កំណើនសេដ្ឋកិច្ចកម្ពុជា

ធនាគារពិភពលោករក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១នៅដដែល តែព្រមានពីការរាលដាលឡើងវិញនៃកូវីដ១៩បំប្លែងខ្លួនថ្មី


ធនាគារពិភពលោក (World Bank) នៅតែរក្សាការព្យាករសេដ្ឋកិច្ចប្រទេសកម្ពុជាឆ្នាំ២០២១នេះ ថានឹងមានកំណើនត្រឹម ២,២%ដដែល ទោះកម្ពុជាបានបើកចំហប្រទេស និងសកម្មភាពសេដ្ឋកិច្ចឡើងវិញ ចាប់តាំងពីខែវិច្ឆិកា និងកំពុងរៀនរស់នៅជាមួយកូវីដ១៩ក៏ដោយ។
ទិដ្ឋភាពអាគារវឌ្ឍនៈ និងសំណង់អាគារខ្ពស់ៗផ្សេងទៀតក្នុងរាជធានីភ្នំពេញ (រូបភាព៖ ស៊ិនហួរ)

ជាមួយ​គ្នា​នេះ ស្ថាប័ន​អន្តរជាតិ​មួយ​នេះ បាន​ប៉ាន់​ប្រមាណ​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​កំណើន​ដល់ ៤,៥%​នៅ​ឆ្នាំ​២០២២ ប៉ុន្តែ​ក៏​បាន​ព្រមាន​ពី​បញ្ហា​ប្រឈម និង​ហានិភ័យ​នៃ​ការ​រីក​រាល​ឡើង​វិញ​នៃ​កូ​វី​ដ​១៩ ពិសេស​មេរោគ​បំប្លែង​ខ្លួន​ថ្មី​ៗ ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ការ​ក្រោក​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​កម្ពុជា​។ នេះ​បើ​យោង​តាម​របាយការណ៍​ថ្មី​មួយ​របស់​ធនាគារពិភពលោក ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​០៩​ខែធ្នូ ឆ្នាំ​២០២១​។

របាយការណ៍​របស់​ធនាគារពិភពលោក ដែល​មាន​ចំណងជើង​ថា «​រស់នៅ​ជាមួយ​កូ​វី​ដ​១៩» បាន​បង្ហាញ​ថា ទោះបីជា​សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន​យឺត ប៉ុន្តែ​វិស័យ​ប្រពៃណី​មួយ​ចំនួន​បាន​ដើរតួ​នាទី​សំខាន់​ទ្រទ្រង់​ដល់​ការ​ស្តារ​សេដ្ឋកិច្ច​ឱ្យ​ងើបឡើង​វិញ​ពី​វិបត្តិ​កូ​វី​ដ​-១៩ ក្នុង​នោះ​រួម​មាន​ឧស្សាហកម្ម​កាត់ដេរ ទំនិញ​ធ្វើ​ដំណើរ ស្បែកជើង និង​ឧស្សាហកម្ម​ផលិត​កង់ រួម​ទាំង​វិស័យ​កសិកម្ម​ផង​ដែរ​។

ជាក់ស្តែង​ការ​នាំ​ចេញ ទំនិញ​ធ្វើ​ដំណើរ​នៅ​៩​ខែ​ដំបូង​ឆ្នាំ​នេះ បាន​កើនឡើង​យ៉ាង​ខ្លាំង ដល់​ទៅ​ជាង ៤៧% ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ រីឯ​ការ​នាំ​ចេញ​ផលិតផល​ស្បែកជើង​កើនឡើង ជិត​១៨% ខណៈ​ការ​នាំ​ចេញ​កង់​វិញ​កើនឡើង​ជាង ២៤% ផង​ដែរ​។ នេះ​បើ​តាម​របាយការណ៍​ដដែល ដែល​ចងក្រង​ដោយ​ធនាគារពិភពលោក​។

ថ្វីបើ​ការ​ផលិត​សម្រាប់​ការ​នាំ​ចេញ​បាន​រើប​ឡើង​វិញ​ក៏​ដោយ ឱនភាព​ពាណិជ្ជកម្ម​បាន​រីក​ទំហំ​កាន់តែ​ធំ​គួរ​ឱ្យ​កត់សម្គាល់​។ កំណើន​ឱនភាព​ពាណិជ្ជ​កម្មនេះ ដោយសារ​មានការ​កើនឡើង​នៃ​ការ​នាំ​ចូល​មុខទំនិញ​មួយ​ចំនួន ជា​ពិសេស​មាស សម្រាប់​យក​មក​ធ្វើ​ជា​សញ្ជ័យធន (​ការ​សន្សំ​)​។

បន្ថែម​ពីលើ​នេះ អ្នកជំនាញ World Bank ប្រចាំ​កម្ពុជា​បាន​ព្រមាន​ពី​បញ្ហា​ប្រឈម និង​ហានិភ័យ​មួយ​ចំនួន​សម្រាប់​ការ​ស្តារ​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​កម្ពុជា​។ ហានិភ័យ​គឺ​ដោយសារ​តែ​មាន​ភាព​មិន​ប្រាកដប្រជា​នៃ​មេរោគ​កូ​វី​ដ​១៩​។ World Bank បាន​ព្រមាន​ថា ការ​រីក​រាលដាល​ឡើង​វិញ​ជាយថាហេតុ​នូវ​កូ​វី​ដ​១៩​ដែល​កំពុង​មាន​ស្រាប់ និង​ជា​ពិសេស​កូ​វី​ដ​១៩​បំប្លែង​ថ្មី​ៗ អាច​ចូល​មក​បង្អាក់​ដំណើរការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​នៃ​សេដ្ឋ​កម្ពុជា​នៅ​ឆ្នាំ​ក្រោយ​ផង​ដែរ​។

លោកស្រី ម៉ា​រី​យ៉ា​ម សាលី​ម (Maryam Salim) ប្រធាន​គ្រប់គ្រង​នៃ​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា​បាន​និយាយ​ថា​៖ «​មេរោគ​កូ​វី​ដ​១៩​ជា​អ្វី​ដែល​យើង​មិន​អាច​ទាយ​ដឹង​មុន​បាន ទាំង​នៅ​កម្ពុជា និង​ជុំវិញ​ពិភពលោក​។ ហើយ​ការ​ធ្លាក់​ចុះ​តម្រូវការ​ជា​សកល​អាច​ប៉ះពាល់​សេដ្ឋកិច្ច​ប្រទេស​ដែល​ពឹងផ្អែក​លើ​ការ​នាំ​ចេញ ដូច​កម្ពុជា​ជាដើម​។​»

យ៉ាងណា​ក៏​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន ថ្មី​ៗ​នេះ​បាន​បង្ហាញ​នូវ​ក្ដី​រំពឹង​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​កំណើន​ក្នុង​រង្វង់​៣%​នៅ​ឆ្នាំ​២០២១ ប្រសិនបើ​សេដ្ឋកិច្ច​មានដំណើរ​ការ​ល្អ​នៅ​រយៈពេល​២​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ​២០២១ បន្ទាប់​ពី​ការ​ប្រកាស​បើក​ប្រទេស​ឡើង​វិញ​លើ​គ្រប់​វិស័យ ហើយ​នៅ​ឆ្នាំ​២០២២ រំពឹង​ថា នឹង​កើនឡើង​លើស​៥%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មេធំក្រុមហ៊ុន Pifzer ថាមេរោគអូមីក្រុងមានគ្រោះថ្នាក់ទាប ប៉ុន្តែឆ្លងលឿនជាងគេ និងអាចបំប្លែងមេរោគថ្មីៗបន្ថែមទៀត

ព័ត៌មាន
នាយកប្រតិបត្តិក្រុមហ៊ុន Pfizer កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បាននិយាយថា មេរោគបំប្លែងថ្មី អូមីក្រុង ហាក់ ដូចជាមានរោគសញ្ញាស្រាលជាងមេរោគ ឌែលតា…

ក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីគ្រោងលក់បណ្ណបំណុល៣០០លានដុល្លារ ខណៈសម្តេចតេជោស្នើធនាគារឲ្យជួយទិញ

ព័ត៌មាន
ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ស្នើឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនានាចូលរួមទិញមូលបត្របំណុលរបស់ក្រុមហ៊ុនសាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ