ការដេញថ្លៃលក់ធនាគារ First Republic នឹងឈានទៅសម្រេចបានកិច្ចព្រមព្រៀងដែរឬ!

តើការដេញថ្លៃលក់ធនាគារ First Republic នឹងឈានទៅសម្រេចបានកិច្ចព្រមព្រៀងដែរ ឬយ៉ាងណា?


ប្រភពនានាបានឱ្យដឹងថា ក្រុមនិយ័តករធនាគារសហរដ្ឋអាមេរិក កំពុងព្យាយាមជួយលក់ធនាគារ ហ្វើស រីផាប់ប្លឺក (First Republic) អំឡុងចុងសប្តាហ៍កន្លងទៅនេះ ហើយថា មានធនាគារចំនួន៦ ចូលរួមក្នុងការលក់ដេញថ្លៃនេះ។ ហ្វើស រីផាប់ប្លីក ប្រហែលជាធនាគារធំទី ៣ របស់សហរដ្ឋអាមេរិក ដែលដួលរលំក្នុងរយៈពេលពីរខែមកនេះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរើយធើ។
ការដេញថ្លៃលក់ធនាគារ First Republic នឹងឈានទៅសម្រេចបានកិច្ចព្រមព្រៀងដែរឬ!

គ្រឹះស្ថានហរិញ្ញវត្ថុធំៗចំនួន ៣ ដែលរួមមានសម្ព័ន្ធហិរញ្ញវត្ថុស៊ីធីហ្សេន (Citizens Financial Group), សម្ព័ន្ធសេវាកម្មហិរញ្ញវត្ថុ ភីអេនស៊ី ( PNC Financial Services Group), និងសេវាហិរញ្ញវត្ថុពហុជាតិ ចេភី ម័រហ្គេន ( JPMorgan) ស្ថិតក្នុងចំណោមអ្នកដេញថ្លៃដែលប្រជែងទិញធនាគារ ហ្វឺស រីផាប់ប្លិក។ ដំណើរការដេញថ្លៃស្ថិតក្រោមការគ្រប់គ្រងរបស់សាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើសហព័ន្ធ ( FDIC/Federal Deposit Insurance Corp) ដែលជាគ្រឹះស្ថានរដ្ឋ។ សារជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើនេះក៏បានស្នើឱ្យសម្ព័ន្ធធនាគារ យូអេស ប៊ែនខប (US Bancorp) ដាក់ពាក្យដេញថ្លៃដែរ។

ប្រភពដដែលបានអះអាងថា កិច្ចព្រមព្រៀងណាមួយទាក់ទងនឹងការដេញថ្លៃទិញធនាគារ ហ្វើស រីផាប់ប្លឺក គ្រោងប្រកាសនៅយប់ថ្ងៃអាទិត្យ ម៉ោងនៅសហរដ្ឋអាមេរិក មុនពេលផ្សារហ៊ុនអាស៊ីបើកនៅថ្ងៃចន្ទ។ ប្រភពមួយបាននិយាយថា បច្ចុប្បន្ននេះធនាគារដែលចាប់អារម្មណ៍កំពុងវាយតម្លៃជម្រើសផ្សេងៗ ដើម្បីមើលថាតើពួកគេដេញថ្លៃទិញអ្វីខ្លះ។ ប្រភពបានបន្ថែមថា បណ្ដាធនាគារទាំងនោះទំនងជាដេញថ្លៃយកប្រាក់បញ្ញើរបស់ធនាគារ ហ្វើស រីផាប់ប្លីក ទាំងអស់ដែលជាទំហំដ៏ធំនៃទ្រព្យសកម្ម និងបំណុលមួយចំនួនរបស់វា។

បើសម្រេចបានកិច្ចព្រមព្រៀងទិញធនាគារ ហ្វើស រីផាប់ប្លីក នៅពេលនេះមែន គឺវាកើតឡើងមិនដល់ពីរខែផង បន្ទាប់ពីធនាគារ ស៊ីលីកូន វ៉ល្លី (Silicon Valley) និងធនាគារ ស៊ីកណេតឈើ (Signature) បានដួលរំលំ នៅពេលដែលមានការដកប្រាក់បញ្ញើដ៏គំហុកចេញពីធនាគារទាំងពីរនោះរបស់សហរដ្ឋអាមេរិក។ ពេលនោះ ធនាគារកណ្ដាលសហរដ្ឋអាមេរិក បានចូលធ្វើអន្តរាគមន៍ដោយចាត់វិធានការសង្គ្រោះបន្ទាន់ ដើម្បីរក្សាស្ថិរភាពទីផ្សារហិរញ្ញវត្ថុ។

ខណៈពេលដែលទីផ្សារបានស្ងប់ស្ងាត់ចាប់តាំងពីពេលនោះមក ការលក់ធនាគារ ហ្វើស រីផាប់ប្លីក ត្រូវបានគេឃ្លាំមើលយ៉ាងដិតដល់ ទាក់ទងនឹងទំហំនៃជំនួយដែលរដ្ឋាភិបាលត្រូវផ្តល់ឱ្យ។

ធនាគារ ហ្វើស រីផាប់ប្លីក ជាធនាគារពាណិជ្ជអាមេរិកមួយ ដែលបង្កើតឡើងតាំងពីឆ្នាំ ១៩៨៥ និងមានមូលដ្ឋាននៅទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ធនាគារនេះបានទាក់ទាញអតិថិជនធំៗជាច្រើន ដោយផ្ដល់អត្រាការប្រាក់អំណោយផលចំពោះការបញ្ចាំនិងប្រាក់កម្ចី។ យុទ្ធសាស្ត្រនេះធ្វើឱ្យធនាគារ ហ្វើស រីផាប់ប្លីក ក្លាយជាធនាគារងាយរងគ្រោះជាងធនាគារថ្នាក់តំបន់ជាច្រើនទៀតដែលមានអតិថិជនតិចជាង។ ធនាគារ ហ្វើស រីផាប់ប្លីក មាន ប្រាក់បញ្ញើដែលមិនមានកិច្ចធានាក្នុងកម្រិតរហូតដល់ ៦៨ ភាគរយនៃប្រាក់បញ្ញើទាំងអស់។

ទិន្នន័យបានបង្ហាញថា ធនាគារ ហ្វើស រីផាប់ប្លីក បានឃើញប្រាក់បញ្ញើតម្លៃជាង ១០០ ពាន់លានដុល្លារ បានហូរចេញនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ នេះ ជាហេតុនាំឲ្យធនាគារនេះត្រូវការបង្កើនសាច់ប្រាក់ឡើងវិញ។ ទោះបីជាធនាគារ ហ្វើស រីផាប់ប្លីក បានទទួលកញ្ចប់មូលនិធិសង្រ្គោះដែលមានទំហំរហូតដល់ ៣០ ពាន់លានដុល្លារ ពីគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១១ កាលពីខែមីនាក៏ដោយ ក៏កិច្ចខិតខំប្រឹងប្រែងនេះបានបង្ហាញថាមិនសូវមានប្រយោជន៍ ដោយសារតែអ្នកទិញភាគហ៊ុនគិតថាវានឹងមានការខាតបង់ដ៏ធំធេងក្នុងផ្នែកប្រាក់កម្ចីរបស់ធនាគារ។

គិតត្រឹមថ្ងៃសុក្រ តម្លៃរបស់ធនាគារ ហ្វើស រីផាប់ប្លឺក នៅក្នុងផ្សារហ៊ុន បានធ្លាក់ដល់កម្រិតទាបបំផុត ពោលគឺត្រឹម ៥៥៧ លានដុល្លារ ខណៈដែលកាលពីខែវិច្ឆិកា ឆ្នាំ ២០២១ តម្លៃហ៊ុនរបស់ធនាគារនេះ បានឡើងដល់ ៤០ ពាន់លានដុល្លារ៕




អត្ថបទបន្ទាប់


សម្ដេច ហ៊ុន សែន ស្នើឲ្យប្រទេសម្ចាស់បំណុលនានាប្រើវិធីសាស្ត្ររបស់ជប៉ុន ដើម្បីដោះបំណុលដែលកម្ពុជាជំពាក់

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រនៃកម្ពុជា បានអះអាងថា ប្រទេសជប៉ុនបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា និងបានដើរត…

ក្រុមហ៊ុនបរទេសមួយចំនួននៅប្រទេសចិនកំពុងប្រឈមនឹងការត្រួតពិនិត្យ និងសម្ពាធពីអាជ្ញាធរកាន់តែខ្លាំង

ព័ត៌មាន
ក្រុមហ៊ុនបរទេសមួយចំនួនកំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងនៅក្នុងប្រទេសចិនពាក់ព័ន្ធនឹងការប្រឆាំងអំពើពុករលួយ សន្តិសុខជាតិ និងការស៊ើបអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ