិញទំនិញមែនទេ? អេស៊ីលីដាអ៊ីសបចង់ទិញអ្វីក៏បាន!

ព័ត៌មាន
ឥរិយាបថទិញទំនិញរបស់ប្រជាពលរដ្ឋកម្ពុជា កំពុងមានការផ្លាស់ប្ដូរជាលំដាប់ស្របទៅតាមការលូតលាស់ដ៏ឆាប់រហ័សនៃវិស័យបច្ចេកវិទ្យា។ ជាក់ស្ដែង ពីមុន…

ប្រទេសចិន និងវៀតណាមប្រាប់ឲ្យកម្មករគួរកុំធ្វើដំណើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ព័ត៌មាន
ដោយសារតែបារម្ភអំពីការឆ្លងរាតត្បាតកូវីដ១៩ខ្លាំង ប្រទេសចិន និងវៀតណាមកំពុងជំរុញឱ្យកម្មកររាប់លាននាក់ គួរជៀសវាងការធ្វើដំណើរទៅស្រុកកំណើត និ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ