ការនាំចេញកសិផល​កម្ពុជា

តើកម្ពុជាអាចជំរុញការដាំដុះ និងនាំចេញផ្លែប៊័របានដែរទេ?


អ្នកជំនាញផ្នែកកសិកម្មកម្ពុជារំពឹងថា តម្រូវការទីផ្សារនាពេលបច្ចុប្បន្ន និង ពេលអនាគត នឹងជំរុញគម្រោងវិនិយោគផ្លែប៊័រ ទទួលបានជោគជ័យទាំងសម្រាប់ទីផ្សារក្នុងស្រុក និង អាចឈានដល់ការនាំចេញក្នុងរយៈពេល ៣ទៅ៥ឆ្នាំខាងមុខទៀត។ ទោះបីយ៉ាងណាក៏ដោយចុះ បើមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មអះអាងថា ការនាំចេញផ្លែប៊័រនេះ នៅត្រូវការពេលយូរទៀតទើបអាចទៅរួច។
តើកម្ពុជាអាចជំរុញការដាំដុះ និងនាំចេញផ្លែប៊័របានដែរទេ?
ដោយ

ដំណាំប៊័រ ឬភាសាអង់គ្លេសហៅថា អាវូកាដូ ដែលត្រូវបានគេស្គាល់ថា មានការដាំដុះច្រើននៅខេត្តភាគឦសាននៃប្រទេសកម្ពុជា ហើយបច្ចុប្បន្នក៏មានសន្ទុះដាំដុះនៅខេត្តផ្សេងទៀតដែរ ដូចជា ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ជាដើម ដើម្បីបំពេញតម្រូវការក្នុងស្រុក ខណៈដែលពលរដ្ឋខ្មែរកាន់តែច្រើនចូលចិត្តទទួលទាន។ 

លោកបណ្ឌិត យ៉ង សាំងកុមារ អ្នកជំនាញផ្នែកកសិម្ម និងជាអ្នកបង្កើតសហគមន៍កសិកម្មសម្បូរសប្បាយនៅតាមបណ្ដាខេត្តមួយចំនួននៅកម្ពុជា បានចាប់ផ្តើមគម្រោងវិនិយោគដាំដើមប៊័រ ឬ អាវ៉ូកាដូ តាមរយ:សហគមន៍សម្បូរអាវ៉ូកាដូ ដោយមានការចូលរួមពីអ្នកចូលចិត្តបរិភោគផ្លែប៊័រ និងអ្នកដែលចង់បានចំណូលពីផ្លែប៊័រ ដោយឆ្នាំនេះលោកកំពុងដាំ ១០០០ ដើម នៅក្នុងសហគមន៍សម្បូរសប្បាយអូរសោម។

លោកបណ្ឌិត យ៉ង សាំងកុមារ បន្ថែមទៀតថា លោកនិងក្រុមការងារ កំពុងសិក្សាពូជប៊័រ ដែលមាននៅកម្ពុជានិងប្រទេសជិតខាង ដោយនឹងរៀបចំផលិតពូជទៅតាមតំរូវការទីផ្សារ និងរដូវ ដោយសារកន្លងមកលោកសង្កេតឃើញថា អ្នកនិយមបរិភោគផ្លែប៊័រនៅកម្ពុជា កំពុងបារម្ភ និងបញ្ហាប្រឈម៣យ៉ាង រួមមាន ទី១ គឺការជ្រើសរើសពូជ​ឲ្យត្រូវ​នឹង​ចំណង់ចំណូលចិត្ត​អ្នកប្រើប្រាស់ ដោយអ្នកប្រើប្រាស់ភាគច្រើន​និយមចូលចិត្ត​ទទួលទាន​ពូជប៊័រ​ដែលមានសាច់ល្មួត។ ទី២ គឺការនាំចូល ដែលកន្លងមក​មានផ្លែប៊័រ​​ជាច្រើន​ត្រូវបាននាំចូលពីប្រទេសជិតខាងដូចជាវៀតណាមជាដើម។ និងទី៣ គឺកត្តាតម្លៃ ដោយសារតែ​តម្លៃប៊័រក្នុងស្រុក នៅមានតម្លៃខ្ពស់នៅឡើយ​បើធៀបនឹងប៊័រនាំចូល។ ដូច្នេះ អ្វីដែល​កម្ពុជា​ត្រូវធ្វើ គឺត្រូវ​ជ្រើសពូជប៊័រ​ដាំឲ្យត្រូវនឹងតម្រូវការការទីផ្សារ ជាមួយនឹងការចំណាយថ្លៃដើមទាប ទើបអាចលក់ចេញ​ទៅវិញ​ក្នុងតម្លៃប្រកួតប្រជែង​ជាមួយ​ប៊័រ​នាំចូលបាន។

ជុំវិញទៅនឹង គម្រោងការដាំដុះដំណាំប៊័រទ្រង់ទ្រាយធំនេះដែរ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មកម្ពុជា បានបញ្ជាក់ថា ផ្លែប៊័រនេះ ក៏អាចចាត់ចូលជាកសិផល​សក្ដានុពលមួយ​របស់​កម្ពុជាដែរ​ ប៉ុន្ដែមកទល់ពេលនេះ ក្រសួងមិនទាន់មានគម្រោងលើមុខដំណាំប៊័រនេះនៅឡើយទេ ដោយសារទីផ្សារខាងក្រៅមិនទាន់មានតម្រូវការ ហើយការដាំដុះនៅក្នុងស្រុកនៅមានតិចតួចនៅឡើយ។

បើតាមលោកបណ្ឌិត យ៉ង សាំងកុមារ ដើមប៊័រ ឬអាវូកាដូ មានប្រភពដើមមកពីប្រទេសម៉ិចស៊ីកូ ដោយសារដំណាំនេះ ដុះលូតលាស់បានផលល្អនៅតំបន់ ដែលមានអាកាសធាតុចន្លោះពី១៥ ទៅ ៣០ អង្សារសេ ឬល្អបំផុត ២០ទៅ ២៥ អង្សារសេ។ តំបន់ខ្ពង់រាប និង ភ្នំជាពិសេសមណ្ឌលគីរី អូរសោម វាលវែង រតនគីរី មានស្ថានភាពសមស្របល្អសម្រាប់ដំណាំនេះ។ ជំនាញកសិកម្មរូបនេះ រំពឹងថា ក្នុងរយ:ពេល ៥ឆ្នាំខាងមុខ ការដាំអាវ៉ូកាដូនឹងនាំចំណូលរាប់រយលានដុល្លារសម្រាប់កម្ពុជា បើសិនជាមានការគិតគូររៀបចំផែនការដាំដុះសម្រាប់ការនាំចេញ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អភិបាលខេត្តកំពង់ស្ពឺ៖ ការរុះរើប៉ាណូផ្សព្វផ្សាយស្រាបៀរសម្រេចបាន ៨០%ហើយ ខណៈការរុះរើត្រូវធ្វើបន្តទៀត

ព័ត៌មាន
អភិបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីសថា វិធានការរុះរើផ្ទាំងប៉ាណូផ្សព្វផ្សាយស្រាបៀរនៅទូទាំងខេត្តកំពង់ស្ពឺ មិនទាន់រួចរ…

ប្រេងឆៅពិភពលោកហក់ឡើងថ្លៃដល់ជាង៧០ដុល្លារហើយ​ក្នុងមួយធុងបារ៉ែល ដោយសារអ្វី?

ព័ត៌មាន
តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកកំពុងបន្ដហក់ឡើងថ្លៃកាន់តែខ្លាំងឡើងៗហើយ ជាក់ស្តែង តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក បានហក់ឡើងដល់ ៧០ដុល្លារអាមេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ